ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុប្រធានាធិបតី​អាមេរិក​ថា អាមេរិក​ប្តេជ្ញា​ចំពោះ​អាស៊ីអាគ្នេយ៍ និង​បន្ត​ជំរុញ​មីយ៉ាន់ម៉ា​ឱ្យ​លើក​តម្កើង​ប្រជាធិបតេយ្យ


អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកស្រី Kamala Harris ថ្លែងសុន្ទរកថា​ក្នុងអំឡុង​ពេល​កិច្ចប្រជុំ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍-អាមេរិក នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃពុធ ទី ៦ ខែកញ្ញា ឆ្នាំ២០២៣។
អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកស្រី Kamala Harris ថ្លែងសុន្ទរកថា​ក្នុងអំឡុង​ពេល​កិច្ចប្រជុំ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍-អាមេរិក នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃពុធ ទី ៦ ខែកញ្ញា ឆ្នាំ២០២៣។

ដោយ​ថ្លែង​ពេល​ចាប់ផ្តើម​កិច្ចប្រជុំ​ជាមួយ​មេដឹកនាំ​អាស៊ាន អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកស្រី Kamala Harris បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា សហរដ្ឋ​អាមេរិក​ប្តេជ្ញា​ចិត្ត​ចំពោះ​តំបន់​អាស៊ីអាគ្នេយ៍។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។

លោកស្រី Harris ថ្លែង​ថា៖ «សហរដ្ឋ​អាមេរិក​មាន​ការ​ប្តេជ្ញាចិត្ត​យូរអង្វែង​ចំពោះ​តំបន់​អាស៊ីអាគ្នេយ៍​និង​ទូលំទូលាយ​ជាង​នេះ​ទៀត​ ចំពោះ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក»។

លោកស្រី Harris និយាយ​ថា​ សហរដ្ឋ​អាមេរិក​នឹង​បន្ត​ជំរុញ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ឱ្យ​បញ្ឈប់​«អំពើ​ហិង្សា​ដ៏​គួរ​ឱ្យ​រន្ធត់» ដែល​បាន​ផ្ទុះ​ឡើង​តាំង​ពី​រដ្ឋប្រហារ​យោធា​នៅ​ឆ្នាំ​២០២១។ លោកស្រី​ថា ​អាមេរិក​នឹង​បន្តដាក់​សម្ពាធ​លើ​មីយ៉ាន់ម៉ា​ដែល​ហែកហួរ​ដោយសារ​ជម្លោះ ឱ្យ​លើកកម្ពស់​មាគ៌ា​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ។

មន្ត្រី​សេតវិមាន​បាន​និយាយ​មុន​នេះ​ថា ​លោក​ស្រី Harris នឹង ​«គូស​បញ្ជាក់​ពី​ផលប្រយោជន៍​រួម​របស់​សហរដ្ឋ​អាមេរិក​និង​អាស៊ាន​ក្នុង​ការ​រក្សា​សណ្ដាប់ធ្នាប់​អន្តរជាតិ​ផ្អែក​លើ​ច្បាប់ រួម​ទាំង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ផង ក្នុង​ពេល​មាន​ការទាមទារ​ដែន​សមុទ្រ​ដោយ​ខុសច្បាប់​និង​សកម្មភាព​បង្កហេតុ​របស់​ចិន»។

លោកស្រី Harris ក៏​បាន​ប្រកាស​អំពី​ការ​បង្កើត​មជ្ឈមណ្ឌល​សហរដ្ឋ​អាមេរិក-អាស៊ាន​ថ្មី​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ផង​ដែរ៕

XS
SM
MD
LG