ក្រសួងពាណិជ្ជកម្មរបស់វៀតណាមបានបញ្ជាក់ថា ប្រទេសអង់គ្លេសនិងវៀតណាម បានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅថ្ងៃទី២៩ ខែធ្នូ មុនគឺប៉ុន្មានថ្ងៃមុនពេលអង់គ្លេសបញ្ចប់ការការដកខ្លួនចេញពីសហភាពអឺរ៉ុប។
ក្រសួងបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងដែលសម្រាប់អង់គ្លេស គឺជំនួសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម (EVFTA) ដែលមានស្រាប់នោះ ត្រូវចូលជាធរមាននៅថ្ងៃទី៣១ ខែធ្នូ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ពាណិជ្ជកម្មរវាងវៀតណាមនិងអង់គ្លេសបានកើនឡើងជាមធ្យម ១២% ក្នុងមួយឆ្នាំក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ឈានដល់ ៦,៦ ពាន់លានដុល្លារ កាលពីឆ្នាំមុន ហើយកិច្ចព្រមព្រៀងនេះនឹងជួយជំរុញការនាំចេញសម្លៀកបំពាក់របស់វៀតណាម ផលិតផលស្បែកជើង អង្ករ គ្រឿងសមុទ្រ និងគ្រឿងសង្ហារិមឈើ។
ចាប់តាំងពីចាកចេញពីសហគមន៍អ៊ឺរ៉ុបក្នុងខែមករា ប្រទេសអង់គ្លេសបានធ្វើការចរចាតែឯងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ជាមួយបណ្តាប្រទេសនានា ដើម្បីជំនួសកិច្ចព្រមព្រៀងសហភាពអឺរ៉ុបបានចរចា។
កិច្ចព្រមព្រៀងកាលពីថ្ងៃអង្គារ នឹងធានាថា អង់គ្លេសមិនបាត់បង់សិទ្ធិក្នុងការអនុគ្រោះពន្ធនៅក្នុងប្រទេសវៀតណាម ដែលជាប្រទេសមួយយក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើននិងបើកចំហបំផុតនៅក្នុងទ្វីបអាស៊ី។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអង់គ្លេស មានបទប្បញ្ញត្តិដូចគ្នានឹងកិច្ចព្រមព្រៀង EVFTA ដែរ។
កិច្ចព្រមព្រៀង EVFTA ចូលជាធរមានក្នុងខែសីហា ហើយត្រូវកាត់បន្ថយ ឬលុបចោលពន្ធគយចំនួន ៩៩% លើទំនិញដែលបានធ្វើពាណិជ្ជកម្មរវាងវៀតណាម និងសហភាពអឺរ៉ុប។ ក្រសួងបាននិយាយថា «កិច្ចព្រមព្រៀងនេះនឹងបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រយៈពេលវែងនិងប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ»៕
ប្រែសម្រួលដោយលោកពិន ស៊ីសុវណ្ណ