នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានថ្ងៃទីមួយ មេដឹកនាំអាស៊ានបានសម្រេចថា កិច្ចព្រមព្រៀង៥ចំណុចក្នុងការដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ដែលជាសមាជិកអាស៊ាន នៅតែជាឯកសារយោងដ៏សំខាន់ ដើម្បីនាំប្រទេសមួយនេះមករកសន្តិភាពវិញ ក្រោយរងការធ្វើរដ្ឋប្រហារពីក្រុមយោធារយៈពេលជាង២ឆ្នាំកន្លះមកហើយ។
កាលពីខែមេសា ឆ្នាំ ២០២១ ពោលគឺ២ខែក្រោយពីការធ្វើរដ្ឋប្រហារ មេដឹកនាំអាស៊ានដែលមានទាំងមេដឹកនាំយោធាមីយ៉ាន់ម៉ាផងដែរ បានមូលមតិគ្នាជាឯកច្ឆន្ទលើ៥ ចំណុច ដើម្បីដោះស្រាយបញ្ហាតានតឹងនយោបាយ ក្រោយប្រទេសនេះធ្លាក់ក្នុងរដ្ឋប្រហារយោធា កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១។ ទី ១ បញ្ឈប់រាល់អំពើហិង្សាជាបន្ទាន់ ហើយគ្រប់ភាគីត្រូវរក្សាភាពអត់ធ្មត់ខ្ពស់បំផុត។ ទី ២ កិច្ចសន្ទនាប្រកបដោយការស្ថាបនារវាងភាគីពាក់ព័ន្ធ ដើម្បីផលប្រយោជន៍របស់ប្រជាជន។ ទី ៣ ចាត់តាំងប្រេសិតពិសេសរបស់អាស៊ាន ដើម្បីសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី ៤ ផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន។ ទី ៥ ទស្សនកិច្ចរបស់ប្រេសិតពិសេសនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ប៉ុន្តែកិច្ចព្រមព្រៀងនោះត្រូវបានមេដឹកនាំអាស៊ានមើលឃើញថា មិនបានយកចិត្តទុកដាក់អនុវត្តដោយមេដឹកនាំយោធាឡើយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលចូលរួមកិច្ចប្រជុំកំពូលអាស៊ានរយៈពេល៣ថ្ងៃ ក៏បានជំរុញឲ្យមានកិច្ចពិភាក្សាជាផ្លែផ្កាលើបញ្ហាមីយ៉ាន់ម៉ា ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដោយការយោគយល់គ្នា និងឈរលើនយោបាយឈ្នះឈ្នះ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ កាលពីថ្ងៃទី៥ ខែកញ្ញា មេដឹកនាំអាស៊ានបានលើកឡើងថា អាស៊ានថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សាដែលបន្តកើតឡើង ហើយអាស៊ានបញ្ជាក់ជាថ្មីនូវការប្តេជ្ញារបស់ខ្លួនក្នុងការជួយប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិភាព និងយូរអង្វែង ហើយមីយ៉ាន់ម៉ានៅតែជាផ្នែកមួយសំខាន់របស់អាស៊ាន។ បើតាមសេចក្តីថ្លែងការណ៍នោះ មេដឹកនាំអាស៊ាននៅតែរក្សាកិច្ចព្រមព្រៀង៥ចំណុចជាឯកសារយោងសំខាន់ ដើម្បីដោះស្រាយវិបត្តិនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគួរតែត្រូវបានអនុវត្តទាំងអស់។
មេដឹកនាំអាស៊ានបន្តរក្សាសេចក្តីសម្រេចថា តំណាងមិនមែននយោបាយអាចត្រូវអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាន។ រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា និងមេដឹកនាំយោធាមិនត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន២ឆ្នាំជាប់គ្នា គឺនៅគ្រាកម្ពុជាធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០២២ និងឥណ្ឌូណេស៊ីធ្វើជាប្រធានអាស៊ាននាឆ្នាំនេះ។
មេដឹកនាំអាស៊ានក៏បានសម្រេចថា ប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំ២០២៦ ត្រូវប្រគល់ទៅប្រទេសហ្វីលីពីន មិនមែនមីយ៉ាន់ម៉ាឡើយ។ មេដឹកនាំអាស៊ានមិនបានបញ្ជាក់ហេតុផលលើការសម្រេចនេះឡើយ។ ប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំ២០២៤ គឺប្រទេសឡាវ និងឆ្នាំ២០២៥ គឺប្រទេសម៉ាឡេស៊ី។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានថ្លែងក្នុងពេលបើកកិច្ចប្រជុំលើបញ្ហាមីយ៉ាន់ម៉ាថា កិច្ចព្រមព្រៀង៥ចំណុចនៅតែជា«ការណែនាំដ៏សំខាន់»របស់អាស៊ាន។
