ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​មីយ៉ាន់ម៉ា​មិនត្រូវបាន​អនុញ្ញាត​ឱ្យ​ធ្វើ​ជា​ប្រធាន​ប្តូរវេន​អាស៊ាន​នៅ​ឆ្នាំ​២០២៦


កៅអីរក្សាទុកសម្រាប់តំណាងប្រទេសមីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៣។ (Mast Irham/Pool via REUTERS)
កៅអីរក្សាទុកសម្រាប់តំណាងប្រទេសមីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៣។ (Mast Irham/Pool via REUTERS)

ប្រទេស​មីយ៉ាន់ម៉ា នឹង​មិន​ទទួល​បាន​តំណែង​ជា​ប្រធាន​ប្តូរវេន​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន ដែល​ត្រូវបាន​គ្រោង​ទុក​ក្នុង​ឆ្នាំ ២០២៦ ឡើយ។ ការណ៍​នេះ​បង្ក​ផល​ប៉ះពាល់​ដល់​កិច្ចប្រឹងប្រែង​របស់​ក្រុម​មេបញ្ជាការ​យោធា​មីយ៉ាន់ម៉ា ដែល​កំពុង​ដឹកនាំ​ប្រទេស ក្នុង​ការ​ស្វែង​រក​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ បន្ទាប់​ពី​បាន​ឡើង​ក្តោបក្តាប់​អំណាច​តាមរយៈ​រដ្ឋប្រហារ​កាលពី​ដើម​ឆ្នាំ ២០២១។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន The Associated Press។

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤៣ ដែល​ប្រទេស​ឥណ្ឌូណេស៊ី​ជា​ប្រធាន​ប្តូរវេន​និង​ជា​ម្ចាស់ផ្ទះ ប្រធានា​ធិបតី​ហ្វីលីពីន កាលពី​ថ្ងៃ​អង្គារ បាន​ថ្លែង​ថា ប្រទេស​ហ្វីលីពីន​បាន​យល់​ព្រម​ទទួល​យក​តំណែង​ជា​ប្រធាន​ប្តូរវេន​របស់​អាស៊ាន​នៅ​ឆ្នាំ ២០២៦។ ក៏ប៉ុន្តែ​លោក​មិន​បាន​បកស្រាយ​ពី​មូលហេតុ​ដែល​មីយ៉ាន់ម៉ា​បាត់បង់​តំណែង​នេះ​នោះ​ទេ។ អ្នក​ការទូត​អាស៊ាន​បាន​លើក​ឡើង​ថា សេចក្តី​សម្រេច​នេះ​មាន​ពាក់ព័ន្ធ​នឹង​ជម្លោះ​ស៊ីវិលដែលកំពុង​បន្ត​កើត​មាន​ឡើង​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

កាលពី​ថ្ងៃ​អង្គារដដែល​នោះ​ បណ្តា​មេដឹកនាំ​អាស៊ាន​ក៏​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ហិង្សា​និង​ការ​វាយប្រហារ​នានា​លើ​ក្រុមពលរដ្ឋ​ស៊ីវិល​នៅ​មីយ៉ាន់ម៉ា ដោយ​បាន​បន្ទោស​ដោយ​ផ្ទាល់​លើ​របប​យោធា។ លោក Joko Widodo ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ បាន​ថ្លែង​នៅ​ក្នុងប្រជុំ​កំពូល​អាស៊ាន​ថា យោធា​មីយ៉ាន់ម៉ា​មិន​បាន​ធ្វើកិច្ចការ​អ្វីដើម្បី​សម្រេច​បាននូវ​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​បាន​ព្រមព្រៀង​គ្នា​នោះសោះ​ឡើយ។

សេចក្តីប្រកាស​ ១៩ ចំណុច​របស់​អាស៊ាន ឱ្យ​ដឹង​ថា បណ្តា​មេដឹកនាំ​អាស៊ាន «ជំរុញ​ឱ្យ​កងទ័ព​មីយ៉ាន់ម៉ា​ជាពិសេស និង​ភាគីពាក់ព័ន្ធ​ទាំងអស់​នៅ​មីយ៉ាន់ម៉ា បន្ថូរបន្ថយ​អំពើ​ហិង្សា និង​បញ្ឈប់​ការ​វាយប្រហារ​ដោយ​មុខ​សញ្ញា​លើ​ក្រុម​ជន​ស៊ីវិល ផ្ទះសម្បែង និង​ហេដ្ឋារចនា​សម្ព័ន្ធ​សាធារណៈ​ ដូចជាសាលា​រៀន មន្ទីរពេទ្យ និង​ផ្សារ​ជាដើម»៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​មាន​ប្រភព​ពី​ទី​ភ្នាក់ងារ​សារព័ត៌មាន APនិង AFP

XS
SM
MD
LG