ក្រុមអ្នករិះគន់បានព្រមានថា កិច្ចប្រឹងប្រែងរបស់ប្រទេសវៀតណាមក្នុងការកែសម្រួលរចនាសម្ព័ន្ធប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួននឹងអនុញ្ញាតឲ្យអាជ្ញាធរអាចគ្រប់គ្រងកាន់តែខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននិងផ្សព្វផ្សាយការឃោសនារបស់ខ្លួនកាន់តែមានប្រសិទ្ធភាព។
ការកែសម្រួលរចនាសម្ព័ន្ធប្រព័ន្ធផ្សព្វផ្សាយនេះបានចាប់ផ្ដើមតាំងពីឆ្នាំ ២០១៩ នៅពេលអតីតនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ចុះហត្ថលេខាលើគោលនយោបាយ «ផែនការអភិវឌ្ឍន៍និងគ្រប់គ្រងសារព័ត៌មានជាតិរហូតដល់ឆ្នាំ ២០២៥»។ យោងតាមផែនការនេះ ស្ថាប័នសារព័ត៌មានចំនួន ១៨០ នឹងត្រូវបិទទ្វារ ហើយអ្នករាយការណ៍ព័ត៌មាននិងការីនិពន្ធចំនួន ៨.០០០ នាក់នឹងត្រូវបាត់បង់ការងារ។
លោក Phil Robertson នាយកអង្គការសិទ្ធិមនុស្សអាស៊ីនិងការតស៊ូមតិការងារ (Asia Human Rights and Labor Advocates) បានប្រាប់ VOA ថា ការកែសម្រួលរចនាសម្ព័ន្ធប្រព័ន្ធផ្សព្វផ្សាយនេះកាន់តែមានសភាពអាក្រក់ជាងមុននៅក្រោមការដឹកនាំបច្ចុប្បន្នរបស់អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមលោក To Lam ដែលបានឡើងកាន់តំណែងនេះជំនួសលោក Nguyen Phu Trong ដែលបានស្លាប់កាលពីខែកក្កដា ឆ្នាំ ២០២៤។
លោក Robertson បានសរសេរនៅក្នុងសារតាមអ៊ីមែលថា៖ «គ្មានអ្វីគួរឲ្យឆ្ងល់ទេដែលថាការធ្វើកំណែទម្រង់នេះនឹងធ្វើឲ្យពលរដ្ឋវៀតណាមទទួលបានព័ត៌មានពិតកាន់តែតិចជាងមុន។ ប្រាកដណាស់ថានេះគឺជាវិធីមួយដែលមេដឹកនាំបែបអាជ្ញាធិបតេយ្យដូចលោក To Lam នឹងធ្វើ ដោយបន្ថែមការគ្រប់គ្រងរបស់រដ្ឋាភិបាលទ្វេដងទៅលើអ្វីដែលប្រជាជនអាចឮនិងអាចមើលឃើញ»។
លោក To Lam មានមហិច្ឆតាធំក្នុងការធ្វើកំណែទម្រង់រដ្ឋាភិបាល ដែលរួមមានដូចជាការបង្រួមក្រសួងចំនួន ១៤ មកនៅត្រឹមតែ ៧ ជាដើម។ នៅក្រោមផែនការរបស់រដ្ឋាភិបាល សេចក្ដីសម្រេចលេខ ១៨ បានចែងថា ក្រសួងនីមួយៗនឹងត្រូវអនុញ្ញាតឲ្យមានការបោះពុម្ពផ្សាយព័ត៌មានផ្លូវការមួយ ដែលនេះនឹងកាត់បន្ថយចំនួនស្ថាប័នផ្សព្វផ្សាយព័ត៌មានបន្ថែមទៀតនៅក្នុងប្រទេស។ អ្នកវិភាគមួយចំនួនយល់ថា ការវិវត្តនេះអាចឈានទៅដល់ការកាត់បន្ថយស្ថាប័នព័ត៌មានរហូតដល់ទៅពាក់កណ្ដាល។
រដ្ឋាភិបាលវៀតណាមមានផែនការបង្រួមធនធានទាំងអស់ឲ្យមកនៅក្រោមបណ្ដាញប្រព័ន្ធផ្សព្វផ្សាយជាតិចំនួន ៦។ ប្រព័ន្ធផ្សព្វផ្សាយទាំងនោះរួមមានទាំងកាសែត Nhan Da ដែលជាកាសែតរបស់បក្សកុម្មុយនីស្តវៀតណាម ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់ក្រសួងការពារជាតិនិងក្រសួងសន្តិសុខសាធារណៈវៀតណាមផងដែរ។
