ដោយ Marianne Brown
ប្រែសម្រួលដោយ ឌី ខាំបូលី
នៅក្នុងប្រទេសវៀតណាម ក្រុមអ្នកផ្តល់ជំនួយព្រមានថា ការអប់រំដែលមានគុណភាពទាប កំពុងរារាំងការឈានឡើងរបស់ប្រទេសនេះ មិនឱ្យងើបចេញពីឋានៈនៃប្រទេសដែលមានប្រាក់ចំណូលមធ្យម។ ប៉ុន្តែ បុរសម្នាក់កំពុងព្យយាមផ្លាស់ប្តូរបញ្ហានេះ ដោយបានកសាងបណ្ណាល័យនានា ដែលទទួលបានជំនួយថវិកាពីសហគមនៅតាមសាលាទាំងឡាយ។
នៅឯសាលាបឋមសិក្សាអានបៃ (An Bai) កុមារមួយក្រុមប្រញាប់ប្រញាល់ទទួលសៀវភៅពីគ្រូម្នាក់ ហើយដាក់សៀវភៅទាំងនោះនៅលើធ្នើ ដែលស្ថិតនៅខាងក្រោយបន្ទប់រៀន។ សៀវភៅទាំងនេះគឺជាផ្នែកមួយនៃយុទ្ធនាការមួយរបស់ លោក ង្វៀន កងថាច់ (Nguyen Quang Thach) ដែលមានវ័យ៣៧ឆ្នាំ ដើម្បីផ្តល់ឱ្យនូវអ្វីដែលត្រូវបានហៅថា «បណ្ណាល័យឳពុកម្តាយ» នៅក្នុងសាលានៅតាមតំបន់ជនបទ។
លោក ថាច់ ថ្លែងថា កសិករនៅក្នុងសហគមបែបនេះ មានលទ្ធភាពតិចតួចណាស់ក្នុងការទទួលបានសៀវភៅសិក្សា។ សាលារៀនភាគច្រើនមានសៀវភៅគ្រប់គ្រាន់ ប៉ុន្តែ ក្រុមគ្រួសារមួយចំនួនតូចប៉ុណ្ណោះមានឯកសារអានបន្ថែម។
«នៅពេលដែលខ្ញុំធ្វើការស្ទាបស្ទង់មតិជាមួយសាលារៀន ខ្ញុំសម្ភាសកសិករ កម្មករ និងសិស្សជាច្រើន។ ពួកគេមកពីតំបន់ជនបទ។ ពួកគេបាននិយាយថា ពួកគេមិនដែលទៅបណ្ណាល័យរបស់សាលាដើម្បីអានសៀវភៅនោះទេ។ មនុស្សជាច្រើនមិនគិតថា សាលានេះមានបណ្ណាល័យឡើយ។ ដូច្នេះ បណ្ណាល័យនៅក្នុងប្រព័ន្ធរបស់សាលារៀន គឺដូចជាបន្ទប់ដាក់ទំនិញមួយ ដែលមិនមែនជាកន្លែងសម្រាប់អានពិតប្រាកដមួយនោះទេ»។
ការអប់រំគឺជាប្រធានបទក្តៅមួយនៅវៀតណាម ដែលមានអត្រាអ្នកចេះអាននិងសរសេរខ្ពស់ ទោះបីជាមានវិធីសាស្រ្តបង្រៀនបែបបុរាណនិងអំពើពុករលួយ ដែលបំផ្លាញដល់ការសិក្សានៅតាមសាលាក៏ដោយ។
ទោះបីជាប្រទេសនេះបានអួតអាងអំពីអត្រាអ្នកចេះអាននិងសរសេរជាង៩០ភាគរយសម្រាប់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទដាច់ស្រយាលយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកផ្តល់ជំនួយនិយាយថា មានចន្លោះប្រហោងរវាងអ្វីដែលសាលាបង្រៀន និងអ្វីដែលអ្នកធ្វើការរបស់ប្រទេសនេះត្រូវយល់ដឹង។
