រដ្ឋសភាវៀតណាមបានជ្រើសតាំងមន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ឲ្យក្លាយជាប្រធានាធិបតីបន្ទាប់ ខណៈដែលប្រទេសកុម្មុយនិស្តមួយនេះកំពុងឆ្លងកាត់អន្តរកាលនយោបាយរបស់ខ្លួន ដែលគេនឹងឃើញមាន នាយករដ្ឋមន្ត្រីថ្មីត្រូវគេជ្រើសរើសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ក្រុមសមាជិកសភាវៀតណាមបានដាក់ឈ្មោះ Tran Dai Quang សម្រាប់ប្រធានាធិបតី ដែលជាមុខតំណែងសម្រាប់បំពេញពិធីការមួយភាគធំនៅថ្ងៃសៅរ៍នេះ។ មុខតំណែងនេះបានធ្វើឲ្យលោក Tran Dai Quang ក្លាយជាមន្ត្រីមានឋានៈលំដាប់ខ្ពស់បំផុតទី២ក្នុងប្រទេស គឺក្នុងឋានៈជាប្រមុខរដ្ឋនិងមេបញ្ជាការយោធាកំពូល។
ការប្រឈមមុខថ្មីរបស់លោក Tran Dai Quang រួមមានបញ្ហាជម្លោះសមុទ្រ ចិនខាងត្បូងជាមួយប្រទេសចិន ហើយលោកបានប្តេជ្ញាលើកកំពស់មុខមាត់ របស់ប្រទេសក្នុងឆាកសហគមន៍អន្តរជាតិផងដែរ។
នេះជាពេលវេលាដែលនយោបាយវៀតណាមមានការផ្លាស់ប្តូរនៅពេលដែល មានមន្ត្រីជាន់ខ្ពស់របស់ប្រទេសជាច្រើនបានចូលនិវត្តរ៍។ វៀតណាមកំពុងរៀបចំ ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីសរអា បារ៉ាក់ អូបាម៉ាក្នុងខែឩសភា ផងដែរ។