រដ្ឋាភិបាលវៀតណាម បានបញ្ជាក់នៅថ្ងៃចន្ទថា ក្រុមមន្ត្រីសហរដ្ឋអាមេរិក និងវៀតណាម នឹងជួបប្រជុំគ្នានៅចុងខែធ្នូនេះ ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម បន្ទាប់ពីក្រសួងរតនាគាអាមេរិកកាលពីសប្តាហ៍មុន បានចាត់ទុកវៀតណាមថា ជាប្រទេសដែលបានបញ្ចុះតម្លៃរូបិយប័ណ្ណ ដើម្បីយកផលចំណេញដោយអយុត្តិធម៌។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលផ្ញើតាមអ៊ីមែលទៅឲ្យទីភ្នាក់ងារព័ត៌មាន Reuters នោះ ក្រសួងពាណិជ្ជកម្មវៀតណាម បានលើកឡើងថា «ប្រទេសវៀតណាម មានការសោកស្តាយ ចំពោះការសម្រេចចិត្តរបស់ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកUSTR កាលពីថ្ងៃទី២ ខែតុលា ដើម្បីប្រកាសបើកការស៊ើបអង្គេត ដោយយោងទៅលើមាត្រ៣០១ ទៅលើពាណិជ្ជកម្មឈើហ៊ុប និងរូបិយប័ណ្ណរបស់វៀតណាមនោះ។
រដ្ឋបាលរបស់លោកត្រាំកាលពីសប្តាហ៍មុន បានដាក់វៀតណាមទៅក្នុងប្រទេសដែលបញ្ចុះតម្លៃរូបិយប័ណ្ណដើម្បីកេងចំណេញ ដែលជាកាយវិការមួយដែលអ្នកជំនួញជាច្រើននិយាយថា អាចបើកផ្លូវឲ្យតំណាងការិយាល័យពាណិជ្ជកម្មអាមេរិក USTR ដាក់ការយកពន្ធការនាំចូលនូវទំនិញរបស់វៀតណាមមកក្នុងទឹកដីសហរដ្ឋអាមេរិក។
ក្រសួងពាណិជ្ជកម្មវៀតណាមលើកឡើងថា «វាជារឿងសំខាន់បំផុត» ដែលភាគីទាំងពីរ អាចរក្សាការពិភាក្សាគ្នានៅពេលនេះ»។ ក្រសួងនេះ ក៏បានបន្ថែមផងដែរថា ការសម្រេចចិត្តណាមួយរបស់តំណាងពាណិជ្ជកម្មអាមេរិក ក្នុងការកំណត់យកពន្ធការនាំចូលទំនិញវៀតណាមទៅក្នុងសហរដ្ឋអាមេរិកនោះ នឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ក្រសួងពាណិជ្ជកម្មវៀតណាមបានគូសបញ្ជាក់បន្ថែមក្នុងសេចក្តីថ្លែងការណ៍នោះថា «សម្រាប់ភាគីវៀតណាម ក្រុមហ៊ុនជាច្រើន នឹងបាត់បង់ជំនឿទុកចិត្តរបស់ពួកគេ ក្នុងការរកស៊ីជាមួយភាគីដែគូសហរដ្ឋអាមេរិក ដែលអាចធ្វើឲ្យធ្លាក់ចុះដល់ការនាំចូលទៅក្នុងប្រទេសវៀតណាមនូវសម្ភារៈនិងឧបករណ៍បច្ចេកវិទ្យារបស់អាមេរិកជាដើម។ សហរដ្ឋអាមេរិក ជាទីផ្សារនាំចេញដ៏ធំបំផុតមួយរបស់វៀតណាម ដែលស្មើ១ភាគ៤ នៃចំនួនទឹកប្រាក់នាំចេញសរុបរបស់ខ្លូន ក្នុងរយៈពេល១១ខែ ក្នុងឆ្នាំ២០២០នេះ។ ទំនិញសំខាន់ៗរបស់វៀតណាម នាំចេញទៅសរដ្ឋអាមេរិក រួមមានសំលៀកបំពាក់ គ្រឿងអេឡិចត្រូនិក និងផលិតផលធ្វើពីឈើ៕