ការអនុវត្តនៅក្នុងការសិក្សានៅតាមសាលារៀនរបស់វៀតណាម នៅមានកម្រិតទាបដែរ បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់។ បញ្ហាផ្នែកធំគឺការសូកប៉ាន់ ហើយជារឿយៗ សារព័ត៌មានដែលគ្រប់គ្រងដោយរដ្ឋ បានចេញផ្សាយរឿងរ៉ាវអំពីគ្រូ ដែលកំពុងត្រូវបានស្តីបន្ទោស ចំពោះការផ្តល់ពិន្ទុខ្ពស់ជាថ្នូរនឹងលុយ។ យោងតាមអ្នកវិភាគមួយចំនួន ការពឹងផ្អែកយ៉ាងខ្លាំងទៅលើវិធីសាស្រ្តសរសេរតាមអាននៅក្នុងថ្នាក់រៀន ក៏មានន័យថា សិស្សវៀតណាមមិនត្រូវបានលើកទឹកចិត្តឱ្យត្រិះរិះពិចារណាដោយខ្លួនឯង ឬអភិវឌ្ឍដំណោះស្រាយបញ្ហាប្រកបដោយការច្នៃប្រឌិតនោះទេ។
បណ្ណាល័យដ៏មមាញឹក ដែលពោរពេញទៅដោយសៀវភៅ អាចជាផ្នែកមួយនៃដំណោះស្រាយ។ លោក ថាច់ ធ្វើការជាមួយក្រុមអ្នកបោះពុម្ពសៀវភៅនៅក្នុងទីក្រុង ហាណូយ (Hanoi) ដើម្បីផ្តល់នូវបញ្ជីចំណងជើងសៀវភៅ ជាមួយនឹងអត្រាបញ្ចុះតម្លៃសម្រាប់គ្រូបង្រៀននិងសិស្សដើម្បីជ្រើសរើស។
លោកនិយាយថា លោកក៏កំពុងតែសម្លឹងមើលអំពីការផ្លាស់ប្តូរឥរិយាបទអំពីការបិរច្ចាគនៅក្នុងប្រទេសវៀតណាម ដែលវាគឺជារឿងទូទៅសម្រាប់ប្រជាពលរដ្ឋ ក្នុងការចំណាយថវិការាប់ពាន់ដុល្លា ដើម្បីកសាងអគារវប្បធម៌ថ្មីៗ ឬក្លោងទ្វារចូលទៅភូមិ ដែលជានិមិត្តរូបនៃទ្រព្យសម្បត្តិនិងឋានៈ។
«បញ្ហាពិតប្រាកដគឺចំណេះដឹង មិនមែនជាអ្វីដែលត្រូវអួតដាក់គ្នា ដូចជាវិហារធំៗ ឬលុយដ៏ច្រើនសម្រាប់ពិធីមង្គលការ លុយដ៏ច្រើនសម្រាប់ពិធីរំឮកខួបដូនតានោះទេ។ ពួកគេគួរតែប្រើប្រាស់លុយសម្រាប់រឿងដែលប្រសើរជាងនេះ ដោយវិនិយោគសម្រាប់អនាគត ដែលនោះគឺជាសៀវភៅតែម្តង»។
កន្លងមក បណ្ណាល័យឳពុកម្តាយជិតមួយពាន់កន្លែង ត្រូវបានកសាងឡើង ដោយមានសៀវភៅរាប់រយក្បាលនៅក្នុងបណ្ណាល័យនីមួយៗ ហើយ គំរូរបស់លោក ថាច់ ត្រូវបានចម្លងតាមនៅតាមបណ្តាខេត្តជាច្រើននៅទូទាំងប្រទេស។ សម្រាប់សាលានីមួយៗ លោក ថាច់ បានជួយកសាងបណ្ណាល័យ ដែលមានបន្ទប់រហូតដល់ទៅបួន ហើយបន្ទាប់មក អ្នកផ្សេងទៀតបានយកតាមគំរូនេះ។ ឳពុកម្តាយផ្តល់ថវិកាចំនួនបីដុល្លារក្នុងមួយឆ្នាំសម្រាប់ឆ្នាំទីមួយ និងមួយដុល្លានៅក្នុងឆ្នាំបន្តបន្ទាប់។
នាយកសាលាវិទ្យាល័យ អានឌុក (An Duc) លោក ផាំ ឌុកដួង (Pham Duc Duong) និយាយថា ដោយសារគំរូរប់សលោក ថាច់ គុណភាពអប់រំនៅតាមសាលាគឺកម្រិតខ្ពស់ជាងមុន។
