អ្នកសង្កេតការណ៍មួយចំនួនបានលើកឡើងថា អង្គការសហប្រតិបត្តិការសៀងហៃ (SCO) អាចក្លាយជាប្លុកប្រឆាំងនឹងប្រទេសលោកខាងលិច ដោយរងឥទ្ធិពលខ្លាំងពីចិននិងរុស្ស៊ីអស់រយៈពេលប្រមាណ ២០ ឆ្នាំនៃការបង្កើតអង្គការនេះ។
ទោះជាយ៉ាងនេះក្តី សមាជិកនៃអង្គការនេះនៅតំបន់អាស៊ីកណ្តាលមានទំនាក់ទំនងសហប្រតិបត្តិការស្មុគស្មាញជាមួយនឹងសហរដ្ឋអាមេរិក និងអឺរ៉ុប។
ប្រទេសអ៊ូសបេគីស្ថានធ្វើជាប្រធានប្តូរវេននៃអង្គការសហប្រតិបត្តិការសៀងហៃនៅឆ្នាំ២០២២នេះ ហើយប្រទេសនៅតំបន់អាស៊ីកណ្តាលមួយនេះ បានប្រើប្រាស់ពេលវេលាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំការទូតប្រចាំឆ្នាំចាប់ពីថ្ងៃទី១៥ ដល់១៦ក្នុងខែកញ្ញាក្នុងទីក្រុងបុរាណ Samarkand ដើម្បីសង្កត់ធ្ងន់ថា ប្លុកនេះមិនមែន និងមិនគួរជាប្លុកប្រឆាំងសហរដ្ឋអាមេរិក ឬអង្គការអូតង់នោះទេ។
លោក Shavkat Mirziyoyev ប្រធានាធិបតីអ៊ូសបេគីស្ថានបានថ្លែងក្នុងសុន្ទរកថារបស់លោកក្នុងកិច្ចប្រជុំកំពូលដែលមានអ្នកសារព័ត៌មានអន្តរជាតិជាង ៨០០ នាក់ចូលរួមថា៖ «ក្នុងឋានៈជាប្រធាននៅឆ្នាំនេះ យើងចង់ពង្រឹងកិច្ចសហប្រតិបត្តិការដែលអាចអនុវត្តបាននៅក្នុងអង្គការរបស់យើង បង្កើនសក្ដានុពល និងកិត្តិនាមនៅលើឆាកអន្តរជាតិរបស់អង្គការនេះ។ បញ្ហាអាទិភាពរួមមានបញ្ហាសន្តិសុខ និងការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងមនុស្សធម៌។
លោក Mirziyoyev ស្វាគមន៍មេដឹកនាំទាំង ១៣ រូបមកពីប្រទេសចិន ឥណ្ឌា កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ប៉ាគីស្ថាន រុស្ស៊ី និងតាហ្ស៊ីគីស្ថាន។ ប្រធានាធិបតីបេឡារុស អ៊ីរ៉ង់ ម៉ុងហ្គោលីក៏បានចូលរួមក្នុងនាមជាអ្នកសង្កេត ខណៈដែលប្រតិភូមកពីអាស៊ែបៃហ្សង់ និងតួកគីចូលរួមក្នុងនាមជាភ្ញៀវ។ រដ្ឋាភិបាលក្រុងមីនស្កិ៍ (បេឡារុស) និងរដ្ឋាភិបាលក្រុងតេហេរ៉ង់ (អ៊ីរ៉ង់) មានបំណងចូលរួមក្នុងប្លុកនេះក្នុងពេលឆាប់ៗ។ អ៊ីរ៉ង់ដែលបានព្យាយាម ប៉ុន្តែបរាជ័យក្នុងការចូលរួមអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះបានចុះអនុស្សារណៈសមាជិកភាពជាមួយនឹងមេដឹកនាំអង្គការ SCO ខណៈដែលបេឡារុសក៏បានបង្ហាញពីបំណងក្នុងការចូលរួមផងដែរ។
