ចក្រភពអង់គ្លេសនិងវៀតណាម បានបញ្ចប់ការពិភាក្សាដើម្បីចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយ នៅថ្ងៃសុក្រនេះ ប៉ុន្មានសប្តាហ៍មុនចក្រភពអង់គ្លេសបញ្ចប់ការដកខ្លួនចេញពីសហភាពអឺរ៉ុប នៅថ្ងៃទី៣១ ខែធ្នូ។ នេះបើតាមដំណឹងពីស្ថានទូតចក្រភពអង់គ្លេសនៅក្នុងទីក្រុងហាណូយនៅថ្ងៃសុក្រនេះ។
កិច្ចព្រមព្រៀងដែលចក្រភពអង់គ្លេស នឹងជំនួសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុបនិងវៀតណាម នឹងធ្វើឲ្យប្រាកដថា អង់គ្លេស នឹងមិនបាត់បង់ការអនុគ្រោះពន្ធនៅក្នុងប្រទេសវៀតណាម ដែលមានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សនិងបើកចំហរបំផុតនៅក្នុងតំបន់អាស៊ី។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ស្ថានទូតអង់គ្លេសបានបញ្ជាក់ថា នៅថ្ងៃនេះ អ្នកស្រី Liz Truss រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិរបស់ចក្រភពអង់គ្លេស និងលោក Tran Tuan Anh រដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ គេនៅមិនទាន់ដឹងថា តើនៅពេលណាទើបមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទេ៕