ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ដាក់​ពន្ធនាគារ​អ្នករិះគន់​៣​នាក់​មុន​​​ចាប់ផ្តើម​មហាសន្និបាត​ដ៏​សំខាន់​របស់​​គណបក្ស​កុម្មុយនីស្ត


អ្នក​កាសែត​របស់​សមាគម​អ្នក​កាសែត​ឯករាជ្យ​វៀតណាម លោក Pham Chi Dung​ (ស្ដាំ) លោក Le Huu Minh Tuan (កណ្ដាល) និង​លោក​ Nguyen Tuong Thuy (ឆ្វេង) ឈរ​នៅ​ចន្លោះ​ប៉ូលិស ក្នុង​អំឡុងពេល​នៃ​សវនាការ​របស់​ពួកគេ​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១។
អ្នក​កាសែត​របស់​សមាគម​អ្នក​កាសែត​ឯករាជ្យ​វៀតណាម លោក Pham Chi Dung​ (ស្ដាំ) លោក Le Huu Minh Tuan (កណ្ដាល) និង​លោក​ Nguyen Tuong Thuy (ឆ្វេង) ឈរ​នៅ​ចន្លោះ​ប៉ូលិស ក្នុង​អំឡុងពេល​នៃ​សវនាការ​របស់​ពួកគេ​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១។

ប្រទេស​វៀតណាម​ កាលពី​ថ្ងៃអង្គារ​ បានដាក់​ពន្ធនាគារ អ្នកសរសេរ blog ​ចំនួន​៣​រូប​ ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ ពី​បទចោទ​ប្រកាន់ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋ។ នេះ​បើ​តាម​ការបញ្ជាក់​ពី​មេធាវី​មួយ​រូប​របស់​ពួកគេ​ ដែលការដាក់​ពន្ធនាគារ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ មុនមហា​សន្និបាត​គណបក្សកុម្មុយនីស្ត​របស់​រដ្ឋាភិបាល​វៀតណាម​នឹង​ត្រូវ​បើក​ធ្វើ​ឡើង។​

មុន​ពេល​ អន្តរកាល​នៃការផ្លាស់ប្តូរ​មេដឹកនាំ​នៅ​ចុងខែ​នេះ​គឺជាពេលវេលាដែល​មាន​ភាពតានតឹង​នៅ​ក្នុង​ប្រទេស​នេះ ​ស្របពេល​ដែលបេក្ខជនផ្សេងៗ​ កំពុងតស៊ូនៅ​ក្រោយ​ឆាក​ដើម្បី​អំណាច។ ​ក្នុង​រយៈពេលប៉ុន្មាន​ខែ​ថ្មីៗ​នេះ របបផ្តាច់ការ​មួយ​នេះ​ បាន​បង្កើន​ការបង្ក្រាប​របស់​ខ្លួនទៅ​លើ​អ្នកប្រឆាំង និង​បាន​ចាប់​ខ្លួន​អ្នករិះគន់​មួយ​ចំនួនផង​ដែរ។​ ​

នៅ​ក្នុង​សវនាការ​កាត់ក្តី​ដែល​បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​ខ្លី ក្នុង​ទីក្រុង​ហូជីមិញ​ អ្នករិះគន់​ទាំង៣​នាក់​ ដែលជា​សមាជិក​របស់សមាគម​អ្នកសារព័ត៌មាន​ឯករាជ្យវៀតណាម ដែល​ត្រូវ​បាន​ដាក់ក្រៅ​ច្បាប់​ត្រូវ​បាន​កាត់ទោសដាក់​ពន្ធនាគារ​ ​ពី«​បទ​ប្រឆាំង​និង​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឆាំង​»រដ្ឋវៀត​ណាម។​

លោក Pham Chi Dung ​អាយុ​៥៤​ឆ្នាំ​ ដែល​ជាអ្នកនិពន្ធ​ដែលមានឈ្មោះ​បោះសំឡេង​ ​ជា​ស្ថាបនិក​និង​ជា​ប្រធាន​សមាគមអ្នកសារព័ត៌មាន​ឯករាជ្យវៀតណាម​ត្រូវ​បានកាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៥​ឆ្នាំ ​ ខណៈពេលអតីត​យុទ្ធជន​ជើង​ចាស់​លោក Nguyen Tuong Thuy ​អាយុ​៦៩​ឆ្នាំ​ ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១១​ឆ្នាំ។

ចំណែក​សមាជិក​វ័យក្មេង​ម្នាក់​ទៀតរបស់​ក្រុម​នេះ​ គឺ Le Huu Minh Tuan ​ក៏​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១១​ឆ្នាំ​ផង​ដែរ។​ ​

អ្នក​ទាំង​៣​នាក់​នេះ​ មាន​ឈ្មោះ​បោះសំឡេង​ ក្នុង​ការអំពាវនាវឲ្យ​មានលទ្ធិ​ប្រជាធិបតេយ្យ​កាន់តែ​ច្រើន​ឡើង​នៅ​ក្នុង​ប្រទេស​វៀតណាម៕

XS
SM
MD
LG