រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនិងជប៉ុនក្នុងសប្ដាហ៍នេះ។
ទស្សនកិច្ចលើកដំបូងរបស់លោក Blinken ទៅកាន់វៀតណាមក្នុងនាមជាមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកកើតមានឡើងនៅពេលដែលប្រទេសទាំងពីរនេះសម្លឹងមើលឱកាសសម្រាប់មេដឹកនាំនៃប្រទេសទាំងពីរធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានីនៃប្រទេសរបស់គ្នាទៅវិញទៅមក ដែលអាចនឹងកើតឡើងក្នុងឆ្នាំនេះ។ នេះបើយោងតាមការលើកឡើងរបស់ក្រុមអ្នកវិភាគ។
ក្រោយពីដំណើរទៅប្រទេសវៀតណាម លោក Blinken នឹងធ្វើដំណើរទៅប្រទេសជប៉ុននៅថ្ងៃទី ១៦ ខែមេសា ដែលនៅទីនោះក្រុមរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសដែលមានឧស្សាហកម្មនាំមុខហៅកាត់ថា G-7 នឹងជួបប្រជុំគ្នានៅក្នុងក្រុង Karuizawa ក្នុងខេត្ត Nagano ដើម្បីពិភាក្សាគ្នាអំពីបញ្ហាសន្ដិសុខបន្ទាន់នានា។
ឆ្នាំនេះគឺជាខួបទី ១០ នៃទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយរវាងសហរដ្ឋអាមេរិកនិងវៀតណាម។ ប្រទេសទាំងពីរបានពិភាក្សាគ្នាអំពីវិធីពង្រឹងចំណងទាក់ទងកាន់តែខ្លាំងក្លាថែមទៀត ដែលនោះគឺជាដៃគូយុទ្ធសាស្ត្រ។
«យើងមានទំនាក់ទំនងផ្នែកសន្ដិសុខដ៏ល្អមួយ»។ នេះជាការបញ្ជាក់របស់លោក Daniel Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីខាងកើតនិងប៉ាស៊ីហ្វិកទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងអំឡុងពេលនៃការធ្វើសន្និសីទតាមទូរស័ព្ទមួយកាលពីថ្ងៃចន្ទ ដោយលោកបានយោងទៅលើការចុះសំចតរបស់នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកនិងជំនួយផ្នែកសន្ដិសុខទៅកាន់យោធាវៀតណាម។
សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម។ វៀតណាមគឺជាដៃគូពាណិជ្ជកម្មខាងទំនិញធំបំផុតទី៨របស់សហរដ្ឋអាមេរិក។
ជំនួបរបស់លោក Blinken ជាមួយនឹងក្រុមមន្ត្រីជាន់ខ្ពស់វៀតណាមក្នុងទីក្រុងហាណូយត្រូវបានធ្វើឡើងបន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានបក្សកុម្មុយនីស្ដដែលកាន់អំណាចរបស់វៀតណាមលោក Nguyen Phu Trong កាលពីថ្ងៃទី ២៩ ខែមីនា នៅពេលដែលមេដឹកនាំនៃប្រទេសទាំងពីរនេះបានព្រមព្រៀងគ្នាពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។
វៀតណាមរក្សាទំនាក់ទំនងការទូតដែលមាន ៣ កម្រិតជាមួយនឹងប្រទេសដទៃទៀតដែលរួមមាន ដៃគូគ្រប់ជ្រុងជ្រោយ ដៃគូយុទ្ធសាស្ត្រ និងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ សហរដ្ឋអាមេរិកបច្ចុប្បន្ននេះគឺជាដៃកម្រិតទី ៣ សម្រាប់វៀតណាម។ ចិននិងរុស្ស៊ីគឺស្ថិតក្នុងចំណោមប្រទេសដែលរក្សាចំណងទាក់ទងកម្រិតកំពូលជាមួយនឹងវៀតណាម៕