អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance បាននិយាយថា អាមេរិកអាចប្រើឥទ្ធិពលលុបលើផ្នែកយោធានិងសេដ្ឋកិច្ចក្នុងការចរចាជាមួយរុស្ស៊ីដើម្បីធានាឲ្យបាននូវកិច្ចព្រមព្រៀងសន្តិភាពដ៏ល្អមួយសម្រាប់សង្គ្រាមនៅអ៊ុយក្រែន តែអ្នកនាំពាក្យរបស់លោកក្រោយមកបានបដិសេធថាលោក Vance មិនបានគំរាមរុស្ស៊ីទេ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Vance ក៏បានជំរុញអឺរ៉ុបផងដែរឲ្យចំណាយច្រើនជាងមុនលើវិស័យការពារនៅក្នុងការថ្លែងរបស់លោកមុនលោកទៅដល់ទីក្រុង Munich ប្រទេសអាល្លឺម៉ង់ដើម្បីចូលរួមក្នុងសន្និសីទស្តីពីសន្តិសុខនៅទីនោះ។ សន្និសីទនេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំដ៏ធំរវាងអ្នកដឹកនាំនយោបាយ មន្ត្រីយោធា និងអ្នកការទូត។
នៅពេលថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទនោះ លោក Vance បានរិះគន់សហភាពអឺរ៉ុបខ្លាំងៗចំពោះបទប្បញ្ញត្តិរបស់ប្លុកនោះអំពីការនិយាយបែបសម្អប់និងព័ត៌មានមិនពិត ដែលលោកនិយាយថាស្មើនឹងការចាប់ពិរុទ្ធខ្លឹមសារ។ លោកនិយាយដល់ប្រទេសអ៊ុយក្រែនតែមួយភ្លែត ដោយនិយាយថាលោកសង្ឃឹមថានឹងអាចមាន «ដំណោះស្រាយសមហេតុផលមួយ»។
ប៉ុន្តែ បញ្ហាអ៊ុយក្រែននិងលទ្ធភាពនៃការចរចាសន្តិភាពបានគ្របដណ្តប់លើមនុស្សជាច្រើននៅកិច្ចប្រជុំសាកលលោកកម្រិតខ្ពស់នោះ ក្រោយពីប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើឲ្យប្រទេសសម្ព័ន្ធមិត្តអាមេរិកភ្ញាក់ផ្អើល ដោយលោកបាននិយាយតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ហើយប្រកាសអំពីការចាប់ផ្តើមការចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
លោក Vance បាននិយាយក្នុងបទសម្ភាសន៍មួយជាមួយកាសែត Wall Street Journal នៅមុនសន្និសីទនោះថាលោក Trump អាចប្រើមធ្យោបាយជាច្រើនដូចជាសេដ្ឋកិច្ចនិងយោធាដើម្បីលុបលើការចរចាជាមួយលោក Putin។
លោក William Martin អ្នកនាំពាក្យរបស់លោក Vance បានបញ្ជាក់នៅពេលក្រោយមកតាមបណ្តាញសង្គមអនឡាញ X ថា លោក Vance «មិនបានធ្វើការគំរាមណាមួយទេ។ លោកគ្រាន់តែបញ្ជាក់ការពិតថាគ្មាននរណាអាចដកជម្រើសចេញពីលោកប្រធានាធិបតី Trump បានទេ ពេលការចរចាចាប់ផ្តើម»៕
លោក Vance ថា អាមេរិប្រើឥទ្ធិពលផ្នែកយោធានិងសេដ្ឋកិច្ចក្នុងការចរចាអំពីអ៊ុយក្រែន
- Reuters

វេទិកាបញ្ចេញមតិ