អង្គភាពទូរទស្សន៍វៀតណាមនឹងក្លាយជាប៉ុស្តិ៍ទូរទស្សន៍ជាតិតែមួយគត់ដែលគ្រប់គ្រងទៅលើបណ្ដាញផ្សព្វផ្សាយតូចៗផ្សេងទៀត។ កាលពីថ្ងៃទី ១៥ ខែមករាកន្លងទៅនេះ ប៉ុស្តិ៍ទូរទស្សន៍ចំនួន ១៣ ដែលដំណើរការក្រោមសាជីវកម្មពហុប្រព័ន្ធផ្សព្វផ្សាយវៀតណាម (VTC) បានបញ្ចប់ដំណើរការរបស់ខ្លួន បូករួមទាំងទូរទស្សន៍សំឡេងវៀតណាម (Voice of Vietnam TV) និងទូរទស្សន៍របស់កាសែត Nhan Dan (Nhan Da TV) ផងដែរ។ បណ្ដាញទូរទស្សន៍ VTC គឺជាប៉ុស្តិ៍ទូរទស្សន៍ពេញនិយមលំដាប់ទីពីរនៅវៀតណាម ដែលបានដំណើរការអស់រយៈពេល ២០ ឆ្នាំមកហើយ។
កំណែទម្រង់
កាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំមុន លោក To Lam បានថ្លែងនៅក្នុងសន្និសីទថ្នាក់ជាតិអំពីការអនុវត្តសេចក្ដីសម្រេចលេខ ១៨ ដោយបាននិយាយថា ការកែសម្រួលរចនាសម្ព័ន្ធនេះធ្វើឡើងដើម្បីធ្វើឲ្យប្រព័ន្ធនយោបាយមានភាពរលូនងាយស្រួល និងដើម្បីលុបបំបាត់ការរាំងស្ទះនានានៅកម្រិតស្ថាប័ន។
លោកថ្លែងថា៖ «នេះជាបញ្ហាមួយដ៏លំបាក។ វាពាក់ព័ន្ធនឹងការគិត អារម្មណ៍ និងក្ដីប្រាថ្នា និងប៉ះពាល់ដល់ផលប្រយោជន៍របស់បុគ្គលនិងស្ថាប័នជាច្រើន»។
លោកបានបន្ថែមថា៖ «ការអនុវត្តនៅក្នុងអង្គភាពជាច្រើនច្បាស់ណាស់នឹងជួបការលំបាក។ ប៉ុន្តែ យើងត្រូវតែដើរទៅមុខ ដោយហេតុថាដើម្បីឲ្យខ្លួនប្រាណយើងមានសុខភាពល្អ ពេលខ្លះយើងត្រូវតែលេបឱសថដែលមានជាតិល្វីង»។
លោក Trinh Huu Long ដែលជាអ្នកតស៊ូមតិប្រជាធិបតេយ្យនិងជាសហស្ថាបនិកអង្គការ Legal Initiatives for Vietnam នៅកោះតៃវ៉ាន់ បាននិយាយថា រដ្ឋាភិបាលវៀតណាមកំពុងប្រញាប់ប្រញាល់ធ្វើការកែសម្រួលប្រព័ន្ធផ្សព្វផ្សាយនិងការរួមបញ្ចូលគ្នានៃក្រសួងនានារបស់រដ្ឋាភិបាលឲ្យបានចប់សព្វគ្រប់។
លោកបាននិយាយថា៖ «ឥឡូវនេះ មនុស្សគ្រប់គ្នាធ្វើការគ្មានពេលសម្រាកទេ។ ពួកគេគ្រោងនឹងបញ្ចប់អ្វីៗគ្រប់យ៉ាងនៅខែមីនាខាងមុខនេះនៅពេលសភារៀបចំសម័យប្រជុំពិសេសដើម្បីប្រថាប់ត្រាអនុម័តលើការកែសម្រួលរចនាសម្ព័ន្ធដ៏ធំនេះ»។
ការជំរុញការឃោសនា
លោក Long បាននិយាយថា នៅពេលរដ្ឋាភិបាលវៀតណាមផ្ដោតធនធានរបស់ខ្លួនលើបណ្ដាញប្រព័ន្ធផ្សព្វផ្សាយថ្នាក់ជាតិចំនួន ៦ នេះ អាជ្ញាធរនឹងមានអំណាចកាន់តែច្រើនដើម្បីជំរុញការផ្សព្វផ្សាយរបៀបវារៈរបស់រដ្ឋាភិបាល។
លោកបាននិយាយថា៖ «រដ្ឋាភិបាលនឹងវិនិយោគទៅលើតែទីភ្នាក់ងាររបស់រដ្ឋដែលមានចំនួនកាន់តែតិចនេះដើម្បីធ្វើឲ្យទីភ្នាក់ងារផ្សាយព័ត៌មានទាំងនេះធ្វើការឃោសនាកាន់តែមានប្រសិទ្ធភាព។ តួនាទីទីមួយរបស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយរដ្ឋគឺផ្សព្វផ្សាយនិងការពារគណបក្ស [កុម្មុយនីស្តវៀតណាម]។ ការផ្ដល់ព័ត៌មានជូនអ្នកអានគឺជារឿងបន្ទាប់»។
