អ្នកវិភាគមួយចំនួនបាននិយាយថា ការប្រកាសកាលពីពេលថ្មីៗនេះរបស់ប្រទេសចិនដែលថាខ្លួននឹងលើកលែងបំណុលចំពោះកម្ចីចំនួន ២៣ សម្រាប់ប្រទេសចំនួន ១៧ នៅទ្វីបអាហ្វ្រិក ប្រហែលជាត្រូវបានជំរុញឡើងដោយការចោទប្រកាន់ដែលថាប្រទេសចិនអនុវត្ត «ការទូតបែបអន្ទាក់បំណុល»។
អ្នករិះគន់នានាបានចោទប្រកាន់ជាយូរមកហើយថា រដ្ឋាភិបាលចិនបានអនុវត្តការទូតបែបអន្ទាក់បំណុល ដោយពួកគេបានលើកឡើងថា ចិនបានផ្ដល់កម្ចីដោយចេតនាទៅឱ្យប្រទេសណាដែលខ្លួនដឹងថាមិនអាចសងបំណុលទាំងនោះវិញបាន ដើម្បីបង្កើនឥទ្ធិពលនយោបាយរបស់ខ្លួន។
ប្រទេសចិនបានច្រានចោលយ៉ាងដាច់អហង្ការលើការចោទប្រកាន់នេះ ដោយបានចោទថាការចោទប្រកាន់នេះគឺជាវិធីសម្រាប់សហរដ្ឋអាមេរិកនៅក្នុងការបង្ខូចកេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាលចិន។ នេះបើតាមការបញ្ជាក់របស់លោក Harry Verhoeven អ្នកស្រាវជ្រាវជាន់ខ្ពស់នៃសាកលវិទ្យាល័យ Columbia ក្នុងទីក្រុង New York សហរដ្ឋអាមេរិក។
លោក Verhoeven បានប្រាប់ VOA ថា៖ «វាជារឿងធម្មតាទេសម្រាប់ប្រទេសចិននៅក្នុងការធ្វើរឿងដូចនេះ។ ...ជាការពិត ឥឡូវនេះវាពាក់ព័ន្ធទៅនឹងការលើកឡើងជាទូទៅអំពីការទូតបែបអន្ទាក់បំណុលនៅក្នុងន័យដែលបង្ហាញយ៉ាងច្បាស់ថាប្រទេសចិនចាំបាច់ត្រូវតែតបតទៅវិញ»។
ការប្រកាសរបស់ប្រទេសចិននេះមិនបានបញ្ជាក់ឱ្យបានជាក់លាក់អំពីប្រទេសឬក៏បរិមាណកម្ចីដែលខ្លួនបានលើកលែងនោះទេ ប៉ុន្តែអ្នកវិភាគនានាបាននិយាយថា តាំងពីឆ្នាំ ២០០០ មក ជារឿយៗ ប្រទេសចិនបានលើកលែងកម្ចីណាដែលជិតឈានដល់កាលកំណត់តម្រូវឱ្យសងអស់ប៉ុន្តែនៅសល់បំណុលតិចតួច។
អ្នកស្រី Deborah Brautigam ប្រធានគម្រោងផ្ដួចផ្ដើមស្រាវជ្រាវចិនអាហ្វ្រិកនៃមហាវិទ្យាល័យសិក្សាកិច្ចការអន្តរជាតិជាន់ខ្ពស់នៅសាកលវិទ្យាល័យ Johns Hopkins បានប្រាប់ VOA ថា៖ «នេះមិនមែនជាការលុបចោលកម្ចីនោះទេ ប៉ុន្តែជាការលុបចោលនូវផ្នែកដែលនៅសល់នៃកម្ចីគ្មានការប្រាក់ដែលឈានដល់កាលកំណត់ដែលតម្រូវឱ្យសងអស់។ ឧទាហរណ៍ ប្រសិនបើកម្ចីមួយតម្រូវឱ្យសងឱ្យអស់ក្នុងរយៈពេល ២០ ឆ្នាំ ប៉ុន្តែកម្ចីនោះនៅមានបំណុលនៅសល់ ចិនលុបចោលផ្នែកដែលនៅសល់នោះ»។
ហេតុផលដែលចិនលើកលែងបំណុល និងការចោទប្រកាន់រឿង «អន្ទាក់បំណុល»
ការស្រាវជ្រាវរបស់អ្នកស្រី Brautigam បានបង្ហាញថា រវាងឆ្នាំ ២០០០ និងឆ្នាំ ២០១៩ ប្រទេសចិនបានលុបចោលបំណុលដូចនេះយ៉ាងតិចចំនួន ៣.៤០០ លានដុល្លារអាមេរិកនៅក្នុងទ្វីបអាហ្វ្រិក។
