ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ជួប​ជាមួយ នួន ជា នៅ​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម


លោក​សាស្ត្រាចារ្យ អាឡិចហ្សានដឺ ហ៊ីនតុន ​(Alexander Hinton) កំពុង​និយាយ​អំពី «អ្វី​ទៅ​ជា​អំពើ​ប្រល័យ​ពូជសាសន៍» នៅ​ក្នុង​កម្មវិធី​អប់រំ​អំពី​អំពើ​ប្រល័យពូជសាសន៍​ដល់​គ្រូ​បង្គោល​ថ្នាក់​ជាតិ ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦។
លោក​សាស្ត្រាចារ្យ អាឡិចហ្សានដឺ ហ៊ីនតុន ​(Alexander Hinton) កំពុង​និយាយ​អំពី «អ្វី​ទៅ​ជា​អំពើ​ប្រល័យ​ពូជសាសន៍» នៅ​ក្នុង​កម្មវិធី​អប់រំ​អំពី​អំពើ​ប្រល័យពូជសាសន៍​ដល់​គ្រូ​បង្គោល​ថ្នាក់​ជាតិ ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦។

លោក ​សាស្ត្រាចារ្យ ​អាឡិចហ្សានដឺ ហ៊ីនតុន ​(Alexander Hinton) បាន​សន្ទនា​ជាមួយ​នាង សើ សាយ្យាណា នៃ VOA អំពី​ការ​ប្រឈម​របស់​លោក​ជាមួយ​នឹង «បង​ធំ​ទី​២» នួន ជា នៅ​ក្នុង​សាល​សវនាការ។

កំណត់​និពន្ធ៖ លោក​សាស្ត្រាចារ្យ អាឡិចហ្សានដឺ ហ៊ីនតុន (Alexander Hinton) គឺជា​អ្នក​និពន្ធ​សៀវភៅ «ហេតុ​អ្វី​បាន​សម្លាប់​មនុស្ស? ប្រទេស​កម្ពុជា​នៅ​ក្នុង​ស្រមោល​អំពើ​ប្រល័យ​ពូជសាសន៍» ដែល​ជា​សៀវភៅ​មួយ​ក្បាល​ត្រូវ​បាន​បោះផ្សាយ​នៅ​ឆ្នាំ២០០៥ ស្តី​អំពី​របប​ខ្មែរ​ក្រហម។ នៅ​ខែ​មីនា លោក​បាន​ផ្តល់​សក្ខីកម្ម​នៅ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​ហៅ​ម្យ៉ាង​ទៀត​ថា តុលាការ​ខ្មែរ​ក្រហម នៅ​រាជធានី​ភ្នំពេញ។ អ្នក​និពន្ធ​ជនជាតិ​អាមេរិកាំង​ និង​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​រូប​នេះ​ បាន​ផ្តល់​សក្ខីកម្ម​រយៈពេល​ជាង​បី​ថ្ងៃ​ពេញ ​នៅ​ក្នុង​ករណី​០០២/០២ ដែល​ជា​សវនាការ​អំពី​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រល័យ​ពូជសាសន៍ ចំពោះ​មេដឹកនាំ​កំពូល​នៃ​របប​ខ្មែរ​ក្រហម នួន ជា និងខៀវ សំផន។ លោក​សាស្ត្រាចារ្យ ​បាន​និយាយ​ជាមួយ​នាង សើ សាយ្យាណា ​នៃ VOA អំពី​ការ​ប្រឈម​របស់​លោក​ជាមួយ​នឹង «បងធំ​ទី២» នួន ជា និង​អំពី​មូលហេតុ​ដែល​លោក​ធ្វើ​សច្ចាប្រណិធាន​ខុស​ពី​សាក្សី​ជា​ជនជាតិ ប៉ែក​លោក​ខាង​លិច​ដទៃ​ទៀត​ គឺ​លោក​បែរ​ជា​ស្បថសច្ចា​តាម​បែប​ប្រពៃណី​របស់​ពុទ្ធ​សាសនា​ នៅ​មុខ​លោកតា​ដំបង​ដែក​ទៅ​វិញ នៅ​មុន​ពេល​ដែល​លោក​ឡើង​បំភ្លឺ​ក្នុង​សាល​សវនាការ។ បទ​សម្ភាសន៍​នេះ​ត្រូវ​បាន​សម្រួល​ដើម្បី​ឲ្យ​មាន​ភាព​ច្បាស់លាស់ ​និង​ងាយ​យល់។

ស្តាប់បទ​សម្ភាសន៍​ជា​ភាសាខ្មែរ​ទាំង​ស្រុង​នៅត្រង់​នេះ៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

តើ​លោក​កំពុង​គិត​អំពី​អ្វី​ខ្លះ​ដែរ​ នៅ​ពេល​ដែល​លោក​ឡើង​បំភ្លឺ​ថ្ងៃ​ដំបូង​នៅ​តុលាការ​ខ្មែរ​ក្រហម?

វា​គឺ​ជា​រយៈពេល​ដ៏​តានតឹង​មួយ​ក្នុង​ការ​ផ្តល់​សក្ខីកម្ម​រយៈពេល​បី​ថ្ងៃ​កន្លះ​នេះ។ នៅពេល​ខ្ញុំ​ទៅ​ដល់​ដំបូង​ ខ្ញុំ​មាន​ការ​មិន​ប្រាកដ​ក្នុង​ចិត្ត​ខ្លះ ដោយ​សារ​ខ្ញុំ​មិន​ដឹង​ច្បាស់​ថា​ដំណើរ​ការ​យ៉ាងម៉េច ហើយ​គេ​នឹង​សួរ​ខ្ញុំ​ពី​អ្វី​ខ្លះ។ ប៉ុន្តែ ខ្ញុំ​ក៏​មាន​អារម្មណ៍​រំភើប​ខ្លាំង​ណាស់​ដែរ ដែល​បាន​ចូល​រួម​ចំណែក​ក្នុង​ដំណើរការ​ដ៏​សំខាន់​នេះ ជា​ពិសេស​សម្រាប់​ប្រទេស​កម្ពុជា។ ខ្ញុំ​ដឹង​ថា​ពេល​ខ្លះ​តុលាការ​នេះ​បាន​រង​ការ​រិះគន់ ប៉ុន្តែ ខ្ញុំ​ជឿ​ថា​អ្វី​ដែល​តុលាការ​កំពុង​ធ្វើ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់។

ទិដ្ឋភាព​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា
ទិដ្ឋភាព​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា

តើ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៅ​តុលាការ​នេះ មាន​ពេល​វេលា​ណា​ខ្លះ​ដែល​លោក​គិត​ថា គួរ​ឲ្យ​ចាប់​អារម្មណ៍?