លោកនិយាយថា សិស្សទទួលបានលទ្ធផលប្រសើរជាងមុនសម្រាប់ការប្រកួតប្រជែង ជាពិសេសក្នុងមុខវិជ្ជាវិទ្យាសាស្រ្តសង្គម។
លោកស្រី ឌួង លីង៉ា (Duong Le Nga) គឺជាប្រធានក្រុមយុវជនរបស់សាលា។ លោកស្រីនិយាយថា បន្ទាប់ពីបណ្ណាល័យត្រូវបានសាងសង់រួច សិស្សបានចាប់ផ្តើមសួរសំណួរជាច្រើនទៅកាន់គ្រូ។ លោកស្រីគិតថា គំរូរបស់លោក ថាច់ ជួយសិស្សឱ្យគិត«ប្រកបដោយការត្រិះរិះពិចារណា»។
លោកស្រី ង៉ា និយាយថា សិស្សបានចាប់ផ្តើមបង្កើតក្លឹបជជែកដេញដោលនៅក្នុងថ្នាក់រៀនដោយខ្លួនឯង។ ថ្នាក់នីមួយៗមានក្លឹបបីឬបួន ទៅលើមុខវិជ្ជាផ្សេងៗគ្នា។ ឥឡូវនេះ ជាជាងពឹងផ្អែកទៅលើគ្រូបង្រៀនដើម្បីទទួលបានឯកសារ ពួកគេបានទៅរកក្លឹបដោយខ្លួនឯង។
នាយករងសាលា លោក អួង មិញថាញ់ (Uong Minh Thanh) និយាយថា សិស្សជាច្រើននៅទីនេះ នឹងក្លាយទៅជាអ្នកធ្វើការនៅតាមរោងចក្រនៅក្បែរៗនេះ។ ទោះជាយ៉ាងនេះក្តី បន្ទាប់ពីបានឃើញឥទ្ធិពលនៃបណ្ណាល័យថ្មី លោកសង្ឃឹមថា កុមារទាំងឡាយនឹងមានមហិច្ឆតាខ្ពស់ជាងនេះសម្រាប់ខ្លួន នៅពេលដែលពួកគេបញ្ចប់ការសិក្សា។
លោកនិយាយថា បណ្ណាល័យបានជំរុញលើកទឹកចិត្តឱ្យមានការអានជាក្រុមនៅក្នុងចំណោមសិស្ស និងគ្រូ និងសម្រាប់ក្រុមគ្រួសារ នៅពេលដែលកុមារយកសៀវភៅទៅផ្ទះ។
ទោះបីជាគំរូរបស់លោក ថាច់ សំដៅទៅលើកសិករក្រីក្ររបស់វៀតណាមក្តី ក៏គំរូនេះមិនបានរូមបញ្ចូលក្រុមជនជាតិភាគតិចទេ។ ទោះបីជាមានតែចំនួន១៤ភាគរយនៃប្រជាពលរដ្ឋក្តី ក្រុមជនជាតិភាគតិចទាំងនេះមានចំនួនស្មើនឹងពីរភាគប្រាំនៃប្រជាពលរដ្ឋក្រីក្ររបស់ប្រទេសនេះ។
លោក ថាច់ និយាយថា លោកមានផែនការពង្រីកគំរូនេះទៅកាន់កុមារនៅតាមសាលារបស់ជនជាតិភាគតិចនៅឆ្នាំក្រោយ ប៉ុន្តែ សៀវភៅនឹងត្រូវបានផ្តល់ឱ្យជាភាសាវៀតណាម ដែលជាភាសាទីពីរសម្រាប់ជនជាតិភាគតិចភាគច្រើន ហើយកម្រិតនៃការចេះអាននិងចេះសរសេរនៅមានកម្រិតទាប។
លោក ថាច់ និយាយថា សុបិន្តរបស់លោកគឺថា ថ្ងៃណាមួយគំរូរបស់លោកនឹងអាចឧបត្ថម្ភខ្លួនដោយខ្លួនឯងបាន ហើយគេនឹងលែងត្រូវការលោកតទៅទៀតហើយ។ នាពេលឥឡូវនេះ លោកនិយាយថា លោកសង្ឃឹមថា «បដិវត្តន៍សៀវភៅ»របស់លោក អាចជួយកសិករវៀតណាម ឱ្យឈរស្មើគ្នាជាមួយនឹងប្រជាពលរដ្ឋនៅក្នុងប្រទេសអភិវឌ្ឍន៍ដែរ៕