អ្នកវិភាគនានាបានពន្យល់ថា បើទោះបីជាការលុបចោលនេះគឺសម្រាប់តែកម្ចីដែលគ្មានការប្រាក់របស់រដ្ឋាភិបាលចិនក៏ដោយ ក៏វាមិនពាក់ព័ន្ធជាមួយនឹងកម្ចីពាណិជ្ជកម្មដែលមានការប្រាក់របស់រដ្ឋាភិបាលចិននោះដែរ ដែលកម្ចីប្រភេទនេះអាចត្រូវបានកែប្រែលក្ខខណ្ឌសងបំណុលឡើងវិញ ប៉ុន្តែមិនដែលត្រូវបានរដ្ឋាភិបាលចិនពិចារណាដើម្បីលុបចោលនោះទេ។
លោក Verhoeven បាននិយាយថា ចំនួនទឹកប្រាក់នៅក្នុងកម្ចីទាំង ២៣ ដែលចិនបានលើកលែងនេះគឺទំនងជាមានចំនួនមិនច្រើននោះទេ ប៉ុន្តែនយោបាយនៃកាយវិការបែបនេះគឺគួរឱ្យចាប់អារម្មណ៍ ដោយសារតែ «អស់រយៈពេលជាច្រើនឆ្នាំមកហើយ ចិនហាក់ដូចជាធ្វើព្រងើយកន្តើយចំពោះការរិះគន់ផ្សេងៗទាក់ទិននឹងការប្រឡូករបស់ខ្លួននៅក្នុងបណ្ដាប្រទេសនានានៅទ្វីបអាហ្វ្រិក»។
ប៉ុន្តែលោកបានបញ្ជាក់ថា ដោយសារតែការចោទប្រកាន់រឿងអន្ទាក់បំណុលនេះ «ចិនបានភ្ញាក់ខ្លួនយឺតពេល ដោយសារតែការពិត នេះគឺជារឿងមិនល្អផ្នែកទំនាក់ទំនងសាធារណៈ»។
ប្រទេសចិនក៏បានដើរតួផងដែរនៅក្នុងការកំណត់ឡើងវិញនូវលក្ខខណ្ឌបំណុលបរទេសរបស់ប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិកដូចជាប្រទេសសំប៊ីជាដើម ដែលប្រទេសនេះបានក្លាយជាប្រទេសទីមួយនៅទ្វីបអាហ្វ្រិកដែលមិនអាចសងបំណុលរបស់ខ្លួនបាននៅក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩។
ប្រទេសចិនរួមជាមួយនឹងប្រទេសបារាំងគឺជាប្រធានគណៈកម្មាធិការមួយដែលពាក់ព័ន្ធជាមួយនឹងកិច្ចប្រឹងប្រែងសម្រាលប្រាក់បំណុល។ វិធានការដែលត្រូវបានស្វាគមន៍ដោយអង្គការរូបិយវត្ថុអន្តរជាតិ (IMF) នេះ កំពុងបន្តទៅមុខ។
ប្រទេសចិនគឺជាប្រទេសដែលផ្ដល់កម្ចីច្រើនជាងគេបំផុតដល់ប្រទេសសំប៊ី។ ប្រទេសសំប៊ីជំពាក់បំណុលចិនប្រហែល ៦ ពាន់លានដុល្លារ។ កាលពីខែកក្កដា ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសសំប៊ីបានប្រកាសថា ខ្លួនបានលុបចោលកម្ចីដែលខ្លួនមិនទាន់ទទួលបានចំនួន ២ ពាន់លានដុល្លារពីអ្នកផ្ដល់ឥណទានបរទេស ដែលក្នុងនោះកម្ចីចំនួន ១.៦០០ លានដុល្លារគឺជាកម្ចីពីធនាគាររបស់ចិន។ វិធានការនេះបានបញ្ឈប់ការបង្កើតគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលភាគច្រើនទទួលបានថវិកាមកពីធនាគារចិន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់កាសែត South China Morning Post។