នៅ​ពេល​ខ្ញុំ​ផ្តល់​សក្ខីកម្ម ខ្ញុំ​ពិត​ជា​ចង់​ផ្តល់​នូវ​សក្ខីកម្ម​ជំនាញ​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​សំណួរ​ដែល​ព្រះ​រាជអាជ្ញា ដើម​បណ្តឹង​រដ្ឋប្បវេណី និង​មេធាវី​ការពារ​របស់​ជន​ជាប់​ចោទ​បាន​សួរ​ខ្ញុំ។ ពេល​ជាមួយ​គ្នា​នោះ ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​នឹង​អាច​និយាយ​អំពី​រឿងរ៉ាវ​ដែល​កើត​ឡើង​នៅ​ក្នុង​ភូមិ និង​តំបន់​ដែល​ខ្ញុំ​បាន​ចុះ​ស្រាវជ្រាវ​ពី​ឆ្នាំ១៩៩៤​ដល់​១៩៩៥។​ ភូមិ​នោះ​ហៅថា​ភូមិ​ពោធិ៍ នៅ​ជិត​វត្ត​ភ្នំ​ប្រុស​ភ្នំស្រី ក្នុង​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។ ខ្ញុំ​បាន​រស់​នៅ​ទី​នោះ​រយៈពេល​មួយ​ឆ្នាំ​ពី​១៩៩៤​ដល់​១៩៩៥។ ហើយ​ទី​បំផុត សៀវភៅ​ដែល​ខ្ញុំ​បាន​សរសេរ និង​បាន​ស្រាវជ្រាវ ​នោះ​គឺ​ព្យាយាម​ស្វែង​យល់​អំពី​បទ​ពិសោធន៍​នៃ​ការ​រស់នៅ​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម។

នៅ​ក្នុង​តំបន់​នេះ ការ​រស់​នៅ​មាន​លក្ខណៈ​ល្អ​ប្រសើរ ប៉ុន្តែ​នៅ​ឆ្នាំ១៩៧៧ នៅ​ពេល​ដែល​ពួក​កម្មាភិបាល​ភូមិ​ភាគ​និរតី​មក​ដល់ តំបន់​នេះ និង​តំបន់​ជា​ច្រើន​ទៀត​ក្នុង​ប្រទេស​កម្ពុជា ចាប់​ផ្តើម​កើត​មាន​ការ​កាប់​សម្លាប់ ហើយ​ការ​កាប់​សម្លាប់​កើត​ឡើង​កាន់​តែ​ខ្លាំង​ឡើង និង​ជា​បន្តបន្ទាប់ ហើយ​ស្ថានភាព​កាន់​តែ​ពិបាក​ឡើងៗ។ ដូច្នេះ ខ្ញុំ​សង្ឃឹម​ថា ចម្លើយ​របស់​ខ្ញុំ​អាច​ផ្តល់​ការ​យល់​ដឹង​អំពី​ជីវិត​រង​ទុក្ខ​វេទនា​របស់​ប្រជាជន​នៅ​តំបន់​នោះ នៅ​ពេល​ខ្ញុំ​ធ្វើ​សក្ខីកម្ម​បំភ្លឺ។ ពេល​ហ្នឹង​ហើយ​គឺជា​ពេលវេលា​ដែល​សំខាន់​សម្រាប់ខ្ញុំ។

ពេល​វេលា​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្រងាក​ចិត្ត​ខ្លាំង​បំផុត​នោះ​គឺ​នៅ​ពេល​ចាប់​ផ្តើម​ដំបូង ពេល​ដែលខ្ញុំ​ចង់​និយាយ​ឲ្យ​បាន​ស៊ី​ជម្រៅ​អំពី​ពាក្យ​ប្រល័យ​ពូជសាសន៍​ដែល​ជានិច្ច​ជាកាល​ត្រូវ​បាន​យល់​ច្រឡំ។ ខ្ញុំ​ចង់​និយាយ​ពី​បញ្ហា​នេះ​នៅ​ក្នុង​តុលាការ​ខ្លាំង​ណាស់។​ ប៉ុន្តែ​ តុលាការ​មាន​និយមន័យ​ជាក់លាក់​មួយ​យក​មក​ប្រើ​ដោយ​យក​ចេញ​ពី​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តី​អំពី​អំពើ​ប្រល័យពូជ​សាសន៍ ហើយ​មេធាវី​ការពារ​ចុង​ចោទ​បាន​ឡើង​តវ៉ា​ថា​ឲ្យ​ខ្ញុំ​ឆ្លើយ​តែ​សំណួរ​បាន​ហើយ។ អញ្ចឹង ពី​ដំបូង ខ្ញុំ​មាន​ការ​ខក​ចិត្ត​បន្តិច ព្រោះ​មិន​អាច​និយាយ​ពី​រឿង​នេះ។ ប៉ុន្តែ នៅ​ក្នុង​រយៈពេល​បី​ថ្ងៃ​កន្លះ​នៃ​ការ​ធ្វើ​សក្ខីកម្ម​ដ៏​តានតឹង​នេះ ខ្ញុំ​អាច​និយាយ​អំពី​អត្ថន័យ​នៃ​ពាក្យ​ប្រល័យ​ពូជសាសន៍​នេះ​បាន​ខ្លះ និង​អាច​និយាយ​ពី​ការ​ជ្រាប​ចូល​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​មក​ក្នុង​ប្រទេស​កម្ពុជា​បាន​ខ្លះ។ និយមន័យ​នៃ​ពាក្យ​នេះ​មិន​ត្រឹមតែ​ក្តោប​ក្រុម​ការពារ​ទាំង​បួន​ដែល​មាន​ចែង​ក្នុង​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ពោល​គឺ ក្រុម​ពូជសាសន៍​ ជាតិពន្ធុ ជាតិ​សាសន៍ និង​ក្រុម​សាសនា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ និយមន័យ​នេះ​អាច​សំដៅ​ដល់​ក្រុម​ធំ​ជាង​នេះ​ ឧទាហរណ៍​ដូចជា ជាតិ​ពន្ធុ​ចិន​ដែល​រង​ការ​រំលោភ​បំពាន ដែល​អាច​កើត​ឡើង​ដោយសារ​កម្រិត​ថ្នាក់​របស់​ពួកគេ។ ប្រហែល​ជា​មាន​ការ​សម្លាប់​មនុស្ស​នៅ​ភូមិភាគ​បូព៌ា។ ដូច្នេះ នៅ​ខណៈពេល​ដំណើរការ​នេះ​ចេះ​តែ​បន្ត ខ្ញុំ​ក៏​អាច​និយាយ​ពិភាក្សា​អំពី​បញ្ហា​នេះ។

ខ្ញុំ​គិត​ថា​ពេលវេលា​មួយ​ដែល​លេចធ្លោ​នៅ​ចុង​បញ្ចប់​នោះ គឺ​នៅ​ពេល នួន ជា ដែល​ជា​ជន​ជាប់​ចោទ​មួយ​រូប ជា​បង​ធំ​ទី​ពីរ​របស់​ខ្មែរ​ក្រហម នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ បន្ទាប់​ពី ប៉ុល ពត បាន​ចូល​មក​និយាយ​ក្នុង​បន្ទប់​សវនាការ។ ខ្ញុំ​ត្រេកអរ​ដែល​បាន​ឭ​សំឡេង​គាត់ ព្រោះ​គាត់​មិន​បាន​និយាយ​អ្វី​នោះ​ទេ។ ខ្ញុំ​ជឿជាក់​យ៉ាង​ខ្លាំង​ថា​ មេធាវី​ការពារ​ជន​ជាប់​ចោទ​គួរ​តែ​និយាយ​ឲ្យ​ច្បាស់​លាស់។ ពួកគេ​គួរ​តែ​និយាយ​ពី​សំអាង​របស់​ពួកគេ​ឲ្យ​បាន​ច្បាស់លាស់។ គាត់​បាន​ស្ងាត់ស្ងៀម​មិន​និយាយ​មួយ​រយៈ​ហើយ។ ប៉ុន្តែ​ពេល​នេះ​ គាត់​ឡើង​មក​ក្នុង​សវនាការ។ ខ្ញុំ​មាន​ការ​សប្បាយ​ចិត្ត​សម្រាប់​រឿង​នេះ។ នោះ​ហើយ ជា​ពេលវេលា​មួយ​ដែល​ខ្ញុំ​ឲ្យ​តម្លៃ​បំផុត។

