រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ជាសាធារណៈនិងជាលក្ខណៈឯកជនចំពោះប្រទេសរុស្ស៊ីឱ្យ «បញ្ឈប់ការនិយាយមិនប្រយ័ត្នប្រយែងអំពីអាវុធនុយក្លេអ៊ែរ» នៅក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។
លោកថ្លែងដូច្នេះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានលើកឡើងកាលពីសប្ដាហ៍មុនថា លោកនឹងប្រើគ្រប់មធ្យោបាយទាំងអស់ដើម្បីការពារប្រទេសរុស្ស៊ី។
លោក Blinken បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយក្នុងកម្មវិធី «60 Minutes» របស់ទូរទស្សន៍ CBS News ដែលបានចេញផ្សាយកាលពីយប់ថ្ងៃអាទិត្យថា៖ «វាជារឿងសំខាន់បំផុតដែលរដ្ឋាភិបាលរុស្ស៊ីស្ដាប់និងយល់ពីយើងថា ផលវិបាកនឹងគួរឱ្យរន្ធត់ [ប្រសិនបើរុស្ស៊ីប្រើអាវុធនុយក្លេអ៊ែរនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន] ហើយយើងបានបញ្ជាក់អំពីចំណុចនេះយ៉ាងច្បាស់រួចមកហើយ»។
លោក Blinken បានលើកឡើងថា ការប្រើអាវុធនុយក្លេអ៊ែរ «ជាការពិត នឹងមានផលប៉ះពាល់មហន្តរាយដល់ប្រទេសដែលប្រើអាវុធទាំងនេះផង និងប្រទេសជាច្រើនផ្សេងទៀតផង»។
ការឆ្លើយតបរបស់សហរដ្ឋអាមេរិកនេះបានធ្វើឡើង បន្ទាប់ពីលោក Putin បានផ្ដល់សញ្ញាកាលពីសប្ដាហ៍មុនអំពីលទ្ធភាពនៃការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ នៅពេលដែលលោកបានប្រកាសកេណ្ឌទាហានចំនួន ៣០០.០០០ នាក់បន្ថែមទៀតដើម្បីជួយប្រទេសរុស្ស៊ីប្រយុទ្ធនៅក្នុងសង្គ្រាមនៃការឈ្លានពានរបស់ខ្លួនរយៈពេល ៧ ខែកន្លងមកក្នុងប្រទេសអ៊ុយក្រែន។
ការកេណ្ឌទ័ពបន្ថែមរបស់រុស្ស៊ីនេះបានធ្វើឡើង បន្ទាប់ពីការប្រយុទ្ធរបស់រុស្ស៊ីនៅសមរភូមិមានដំណើរថយក្រោយកាលពីពេលថ្មីៗនេះ ដោយកងទ័ពអ៊ុយក្រែនបានដណ្ដើមកាន់កាប់មកវិញនូវដែនដីមួយចំនួនធំនៅភាគឦសាន្តប្រទេសអ៊ុយក្រែនដែលកងទ័ពរុស្ស៊ីបានដណ្ដើមត្រួតត្រានៅក្នុងដំណាក់កាលដំបូងៗនៃសង្គ្រាម៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Associated Press និងទីភ្នាក់ងារព័ត៌មាន Reuters។