លោក Shahar Hameiri ដែលជាសេដ្ឋវិទូនយោបាយនៃសាកលវិទ្យាល័យ Queensland នៅក្នុងប្រទេសអូស្ត្រាលី បានយល់ស្របថា វិធានការថ្មីចុងក្រោយបង្អស់របស់រដ្ឋាភិបាលចិននៅក្នុងការលើកលែងបំណុលចំពោះកម្ចីដែលគ្មានការប្រាក់សម្រាប់ប្រទេសនានានៅទ្វីបអាហ្វ្រិកគឺប្រហែលគ្រាន់តែជា «កាយវិការបែបសុឆន្ទៈ» តែប៉ុណ្ណោះ។
លោកបានសរសេរនៅក្នុងអ៊ីមែលមួយមកកាន់ VOA ថា៖ «ប្រសិនបើមានការលេចឡើងនូវបញ្ហាសងបំណុល កម្ចីធំជាងនេះនឹងទំនងជាត្រូវបានកំណត់លក្ខខណ្ឌឡើងវិញ ដូចដែលយើងបានឃើញនៅក្នុងប្រទេសសំប៊ីដូច្នេះដែរ»។
ការអះអាងរបស់សហរដ្ឋអាមេរិកអំពី «អន្ទាក់បំណុល»
មន្ត្រីជាន់ខ្ពស់នានារបស់សហរដ្ឋអាមេរិកជារឿយៗបានដាស់តឿនបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសនៅទ្វីបអាហ្វ្រិក អំពីគ្រោះថ្នាក់នៃកម្ចីរបស់ចិន ហើយឯកសារមួយកាលពីឆ្នាំ ២០២០ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលមានចំណងជើងថា «កត្តានៃការប្រឈមពាក់ព័ន្ធនឹងចិន» មានបំណងចង់សំដៅលើ «កម្មវិធីអភិវឌ្ឍន៍បែបជញ្ជក់ឈាមនិងការទូតបែបអន្ទាក់បំណុល» របស់ចិន។
នៅក្នុងទស្សនកិច្ចទៅកាន់ទ្វីបអាហ្វ្រិកកាលពីខែសីហា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Linda Thomas-Greenfield បានលើកឡើងអំពីគោលគំនិតដែលថា «ប្រទេសអ្នកមាននិងមានអំណាចបានទាញយកធនធានធម្មជាតិរបស់ទ្វីបអាហ្វ្រិកដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ការធ្វើដូច្នេះនៅបន្តធ្វើឡើងនៅពេលសព្វថ្ងៃនេះតាមរយៈកិច្ចព្រមព្រៀងមិនល្អនិងអន្ទាក់បំណុល»។ អ្នកស្រីមិនបានលើកឡើងអំពីប្រទេសចិនឱ្យចំនោះទេ។
ទស្សនៈរបស់ទ្វីបអាហ្វ្រិក
អ្នកនយោបាយនៅទ្វីបអាហ្វ្រិកផ្ទាល់មានប្រតិកម្មផ្សេងៗគ្នាចំពោះការលើកឡើងអំពីអន្ទាក់បំណុលនេះ ដោយអ្នកខ្លះដូចជាឯកអគ្គរដ្ឋទូតអេត្យូពីប្រចាំប្រទេសចិនលោក Teshome Toga Chanaka ជាដើម បានច្រានចោលនូវការលើកឡើងដូចនេះ ដោយលោកបាននិយាយថា៖ «ភាពជាដៃគូដែលមិនផ្ដល់ប្រយោជន៍ដល់ភាគីទាំងសងខាងនឹងមិនឋិតថេរបានយូរនោះទេ»។
អ្នកនយោបាយផ្សេងទៀត ដែលក្នុងនោះមានដូចជាលោក William Ruto ប្រធានាធិបតីដែលទើបជាប់ឆ្នោតថ្មីរបស់ប្រទេសកេនយ៉ា និងលោក Adalberto Costa, Jr. បេក្ខជនប្រធានាធិបតីខាងគណបក្សប្រឆាំងនៃប្រទេសអង់ហ្គោឡាជាដើម បានបង្ហាញក្ដីបារម្ភទាក់ទិននឹងការទទួលយកកម្ចីពីចិន។
ការឆ្លើយតបរបស់ចិន
ការចោទប្រកាន់រឿងអន្ទាក់បំណុលនេះបានធ្វើឱ្យរដ្ឋាភិបាលចិនខឹងយ៉ាងខ្លាំង ដោយបាននិយាយថាបំណុលជាច្រើនរបស់បណ្ដាប្រទេសក្រីក្រគឺបានមកពីអ្នកផ្ដល់កម្ចីឯកជនរបស់បស្ចិមប្រទេស ហើយអ្នកផ្ដល់កម្ចីនេះគឺជាអ្នកដែលយកការប្រាក់ខ្ពស់ខ្លាំង។
