នៅកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី លោកស្រី Kamala Harris អនុប្រធានាធិបតីសហរដ្ឋអាមេរិក នឹងបញ្ជាក់ពីគោលជំហរនិងកិច្ចប្រឹងប្រែងបន្តទៀតរបស់សហរដ្ឋអាមេរិក ដើម្បីពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន។ នេះបើយោងតាមសេចក្តីប្រកាសរបស់សេតវិមាន ដែលត្រូវបានចុះផ្សាយថ្ងៃទី ៥ ខែកញ្ញានេះ។
សេចក្តីប្រកាសស្តីពី «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសហរដ្ឋអាមេរិកនិងអាស៊ាន ក្នុងរយៈពេលមួយឆ្នាំក្រោយមក» បានឱ្យដឹងថា គម្រោងថវិកាឆ្នាំ ២០២៤ របស់រដ្ឋបាលលោក Joe Biden និងលោកស្រី Kamala Harris បានស្នើសុំថវិកាចំនួន ១,២ ពាន់លានដុល្លារអាមេរិក ដែលមិនធ្លាប់មានពីមុន សម្រាប់ជាជំនួយសេដ្ឋកិច្ច អភិវឌ្ឍន៍ និងសន្តិសុខសម្រាប់បណ្តាប្រទេសជាសមាជិកអាស៊ាន បន្ថែមលើថវិកាចំនួន ៩០ លានដុល្លារសម្រាប់ទំនាក់ទំនងជាមួយអាស៊ាន និងកិច្ចប្រឹងប្រែងពង្រឹងស្ថាប័នរបស់អាស៊ាន។
កិច្ចប្រឹងប្រែងនេះធ្វើឡើងដើម្បីធានាថា «កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងអាស៊ាន ផ្តល់នូវផលប្រយោជន៍ជាក់លាក់ដល់ប្រជាជនរបស់អាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិក និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូល»។ នេះបើយោងតាមសេចក្តប្រកាសដដែលនោះ។
ជាផ្នែកមួយនៃការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអាស៊ាន ក្រោមរដ្ឋបាលរបស់លោក Joe Biden បណ្តាមេដឹកនាំអាស៊ាននិងសហរដ្ឋអាមេរិក គ្រោងប្រកាសពីគោលបំណងរបស់ខ្លួនក្នុងការបង្កើតមជ្ឈមណ្ឌលអាមេរិកអាស៊ាន នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ មជ្ឈមណ្ឌលនេះ នឹងដើរតួនាទដ៏សំខាន់មួយសម្រាប់ទំនាក់ទំនងរបស់អាស៊ានជាមួយសហរដ្ឋអាមេរិក។
បន្ថែមលើនោះ រដ្ឋបាលលោក Biden និងលោកស្រី Harris បន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចជាមួយអាស៊ាន ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចសមភាព និងភាពរុងរឿងដ៏ទូលំទូលាយផងដែរ។ សេចក្តីប្រកាសរបស់សេតវិមាន បានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកគឺជាប្រភពដ៏ធំមួយនៃការបណ្តាក់ទុនបរទេសដោយផ្ទាល់នៅតំបន់អាស៊ីអាគ្នេយ៍។
សម្រាប់ឆ្នាំ ២០២២ អាជីវកម្មអាមេរិកប្រមាណ ៦.២០០ បានធ្វើពាណិជ្ជកម្មជាទឹកប្រាក់សរុប ៥២០,៣ ពាន់លានដុល្លារអាមេរិក រវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសជាសមាជិកអាស៊ាន ដោយបានបង្កើតការងារចំនួន ៦២៥.០០០ នៅរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក និងការងារជាង ១លាន នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។
ក្រៅពីវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម សហរដ្ឋអាមេរិកបញ្ជាក់ពីជំហរនិងកិច្ចប្រឹងប្រែងនានារបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការស្ទើរគ្រប់វិស័យ រួមមានវិស័យអប់រំ សុខាភិបាល ថាមពល ហេដ្ឋារចនាសម្ព័ន្ធ វិស័យការពារជាតិ និងបរិស្ថានជាដើម៕