នួន ជា​ បង​ធំ​ទី២ ក្នុង​របប​ខ្មែរ​ក្រហម សម្តែង​ការ​សោកស្តាយ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​របប​ខ្មែរ​ក្រហម។
នួន ជា​ បង​ធំ​ទី២ ក្នុង​របប​ខ្មែរ​ក្រហម សម្តែង​ការ​សោកស្តាយ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​របប​ខ្មែរ​ក្រហម។

​​នួន ជា មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​សក្ខីកម្ម​ដែល​លោក​បាន​ផ្តល់​ទៅ​លើ​ការ​ប្រើ​ពាក្យ​ថា​យួន។ តើ​លោក​គិត​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ពេល​នោះ?

ខ្ញុំ​មិន​អាច​ដឹង​អំពី​ចិត្ត​របស់​គាត់​ទេ។​ មាន​តែ​គាត់​ទេ​ដែល​ដឹង​ចិត្ត​ខ្លួន​ឯង។ ខ្ញុំ​គ្រាន់​តែ​អាច​ឭ​ពាក្យ​សម្តី​របស់​គាត់​តែ​ប៉ុណ្ណោះ។​ ដូច្នេះ នោះ​គឺជា​មូលដ្ឋាន​ដែល​ខ្ញុំ​ត្រូវ​សន្មត់។ គាត់​មិន​បាន​ធ្វើ​ការ​សុំ​អភ័យទោស​ទេ។ គាត់​និយាយ​ពន្យល់​ទៅ​វិញ។ គាត់​គួរ​តែ​ធ្វើ​អញ្ចឹង​ហើយ។​ គាត់​គួរ​បង្ហាញ​ការការពារ​ខ្លួន។ នេះ​ហើយ​ជា​អ្វី​ដែល​យើង​ចង់​ឭ។ វា​គឺជា​ការ​ពិភាក្សា​មួយ​ដែល​ខ្ញុំ​កំពុង​ជជែក​ជាមួយ​ក្រុម​មេធាវី​ការពារ​ចុងចោទ ដែល​បាន​សួរ​ថា​តើ​ការ​ប្រើ​ពាក្យ​យួន​នៅ​ក្នុង​បរិបទ​ខ្មែរ​ក្រហម​ជា​ពាក្យ​បណ្តាល​ឲ្យ​មាន​ការ​ស្អប់​ខ្ពើម​ឬ​ទេ។ ខ្ញុំ​បាន​បង្ហាញ​ដោយ​ផ្អែក​លើ​ការ​ចុះ​សិក្សា​របស់​ខ្ញុំ និង​បទ​ពិសោធន៍​របស់​អ្នក​ដែល​នៅ​ស្រុក​កំពង់សៀម​ ជាមួយ​នឹង​ចំណេះដឹង​របស់​ខ្ញុំ​អំពី​ប្រទេស​កម្ពុជា ដោយ​សារ​ខ្ញុំ​បាន​មក​ទីនេះ​ជាច្រើន​លើក​ច្រើន​សារ ក៏​ដូច​ជា​ការ​ស្រាវជ្រាវ​ដែល​ខ្ញុំ​បាន​ធ្វើ។ ខ្ញុំ​បាន​លើក​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពេល​ខ្លះ​ពាក្យ​យួន​អាច​ប្រើ​ក្នុង​ន័យ​ដែល​មិន​មាន​បង្កប់​ន័យ​ញុះញង់​ និង​ការ​ស្អប់​ខ្ពើម ប៉ុន្តែ​ជានិច្ចកាល​វា​អាច​យក​មក​ប្រើ​ក្នុង​ពាក្យ​សម្តី​មនោគមន៍ ប្រើ​ដោយ​អ្នក​នយោបាយ​ដើម្បី​ផ្សព្វផ្សាយ​ជា​សារ​នៃ​ភាព​ស្អប់​ខ្ពើម។

បើ​និយាយ​នៅ​ក្នុង​បរិបទ​កម្ពុជា​ប្រជាធិបតេយ្យ សារ​នេះ​បង្កប់​ន័យ​ខ្លាំង​បំផុត។ វា​មាន​នៅ​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ការ​ផ្សាយ​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា​ ទាំង​នៅ​ក្នុង​វិទ្យុ និង​ការ​បោះពុម្ព​ផ្សាយ​ផ្សេងៗ​របស់​បក្ស។ វា​បង្ហាញ​ច្បាស់​ថា សារ​ទាំង​នេះ​គឺ​ការ​ញុះញង់​ឲ្យ​មាន​អំពើ​ប្រល័យ​ពូជសាសន៍។ ខ្ញុំ​និយាយ​ពី​ចំណុច​នេះ​ ហើយ​ខ្ញុំ​យល់​ថា​ចំពោះ​ក្រុម​មេធាវី​ការពារ​ជន​ជាប់​ចោទ ពួកគេ​ត្រូវ​តែ​ឆ្លើយតប​នឹង​បញ្ហា​នេះ។

ជាក់ស្តែង អ្វី​ដែល​បាន​កើត​ឡើង​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ នួន ជា បាន​ចេញ​មក អង្គុយ​លើ​កៅអី​កង់ ហើយ​បាន​និយាយ​ខ្លាំងៗ។ គាត់​ថា ប៉ុល ពត ប្រាប់​ឲ្យ​ប្រើ​ពាក្យ (យួន) ​នោះ។ ប៉ុន្តែ​គាត់​និយាយ​ថា​វា​មិន​មាន​បង្កប់​ន័យ​ស្អប់​ខ្ពើម​នោះ​ទេ។ ដូច្នេះ ខ្ញុំ​គោរព​អ្វី​ដែល​គាត់​បាន​និយាយ ប៉ុន្តែ​ខ្ញុំ​មិន​យល់ស្រប​នោះ​ទេ។ ខ្ញុំ​មាន​ឱកាស​ឆ្លើយតប​ទៅ​នឹង​បញ្ហា​នេះ​ និង​សំណួរ​ផ្សេង​ទៀត ហើយ​ខ្ញុំ​បាន​និយាយ​ថា​អ្វី​ដែល​សំខាន់​ខ្លាំង​នោះ​គឺ​យើង​គិត​ពិចារណា និង​ពិភាក្សា​អំពី​ការ​ប្រើ​ពាក្យ​ដូច​នេះ​នៅ​ក្នុង​សង្គម។ ខ្ញុំ​សង្ឃឹម​ថា​ការ​ពិភាក្សា​នោះ​អាច​បើក​ឲ្យ​មាន​ការ​ពិភាក្សា​មួយ​កាន់តែ​ទូលាយ​ថែម​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ជាពិសេស អំពី​អត្ថន័យ​នៃ​ការ​ប្រើ​ពាក្យ​មួយ ការ​សន្មត់ អារម្មណ៍​ខឹង​សម្បារ និង​ពេល​ខ្លះ ថែម​ទាំង​មាន​ការ​ស្អប់​ខ្ពើម ដែល​ភ្ជាប់​ជាមួយ​នឹង​ពាក្យ​នេះ។ ដូច្នេះ ខ្ញុំ​ត្រេកអរ ដែល​គាត់​បាន​លើក​រឿង​នេះ​ឡើង​ ទោះ​បី​ជា​គាត់​មិន​យល់ស្រប​នឹង​ខ្ញុំ​ក៏​ដោយ។ ប៉ុន្តែ វា​ច្បាស់​ណាស់​ ដូច​ដែល​ខ្ញុំ​បាន​និយាយ​ពេល​ចុង​បញ្ចប់​ជាមួយ​គាត់ គឺ​ការ​ប្រើ​ពាក្យ​យួន​នៅ​ក្នុង​បរិបទ​របស់​កម្ពុជា​ប្រជាធិបតេយ្យ​ គឺ​ជា​ការ​ញុះញង់​ឲ្យ​កើត​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ក្រុម​ជនជាតិ​វៀតណាម​យ៉ាងច្បាស់​ណាស់។

