នៅថ្ងៃទីមួយនៃកិច្ចពិភាក្សារយៈពេលពី២ថ្ងៃគឺថ្ងៃទី១៣-១៤ខែកញ្ញាអំពី«កេរដំណែលសង្គ្រាម និងសន្តិភាពនៅវៀតណាម ឡាវ និងកម្ពុជា» វាគ្មឹននិងអ្នកចូលរួមលើកឡើងថា ការលើកកម្ពស់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និង ប្រទេសវៀតណាមទៅដល់កម្រិត«ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងផ្សះផ្សាជាច្រើនឆ្នាំកន្លងមករវាងពលរដ្ឋ និងពលរដ្ឋ ព្រមទាំងកិច្ចការរបស់អង្គការ និងទីភ្នាក់ងាររបស់ស.រ.អ.ដូចជាវិទ្យាស្ថានសន្តិភាព និងទីភ្នាក់ងារស.រ.អ.ដើម្បីអភិវឌ្ឍន៍អន្តរជាតិ ព្រមទាំងអង្គការនិងទីភ្នាក់ជាច្រើនទៀត។
ជំនួយការពិសេសរបស់លោកប្រធានាធិបតី Joe Biden និងជានាយិកាជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិសម្រាប់តំបន់អាស៊ីបូព៌ា និងអូសេអានី (Senior Director for East Asia and Oceania, National Security Council) អ្នកស្រី Mira Rapp-Hooper ប្រាប់សិក្ខាសាលាថា ជំនួបរវាងលោកប្រធានាធិបតី Joe Biden ជាមួយមេដឹកនាំកំពូលទាំង៤រូបរបស់វៀតណាមបញ្ជាក់ពីលទ្ធផលនៃទស្សនកិច្ចរបស់លោក កាលពីថ្ងៃអាទិត្យទី១០ខែកញ្ញាកន្លងទៅ។
“ដូច្នេះ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់យើងជាមួយវៀតណាម ដែលលោកប្រធានាធិបតី Joe Biden និងលោក Nguyễn Phú Trung អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានប្រកាសកាលពីថ្ងៃអាទិត្យ គឺជាលទ្ធផលនៃការងារផ្សះផ្សាអស់ពេលរាប់សិបឆ្នាំ»។
លោកស្រីបន្ថែមប្រាប់អ្នកចូលរួមប្រមាណជាង១០០នាក់ថា ទៅថ្ងៃអានាគតដើម្បីពង្រឹងភាពជាដៃគូនេះ ចាំបាច់ត្រូវមានការវិនិយោគទុនខាងបច្ចេកវិជ្ជានៅប្រទេសវៀតណាម ជាពិសេសការផលិតបន្ទះអេឡិចត្រូនិក និងការវិនិយោគរបស់ក្រុមហ៊ុនអាមេរិកនៅប្រទេសវៀតណាមបន្ថែមលើកិច្ចប្រឹងប្រែងផ្សះផ្សាកេរដំណែលសង្គ្រាមកន្លងមក។
«ហើយជាពិសេសការវិនិយោគលើការប្រព័ន្ធអេកូផលិតបន្ទះអេឡិចត្រូនិក semi-conductor នៅប្រទេសវៀតណាម តាមរយៈបំណងប្រាថ្នាដ៏មុតមាំរបស់សហរដ្ឋអាមេរិកចង់ឃើញវៀតណាមជាដៃគូបច្ចេកវិទ្យាឈានមុខគេក្នុងតំបន់ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ និងបង្កើនតួនាទីជាអ្នកឈានមុខពិភពលោក»។
លោកស្រីបន្ថែមថា ដើម្បីសម្រេចគោលដៅនេះ ស.រ.អ. ត្រូវជួយវៀតណាមកសាងកម្លាំងពលកម្មក្នុងវិស័យនេះជាពិសេសគឺ៖
«គំនិតផ្តួចផ្តើមជួយវៀតណាមកសាងកម្លាំងពលកម្មដើម្បីទទួលបានសក្តានុពលដែលអាចជឿទុកចិត្តបានសម្រាប់ការវិនិយោគនេះ ដោយអប់រំប្រជាជនវ័យក្មេង និងសកម្ម ហើយនឹងជួយក្នុងកំណើនសេដ្ឋកិច្ច»។
លោកស្រី Hoang Thi Thanh Nga អនុប្រធានបេសកកម្មនៃស្ថានទូតវៀតណាមប្រចាំស.រ.អ.ប្រាប់កិច្ចពិភាក្សានេះថា ការផ្សះផ្សាកេរដំណែលសង្គ្រាមតាមរយៈជំនួយរបស់ស.រ.អ.បោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការជួយជនពិការនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសង្គ្រាម ការរកឃើញ និងប្រគល់អដ្ឋិធាតុយោធាអាមេរិកាំងគឺមានសារៈសំខាន់។
អ្នកស្រីថ្លែងថា៖ «យើងជឿជាក់ថា ការដោះស្រាយកេរដំណែលសង្រ្គាម គឺជាគន្លឹះមួយចំពោះដំណើរការធ្វើឱ្យមានប្រក្រតីភាពរវាងវៀតណាម និងសហរដ្ឋអាមេរិក ហើយក៏ជាគន្លឹះចំពោះការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរបស់យើងដែរ»។
អ្នកស្រីឱ្យដឹងថា ទំនាក់ទំនងជិតស្និទរវាងអតីតសត្រូវក្នុងសង្គ្រាមនេះផ្តើមចេញពីទំនាក់ទំនងបុគ្គលនិងបុគ្គលជាង៣ទសវត្សរ៍ ជាពិសេសអតីតទាហានក្នុងសង្គ្រាមវៀតណាមវិលត្រឡប់ទៅទស្សនាកន្លែងអនុស្សាវរីយ៍ជូរចត់របស់ពួកគេ។
អ្នកស្រីពន្យល់ថា៖ «កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងវៀតណាម និងសហរដ្ឋអាមេរិក រវាងរដ្ឋាភិបាល និងរដ្ឋាភិបាល និងប្រជាជន និងប្រជាជនក្នុងផ្នែកនេះ រួមចំណែកយ៉ាងសំខាន់ក្នុងការកសាងទំនុកចិត្ត និងការយោគយល់គ្នា ធ្វើឱ្យអតីតសត្រូវក្លាយមិត្ត និងជាដៃគូនាពេលបច្ចុប្បន្ននេះ»។
លោក Bouthanongsack Chanthalath អនុប្រធានបេសកកម្មនៃស្ថានទូតឡាវប្រចាំស.រ.អ.ប្រាប់អ្នកចូលរួមដោយសង្កត់ធ្ងន់ថា អ្វីដែលស.រ.អ.ហៅថា សង្គ្រាមវៀតណាមនេះតាមពិតជាសង្គ្រាមស.រ.អ.នៅឥណ្ឌូចិនទាំងមូល ព្រោះសង្គ្រាមនេះបានហៀរចូលដល់ប្រទេសឡាវ និងប្រទេសកម្ពុជា។
«អ្នកប្រហែលជាដឹងហើយថា សង្រ្គាមវៀតណាម ឬសង្រ្គាមសម្ងាត់នៅប្រទេសឡាវនោះ យើងជាប្រជាជនឡាវ រងឥទ្ធិពលដោយការទម្លាក់គ្រាប់បែករបស់អាមេរិករយៈពេលប្រាំបួនឆ្នាំជាប់គ្នា។ចាប់ពីឆ្នាំ១៩៦៤ដល់ឆ្នាំ១៩៧៣ គ្រាប់បែកជាង ២ លានតោនត្រូវបានទម្លាក់»។
ទោះជាយ៉ាងណា លោកអរគុណស.រ.អ. និងប្រទេសដទៃទៀតដែលបានជួយបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបង្កគ្រោះថ្នាក់នៅប្រទេសរបស់លោករហូតដល់សព្វថ្ងៃ។
លោកសុំឱ្យផលប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូរវាងស.រ.អ. និងវៀតណាមហៀរទៅដល់ប្រទេសរបស់លោកដែរ ដូចកាលដែលសង្គ្រាមវៀតណាមហៀរដល់ប្រទេសរបស់លោក។
លោកបង្ហាញភាពរីករាយដែលគណៈកម្មាធិការវិភាជថវិកាសភាស.រ.អ.តាំងចិត្តផ្តល់ប្រាក់៨០លានដុល្លារសម្រាប់បោះសម្អាតយុទ្ធភណ្ឌ សំណល់ពីសង្គ្រាមនៅវៀតណាម ឡាវ និងកម្ពុជា។
«ដូច្នេះយើងសង្ឃឹមថានឹងឃើញការប្ដេជ្ញាចិត្តនេះរួមចំណែកដល់កិច្ចប្រឹងប្រែងបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងប្រទេសរបស់យើង»។
ពេលចប់កិច្ចពិភាក្សាកាលពីថ្ងៃពុធ អ្នកស្រី Ann Marie Yasticshock អតីតនាយិកាបេសកកម្មរបស់ទីភ្នាក់ងារស.រ.អ.សម្រាប់អភិវឌ្ឍន៍អន្តរជាតិប្រចាំប្រទេសវៀតណាម និងជាវាគ្មឹនកាលពីថ្ងៃពុធបានប្រាប់វីអូអេថា ទីភ្នាក់ងារស.រ.អ.សម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) នៅប្រទេសវៀតណាមកន្លងមករួមចំណែកដល់ភាពជាដៃគូរវាងស.រ.អ.និងវៀតណាមដែលលោកប្រធានាធិបតី Joe Biden និងមេដឹកនាំវៀតណាមប្រកាសកាលពីថ្ងៃអាទិត្យ។ លោកស្រីថា ការប្រកាសរបស់លោកប្រធានាធិបតីអំពីជំនួយតាមរយៈទីភ្នាក់ងារស.រ.អ.សម្រាប់អភិវឌ្ឍន៍អន្តរជាតិអាចនិយាយបានថាជាការទទួលស្គាល់ស្នាដៃរបស់ទីភ្នាក់ងារនេះកន្លងមក។
«ចា៎ យើងជាផ្នែកមួយនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយលោកប្រធានាធិបតីបានប្រកាសផ្តល់ជំនួយ ១០០ លានដុល្លារតាមរយៈទីភ្នាក់ងារស.រ.អ.សម្រាប់អភិវឌ្ឍន៍អន្តរជាតិនៅពេលលោកនៅទីនោះ»។
អ្នកស្រី Sera Koulabdara អ្នកចូលរួមពីអង្គការកេរដំណែលសង្គ្រាម ប្រចាំនៅស.រ.អ.ចង់ឱ្យផ្តោតអាទិភាពលើការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះសល់ពីសង្គ្រាម ព្រោះប្អូនជីដូនមួយរបស់អ្នកស្រីស្លាប់ដោយសារមីន ហើយមិត្តភក្តិម្នាក់ត្រូវកាត់ជើងដោយឪពុករបស់នាងដើម្បីរក្សាជីវិត។
«ចា៎ បទពិសោធមើលឪពុកខ្ញុំ អ្នកដឹងទេថា គ្រួសារខ្ញុំត្រូវលះបង់អំឡុងពេលសង្គ្រាម។ សហរដ្ឋអាមេរិកមិនបានប្រកាសសង្គ្រាមនៅឡាវជាផ្លូវការទេ ប៉ុន្តែវាប៉ះពាល់ដល់គ្រួសារខ្ញុំ និងខ្លួនខ្ញុំរហូតមកដល់សព្វថ្ងៃនេះ ដែលជាមូលហេតុដែលខ្ញុំមកទីនេះ»៕