របាយការណ៍មួយរបស់អង្គការ Legal Initiatives for Vietnam ចេញផ្សាយកាលពីខែវិច្ឆិកាឆ្នាំ ២០២៤ បានឲ្យដឹងថា បច្ចុប្បន្ននេះមានអ្នកកាសែតឯករាជ្យចំនួន ១៧ នាក់កំពុងជាប់ឃុំនៅក្នុងប្រទេសវៀតណាម ដែលអ្នកទាំងនេះត្រូវបានចាប់ដាក់ពន្ធនាគារក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។
ទោះបីជាប្រព័ន្ធផ្សព្វផ្សាយទាំងអស់នៅក្នុងប្រទេសវៀតណាមស្ថិតនៅក្រោមការរឹតត្បិតរបស់រដ្ឋាភិបាលក៏ដោយ ក៏ប្រព័ន្ធផ្សព្វផ្សាយខ្លះបានទទួលមូលនិធិពីសាជីវកម្មឯកជន ប៉ុន្តែពួកគេត្រូវស្នើសុំអាជ្ញាប័ណ្ណពីក្រសួងរបស់រដ្ឋាភិបាល។
លោក Long បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយដែលមានលក្ខណៈពាក់កណ្ដាលឯកជនបែបនេះ កំពុងរងការបង្ខំឲ្យបញ្ឈប់ដំណើរការ។ ស្ថាប័នទាំងនេះភាគច្រើនគោរពវិជ្ជាជីវៈ ហើយផ្សព្វផ្សាយព័ត៌មានដែលមិនស្របទាំងស្រុងទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាម។
លោកបញ្ជាក់ដូច្នេះថា៖ «[នៅពេលពួកគេរងការប៉ះពាល់] គុណភាពរបស់ពួកគេនឹងធ្លាក់ចុះយ៉ាងលឿន»។
លោក Long បានលើកយកករណីវេបសាយព័ត៌មាន Zing News មកធ្វើជាឧទាហរណ៍ថា កាលពីខែកក្កដា ឆ្នាំ ២០២៣ វេបសាយព័ត៌មាននេះត្រូវបានផ្អាកដំណើរការរយៈពេល ៣ ខែ បន្ទាប់ពីវេបសាយនេះត្រូវបានស៊ើបអង្កេតដោយក្រសួងព័ត៌មាននិងសារគមនាគមន៍។
សារព័ត៌មាននេះបានបើកឡើងវិញបន្ទាប់ពីបានផ្អាក ប៉ុន្តែត្រូវបានប្ដូរឈ្មោះទៅជា Z News ហើយគុណភាពនិងចំនួនព័ត៌មានបានធ្លាក់ចុះយ៉ាងខ្លាំង ដែលធ្វើឲ្យវេបសាយនេះលែងមានសារៈសំខាន់ដូចមុនទៀតហើយ។
លោក Long បាននិយាយថា៖ «ពួកគេចុះផ្សាយព័ត៌មានជាច្រើនអំពីសង្គ្រាមនៅអ៊ុយក្រែនដែលមិនស្របតាមបន្ទាត់របស់បក្ស [កុម្មុយនីស្តវៀតណាម] ដែលជានិច្ចកាលគាំទ្ររុស្ស៊ី»។
អ្នកសិក្សាស្រាវជ្រាវអំពីប្រព័ន្ធផ្សព្វផ្សាយនៅវៀតណាមម្នាក់ដែលសុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនបានប្រាប់ VOA ថា ប្រព័ន្ធផ្សព្វផ្សាយជាតិបានវិវត្តទៅជាប្រព័ន្ធឌីជីថលដែលអាចឲ្យពួកគេយកការឃោសនាមកបន្លំធ្វើជាព័ត៌មានបាន។
អ្នកស្រាវជ្រាវរូបនេះបាននិយាយថា៖ «ខ្ញុំយល់ថា វាជាបញ្ហាតឹងតែងណាស់។ ...វានឹងក្លាយទៅជាព័ត៌មានតាមតែការយល់ឃើញរបស់រដ្ឋាភិបាល។ ស្ថានភាពបែបនេះនឹងធ្វើឲ្យមនុស្សកាន់តែតិចទៅៗចង់ធ្វើជាអ្នកសារព័ត៌មាននិងស្វែងរកព័ត៌មានដែលមានសារៈប្រយោជន៍សម្រាប់ពលរដ្ឋវៀតណាម»៕