អ្នកសារព័ត៌មានវៀតណាមនិងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមប្រឈមនឹងឧបសគ្គថ្មីមួយក្នុងការរាយការណ៍ដោយឯករាជ្យដោយសារអនុក្រឹត្យរបស់រដ្ឋាភិបាលមួយដែលនឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរដល់អ្នកចែកចាយព័ត៌មានដែលរដ្ឋាភិបាលចាត់ទុកថា បង្កគ្រោះថ្នាក់ដល់ប្រទេស។
អ្នកអង្កេតការនិងសកម្មជនសិទ្ធិមនុស្សយល់ឃើញថាអនុក្រឹត្យដែលនឹងចូលជាធរមាននៅថ្ងៃទី ០១ ខែធ្នូ នោះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងហាណូយក្នុងការពង្រឹងការគ្រប់គ្រងលើបណ្តាញសារព័ត៌មាន។
ចាប់តាំងពីខែមករា ប្រទេសវៀតណាមបានចាប់ខ្លួនអ្នកសារព័ត៌មាន អ្នកបោះពុម្ភផ្សាយ និងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ២០ នាក់ដោយសារតែអត្ថបទលក្ខណៈរិះគន់នានា ដែលទាមទារឲ្យក្រុមហ៊ុនហ្វេសប៊ុកយល់ព្រមត្រួតពិនិត្យសារ«ប្រឆាំងនឹងរដ្ឋាភិបាល» និងហាមឃាត់គេហទំព័រ Phu Nu Online មិនឲ្យចេញផ្សាយមួយខែដោយសារព័ត៌មានស៊ើបអង្កេតលើការបំផ្លិចបំផ្លាញបរិស្ថាន ហើយកាលពីពេលថ្មីៗនេះបានចាប់ខ្លួនអ្នកស្រី Pham Doan Trang សរសេរប្លុកលេចធ្លោមួយរូប និងជាសកម្មជនប្រជាធិបតេយ្យ។
អនុក្រឹត្យថ្មីដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី០៧ ខែតុលា ដោយលោក នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ចែងថា អ្នកណាក៏ដោយដែលបានចែករំលែកព័ត៌មានដែលអាជ្ញាធរយល់ថាគ្រោះថ្នាក់ ប៉ុន្តែមិនធ្ងន់ធ្ងរខ្លាំងដល់ត្រូវទទួលទោសព្រហ្មទណ្ឌ អាចប្រឈមនឹងការផាកពិន័យច្រើន និងការព្យួរទោសរយៈពេល១២ខែ។
ឧទាហរណ៍ ទោសសម្រាប់ការ« បង្ហោះសារឬចែកចាយព័ត៌មានដែលមិនបម្រើផលប្រយោជន៍ប្រទេសជាតិនិងប្រជាជន» គឺត្រូវបង់ប្រាក់ផាកពិន័យរដ្ឋបាលរហូតដល់២០០លានដុង ឬស្មើនឹង៨.៦០០ដុល្លារសហរដ្ឋអាមេរិក។ បទល្មើសក្នុងការ«ផ្តល់ព័ត៌មានមិនពិតទៅសាធារណៈជនបែបបង្ខូចនិងបរិហារកេរ្តិ៍បុគ្គលឬអង្គការណាមួយ» ត្រូវពិន័យជាទឹកប្រាក់រហូតដល់៤០លានដុង ឬ១.៧២៣ដុល្លារសហរដ្ឋអាមេរិក។
ច្បាប់នោះពីមុនអនុញ្ញាតឲ្យពិន័យរហូតដល់១០០លានដុង ឬ៤.៣០០ដុល្លារសហរដ្ឋអាមេរិកនិងព្យួរទោសរហូតដល់៦ខែ។ ទោសធ្ងន់បំផុតគឺការហាមឃាត់ចេញផ្សាយ៣ខែដែលអនុម័តដោយក្រសួងព័ត៌មាននិងទំនាក់ទំនង លើបណ្តាញសារព័ត៌មាន Tuoi Tre Online កាលពីខែកក្កដា ឆ្នាំ២០១៨។ ក្រសួងបានចោទប្រកាន់បណ្តាញសារព័ត៌មាននោះពីការរាយការណ៍ព័ត៌មានមិនពិតអំពីមតិរបស់ប្រធានាធិបតីលើច្បាប់ស្ដីពីបាតុកម្ម។
