គណបក្សសាធារណរដ្ឋនឹងគ្រប់គ្រងរដ្ឋាភិបាលសហរដ្ឋអាមេរិកទាំងស្រុងនៅត្រឹមសប្តាហ៍ទី ៣ នៃខែមករា ឆ្នាំ ២០២៥ ដោយប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump កាន់តំណែងនៅសេតវិមាន ហើយគណបក្សរបស់លោកមានសំឡេងភាគច្រើនទាំងនៅព្រឹទ្ធសភានិងរដ្ឋសភា។ នេះបើយោងតាមលទ្ធផលនៃការរាប់សន្លឹកឆ្នោតចុងក្រោយកាលពីថ្ងៃពុធ។
លោក Trump នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ៤៧ របស់សហរដ្ឋអាមេរិកនៅថ្ងៃទី ២០ ខែមករា គឺ ២ សប្តាហ៍ក្រោយមកបន្ទាប់ពីសភាថ្មីចូលកាន់អាសនៈរបស់ខ្លួន។
គណបក្សសាធារណរដ្ឋនឹងមានសំឡេង ៥៣ ទល់នឹង ៤៧ ក្នុងព្រឹទ្ធសភា។ បើការបោះឆ្នោតលើសេចក្តីស្នើច្បាប់ណាមួយមានសំឡេងស្មើគ្នា នោះអនុប្រធានាធិបតីជាប់ឆ្នោតលោក JD Vance នឹងជាអ្នកសម្រេចចុងក្រោយ។
ទោះជាលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភាចំនួន ៧ សម្រាប់អាណត្តិ ២ ឆ្នាំនៅមិនទាន់ចេញជាផ្លូវការក៏ដោយ ក៏គណបក្សសាធារណរដ្ឋទទួលបានអាសនៈយ៉ាងតិច ២១៨ រួចហើយ ដែលជាសំឡេងភាគច្រើនក្នុងរដ្ឋសភាដែលមានសមាជិកសរុបចំនួន ៤៣៥ រូប ក្រោយពីគណបក្សនេះឈ្នះអាសនៈមួយនៅរដ្ឋ Arizona កាលពីថ្ងៃពុធ។
ក្នុងអំឡុងពេលប្រកួតប្រជែងដណ្តើមជ័យជម្នះលើកទីពីរនេះ លោក Trump បានអំពាវនាវឲ្យមានការបញ្តេញចេញនូវជនចំណាកស្រុកដែលគ្មានឯកសារត្រឹមត្រូវរាប់លាននាក់ដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិកឱ្យត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ។ លោក Trump ក៏បានអំពាវនាវផងដែរឲ្យពង្រីកនិងបន្តទៅមុខនូវច្បាប់ឆ្នាំ ២០១៧ ស្ដីពីការកាត់ពន្ធនិងការងារដែលគ្រោងនឹងផុតកំណត់នៅចុងឆ្នាំ ២០២៥ ដកចេញបន្ថែមនូវបទប្បញ្ញត្តិលើអាជីវកម្ម ដាក់កំហិតលើការគ្រប់គ្រងអាកាសធាតុ និងកាត់ទោសអ្នកប្រឆាំងនយោបាយរបស់លោកនិងមនុស្សដែលលោកហៅថា «សត្រូវផ្ទៃក្នុង»៕