ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រីវៀតណាមសន្យាផ្តល់អាជ្ញាបណ្ណឆាប់ដល់ក្រុមហ៊ុន Starlink របស់លោក Musk និងការនាំចូលកាន់តែច្រើនពីអាមេរិក


រូបឯកសារ៖ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ថ្លែងនៅក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​លើកទី ៥៤ នៅ​ទីក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ថ្លែងនៅក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​លើកទី ៥៤ នៅ​ទីក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤។

នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក Pham Minh Chinh បាន​និយាយ​កាលពី​ថ្ងៃ​ទី ១ ខែ​មីនា​ថា ​រដ្ឋាភិបាល​វៀតណាម ​ចង់​ចេញ​ឱ្យ​បាន​ឆាប់​រហ័ស​នូវ​អាជ្ញាបណ្ណ​សម្រាប់​ក្រុម​ហ៊ុន Starlink របស់​លោក Elon Musk ដើម្បី​ផ្តល់​ប្រព័ន្ធ​អ៊ីនធឺណិត​តាម​ផ្កាយរណប​នៅ​ក្នុង​ប្រទេស​នៅ​គម្រោង​មេ​មួយ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

នាយករដ្ឋមន្ត្រី​វៀតណាម​លោក ​Pham Minh Chinh ដែល​បាន​និយាយ​ជាមួយ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ជិត ៤០ ​ក៏​បាន​និយាយ​ដែរ​ថា​ វៀតណាម​កំពុង​ចាត់វិធានការ​ដើម្បី​ធ្វើ​ឱ្យ​មាន​ផល​ចំណេញ​ពាណិជ្ជកម្ម​ឡើង​វិញ​ជាមួយ​សហរដ្ឋ​អាមេរិក ដោយ​យោង​ដល់​ការនាំចូល​យន្តហោះ អាវុធ​ឧស្ម័ន ទំនិញ​កសិកម្ម​និង​ផលិតផល​ឱសថ។

រដ្ឋាភិបាល​ក្រុង​ហាណូយ​កំពុង​ព្យាយាម​បញ្ចៀស​ពន្ធគយ​របស់​សហរដ្ឋ​អាមេរិក​លើ​ការនាំចេញដ៏​ច្រើន​របស់​ខ្លួន ​ដែល​បាន​ធ្វើ​ឱ្យពាណិជ្ជកម្ម​នាំចេញ​ដ៏​ច្រើន​លើស​លុប​កាលពី​ឆ្នាំ​ទៅ​ ដែល​កំពុង​ធ្វើ​ឱ្យ​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​អាច​ទទួល​គ្រោះថ្នាក់​ពី​ការ​យក​ពន្ធគយ​ទៅ​វិញ​ទៅមក ​ដែល​ត្រូវ​បាន​គំរាម​ដោយ​លោក​ប្រធានាធិបតី Donald Trump។

រដ្ឋាភិបាល​បាន​និយាយ​នៅ​លើ​គេហទំព័ររបស់​ខ្លួន​ដែល​បាន​រាយការណ៍​ពី​ការពិភាក្សា​ដែល​លោក​នាយករដ្ឋមន្ត្រី Chinh បាន​ធ្វើ​ជាមួយ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ថា៖ «លោក​នាយករដ្ឋមន្ត្រី​បាន​បញ្ជាឱ្យ​ក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ចេញ​អាជ្ញាបណ្ណ​ជា​បន្ទាន់​ដល់ក្រុមហ៊ុន​អ៊ីនធឺណិត Starlink លើ​មូលដ្ឋាន​សាកល្បង»។

កាលពី​ខែ​កុម្ភៈ សភា​វៀតណាម​បាន​អនុម័ត​ផែនការ​បណ្តោះអាសន្ន​ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អ៊ីនធឺណិត​ផ្កាយ​រណប​ផ្តល់​សេវាកម្ម​នៅ​ក្នុង​ប្រទេស​វៀតណាម ខណៈ​ដែល​រក្សា​ការត្រួតត្រា​សាខា​ក្រុ មហ៊ុន​ក្នុង​ស្រុក ដែល​ជា​លក្ខខណ្ឌ​មុនដែល​កំណត់​ដោយ​លោក Musk។