លោក Alexander Lukashenko ប្រធានាធិបតីបេឡារុសបានកត់សម្គាល់ថា៖ «អង្គការ SCO កំពុងវិវឌ្ឍខ្លួនពីប្លុកតំបន់ទៅជាប្លុកសាកលលោក» និងបានលើកឡើងថា ផលប្រយោជន៍របស់ប្រទេសលោកមានភាពស៊ីសង្វាក់ខ្លាំងនឹងផលប្រយោជន៍របស់សមាជិកអង្គការ SCO។
លោក Lukashenko បានថ្លែងក្នុងសម្តីដើមថា៖ «យើងសូមបង្ហាញការដឹងគុណចំពោះការគាំទ្រដោយឯកច្ឆន្ទចំពោះការស្នើសុំចូលរួមក្នុងអង្គការនេះក្នុងនាមជាសមាជិកពេញសិទ្ធិ»។ លោកបានបន្ថែមទៀតថា៖ «យើងអាចផ្តល់នូវសក្តានុពលផ្នែកវិទ្យាសាស្ត្រ ឧស្សាហកម្ម និងដឹកជញ្ជូនឆ្លងកាត់របស់យើង និងបទពិសោធន៍ក្នុងការរក្សាសន្តិភាព និងការទូតពហុភាគីរបស់យើង»។
ក្រុមមន្ត្រីអង្គការ SCO ថា ប្រទេសអ៊ីរ៉ង់កាន់តែជិតបានចូលរួមហើយដោយបានចង្អុលបង្ហាញពីការចុះអនុស្សារណៈនោះ។ លោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់បានរិះគន់ «ឯកតោភាគីនិយមរបស់សហរដ្ឋអាមេរិក» និងបានអំពាវនាវឱ្យមានការពង្រីកពាណិជ្ជកម្មសេរីនៅក្នុងប្លុកអង្គការ SCO ដើម្បីបង្កើនកិច្ចព្រមព្រៀងហិរញ្ញវត្ថុ និងធនាគារ។ នេះបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលក្រុងតេហេរ៉ង់ចាត់ទុកសមាជិកភាពនេះជាវិធីមួយក្នុងការព្យាយាមគេចពីទណ្ឌកម្មសហរដ្ឋអាមេរិក។
កិច្ចប្រជុំរវាងលោកXi និងលោក Putin
កិច្ចប្រជុំដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសារព័ត៌មានក្នុងកិច្ចប្រជុំកំពូលនេះគឺកិច្ចប្រជុំដាច់ដោយឡែករវាងប្រធានាធិបតីចិនលោក Xi Jinping និងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលលោកទាំងពីរបានសន្យាគោរព «ផលប្រយោជន៍ស្នូល» របស់គ្នាទៅវិញទៅមក ដែលជាពាក្យនិម្មិតរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលសំដៅដល់ការគាំទ្ររបស់រុស្ស៊ីលើបញ្ហាពាក់ព័ន្ធនឹងតៃវ៉ាន់។ ការធ្វើអត្ថាធិប្បាយរបស់ភាគីចិនអំពីកិច្ចប្រជុំនេះមានភាពមិនច្បាស់លាស់ពាក់ព័ន្ធនឹងខ្លឹមសារនៃការសន្យារបស់លោក Xi។
មេដឹកនាំទាំងពីរបានជួបគ្នាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ប៉ុន្តែមិនបានជួបគ្នាជាថ្មីនោះទេចាប់តាំងពីការប្រកួតអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងកាលពីខែកុម្ភៈ គឺមុនការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនបន្តិចមក។ ការធ្វើដំណើរទស្សនកិច្ចទៅតំបន់អាស៊ីកណ្តាលជាការធ្វើទស្សនកិច្ចនៅក្រៅប្រទេសលើកដំបូងរបស់លោក Xi ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ១៩នៅដើមឆ្នាំ២០២០មក។