គណៈកម្មាធិការប្រជាជនខេត្ត អាជ្ញាធរក្នុងស្រុក ក្រសួងព័ត៌មាននិងទំនាក់ទំនង និងអាជ្ញាធរសារព័ត៌មាននឹងមានសិទ្ធិអំណាចក្នុងការដាក់ទោស។ ការប្តឹងឧទ្ធរណ៍ត្រូវបានអនុញ្ញាត ប៉ុន្តែការផាកពិន័យរដ្ឋបាលក្នុងប្រទេសវៀតណាមត្រូវតែបង់ក្នុងរយៈពេល១០ថ្ងៃ។
អ្នកសារព័ត៌មានឯករាជ្យលោក Vo Van Tao មកពីខេត្តKhanh Hoa ដែលធ្លាប់បម្រើការនៅភ្នាក់ងារកាសែតគ្រប់គ្រងដោយរដ្ឋមួយបានប្រាប់ VOA នៅប្រទេសវៀតណាមថា ការតម្លើងថ្លៃផាកពិន័យគឺធ្ងន់ធ្ងរណាស់។
លោក Vo បាននិយាយថា៖ «បើគិតពីហិរញ្ញវត្ថុ សម្រាប់ទីភ្នាក់ងារព័ត៌មានតូចៗ ការផាកពិន័យដែលមានទឹកប្រាក់២០០លានដុងគឺត្រូវបានចាត់ទុកថាដូចជាការក្ស័យធនអីចឹង។ ការព្យួរអាជ្ញាប័ណ្ណរហូតដល់១២ខែគឺធ្ងន់ធ្ងរខ្លាំង។ ខ្ញុំយល់ថាការព្យួរទោសតែបីខែគឺធ្ងន់ធ្ងររួចទៅហើយ។»
លោកVo បាននិយាយថាអនុក្រឹត្យនេះបង្ហាញពីគោលនយោបាយជាក់លាក់មួយរបស់រដ្ឋាភិបាលដែល«តែងតែរារាំងសិទ្ធិសេរីភាពសារព័ត៌មាន»។
«សារព័ត៌មានវៀតណាមមិនដូចនៅបរទេសទេ។ ប្រទេសនេះកាន់កាប់ដោយឯកបក្ស។ វៀតណាមមិនទទួលយកពហុនិយម ឬពហុបក្សទេ។ វៀតណាមមិនទទួលយកការរិះគន់ទេ។ ពួកគេបានប្រកាសយ៉ាងជាក់លាក់និងច្បាស់លាស់ថាសារព័ត៌មានគឺជាឧបករណ៍ឃោសនារបស់បក្សនិងរដ្ឋ។»
វៀតណាមមានចំណាត់ថ្នាក់សេរីភាពសារព័ត៌មានទាប គឺស្ថិតក្នុងចំណាត់ថ្នាក់១៧៥ក្នុងចំណោម១៨០ប្រទេស ដែលចំណាត់ថ្នាក់ទី១គឺមានសេរីភាពខ្លាំងបំផុត លើសន្ទស្សន៍ប្រចាំឆ្នាំដែលរៀបចំដោយអង្គការឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយអ្នកសារព័ត៌មានគ្មានព្រំដែន(RSF)។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនបានឲ្យដឹងថា៖ «កម្រិតភ័យខ្លាចបានកើនឡើងខ្លាំងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយមានអ្នកសារព័ត៌មានប្រជាជនជាច្រើនត្រូវបានឃុំខ្លួន ឬបណ្តេញចេញដោយសារការបង្ហោះសាររបស់ពួកគេ។»
អ្នកសារព័ត៌មាននៅតាមបណ្តាញព័ត៌មានដែលគ្រប់គ្រងដោយរដ្ឋាភិបាល ឬដែលអនុញ្ញាតដោយរដ្ឋ ត្រូវតែចុះបញ្ជី ហើយបំពេញតាមតម្រូវការជាក់លាក់ដូចជាមានប័ណ្ណសារព័ត៌មានមួយ និងមានលិខិតអនុញ្ញាតត្រឹមត្រូវ។ ដូច្នេះហើយទើបអ្នកសរសេរប្លុកនិងអ្នកសារព័ត៌មានឯករាជ្យដូចជាលោក Vo ជារឿយៗប្រើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីផ្សព្វផ្សាយសេចក្ដីរាយការណ៍របស់ខ្លួន។
ប៉ុន្តែអ្នកសារព័ត៌មានឯករាជ្យ ដូចជាអ្នកស្រី Pham Doan Trang ដែលត្រូវបានឃុំខ្លួនកាលពីខែមុននេះប្រឈមនឹងការចាប់ខ្លួនខ្លាំងជាង។