ការណ៍​នេះ​តំណាង​ឱ្យ​ការផ្លាស់ប្តូរ​ភ្លាមៗ​ជំហរ​របស់​វៀតណាម​អំពីការគ្រប់គ្រង​នៃ​ក្រុមហ៊ុន​អ៊ីនធឺណិត​ផ្កាយ​រណប ពេល​ដែល​ប្រទេស​កុម្មុយនីស្ត​នេះ​រក្សា​ការ​កម្រិត​ដ៏​តឹងតែង​លើ​ការត្រួតត្រា​របស់​បរទេស​សម្រាប់​ផ្នែក​សេដ្ឋកិច្ច​ដ៏​ច្រើន​ដែល​ខ្លួន​ចាត់​ទុក​ជា​បញ្ហា​រសើប។

មន្ត្រី​សហរដ្ឋ​អាមេរិក​ម្នាក់​ដែល​បាន​ចូលរួម​ជំនួប​កាលពី​ថ្ងៃ​ទី ១ ខែ​មីនា ​បាន​និយាយ​ថា ​ការពិភាក្សា«នឹង​ដោះស្រាយ​បញ្ហា​ដែល​កំពុង​រង់ចាំ»​សម្រាប់​ក្រុមហ៊ុន​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​វៀតណាម។

លោក​នាយករដ្ឋមន្ត្រី​ រៀបចំ​ផែនការ​ជួប​ដាច់​ដោយឡែក​ជាមួយ​ពាណិជ្ជករ​បរទេស​ ​នៅ​ពេល​បន្ទាប់​ពី​នោះ។ នេះ​បើ​ក្រុមអ្នក​វិនិយោគ​ជា​ច្រើន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅពេល​ដែល​លោក​ព្យាយាម​បំបាត់​ការ​ព្រួយបារម្ភ​ដែល​បណ្តាល​មកពី​ការតានតឹង​ពាណិជ្ជកម្ម​សាកលលោក​និង​ផល​ប៉ះពាល់​ដែល​វា​អាច​មាន​លើ​ប្រទេស​វៀតណាម ​ដែល​ពឹងផ្អែក​លើ​ការនាំចេញ។

រូបឯកសារ៖ ប្រព័ន្ធ​ផ្កាយ​រណប​របស់​ក្រុមហ៊ុន Starlink ត្រូវបាន​ដាក់​បង្ហាញ​នៅ​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​មួយ​ នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៣។
រូបឯកសារ៖ ប្រព័ន្ធ​ផ្កាយ​រណប​របស់​ក្រុមហ៊ុន Starlink ត្រូវបាន​ដាក់​បង្ហាញ​នៅ​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​មួយ​ នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៣។
លោក Elon Musk នៅវិមាន​សភា​អាមេរិក ក្នុង​អំឡុង​សុន្ទរកថា​លើក​ដំបូង​របស់​លោកប្រធានាធិបតី Donald Trump ទៅកាន់​សភា​ទាំងពីរ​ថ្នាក់ នៅរដ្ឋធានីវ៉ាស៊ីតោន កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥។
លោក Elon Musk នៅវិមាន​សភា​អាមេរិក ក្នុង​អំឡុង​សុន្ទរកថា​លើក​ដំបូង​របស់​លោកប្រធានាធិបតី Donald Trump ទៅកាន់​សភា​ទាំងពីរ​ថ្នាក់ នៅរដ្ឋធានីវ៉ាស៊ីតោន កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៥។

កិច្ចព្រមព្រៀង​នាំចូល​វៀតណាម​ឬ?

រដ្ឋាភិបាល​បាន​និយាយ​ថា​ក្នុង​ចំណោម​លទ្ធភាព​នៃ​វិធានការ​ដែល​អាច​កាត់បន្ថយ​ផល​សល់​ពាណិជ្ជកម្ម​របស់​វៀតណាម​ជាមួយ​សហរដ្ឋ​អាមេរិក​គឺ​ក្រុមហ៊ុនអាកាសចរណ៍​វៀតណាម​ទិញ​យន្តហោះ​ដ៏​ច្រើន​របស់​ក្រុមហ៊ុន Boeing របស់​អាមេរិក។

រដ្ឋាភិបាល​បាន​យោង​ដល់​កិច្ចព្រមព្រៀង​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម ​ដែល​បាន​ធ្វើ​ជាមួយ​ក្រុមហ៊ុន Boeing ក្នុង​ឆ្នាំ ២០២៣ ក្នុង​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋធានី​ហាណូយ​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden​ ចំពោះ​ការទិញ​យន្តហោះ​ធន់ 737 Max ចំនួន ៥០​ គ្រឿង។