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយកាលពីខែសីហាថា ការចោទប្រកាន់របស់សហរដ្ឋអាមេរិកប្រឆាំងនឹងចិន «គឺជារឿងដែលមិនអាចការពារបានពីការរិះគន់» នោះឡើយ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនជានិច្ចកាលបានចេញផ្សាយអត្ថបទដែលមានបំណងជំទាស់ទៅនឹងការលើកឡើងអំពីរឿងអន្ទាក់បំណុលនេះថាជាការលើកឡើងមិនត្រឹមត្រូវ។
ការជំទាស់ទៅនឹងការលើកឡើងរឿងអន្ទាក់បំណុល
សេដ្ឋវិទូនិងអ្នកស្រាវជ្រាវមួយចំនួនក៏បាននិយាយផងដែរថា ការលើកឡើងរឿងអន្ទាក់បំណុលដើម្បីប្រឆាំងនឹងចិននេះគឺជាការលើកឡើងដែលគ្មានហេតុផលត្រឹមត្រូវ។
អ្នកស្រី Brautigam បានបញ្ជាក់ថា៖ «គំនិតអំពីរឿងអន្ទាក់បំណុលនេះចង់បញ្ជាក់ថា ធនាគារចិនមានមូលហេតុលាក់បាំងដែលនោះគឺការផ្ដល់កម្ចីដោយចេតនាទៅឱ្យប្រទេសណាដែលខ្លួនដឹងថាប្រទេសនោះមិនអាចសងបំណុលរបស់ខ្លួនបាន»។
អ្នកស្រីបានបន្ថែមថា៖ «ការពិតគឺថា ដូចទៅនឹងម្ចាស់មូលបត្របំណុលដែរ ដែលជាម្ចាស់បំណុលភាគច្រើននៅទ្វីបអាហ្វ្រិក ធនាគារចិនបានផ្ដល់កម្ចីដល់ប្រទេសណាដែលមើលទៅអាចសងបំណុលបាន។ អ្នកផ្ដល់ឥណទានទាំងអស់នេះបានដឹងក្នុងពេលក្រោយមកថា ហានិភ័យដែលខ្លួនបានវាយតម្លៃថានឹងប្រឈមអាចនឹងប្រែប្រួលយ៉ាងលឿននៅក្នុងរយៈពេលខ្លី»។
ប្រទេសចិនបានកំណត់លក្ខខណ្ឌបំណុលឡើងវិញ ឬក៏ធ្វើហិរញ្ញប្បទានឡើងវិញជាមួយនឹងលក្ខខណ្ឌថ្មីលើបំណុលប្រហែល ១៥ ពាន់លានដុល្លារនៅទ្វីបអាហ្វ្រិករវាងឆ្នាំ ២០០០ និងឆ្នាំ ២០១៩។ នេះបើយោងតាមការរកឃើញរបស់ការស្រាវជ្រាវរបស់អ្នកស្រី Brautigam។ ការស្រាវជ្រាវនេះមិនបានរកឃើញថា ប្រទេសចិនជាប់ពាក់ព័ន្ធនៅក្នុង «ការរឹបអូសទ្រព្យសម្បត្តិ» ណាមួយទេ។
ដោយស្របតាមការរកឃើញរបស់អ្នកស្រី Brautigam លោក Hameiri បានសរសេរនៅក្នុងអ៊ីមែលមួយមកកាន់ VOA ថា៖ «មានភ័ស្តុតាងតិចតួចប៉ុណ្ណោះដែលបង្ហាញថាប្រទេសចិនបានអនុវត្ត «ការទូតបែបអន្ទាក់បំណុល»។ ការអះអាងដែលថាចិនបានអនុវត្តការទូតបែបអន្ទាក់បំណុលនោះគឺចង់សំដៅថាប្រទេសចិនមានចេតនាផ្ដល់កម្ចីដើម្បីបោកបញ្ឆោតអ្នកខ្ចីប្រាក់ឱ្យធ្លាក់ចូលទៅក្នុងបំណុលដែលមិនអាចសងបានក្នុងគោលបំណងដើម្បីរឹបអូសយកទ្រព្យសម្បត្តិយុទ្ធសាស្ត្រនានាឬក៏ធ្វើការត្រួតត្រាលើរដ្ឋាភិបាលនៃប្រទេសកូនបំណុលទាំងនោះ»។
កម្ចីដែលមានបញ្ហា