នៅក្នុងទីក្រុង Samarkand លោក Putin បានថ្លែងអំណរគុណដល់លោក Xi សម្រាប់អ្វីដែលលោកហៅថា «វិធីសាស្ត្រមានតុល្យភាព» ពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន ខណៈដែលរិះគន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចំពោះអ្វីដែលលោក Putin ហៅថា «គោលនយោបាយអាក្រក់» របស់អាមេរិក ដូចជាការគាំទ្រដល់រដ្ឋាភិបាលក្រុងកៀវជាដើម។ ទោះជាយ៉ាងនេះក្តី លោក Xi បានថ្លែងដោយប្រុងប្រយ័ត្នថា «ក្នុងការប្រឈមនឹងការផ្លាស់ប្តូរក្នុងពិភពលោក ពេលវេលា និងប្រវត្តិសាស្ត្រ ចិនប្តេជ្ញាធ្វើការជាមួយរុស្ស៊ីដើម្បីឆ្លុះបញ្ចាំងពីការទទួលខុសត្រូវក្នុងនាមប្រទេសធំមួយ ដើរតួជាអ្នកដឹកនាំ និងផ្តល់ស្ថិរភាពដល់ពិភពលោកដែលមានបញ្ហា និងដែលពឹងផ្អែកគ្នាទៅវិញទៅមក»។
លោក Putin បានលើកឡើងថា រដ្ឋាភិបាលក្រុងមូស្គូ និងរដ្ឋាភិបាលក្រុងប៉េកាំង «រួមគ្នាបង្កើតពិភពលោកពហុប៉ូល ប្រជាធិបតេយ្យ និងមានភាពស្មើគ្នា ដោយផ្អែកលើច្បាប់អន្តរជាតិ និងតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ មិនមែនផ្អែកលើវិធានដែលបង្កើតឡើងដោយក្រុមមួយចំនួនដែលព្យាយាមអនុវត្តលើអ្នកផ្សេងដោយមិនបានពន្យល់ថាវាជាអ្វីនោះ»។
ប៉ុន្តែអ្នកវិភាគក្នុងស្រុកបានប្រាប់ VOA ថា គោលដៅជាមូលដ្ឋានរបស់អង្គការ SCO មិនទាន់ត្រូវបានបំផ្លាញដោយហេតុការណ៍ក្នុងពេលថ្មីៗនោះទេ ឬដោយសមាជិកធំបំផុតទាំងពីររបស់ប្លុកនេះនោះទេ។
លោកUlugbek Khasanov សាស្ត្រាចារ្យនៅសាកលវិទ្យាល័យសេដ្ឋកិច្ចពិភពលោក និងការទូតនៅអ៊ូសបេគីស្ថានបានទទួលស្គាល់ថា អង្គការ SCO ជាបណ្តុំប្រជាជាតិដ៏ស្មុគស្មាញដែលខ្វែងគំនិតគ្នាលើបញ្ហាសំខាន់ៗជាច្រើន។ លោកថ្លែងថា៖ «ប៉ុន្តែពួកគេប្រមូលផ្តុំគ្នានៅទីក្រុងបុរាណ Samarkand ជាមួយនឹងរបៀបវារៈក្នុងការពង្រឹងសន្តិសុខ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រតិដ្ឋថ្មីៗ»។