លោក Daniel Bastard នាយកអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន(RSF) ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកបានប្រាប់ VOA ភាសាវៀតណាមថា ការចាប់ខ្លួនអ្នកសារព័ត៌មានកាលពីថ្ងៃទី០៦ តុលា «គឺជាការលោតផ្លោះទៅកាន់ការបង្រ្កាបទាំងស្រុងដោយគណៈបក្សកុម្មុយនីស្តវៀតណាម»។
លោក Bastard បាននិយាយថា៖ «អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនតក់ស្លុតនឹងការចាប់ខ្លួនអ្នកស្រី Pham Doan Trang ដែលទទួលបានពានរង្វាន់សេរីភាពសារព័ត៌មានសម្រាប់ស្នាដៃការងារដ៏អស្ចារ្យមួយកាលពីឆ្នាំមុន។ ឧក្រិដ្ឋកម្មតែមួយគត់របស់អ្នកស្រីគឺផ្តល់ព័ត៌មានគួរឲ្យជឿទុកចិត្តទៅកាន់ប្រជាជន ហើយអនុញ្ញាតឲ្យពួកគេអាចអនុវត្តសិទ្ធិរបស់ពួកគេបានពេញលេញ។»
អ្នកស្រី Pham គឺជាសកម្មជនប្រជាធិបតេយ្យក្លៀវក្លានិងជាអ្នកនិពន្ធមួយរូប ដែល ត្រូវបានចាប់ខ្លួនពីបទឃោសនាប្រឆាំងនឹងរដ្ឋ យោងតាមប៉ូលិសនិងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
ក្រុមសិទ្ធិមនុស្សបានថ្កោលទោសការចាប់ខ្លួននោះដែលធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចពិភាក្សារវាងវៀតណាមនិងសហរដ្ឋអាមេរិកស្តីពីសិទ្ធិមនុស្ស ហើយពួកគេបានព្រមានថា អ្នកសរសេរប្លុកអាចនឹងត្រូវបានគេធ្វើទារុណកម្មនៅក្នុងមន្ទីរឃុំឃាំង។
អ្នកនាំពាក្យ ក្រសួងសន្តិសុខសាធារណៈលោក To An Xo បាននិយាយថា អ្នកស្រី Pham ដែលត្រូវបានចាប់ខ្លួននៅបន្ទប់អាផាតមិនមួយក្នុងទីក្រុងហូជីមិញត្រូវបានចោទប្រកាន់ពីបទ«បង្កើត ផ្ទុក និងចែកចាយព័ត៌មាន ឯកសារ និងវត្ថុប្រឆាំងនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម»។
អ្នកសរសេរប្លុកម្នាក់នោះសរសេរអំពីបញ្ហាផ្លូវច្បាប់ សិទ្ធិប្រជាជន នយោបាយ ហើយបានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតរួមគ្នាមួយកាលពីខែកញ្ញាអំពីការវាយប្រហាររបស់រដ្ឋាភិបាលលើភូមិមួយដែលជាមជ្ឈដ្ឋានជម្លោះដីធ្លី។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបង្ហាញការបារម្ភលើការចាប់ខ្លួនរបស់អ្នកស្រី Pham។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្ញើមក VOA តាមអ៊ីម៉ែលថា៖ «ការចាប់ខ្លួនរបស់នាងអាចនឹងប៉ះពាល់ដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិក្នុងប្រទេសវៀតណាម។ យើងអំពាវនាវឲ្យរដ្ឋាភិបាលវៀតណាមធានាឲ្យបានថា សកម្មភាពរបស់ខ្លួននិងច្បាប់ក្នុងប្រទេសគឺស្របទៅតាមកាតព្វកិច្ចនិងការប្តេជ្ញាចិត្តអន្តរជាតិរបស់វៀតណាម៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