លោក Hameiri បានសរសេរថា ការផ្ដល់កម្ចីរបស់ចិនពេលខ្លះមានបញ្ហា ដោយសារតែ «នៅពេលដែលមានអារម្មណ៍រំជើបរំជួលខ្លាំងនៅក្នុងការផ្ដល់កម្ចី អ្នកផ្ដល់កម្ចីរបស់ចិនជារឿយៗបានចំណាយពេលតិចតួចតែប៉ុណ្ណោះនៅក្នុងការពិចារណាអំពីលទ្ធភាពដែលកូនបំណុលអាចសងបំណុលបាន។ ដូច្នេះ ការផ្ដល់កម្ចីរបស់ចិនបានរួមចំណែកនៅក្នុងការធ្វើឱ្យមានបញ្ហាបំណុលកើតឡើងនៅក្នុងប្រទេសមួយចំនួន បើទោះបីជាវាមិនមែនជាមូលហេតុតែមួយគត់ឬក៏ជាមូលហេតុចម្បងដែលធ្វើឱ្យបញ្ហាបំណុលនេះកើតឡើង តួយ៉ាងដូចជានៅក្នុងប្រទេសស្រីលង្កាក៏ដោយ»។
អ្នករិះគន់ខ្លះបានចោទប្រកាន់ប្រទេសចិនថាជាអ្នកធ្វើឱ្យមានវិបត្តិនេះកើតឡើងនៅក្នុងប្រទេសស្រីលង្កាកាលពីដើមឆ្នាំនេះ នៅពេលដែលរដ្ឋាភិបាលស្រីលង្កាដែលមិនអាចសងបំណុលបាន ត្រូវបានបណ្ដេញចេញពីអំណាចដោយការតវ៉ាទ្រង់ទ្រាយធំ។
ប្រទេសចិនក៏ជាអ្នកផ្ដល់ឥណទានទ្វេភាគីធំជាងគេបំផុតដល់ប្រទេសស្រីលង្កាផងដែរ។ ប៉ុន្តែ ប្រភពប្រាក់កម្ចីធំជាងគេបំផុតរបស់ប្រទេសស្រីលង្កាគឺមូលបត្របំណុលរបស់រដ្ឋដែលលក់នៅក្នុងប្រទេសមួយចំនួន។
លោក Verhoeven បាននិយាយថា ការកើនឡើងនៃមូលបត្របំណុលរបស់រដ្ឋក៏ជាកត្តាសំខាន់នៅក្នុងបំណុលរបស់បណ្ដាប្រទេសនៅទ្វីបអាហ្វ្រិកផងដែរ ហើយលោកបានច្រានចោលនូវការលើកឡើងអំពីរឿងអន្ទាក់បំណុលរបស់ចិន។
លោកបានបញ្ជាក់ដូច្នេះថា «សម្រាប់ប្រទេសចិនវិញ ប្រទេសនេះចាត់ទុកការលើកឡើងអំពីរឿងអន្ទាក់បំណុលនេះ …ថាជាការធ្វើឡើងដោយចេតនា» ដោយខ្លួនអះអាងដូច្នេះដើម្បីឱ្យប្រទេសនានាបោះឆ្នោតគាំទ្រខ្លួននៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិក្នុងគោលបំណងដើម្បីកាត់បន្ថយឥទ្ធិពលរបស់បស្ចិមប្រទេស។
លោក Verhoeven បានលើកឡើងថា មាន «ភ័ស្តុតាងពិតប្រាកដតិចតួចប៉ុណ្ណោះដែលបង្ហាញថាចិនធ្វើដូច្នេះដើម្បីផលចំណេញនយោបាយ» ដែល «ករណីនេះមិនមែនចង់មានន័យថាកម្ចីរបស់ចិនគឺសុទ្ធតែល្អនោះទេ ឬក៏ចង់មានន័យថាចិនតែងតែទទួលខុសត្រូវ ឬក៏ការខ្ចីបំណុលពីចិនសុទ្ធតែជារឿងល្អបំផុតដែលប្រទេសនានាត្រូវធ្វើនោះឡើយ»។
លោកបានបន្ថែមថា ដោយសារតែឥឡូវនេះប្រទេសចិនបានខ្ជះខ្ជាយពេលវេលាជាច្រើនទាក់ទិននឹងការផ្ដល់កម្ចីរបស់ខ្លួនដោយសារប្រទេសមួយចំនួនមិនអាចសងបំណុលបាន ហើយខ្លួនថែមទាំងជួបបញ្ហាលំបាកផ្នែកសេដ្ឋកិច្ចនៅក្នុងប្រទេសផងដែរ នោះ «ពិតជាមានការយល់ឃើញដែលថា ស្ថានភាពដ៏ល្អកាលពី ១០ ឬក៏ ១៥ ឆ្នាំមុនដែលចិនអាចផ្ដល់កម្ចីជាច្រើនបាន … គឺលែងមានទៀតហើយ»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