លោក Yulius P Hermawan សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Parahyangan Catholic University ក្នុងប្រទេសឥណ្ឌូណេស៊ី ប្រាប់វីអូអេនៅថ្ងៃពុធនេះថា សេចក្តីសម្រេចរួមរបស់អាស៊ានគឺជាអ្វីដែលអាស៊ានអាចធ្វើបានលើវិបត្តិនៅមីយ៉ាន់ម៉ា។
លោកប្រាប់វីអូអេតាមសារអ៊ីម៉ែលថា៖ «មេដឹកនាំអាស៊ានពិតជាដឹងថាមិនមានវឌ្ឍនភាពច្រើន ឬសំខាន់ ដែលធ្វើឡើងដោយរបបយោធាក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីគោរពកិច្ចព្រមព្រៀង៥ចំណុច។ ប៉ុន្តែអាស៊ានមិនមានវិធានការខ្លាំងជាងនេះឡើយ»។
លោកបន្ថែមថា ការព្យួរសមាជិកភាពរបស់មីយ៉ាន់ម៉ាពីសមាគមអាស៊ាន ឬក៏ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសមួយនេះ មិនមែនជាវិធានការរបស់អាស៊ានឡើយ។ លោកបញ្ជាក់ថា អ្វីដែលជាវិធានការខ្លាំងក្លានោះ គឺការមិនអនុញ្ញាតតំណាងនយោបាយចូលរួមកិច្ចប្រជុំរបស់អាស៊ាន។
មួយថ្ងៃមុនកិច្ចប្រជុំកំពូលអាស៊ានចាប់ផ្តើម លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងរំឭកដំណើរទស្សនកិច្ចរបស់ឪពុករបស់លោក ដែលធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ក្នុងគោលបំណងស្វែងរកសន្តិភាពក្នុងប្រទេសមួយនេះ និងចែករំលែកបទពិសោធន៍នៃនយោបាយឈ្នះឈ្នះ ដែលកម្ពុជាប្រើប្រាស់ដើម្បីបញ្ចប់សង្រ្គាមផ្ទៃក្នុង។ លោក ហ៊ុន ម៉ាណែត បន្ថែមថា អាស៊ានចាំបាច់ត្រូវគេចឲ្យផុតពីការប្រើប្រាស់កម្លាំងយោធាលើប្រទេសអធិបតេយ្យណាមួយ។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ភាគីម៉ាឡេស៊ីបានអំពាវនាវឲ្យអាស៊ានចាត់វិធានការខ្លាំងក្លាទៅលើប្រទេសមីយ៉ាន់ម៉ា។
រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី លោក Zambry Abdul Kadir ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី៤ ខែកញ្ញាថា ម៉ាឡេស៊ី និងសមាជិកមួយចំនួនផ្សេងទៀតបានបញ្ចេញជាគំនិតថា អាស៊ានមិនអាចអនុញ្ញាតឲ្យអ្វីដែលកំពុងកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ាបន្តកើតឡើងដោយមិនមានវិធានការខ្លាំងក្លា និងមានប្រសិទ្ធភាពឡើយ។ ប៉ុន្តែលោកមិនបានបញ្ជាក់ឡើយថា តើសមាជិកអាស៊ានណាខ្លះដែលបានបញ្ចេញគំនិតអំពីវិធានការខ្លាំងក្លាលើរបបយោធានោះ។
ជាការឆ្លើយតប នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋភូមា ឈ្មោះ Global New Light of Myanmar ក្រសួងការបរទេសមីយ៉ាន់ម៉ា នៅថ្ងៃពុធនេះបានច្រានចោលសេចក្តីថ្លែងការណ៍របស់អាស៊ាន និងថាសេចក្តីសម្រេចរបស់អាស៊ានមាន«ភាពលម្អៀង និងធ្វើឡើងតែម្ខាង»។ របបយោធាក៏អំពាវនាវឲ្យអាស៊ានប្រកាន់ខ្ជាប់តឹងរ៉ឹងនូវបទបញ្ញត្តិនិងគោលការណ៍មូលដ្ឋាននៃធម្មនុញ្ញអាស៊ាន ជាពិសេសការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់សមាជិក។
សមាគមអាស៊ានដែលបច្ចុប្បន្នមាន១០ប្រទេសប្រកាន់ខ្ជាប់គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេស ជាសមាជិកនិងអនុវត្តគោលការណ៍មូលមតិជាឯកច្ឆន្ទ ឬកុងសង់ស៊ីស ដែលមានន័យថា សំឡេងគាំទ្រពីសមាជិកទាំងអស់ ទើបអាចសម្រេចលើកិច្ចការអ្វីមួយ។
ក្នុងពេលមានកំណើននៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយពីសំណាក់ប្រទេសមហាអំណាច សមាគមអាស៊ានបានខិតខំប្រឹងប្រែង ដើម្បីពង្រឹងការរួបរួមគ្នា និងពង្រឹងមជ្ឈភាព ឬភាពនៅជាកណ្តាលរបស់ខ្លួន។
នៅពេលបើកកិច្ចប្រជុំកំពូលអាស៊ានកាលពីថ្ងៃអង្គារ ប្រធានាធិបតីឥណ្ឌូណេស៊ីដែលជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ បានថ្លែងថា អាស៊ានយល់ព្រមគ្នាមិនក្លាយជាអាយ៉ងរបស់ប្រទេសមហាអំណាចណាមួយឡើយ បើទោះការប្រឈមកាន់តែធ្ងន់ធ្ងរជាងមុន៕