សហរដ្ឋអាមេរិកជំរុញឲ្យរដ្ឋាភិបាលវៀតណាមដោះលែងអ្នកទោសនយោបាយនិងបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើសកម្មជនអង្គការសង្គមស៊ីវិល។ ក្រុមមន្ត្រីបានធ្វើការអំពាវនាវយ៉ាងដូច្នេះនៅមុនពេលដែលដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា មកកាន់ប្រទេសវៀតណាមនៅខែឧសភាខាងមុខនេះ។
ខណៈដែលសហរដ្ឋអាមេរិកនិងប្រទេសវៀតណាមបានបើកកិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សលើកទី២០នៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន លោក John Kirby អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិកបានថ្លែងកាលពីថ្ងៃច័ន្ទថា «ការលើកកម្ពស់សិទ្ធិមនុស្សនៅតែជាផ្នែកមួយសំខាន់នៃគោលនយោបាយការបរទេសរបស់អាមេរិកនិងជាគន្លឹះសំខាន់មួយនៃកិច្ចសន្ទនានៅក្នុងភាពជាដៃគូដ៏ទូលំទូលាយរវាងសហរដ្ឋអាមេរិកនិងប្រទេសវៀតណាម»។
កិច្ចសន្ទនានេះបានគ្របដណ្តប់លើបញ្ហាសិទ្ធិមនុស្សជាច្រើន ដោយរួមបញ្ចូលទាំងសារៈសំខាន់នៃដំណើរបន្តអនុវត្តកំណែទម្រង់ច្បាប់ នីតិរដ្ឋ សេរីភាពក្នុងការបញ្ចេញមតិនិងការប្រមូលផ្តុំ សេរីភាពសាសនា សិទ្ធិកម្មករ សិទ្ធិជនពិការ សិទ្ធិមនុស្សភេទទី៣ ឬហៅថា LGBT សហប្រតិបត្តិការចម្រុះ ក៏ដូចជាក្តីបារម្ភរបស់បុគ្គលម្នាក់ៗផងដែរ។ យោងតាមក្រសួងការបរទេសអាមេរិក។
សហរដ្ឋអាមេរិកបានសម្តែងក្តីបារម្ភយ៉ាងខ្លាំងលើករណីរបស់លោក Nguyen Van Dai មេធាវីសិទ្ធិមនុស្ស ដែលត្រូវបានចាប់ខ្លួនដោយអាជ្ញាធរកាលពីពាក់កណ្តាលខែធ្នូឆ្នាំ២០១៥កន្លងទៅនេះ។
ការចាប់ខ្លួននេះត្រូវបានធ្វើឡើង ស្របពេលដែលលោកកំពុងតែត្រៀមខ្លួនជួបជាមួយនឹងគណៈប្រតិភូសហភាពអឺរ៉ុបនៅក្នុងទីក្រុងហាណូយដើម្បីចូលរួមក្នុងកិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សរវាងអឺរ៉ុបនិងវៀតណាមនោះ៕