តើ​លោក​យល់​យ៉ាង​ណាចំពោះ​ក្រុម​មេធាវី​ការពារ​របស់ នួន ជា ដែល​ដឹកនាំ​ដោយ​លោក​ វិចទ័រ កុបប៉េ (Victor Koppe)? ប្រសិន​បើ​ប្រៀប​ធៀប​ ទៅ​នឹង​ក្រុម​មេធាវី​ការពារ ខៀវ​ សំផន​តើ​មាន​ភាព​យុត្តិធម៌​ត្រឹមត្រូវ​ឬ​ទេ នៅ​ពេល​ពួកគេ​ចោទ​សួរ​លោក?

ក្រុម​មេធាវី​ការពារ​ចុង​ចោទ​ស្ថិត​ក្នុង​តួនាទី​ដ៏​លំបាក​មួយ។ មាន​ភស្តុតាង​ច្រើន​សន្ធឹកសន្ធាប់​ណាស់ ប្រឆាំង​នឹង​កូន​ក្តី​របស់​ពួកគេ។ ពួកគេ​យល់​ថា ការ​បង្ហាញ​ពី​សំអាង​របស់​ពួកគេ​មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​គ្រប់គ្រាន់​នោះ​ទេ។ ដូច្នេះ ខ្ញុំ​យល់​ថា ក្នុង​នាម​ជា​មេធាវី​ការពារ​ជន​ជាប់​ចោទ ពួកគេ​ត្រូវ​ខំ​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ការពារ​សិទ្ធិ​របស់​ជន​ជាប់​ចោទ។

មេធាវី​ខ្លះ​ប្រើ​វិធី​កាត់​បង្អាក់។ (មេធាវី​បារាំង​ដែល​បាន​ស្លាប់​នោះ)​ ហ្សាក់ វែរហ្សេ (Jacques Verges) ជា​មេធាវី​តំណាង​ឲ្យ ខៀវ សំផន គឺ​ជា​អ្នក​នាំ​ប្រើ​វិធី​បង្អាក់​នេះ​មុន​គេ។ ពួកគេ​នឹក​រក​វិធី​បង្អាក់ និង​សួរ​ពី​នីតិវិធី​ច្បាប់​គ្រប់​ពេល​នៃ​សវនាការ។ នេះ​ជា​យុទ្ធសាស្រ្ត​ទូទៅ​មួយ។ ជា​ប្រភេទ​យុទ្ធសាស្រ្ត​កាត់​បង្អាក់​តាម​ផ្លូវ​ច្បាប់។ មេធាវី​ផ្សេង​ទៀត ប្រកាន់​ខ្ជាប់​តាម​គោលការណ៍​ច្បាប់ និង​បទបញ្ញត្តិ​នានា ហើយ​ធ្វើ​ការ​ជំទាស់​តវ៉ា​ក្តី​តាម​វិធី​នោះ។ ដូច្នេះ ក្រុម​មេធាវី​ទាំង​ពីរ​នេះ​ មាន​យុទ្ធសាស្រ្ត​ខុសៗ​គ្នា។

ខ្ញុំ​គិត​ថា​វិធីសាស្រ្ត​របស់​លោក កុបប៉េ ជា​វិធី​កាត់​បង្អាក់​ខ្លាំង។ គាត់​ប្រហែល​ជា​ព្យាយាម​ក្រឡុក​អ្នក​កំពុង​ផ្តល់​សក្ខីកម្ម ប្រសិន​បើ​សក្ខីកម្ម​នោះ​ដាក់​បន្ទុក​លើ​កូន​ក្តី​របស់​គាត់ ហើយ​ខ្ញុំ​គិត​ថា​សក្ខីកម្ម​ដែល​ខ្ញុំ​បាន​ផ្តល់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​ជនជាតិ​ចាម និង​វៀតណាម នៅ​តំបន់​៤១ នៃ​ភូមិ​ភាគ​កណ្តាល​នោះ​ គឺ​ជា​សក្ខីកម្ម​ដាក់​បន្ទុក។ ដូច្នេះ ទោះ​បី​ជា​គាត់​ព្យាយាម​វាយ​ប្រហារ​លើ​ការ​អះអាង​របស់​ខ្ញុំ​តាម​វិធី​ផ្សេងៗ​ក៏​ដោយ នោះ​គឺ​ជា​អ្វី​ដែល​គាត់​គួរ​តែ​ធ្វើ។ ខ្ញុំ​នឹង​ទុក​ឲ្យ​អ្នក​ផ្សេង​ជា អ្នក​កាត់​ក្តី​ទៅ​ចុះ ទោះ​ជា​ពេល​ខ្លះ​គាត់​ដូច​ជា​ជ្រុល​បន្តិច​ក៏ដោយ ប៉ុន្តែ​ដូចខ្ញុំ​បាន​និយាយ​អញ្ចឹង ខ្ញុំ​គោរព​នូវ​អ្វី​ដែល​គាត់​ព្យាយាម​ធ្វើ​ដើម្បី​ការពារ​កូន​ក្តី​របស់​គាត់។ គាត់​គួរ​តែ​បំពេញ​តួនាទី​របស់​គាត់​ឲ្យ​អស់​ពី​លទ្ធភាព។

ក្រុម​មេធាវី​ការពារ ខៀវ​ សំផន ក៏​ដូច​គ្នា​ដែរ។ ពួកគេ​ត្រូវ​តែ​ធ្វើ​ការ​ឲ្យ​ខ្លាំង ទោះ​បី​ជា​ខ្ញុំ​មាន​ទំនុក​ចិត្តចំពោះ​សក្ខីកម្ម​របស់​ខ្ញុំ​ដែល​កើត​ឡើង​ក្នុង​ពេល​ដំណើរការ​នោះ​ក្តី។ នេះ​បង្ហាញ​ថា​ការ​ប្រើ​ពាក្យ​យួន បាន​បង្កប់​ន័យ​ស្អប់​ខ្ពើម ហើយ​វា​ក៏​ច្បាស់​ណាស់​ដែរ​ចំពោះ​រឿង​ដែល​មាន​អំពើ​ប្រល័យ​ពូជ​សាសន៍​ប្រឆាំង​នឹង​ជនជាតិ​ចាម។ ខ្ញុំ​គិត​ថា​ពួកគេ​ត្រូវ​តែ​និយាយ​ពី​អំណះអំណាង​របស់​ខ្លួន និង​មាន​សិទ្ធិ​ការពារ​កូន​ក្តី​របស់​ខ្លួន។​ ហើយ​ពួកគេ​គួរ​តែ​ធ្វើ​ដូច្នេះ​ឲ្យ​អស់​ពី​លទ្ធភាព​របស់​គេ។

លោក​បាន​និយាយ​អំពី​ឈ្មោះ​យាយ យុត ជា​ច្រើន​ដង​នៅ​ក្នុង​ការ​ផ្តល់​សក្ខីកម្ម​របស់​លោក។ តើ​គាត់​មាន​ពាក់ព័ន្ធ​អ្វី​នឹង​ករណី​ប្រល័យ​ពូជសាសន៍​នេះ?

នៅ​អំឡុង​ពេល​នោះ កន្លែង​សម្លាប់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​វត្ត​ភ្នំ​ប្រុស​ភ្នំ​ស្រី​ដែល​ជា​វត្ត​ល្បី​មួយ​នៅ​ក្នុង​ខេត្ត​កំពង់ចាម ហើយ​ពួកគេ​បាន​កែ​ប្រែ​ទៅ​ជា​មន្ទីរ​សន្តិសុខ​ ដែល​មាន​មនុស្ស​ជាង​១០.០០០ ប្រហែល​ជា​ជាង​១២.០០០នាក់​ត្រូវ​គេ​សម្លាប់។ មនុស្ស​ជាច្រើន​បាន​ស្លាប់​នៅ​ទី​នោះ។ មាន​កន្លែង​ផ្សេង​ទៀត​ដែរ​ ដូច​ជា​នៅ​ទួលវែង។

ប៉ុន្តែ​នៅ​ឆ្នាំ១៩៧៧ ក្រោយ​ពី កុយ ធួន​ និង​បក្ខ​ពួក​ត្រូវ​បាន​សម្លាប់​នោះ ​សោកនាដកម្ម​ក៏​បាន​មក​ដល់​កំពង់សៀម។ កម្មាភិបាល​ក្នុង​ស្រុក​ ត្រូវ​បាន​ចោទ​ថា​ជាប់​ពាក់ព័ន្ធ​នឹង កុយ ធួន និង​ខ្សែ​របស់​គាត់ ហើយ​ត្រូវ​ជំនួស​ដោយ​ពួក​កម្មាភិបាល​មក​ពី​និរតី។ មនុស្ស​ជាច្រើន​ប្រាប់​ខ្ញុំ​ថា យាយ យុត​ មក​ពី​និរតី។​ គាត់​ក្លាយ​ជា​គណៈស្រុក។​ មាន​ស្រ្តី​ម្នាក់​នៅ​ក្រោម​គាត់ ឈ្មោះ រ៉ុម ដែល​ជា​គណៈឃុំ​ក្រឡា​ ហើយ​ខ្ញុំ​បាន​ឭ​រឿងរ៉ាវ​ជាច្រើន​អំពី​ពួក​គាត់។ មាន​រឿង​មួយ​នោះ គឺ​ថា យាយ​យុត​កាចសាហាវ​ណាស់ រហូត​សុខ​ចិត្ត​សម្លាប់​ប្តី​របស់​គាត់ ដើម្បី​បង្ហាញ​ថា​កាត់​លះ​បង់​អ្វីៗ​ទាំង​អស់​ដើម្បី​បក្ស។

ខ្ញុំ​សូម​បញ្ជាក់​ថា​ពួកគេ​ទាំង​ពីរ​នាក់​ជាប់​ពាក់ព័ន្ធ​នឹង​កម្មាភិបាល​ផ្សេងៗ​មក​ពី​ខាង​និរតី ហើយ តា អាន (ជន​ជាប់​សង្ស័យ​ក្នុង​ករណី០០៣) ក៏​នៅ​ទី​នោះ​ដែរ។ គាត់​គឺ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ពី​លើ​យាយ យុត។ ប៉ុន្តែ មាន​សោកនាដកម្ម​ជាច្រើន​បាន​កើត​ឡើង​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​យាយ យុត រួម​មាន​ទាំង​ការ​សម្លាប់​ មិន​មែន​តែ​ជនជាតិ​ភាគ​តិច​ចាម​ដែល​ត្រូវ​បាន​សម្លាប់​អស់​យ៉ាង​ច្រើន​នៅ​ស្រុក​កំពង់សៀម​នោះ​ទេ ប៉ុន្តែ មាន «ប្រជាជន​ថ្មី» និស្សិត អ្នក​ប្រាជ្ញ អ្នក​មក​ពី​ទីក្រុង​ដែល​ពួក​ខ្មែរ​ក្រហម​យល់​ថា​ជា​ពួក​មាន​និន្នាកា​មូលធន​និយម ឬ​កម្មសិទ្ធិ​សួន​តួ មាន​គំនិត​ប្រឆាំង​បដិវត្តន៍។ នៅ​ពេល​នោះ ខ្មែរ​ក្រហម​គិត​ថា​ ប្រជាជន​ប្រហែល​ជា​អាច​ដុស​ខាត់​ស្មារតី​របស់​ខ្លួន ប្រើ​ប្រយោគ​របស់​ពួកគេ និង​បន្សុទ្ធ​ខ្លួន​ឯង​ពី​អ្វី​ដែល​ពួកគេ​ហៅ​ថា «ធាតុ​មិន​ស្អាត​ស្អំ»។ ប៉ុន្តែ នៅ​ចុង​ឆ្នាំ១៩៧៦ និង​ជា​ពិសេស​នៅ​ក្នុង​ឆ្នាំ១៩៧៧ ប្រជាជន​ទាំង​នេះ​ត្រូវ​បាន​ជាប់​សង្ស័យ​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​យើង​បាន​ឃើញ​រឿង​អាក្រក់​កើត​ឡើង​នៅ​កំពង់ចាម​ដែល​កើត​មាន​ការ​សម្លាប់​រង្គាល។

យាយ យុត​ ស្ថិត​នៅ​ផ្ទះ​របស់​គាត់​កាលពី​ឆ្នាំ២០០០។
យាយ យុត​ ស្ថិត​នៅ​ផ្ទះ​របស់​គាត់​កាលពី​ឆ្នាំ២០០០។

ខ្ញុំ​បាន​និយាយ​អំពី​យាយ យុត ច្រើន​ដង ដោយសារ​គាត់​ជា​តំណាង​ដែល​អ្នក​នៅ​ក្នុង​តំបន់​នោះ​ស្គាល់​ គឺ​គាត់​និង​កម្មាភិបាល​ផ្សេង​ទៀត​ដូច​ជា រ៉ុម ត្រូវ​បាន​ស្គាល់​ថា​ជា​មនុស្ស​កាចសាហាវ ហើយ​ប្រជាជន​មាន​ការ​ភ័យ​ខ្លាច។ ខ្ញុំ​មិន​អាច​ប្រាប់​អ្នក​ឲ្យ​ចំ​បាន​ទេ​នូវ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​មន្ទីរ​សន្តិសុខ​របស់​យាយ យុត។ ប៉ុន្តែ ខ្ញុំ​អាច​ប្រាប់​បាន​ថា​រឿង​ទាំង​នោះ​ក៏​តំណាង​ពេល​វេលា​ដ៏​រន្ធត់ ក្នុង​ជីវិត​របស់​ប្រជាជន​ នៅ​ពេល​ដែល​ពួកគេ​កាន់​តែ​ភ័យ​ខ្លាច​ខ្លាំង​ឡើងៗ។ ជីវិត​ក៏​កាន់​តែ​លំបាក​ខ្លាំង​ដែរ។ ប្រជាជន​ជាច្រើន​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់ ហើយ​នេះ​ជា​ការ​សម្លាប់​រង្គាល ទ្រង់ទ្រាយ​ដ៏​ធំ​មួយ​នៅ​ក្នុង​ដំណើរការ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា។

នៅ​អំឡុង​ពេល​ធ្វើ​សក្ខីកម្ម​នោះ​ លោក​បាន​និយាយ​អំពី​ប្រលោម​លោក​សម័យ​ខ្មែរ​ក្រហម ដាំ ផេង។ តើ​លោក​អាច​ពន្យល់​បាន​ទេ​ថា​ហេតុ​អ្វី?

រឿង ដាំ ផេង នេះ មាន​និយាយ​នៅ​ក្នុង​ទស្សនាវដ្តី​ខ្មែរ​ក្រហម យុវជន​បដិវត្តន៍។ មាន​សំណៅ​មួយ​បោះពុម្ព​នៅ​ឆ្នាំ១៩៧៣ ប៉ុន្តែ រឿង​នោះ​គេ​គិត​ថា​ជា​រឿង​ជំរុញ​បំផុស​ទឹក​ចិត្ត ឧទាហរណ៍ មាន​ការ​សម្តែង​ផ្សេងៗ​ធ្វើ​ឡើង​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ប្រជាជន​បាន​និយាយ​អំពី​ការ​ចងចាំ​របស់​គេ​ចំពោះ​រឿង​នេះ។ ខ្ញុំ​ជឿ​ថា​លោក ឆាំង យុ ជា​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ក៏​មាន​កំណត់ត្រា​នេះ​ដែរ ដោយ​សារ​គាត់​បាន​និយាយ​ពី​រឿង​នេះ​ដែរ។

ការ​សម្តែង​របស់​ខ្មែរ​ក្រហម​នៅ​សាល​ចតុមុខ​ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​ប្រតិភូ​រូម៉ានី ក្នុង​ខែសីហា ឆ្នាំ១៩៧៨។
ការ​សម្តែង​របស់​ខ្មែរ​ក្រហម​នៅ​សាល​ចតុមុខ​ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​ប្រតិភូ​រូម៉ានី ក្នុង​ខែសីហា ឆ្នាំ១៩៧៨។

វា​គឺជា​រឿង​ព្រេង​និយាយ​អំពី​យុវជន​ខ្មែរ​ដែល​កើត​ចេញ​ពី​គ្រួសារ​ក្រីក្រ​មួយ​នៅ​ជនបទ បាន ​ទៅ​រៀន​នៅ​ភ្នំពេញ​ និង​ទី​បំផុត​បាន​ជាប់​ជំពាក់​នឹង​សារ​របស់​ខ្មែរ​ក្រហម។ សារ​របស់​ពួកគេ ស្តី​អំពី​ការ​គាប​សង្កត់​លើ​វណ្ណៈ​ នៅ​ពេល​សង្គ្រាម​កំពុង​កើត​ឡើង​នៅ​ប្រទេស​ជាប់​គ្នា​នោះ គឺ​វៀតណាម ដែល​បាន​លាន់​ខ្ទរ​ដល់​ប្រទេស​កម្ពុជា។ ដូច្នេះ​រឿង ដាំ ផេង និយាយ​អំពី​ការ​ចាប់ផ្តើម​ធ្វើ​បដិវត្តន៍​របស់​ដាំ ផេង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ចក្រពត្តិ​អាមេរិក ប្រឆាំង​នឹង​ការ​គាបសង្កត់​លើ​វណ្ណៈ ហើយ​នៅ​ក្នុង​រឿង​នេះ ដាំ ផេង បាន​សង្ខេប​អំពី​គុណ​សម្បត្តិ​របស់​បដិវត្តន៍​ដ៏​ល្អ ដែល​មាន​មនសិការ​បរិសុទ្ធ​ស្អាតស្អំ ដែល​ត្រៀម​ប្រយុទ្ធ​ដោយ​ឥត​ស្ទាក់​ស្ទើរ។ ខ្ញុំ​មិន​ចាំ​ថា​រឿង​នោះ​ចប់​ឆ្នាំ​ណា​ទេ។ នៅ​រង្វង់​ចុង​ទសវត្សរ៍​ឆ្នាំ៦០ ដាំ ផេង ត្រូវ​ចាប់​ខ្លួន ​រង​ការ​ធ្វើ​ទារុណកម្ម ប៉ុន្តែ ទោះ​យ៉ាង​ណា​ក៏​គាត់​មិន​ព្រម​ចុះ​ចាញ់ មិន​និយាយ​ពី​បក្ខ​ពួក​របស់​គាត់ ហើយ​នៅ​ទី​បញ្ចប់ ក្រោយ​ពី​ត្រូវ​រង​ទារុណកម្ម​ គាត់​បាន​សរសេរ​កំណាព្យ​មួយ​ដោយ​ឈាម​របស់​គាត់​នៅ​លើ​ជញ្ជាំង​គុក​នោះ មុន​ពេល​គាត់​ស្លាប់។

ដូច​ខ្ញុំ​បាន​និយាយ​អញ្ចឹង រឿង​នេះ​ប្រហែល​ជា​រឿង​ល្បី​មួយ​ដែល​ប្រើ​ជា​សារ​មនោគមន៍​វិជ្ជា​របស់​ខ្មែរ​ក្រហម​សម្រាប់​ជួយ​ដល់​ការ​ឃោសនា​របស់​ពួកគេ។ ប៉ុន្តែ ខ្ញុំ​និយាយ​ជាមួយ​មនុស្ស​ម្នាក់​ដែល​និយាយ​ថា ដាំ​ ផេង គឺ​ជា​មនុស្ស​ពិត។ ខ្ញុំ​ជឿ​ថា​រឿង​នេះ ត្រូវ​បាន​លើក​ឡើង​នៅ​អំឡុង​ពេល​នៃ​សវនាការ​របស់​ឌុច (ករណី០០១) ហើយ​ត្រូវ​បាន​គេ​យល់​ថា​ជា​តួអង្គ​ឆ្នើម​មួយ​រូប។ គេ​យល់​ថា អ្នក​និពន្ធ​នោះ​គឺ​ប្រហែល​ជា នួន​ ជា ឬ ប៉ុល ពត ដែល​បាន​សរសេរ​រឿង​នេះ​ដាក់​ក្នុង​ទស្សនាវដ្តី។ យើង​មិន​ដឹង​ទេ។ ប្រហែល​ជា​ថ្ងៃ​ណា​មួយ នួន​ ជា អាច​បញ្ជាក់​ពី​រឿង​នេះ​បាន។ ខ្ញុំ​សង្ឃឹម​ថា​គាត់​ធ្វើ​ដូច្នេះ ប៉ុន្តែ យើង​មិន​ដឹង​ទេ។ ប៉ុន្តែ ដាំ​ ផេង គឺ​ជា​តួអង្គ​មួយ​តំណាង​ឲ្យ​ ផ្នត់​គំនិត​របស់​ខ្មែរ​ក្រហម និង​បង្រៀន​យើង​ច្រើន​អំពី​ផ្នត់​គំនិត​របស់​ខ្មែរ​ក្រហម។

តើ​កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែល​ត្រូវ​កាត់​ទោស​ក្នុង​ករណី​០០១​របស់​តុលាការ​នេះ​មាន​អ្វី​ជាប់​ពាក់ព័ន្ធ​នឹង​ករណី០០២?

ឌុច បាន​ផ្តល់​ភស្តុតាង​យ៉ាង​ច្រើន ដែល​បង្ហាញ​ថា​ នួន ជា​ជាប់​បទឧក្រិដ្ឋ​ ដោយ​សារ ឌុច ដាក់ នួន ជា ឲ្យ​គ្រប់គ្រង​ផ្ទាល់​លើ​ស-២១ ក្រោយ​ពី សុន សេន ទៅ​វាយ​ជាមួយ​វៀតណាម នៅ​ពាក់​កណ្តាល​ឆ្នាំ១៩៧៧ រហូត​ដល់​ចុង​ឆ្នាំ​នោះ។ សក្ខីកម្ម​ដំបូង​របស់ ឌុច ទៅ​លើ​បញ្ហា​នេះ ត្រូវ​វាយ​ប្រហារ​ដោយ​ក្រុម​មេធាវី​ការពារ​ជន​ជាប់​ចោទ។ ពួកគេ​គ្រាន់​ធ្វើ​តាម​តួនាទី​របស់​គេ​តែ​ប៉ុណ្ណោះ។ នោះ​ជា​អ្វី​ដែល​ពួកគេ​គួរ​ធ្វើ។ ប៉ុន្តែ ប្រសិន​បើ​រឿង​នោះ​បង្ហាញ​ឲ្យ​ឃើញ​ដូច​អ្វី​ដែល​ទំនង​ជា​ការ​ពិត​នោះ វា​មិន​ល្អ​ទាល់​តែ​សោះ ចំពោះ​ករណី​មេធាវី​ការពារ នួន ជា ពី​ព្រោះ​វា​នាំ​ឲ្យ នួន ជា ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ទៅ​នឹង​អំពើ​ហិង្សា ការ​សម្លាប់ និង​ទារុណកម្ម ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ និង​ថែម​ទាំង​ឧក្រិដ្ឋកម្ម​សង្រ្គាម​ដែល​កើត​ឡើង​នៅ​ស-២១។ ដូច្នេះ ឌុច ជា​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​គិត​ថា​អាច​នឹង​មក​បំភ្លឺ​ម្តង​ទៀត និង​ផ្តល់​ភស្តុតាង​ដាក់​បន្ទុក​ខ្លាំង​ប្រឆាំង​នឹង នួន ជា ជា​អ្នក​ដែល​គាត់​ឆ្លើយឆ្លង​ជាមួយ​ញឹកញាប់​ក្នុង​អំឡុង​ពេល​កម្ពុជា​ប្រជាធិបតេយ្យ។

កាំង ហ្កេកអ៊ាវ ហៅ ឌុច សំពះ​នៅ​ក្នុង​តុលារ​ ក្នុង​ពេល​សវនាការ​ក្នុង​សាលា​ឧទ្ធរណ៍​របស់​គាត់​ កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២។
កាំង ហ្កេកអ៊ាវ ហៅ ឌុច សំពះ​នៅ​ក្នុង​តុលារ​ ក្នុង​ពេល​សវនាការ​ក្នុង​សាលា​ឧទ្ធរណ៍​របស់​គាត់​ កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២។

ហេតុ​អ្វី​បាន​ជា​នៅ​តុលាការ លោក​ធ្វើ​សម្បថ​សច្ចា​ប្រណិធាន​តាម​ព្រះ​ពុទ្ធ​សាសនា?

ក្នុង​នាម​ជា​នរវិទូ​ម្នាក់ និង​ជា​អ្នក​ទេសចរណ៍​នៅ​កម្ពុជា ខ្ញុំ​ចង់​ផ្តល់​កិត្តិយស និង​គោរព​ចំពោះ​ប្រពៃណី​របស់​កម្ពុជា ហើយ​នៅ​ខាង​កម្ពុជា​នៅ​ក្នុង​តុលាការ​នេះ ប្រជាជន​ផ្តល់​ការ​គោរព​ធ្វើ​សម្បថ​នៅ​មុខ​លោក​តា​ដំបង​ដែក​ ហើយ​ខ្ញុំ​គិត​ថា​វា​សំខាន់​ក្នុង​ការ​គោរព​តាម​ប្រពៃណី ដែល​មាន​នៅ​ក្នុង​ប្រទេស​នេះ។ តាម​ពិត ខ្ញុំ​គិត​ថា វា​អាច​ជា​រឿង​ល្អ ប្រសិន​បើ​មនុស្ស​គ្រប់​គ្នា​ត្រូវ​ស្បថ​ចំពោះ​អ្នក​តា។ វា​ជា​សម្បថ​ដ៏​ខ្លាំង​មួយ។ ប្រហែល​ជា​មនុស្ស​ខ្លាច​នឹង​ការ​ស្បថ​សច្ចា​ប្រណិធាន​មុខ​អ្នក​តា។ ប៉ុន្តែ ខ្ញុំ​ត្រេកអរ​ដែល​បាន​ស្បថ​ដូច្នេះ ហើយ​ខ្ញុំ​បាន​គិត​ពី​អ្នក​តា នៅ​ពេល​ខ្ញុំ​ធ្វើ​សក្ខីកម្ម។ ខ្ញុំ​បាន​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​រក្សា​ពាក្យ​សម្បថ​ដែល​ខ្ញុំ​បាន​ស្បថ​ចំពោះ​គាត់ និង​នៅ​ក្នុង​តុលាការ​ផង​ដែរ។

តើ​លោក​គិត​ថា​នៅ​ពេល​អនាគត តុលាការ​ព្រហ្មទណ្ឌ​អង្គការ​សហប្រជាជាតិ​ គួរ​តែ​មាន​ដើម​បណ្ដឹង​រដ្ឋប្បវេណី ដូច​តុលាការ​ខ្មែរ​ក្រហម​នេះ​ដែរ​ឬ​ទេ?

តុលាការ​នេះ​ពិសេស​ណាស់​ដែល​មាន​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ជា​តំណាង​ ឲ្យ​មាន​សំឡេង​ប្រជាជន​ចូលរួម។​ មាន​នៅ​ក្នុង​សវនាការ​របស់ ឌុច និង​ថែម​ទាំង​មុន​សំណុំ​រឿង​ក្តី​ចាប់​ផ្តើម និង​មុន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង។ មាន​ការ​ពិភាក្សា​ខ្លះៗ​អំពី​ថា​តើ​វា​មាន​ន័យ​អ្វី​ខ្លះ​ចំពោះ​ជន​រង​គ្រោះ​ដែល​ត្រូវ​មាន​សំឡេង និង​បញ្ចេញ​សំឡេង​នៅ​ក្នុង​តុលាការ។ ឧទាហរណ៍ ថា​តើ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ម្នាក់​អាច​ឡើង​សួរ​សំណួរ​ទៅ​ជន​សង្ស័យ​បាន ឬ​ធ្វើ​បណ្តឹង​ដោយ​ខ្លួន​ឯង​បាន​ដែរ​ឬ​ទេ។

ដោយ​សារ​តែ​មាន​ភាព​ស្មុគស្មាញ​ខ្លាំង និង​មាន​ដើម​បណ្តឹង​រដ្ឋប្បវេណី​ច្រើន​ ក៏​ក្លាយ​ជា​ប្រព័ន្ធ​ចូល​គ្នា​មួយ​ដែល​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មាន​មេធាវី និង​មាន​សហមេធាវី​នាំ​មុខ។ ខ្ញុំ​យល់​ រឿង​នេះ។ ម្យ៉ាង​វិញ​ទៀត ដើម្បី​ឲ្យ​ដំណើរការ​ល្អ​ ចាំបាច់​ត្រូវ​មាន​រចនាសម្ព័ន្ធ​បែប​នេះ។ ប៉ុន្តែ ក៏​មាន​បញ្ហា​ដែរ​ ដោយ​សារ​តែ​សំឡេង​របស់​ជន​រងគ្រោះ​ត្រូវ​បាន​ទុក​ចោល​ក្នុង​កម្រិត​ណា​មួយ។ នៅ​ពេល​ខ្ញុំ​នៅ​ក្នុង​បន្ទប់​សវនាការ ខ្ញុំ​សម្លឹង​មើល​ទៅ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​អង្គុយ​នៅ​ក្នុង​បន្ទប់ នៅ​ទល់​មុខ​បន្ទប់​អូឌីយ៉ូ​វីដេអូ ប៉ុន្តែ​ពួកគេ​មិន​បាន​និយាយ​អ្វី​ទាំងអស់។

ខ្ញុំ​ចង់​បញ្ជាក់​ថា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ពិត​ជា​បាន​និយាយ​នៅ​តុលាការ។ វា​ជា​រឿង​សំខាន់​ដែល​យើង​ត្រូវ​ដឹង និង​ត្រូវ​ទទួល​ស្គាល់។ ពួកគេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​ប្រាប់​រឿង​របស់​ពួកគេ។ មិនមែន​គ្រប់​គ្នា​បាន​និយាយ​ទាំង​អស់​នោះ​ទេ។ មាន​មនុស្ស​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​បាន​និយាយ។ ប៉ុន្តែ ប្រសិន​បើ​អ្នក​ប្រៀប​ធៀប​តុលាការ​នេះ​ ទៅ​នឹង​តុលាការ​ផ្សេង​ដូច​ជា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​របស់​អតីត​ប្រទេស​យូហ្គោស្លាវី និង​រវ៉ាន់ដា ខ្ញុំ​គិត​ថា តុលាការ​នេះ​បាន​ជួយ​ឲ្យ​មនុស្សម្នា​បញ្ចេញ​នូវ​យោបល់​របស់​ខ្លួន។ ខ្ញុំ​គិត​ថា ការ​សំខាន់​គឺ​មើល​ត្រឡប់​ទៅ​ក្រោយ និង​គិត​ពី​វិធី​ដែល​យើង​អាច​ពង្រឹង​សំឡេង​របស់​ជន​រងគ្រោះ​ឲ្យ​កាន់​តែ​ខ្លាំង។

ជន​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​តវ៉ា​នៅ​ខាង​ក្រៅ​តុលាការ ដើម្បី​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​តុលាការ កាលពី​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤។
ជន​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​តវ៉ា​នៅ​ខាង​ក្រៅ​តុលាការ ដើម្បី​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​តុលាការ កាលពី​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤។

តើ​លោក​យល់​ថា​មេធាវី​បរទេស​នៅ​តុលាការ​នេះ មាន​ការ​យល់​ដឹង​អំពី​វប្បធម៌​របស់​អ្នក​រងគ្រោះ​ឬ​ទេ?

ខ្ញុំ​គិត​ថា​មិន​អាច​និយាយ​ជា​រួម​ទូទៅ​បាន​ទេ។ ខ្ញុំ​សង្ឃឹម​ថា​មេធាវី​ទាំង​អស់​គោរព​ប្រពៃណី​ខ្មែរ និង​ទំនៀម​ទម្លាប់ខ្មែរ។ ជាពិសេស នៅ​ប្រទេស​កម្ពុជា ប្រសិន​បើ​អ្នក​មិន​និយាយ​ភាសាខ្មែរ ​វា​កាន់​តែ​ពិបាក។ អ្នក​មិន​សូវ​យល់​ពី​រឿង​ដែល​កើត​ឡើង​ជុំវិញ​ខ្លួន​អ្នក​នោះ​ទេ។ ប្រហែល​ជា​តុលាការ​កូន​កាត់​អន្តរជាតិ​ទាំង​អស់ គួរ​តែ​មាន ការ​បណ្តុះ​បណ្តាល​អំពី​វប្បធម៌។ ខ្ញុំ​គិត​ថា​អាច​ជា​រឿង​ល្អ​ចំពោះ​គ្រប់​គ្នា។ នេះ​អាច​ជា​មេរៀន​មួយ​ពី​តុលាការ​ដែល​នៅ​ពេល​អនាគត​តុលាការ​ផ្សេងៗ​ប្រហែល​ជា​អាច​ធ្វើ​ដូច្នេះ។

ទាក់ទង​នឹង​រឿង​នេះ ខ្ញុំ​បាន​និយាយ​ជាមួយ​បុគ្គលិក​អន្តរជាតិ​ជាច្រើន​នៅ​តុលាការ ដែល​យល់​ដឹង​អំពី​វប្បធម៌ និង​ចង់​ធ្វើ​តាម​ការ​យល់​ឃើញ​របស់​អ្នក​ស្រុក ជំនឿ​ក្នុង​ស្រុក។ មាន​អ្នក​ធ្វើ​ដូច្នេះ។ ចំពោះ​អ្នក​ទាំង​នោះ ខ្ញុំ​សង្ឃឹម​ថា​ពួកគេ​នឹង​ព្យាយាម​ធ្វើ​ការ​កែ​លម្អ​ការ​ប្រតិបត្តិ​របស់​ពួកគេ។ គ្មាន​អ្វី​ល្អ​ឥតខ្ចោះ​នោះទេ ប៉ុន្តែ ប្រហែល​ជា​មាន​មេរៀន​ដែល​យើង​ត្រូវ​រៀន៕

XS
SM
MD
LG