លោកKhasanov បានហៅបេសកកម្មអង្គការ SCO ថាជាបេសកកម្មចម្រុះ និងមានការវិវឌ្ឍដោយផ្តោតលើការប្រែប្រួលអាកាសធាតុ សន្តិសុខថាមពល និងស្បៀងអាហារ និងសន្តិសុខតំបន់ និងចាត់ទុកវាជាសញ្ញាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការ។
ត្រូវធ្វើសកម្មភាព
អ្នកវិភាគនៅកាហ្សាក់ស្ថាន និងកៀហ្ស៊ីស៊ីស្ថានបានប្រាប់ VOA ថា ពួកគេមានការយល់ឃើញស្រដៀងគ្នា ប៉ុន្តែពួកគេថា សមាជិកនៃប្លុកនេះត្រូវធ្វើសកម្មភាពជាក់លាក់ជាងនេះដើម្បីធ្វើឱ្យប្រសើរឡើងនូវសក្តានុពលនៃប្លុកនេះ។
អ្នកវិភាគក្នុងប្រទេសនៅតំបន់អាស៊ីកណ្តាលទាំងនេះគាំទ្រដល់បំណងរបស់រដ្ឋាភិបាលពួកគេក្នុងការបញ្ចៀសមិនឱ្យអង្គការ SCO ក្លាយជាវេទិកាដែលតំណាងឱ្យចិន និងរុស្ស៊ី។ លោក Khasanov ដែលធ្លាប់ជាមន្ត្រីទំនាក់ទំនងជាន់ខ្ពស់ម្នាក់នៅក្នុងរដ្ឋធានីតាស្កិន ប្រទេសអ៊ូសបេគីស្ថានថា អង្គការ SCO ត្រូវតែជា «វេទិកាដែលមានសមភាព និងភាពស្មើគ្នា» សម្រាប់សមាជិកទាំងអស់។
លោក Khasanov បានថ្លែងក្នុងសម្តីដើមថា៖ «តំបន់អាស៊ីកណ្តាលជាបេះដូងនៃអង្គការនេះ ហើយប្រសិនបើអ្នកចង់ធ្វើការជាមួយនឹងតំបន់នេះ អ្នកត្រូវស្តាប់ទស្សនៈ និងសំណើរបស់ប្រទេសអ៊ូសបេគីស្ថាន ជាពិសេសជំហររបស់ប្រទេសនេះលើបញ្ហាអាហ្វហ្គានីស្ថាន»។
និយាយមួយបែបទៀត ដើម្បីធ្វើសកម្មភាពជាមូលដ្ឋាននៅតំបន់អាស៊ីកណ្តាល លោកថា ចិន រុស្ស៊ី និងប្រទេសផ្សេងទៀតត្រូវយល់ពីអាទិភាព និងរបៀបវារៈរបស់អាស៊ីកណ្តាល។
លោក Muzaffar Djalalov សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Inha ក្នុងទីក្រុងតាស្កិននិយាយថា ទី១ អង្គការ SCO ត្រូវតែជាវេទិកាអភិវឌ្ឍន៍មួយ។
លោក Muzaffar បានថ្លែងក្នុងសម្តីដើមថា៖ «សមាជិកទាំងអស់មានផលប្រយោជន៍ និងគោលនយោបាយរៀងៗខ្លួន។ ប៉ុន្តែអ្វីដែលច្បាស់គឺថា អង្គការ SCO មិនមែនជាប្លុកយោធានោះទេ និងមិនគួរត្រូវបានគេចាត់ទុកថាជា «ជញ្ជីង» ធ្វើឱ្យមានតុល្យភាពរវាងប្រទេសលោកខាងលិច និងរុស្ស៊ី ឬចិននោះទេ»។
ការបង្កើតអាទិភាព
លោក Djalalov យល់ឃើញថា សមាជិក SCO ចង់ធ្វើជាដៃគូក្នុងវិស័យដែលនៅក្បែររបៀបវារៈដែលប្រទេសនៅអាស៊ីកណ្តាលទំនងចាត់ទុកជាអាទិភាព ដែលមានដូចជា ការអប់រំ វិទ្យាសាស្ត្រ និងការថែទាំសុខភាព។ លោកសាទរចំពោះសំណើរបស់លោកប្រធានាធិបតី Mirziyoyev ចំពោះតួនាទីរបស់អង្គការ SCO ក្នុងការលើកកម្ពស់អក្ខរកម្មឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន។