រដ្ឋាភិបាល​វៀតណាម​បាន​រាយការណ៍កាលពី​ថ្ងៃ​ទី ១ ខែ​មីនា​ថា ​កិច្ចព្រមព្រៀង​នោះ​មាន​តម្លៃ​ ១១ ពាន់​លាន​ដុល្លារ ដោយ​មិន​បញ្ជាក់​ថា តើ​វា​រួម​ទាំង​ម៉ាស៊ីន​និង​គ្រឿង​បម្លាស់​ផ្សេង​ទៀត​ដែលជា​ធម្មតា​បាន​ទិញ​ដាច់​ដោយ​ឡែក។ សេតវិមាន​បាន​និយាយក្នុង​ឆ្នាំ ២០២៣ ​ថា ​តម្លៃ​នោះ​មាន​ ៧,៨ ពាន់​លាន​ដុល្លារ។

ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​មិន​បាន​ឆ្លើយតប​ភ្លាមៗ​ដល់​សំណើ​សុំ​អត្ថាធិប្បាយ​កាលពី​ថ្ងៃ​ទី ១ ខែ​មីនា។

រដ្ឋាភិបាល​និយាយ​ថា​ វៀតណាម​បាន​ពិភាក្សា​ពី​លទ្ធភាពនៃ​ការ​បញ្ចុះ​តម្លៃសម្រាប់​យន្តហោះ​ជាមួយ​ក្រុមហ៊ុន Boeing ហើយ​ក៏​បាន​និយាយ​រំលឹក​ដល់​កិច្ច​ព្រមព្រៀង​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ថោក​វៀតណាម​ឈ្មោះ VietJet ដែល​ទើប​បើក​ថ្មី​បាន​ទិញ​យន្តហោះរបស់​ក្រុមហ៊ុន Boeing ធុន 737 MAXចំនួន ២០០ (២រយ) ​គ្រឿង។

កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ជា​លើក​ទី ១ ក្នុង​ឆ្នាំ ២០១៦ ហើយ​ត្រូវ​បាន​សើរើ​ពិនិត្យ​មើល​ឡើង​វិញ​ក្រោយមក ក៏ប៉ុន្តែ​យន្តហោះ​នៅ​មិន​ទាន់​ផ្តល់​ឱ្យនៅ​ឡើយ​ទេ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ក្រុមហ៊ុន​នោះ​បាន​និយាយ​ថា​ខ្លួន​រំពឹង​នឹង​ទទួល​បាន​យន្តហោះ​មុន​ដំបូង​កាល​ពី​ឆ្នាំ​ទៅ។

រដ្ឋាភិបាល​និង​ពួក​មន្ត្រី​វៀតណាម​បាន​និយាយ​យោង​ដល់​វិធានការ​ជា​ច្រើន​អស់​ជា​ច្រើន​សប្តាហ៍ដើម្បី​ដោះស្រាយ​ផល​សល់​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក ក៏ប៉ុន្តែ មិន​មាន​កិច្ចព្រមព្រៀង​សំខាន់​ត្រូវ​បាន​ប្រកាស​នៅ​ឡើយ​ទេ។

រដ្ឋាភិបាល​បាន​និយាយ​ថា ​ខ្លួន​អាច​នាំចូល​ផលិតផល​កសិកម្ម​សហរដ្ឋ​អាមេរិក​កាន់តែ​ច្រើន​ឡើង​ហើយ​ពួក​មន្ត្រី​បាន​សម្តែងម្តង​ហើយ​ម្តង​ទៀត​នូវ​ចំណាប់​អារម្មណ៍ក្នុង​ការទិញ​ឧស្ម័ន​ធម្មជាតិ​សហរដ្ឋ​អាមេរិក​សម្រាប់​ឧស្សាហកម្ម​ឧស្ម័ន​ធម្មជាតិ។

កិច្ចព្រមព្រៀង​យោធា​ក៏​ត្រូវ​បាន​ពិភាក្សា​ជារឿយៗ​ដែរ រួម​ទាំង​ការទិញ​យន្តហោះ​ដឹក​ជញ្ជូន​យោធា​ធុន C-130 Hercules របស់​ក្រុមហ៊ុន Lockheed Martin៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG