ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គូប្រកួត​បង្ហាញ​ខ្លួន ពេល​អាស៊ីអាគ្នេយ៍​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​សន្តិសុខ​ប្រចាំ​ឆ្នាំ


មន្ត្រីការបរទេស​និង​សមាជិក​នៃ​គណប្រតិភូ​ចូល​រួម​កិច្ច​ប្រជុំ​តំបន់​របស់​បណ្តាប្រទេស​អាស៊ីអាគ្នេយ៍នៅទីក្រុង Jakarta​ ប្រទេស​ឥណ្ឌូណេស៊ី​កាលពីថ្ងៃទី១៤ កក្កដា ឆ្នាំ២០២៣។(Bay Ismoyo/Pool Photo via AP)
មន្ត្រីការបរទេស​និង​សមាជិក​នៃ​គណប្រតិភូ​ចូល​រួម​កិច្ច​ប្រជុំ​តំបន់​របស់​បណ្តាប្រទេស​អាស៊ីអាគ្នេយ៍នៅទីក្រុង Jakarta​ ប្រទេស​ឥណ្ឌូណេស៊ី​កាលពីថ្ងៃទី១៤ កក្កដា ឆ្នាំ២០២៣។(Bay Ismoyo/Pool Photo via AP)

រដ្ឋមន្ត្រី​ការបរទេស​មកពី​ប្រទេស​ជាង​២០ បាន​ជួបជុំ​គ្នា​នៅប្រទេស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​សុក្រ​នេះ ដោយ​ការ​ពិភាក្សា​តុមូល​ក្នុង​កិច្ចប្រជុំ​សន្តិសុខ​ប្រចាំ​ឆ្នាំ​របស់​តំបន់​អាស៊ីអាគ្នេយ៍​នេះ នឹង​ផ្តោតលើ​បញ្ហា​ប្រកួត​ប្រជែង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន សង្គ្រាមនៅអ៊ុយក្រែន​និង​ការបាញ់​មីស៊ីល​របស់​កូរ៉េខាងជើង។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។

ប្រមុខ​ការទូត​មកពី​ចិន សហរដ្ឋ​អាមេរិក និង​រុស្ស៊ី ស្ថិតក្នុង​ចំណោម​អ្នក​ចូលរួម​ក្នុង​វេទិកា​តំបន់ អាស៊ាន​នៅ​ថ្ងៃ​សុក្រ​នេះ។ របៀបវារៈ​ទូទៅ​ តាម​ធម្មតា​ នឹង​ប្តូរ​ទៅរក​ព្រឹត្តិការណ៍​ភូមិសាស្ត្រ​នយោបាយ​ដែល​កើត​ឡើង​ក្នុង​សប្តាហ៍​នេះ ដោយ​ផ្តល់​ឱកាស​និង​ វេទិកា​ឲ្យ​ភាគី​តបតគ្នា​តឹង​សរសៃ​ក​និង​ទ្រហឹង​អឺងកង​រវាង​មហាអំណាច​ហើយ​ម្តងម្កាល​ក៏មាន ​អ្នក​ដើរ​ចេញ​ពី​កិច្ចប្រជុំ​ដែរ។

ពេល​ថ្លែង​ទៅកាន់​ក្រុមរដ្ឋមន្ត្រី​ការបរទេស​មកពី​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ឬ​អាស៊ាន ប្រធានអង្គប្រជុំ​គឺ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Joko Widodo បាន​និយាយ​ថា​ការ​ជួបជុំ​គ្នា​នេះ មាន​គោលបំណង​ស្វែងរក​ដំណោះស្រាយ ជាជាងធ្វើ​ឲ្យបញ្ហា​តំបន់​និង​សាកលលោក​កាន់តែ​យ៉ាប់។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken បាន​ជួបពិភាក្សា​ជាមួយ​ប្រមុខ​ការទូត​ចិន​លោក Wang Yi «ដោយ​ស្មោះត្រង់​និង​ស្ថាបនា» កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ទីក្រុង​ហ្សាការតា។ នេះ​បើ​យោង​តាម​ក្រសួង​ការបរទេស​អាមេរិក ដែល​និយាយ​ថា​ការ​ជួប​គ្នា​ចុងក្រោយ​នេះ មាន​គោលបំណង​គ្រប់គ្រង​ភាព​ខុសគ្នា​រវាង​មហាអំណាច​ទាំង​ពីរ។

អាស៊ាន​ដែល​មាន​សមាជិក​១០​ប្រទេស បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​មុន​ពេល​ប្រជុំ​ដោយឡែក​ជាមួយ​លោក Blinken។

នៅពេល​រសៀល ​មាន​ការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ការបរទេស​មក​ពី​រុស្ស៊ី ​អូស្ត្រាលី ជប៉ុន អង់គ្លេស កូរ៉េ​ខាងត្បូង និង​ប្រទេស​ផ្សេង​ទៀត ក្នុង​វេទិកា​រតំបន់​អាស៊ាន​ដែល​ប្រជុំ​បិទទ្វារ។ គេរំពឹង​ថា​កិច្ចប្រជុំ​នេះ នឹង​ឆ្លើយតប​ចំពោះ​បញ្ហា​បាញ់​មីស៊ីល​ផ្លោង​ឆ្លងទ្វីប Hwasong-18 ចុងក្រោយ​បំផុត​ក្នុង​សប្តាហ៍​នេះ​របស់​កូរ៉េ​ខាងជើង​ ដែល​បាន​និយាយ​ការ​ពារ​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergei Lavrov ក៏​ស្ថិត​នៅ​ក្រុង​ហ្សាការតា​ដែរ ដែល​នៅ​ទី​នោះ លោក​បាន​ផ្តល់​បទសម្ភាសន៍​មួយ ដោយ​និយាយ​ថា​សង្គ្រាម​នៅ​អ៊ុយក្រែន​នឹង​មិន​ចប់​ទេ លុះត្រាតែ​បស្ចិម​ប្រទេស «បោះបង់​ចោល​ផែនការ​រក្សា​ការ​គ្រប់ដណ្តប់​របស់​ខ្លួន» រួមទាំង​«មហិច្ឆតា​ងប់ងល់»ក្នុង​ការ​ប្រើ​យុទ្ធសាស្ត្រ​ផ្តួល​រុស្ស៊ី​ ។

រដ្ឋមន្ត្រីការបរទេស​ចិន​លោក Wang​ ក៏​បាន​ជួប​លោក Lavrov ហើយ​និយាយ​ថា ​ភាគីទាំងពីរ​នឹង​«ពង្រឹង​ទំនាក់ទំនង​និង​ការសម្រប​សម្រួល​យុទ្ធសាស្ត្រ»៕

XS
SM
MD
LG