លោក Djalalov បានថ្លែងនៅក្នុងទីក្រុងតាស្កិនក្នុងសម្តីដើមថា៖ «ប្រទេស SCO មួយចំនួនមានបទពិសោធន៍ និងជំនាញល្អប្រសើរជាង។ កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យទាំងនោះជាគន្លឹះសម្រាប់ការអភិវឌ្ឍជារួមរបស់យើង»។
អ្នកសង្កេតការណ៍អន្តរជាតិយល់ឃើញថា សំណើរបស់រដ្ឋាភិបាលក្រុងតាស្កិនក្នុងការចាប់ផ្តើមមូលនិធិជំនួយសម្រាប់អាហ្វហ្គានីស្ថានជាជំហានមនុស្សធម៌ដ៏សំខាន់មួយ។
អ្នកស្រី Roli Asthana អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅអ៊ូសបេគីស្ថានបានប្រាប់ VOA ថា អង្គការសហប្រជាជាតិយកចិត្តទុកដាក់ខ្លាំងលើគ្រប់គំនិតផ្តួចផ្តើមដែលនាំឱ្យប្រទេសទាំងនោះរួបរួមគ្នា។
អ្នកស្រីថ្លែងថា៖ «ដូចលោកប្រធានាធិបតី Mirziyoyev បានលើកឡើងម្តងហើយម្តងទៀតនៅក្នុងសុន្ទរកថារបស់លោក គឺកិច្ចសហប្រតិបត្តិការអន្តរជាតិមានសារៈសំខាន់ខ្លាំងណាស់ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងសាកលលោកសព្វថ្ងៃនេះ។
នៅពេលចោទសួរអំពីជំហរអង្គការសហប្រជាជាតិចំពោះកិច្ចប្រជុំ SCO អ្នកស្រី Asthana បានថ្លែងក្នុងសម្តីដើមថា៖ «មិនថាវាជាបញ្ហាការប្រែប្រួលអាកាសធាតុ ទំនាក់ទំនង ការងើបឡើងវិញពីការរាតត្បាតជំងឺ ការត្រៀមខ្លួនសម្រាប់ការរាតត្បាតជំងឺនាពេលអនាគត ឬទំនាក់ទំនងពលរដ្ឋ និងពលរដ្ឋ បញ្ហាប្រឈមជាសាកលត្រូវការកិច្ចសហប្រតិបត្តិការអន្តរជាតិ។ វាជារឿងគួរឱ្យលើកទឹកចិត្តមួយនៅពេលឮមេដឹកនាំនៅថ្ងៃនេះ ប្តេជ្ញាចំពោះកិច្ចសហប្រតិបត្តិការលើបញ្ហាសំខាន់ៗដូចជា ពាណិជ្ជកម្ម ការភ្ជាប់ទំនាក់ទំនង សន្តិសុខស្បៀងអាហារ និងការអភិវឌ្ឍប្រកបដោយចិរភាព»។
ប្រទេសឥណ្ឌា ដែលត្រូវបានគេកត់សម្គាល់ថាជាប្រទេសមានប្រព័ន្ធប្រជាធិបតេយ្យរឹងមាំតែមួយគត់ក្នុងចំណោមសមាជិកនៃប្លុកនេះ បានចូលរួមអង្គការ SCO ក្នុងឆ្នាំ២០១៧ ស្របពេលជាមួយគ្នានឹងប្រទេសប៉ាគីស្ថានដែលជាគូប្រជែងរបស់ខ្លួន។ ឥណ្ឌានឹងក្លាយជាប្រធានប្តូរវេនបន្ទាប់នៅឆ្នាំក្រោយ។ ប្រទេសប្រជែងគ្នាទាំងពីរលេចមុខលេចមាត់នៅក្នុងកិច្ចប្រជុំក្នុងទីក្រុង Samarkand ដោយសារខ្លួនមិនបានធ្វើកិច្ចប្រជុំទ្វេភាគីរវាងប្រទេសទាំងពីរ ដូចប្រទេសដទៃនោះទេ៕