វៀតណាម នឹងកាត់បន្ថយការងារផ្នែកមួយក្នុងចំណោមផ្នែកការងារសាធារណៈចំនួនប្រាំនិងកាត់បន្ថយថវិការដ្ឋរាប់ពាន់លានដុល្លារ បន្ទាប់ពីសភាចាំតែប្រថាប់ត្រារបស់ប្រទេសបានផ្តល់ការយល់ព្រមកាលពីថ្ងៃអង្គារទៅនឹងគោលបំណងកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលតាមទម្រង់ដ៏លម្អិត។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
កំណែទម្រង់បែបនេះកំពុងបង្កើតភាពចម្រូងចម្រាសក្នុងប្រទេសកុម្មុយនិស្ត ដែលគេនិយាយថាការធ្វើការឱ្យរដ្ឋយូរឆ្នាំគឺមានន័យថាជាការងារប្រចាំជីវិត។
ការណ៍នេះត្រូវបានពិពណ៌នាដោយមន្ត្រីជាន់ខ្ពស់ថាជា«បដិវត្តន៍»ហើយគោលបំណងនេះនឹងឃើញចំនួនក្រសួងនិងទីភ្នាក់ងាររបស់រដ្ឋាភិបាលត្រូវកាត់បន្ថយពីចំនួន៣០ ទៅត្រឹម២២ ។
សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់សភាបានបញ្ជាក់ថារដ្ឋសភាបានបោះឆ្នោតអនុម័តរចនាសម្ពន្ធនៃការរៀបចំរបស់រដ្ឋាភិបាល។
ក្រសួងដឹកជញ្ជូន ផែនការនិងវិនិយោគ គមនាគមន៍និងការងារត្រូវបានលុបចោល ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ សេវាកម្មស៊ីវិល ប៉ូលិស និងយោធានឹងត្រូវប្រឈមមុខនឹងការកាត់បន្ថយ។
ជាផ្នែកមួយនៃការរៀបចំរចនាសម្ពន្ធរដ្ឋាភិបាលឡើងវិញ រដ្ឋសភាកាលពីថ្ងៃអង្គារបានអនុម័តតែងតាំងឧបនាយករដ្ឋមន្ត្រីថ្មីចំនួនពីររូប ដោយចំនួនសរុបឡើងដល់ទៅប្រាំពីររូប។
យោងតាមរដ្ឋាភិបាលបានឱ្យដឹងថាមនុស្សជិតពីរលាននាក់បានធ្វើការក្នុងវិស័យសាធារណៈគិតត្រឹមឆ្នាំ២០២២ បើទោះបីជាអង្គការពលកម្មអន្តរជាតិបញ្ជាក់តួលេខខ្ពស់ជាងនេះក៏ដោយ។
ការងារមួយក្នុងចំណោមការងារទាំងប្រាំនេះនឹងត្រូវកាត់ចោលក្នុងរយៈពេលប្រាំឆ្នាំខាងមុខ៕