មន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុនបណ្តាញសង្គមហ្វេសប៊ុកដែលមានមូលដ្ឋាននៅស.រ.អា. បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ប្រទេសវៀតណាមបានគំរាមបិទហ្វេសប៊ុកនៅក្នុងប្រទេស ប្រសិនបើក្រុមហ៊ុននេះមិនធ្វើតាមសម្ពាធរបស់រដ្ឋាភិបាលវៀតណាម ក្នុងការត្រួតពិនិត្យខ្លឹមសារនយោបាយក្នុងស្រុកបន្ថែមទៀតដែលមានផ្សាយតាមហ្វេសប៊ុក។
មន្ត្រីនោះដែលសុំមិនបញ្ចេញឈ្មោះដោយសារជាបញ្ហារសើប បាននិយាយថា ក្រុមហ៊ុនហ្វេសប៊ុកបានអនុវត្តតាមការស្នើសុំរបស់រដ្ឋាភិបាលវៀតណាម កាលពីខែមេសា ដើម្បីបង្កើនការត្រួតពិនិត្យលើការបង្ហោះខ្លឹមសារ ដែល «ប្រឆាំងនឹងរដ្ឋ» ដោយអ្នកប្រើប្រាស់ក្នុងប្រទេសវៀតណាម ប៉ុន្តែនៅខែសីហា អាជ្ញាធរវៀតណាមបានស្នើសុំម្តងទៀតឲ្យក្រុមហ៊ុននេះបង្កើនការរឹតត្បិតលើការផ្សាយរិះគន់។
មន្ត្រីរូបនោះបាននិយាយថា ការគំរាមកំហែងរួមមានការបិទហ្វេសប៊ុកទាំងស្រុងនៅវៀតណាម ដែលជាទីផ្សារដ៏ធំមួយសម្រាប់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ ដែលជាកន្លែងរកចំណូលបានជិត ១ ពាន់លានដុល្លារ។ នេះបើយោងតាមប្រភពចំនួនពីរដែលដឹងពីតួលេខនេះ។
ហ្វេសប៊ុកដែលមានអ្នកប្រើប្រាស់ប្រមាណ ៦០ លាននាក់នៅក្នុងប្រទេសវៀតណាម ហើយផ្តល់សេវាសំខាន់សម្រាប់ពាណិជ្ជកម្មតាមអនឡាញ និងជាវេទិកាសម្រាប់ទស្សនៈនយោបាយប្រឆាំងនោះ កំពុងស្ថិតក្រោមការពិនិត្យពិច័យជាប្រចាំដោយរដ្ឋាភិបាល។
នៅប្រទេសវៀតណាម ទោះបីមានការកំណែទម្រង់សេដ្ឋកិច្ចនិងបង្កើនការបើកចំហចំពោះការផ្លាស់ប្តូរសង្គមក៏ដោយ ក៏បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចនៅតែរក្សាការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើប្រព័ន្ធផ្សព្វផ្សាយ និងអត់ធ្មត់តិចតួចចំពោះការប្រឆាំង។ ប្រទេសនេះឈរនៅលំដាប់ទី ៥ ពីបាតតារាងនៃចំណាត់ថ្នាក់ពិភពលោកអំពីសេរីភាពសារព័ត៌មាន ដែលចងក្រងដោយអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន។
ក្រសួងការបរទេសវៀតណាមបានឆ្លើយតបទៅនឹងសំណួររបស់ Reuters ថា ហ្វេសប៊ុកគួរតែគោរពតាមច្បាប់ក្នុងស្រុកនិងបញ្ឈប់ «ការផ្សព្វផ្សាយព័ត៌មានដែលរំលោភលើទំនៀមទម្លាប់ប្រពៃណីរបស់វៀតណាម និងរំលោភលើផលប្រយោជន៍រដ្ឋ»៕