អ្នកស្រី ម៉ែន សុគន្ធា មានទឹកមុខស្រងូតស្រងាត់ នៅពេលក្រុមអ្នកសិក្សាស្រាវជ្រាវមកពីអង្គការសង្គមស៊ីវិលចំនួនបី ធ្វើការបង្ហាញពីរបាយការណ៍ស៊ើបអង្កេតមួយដែលនិយាយអំពីផលប៉ះពាល់សហគមន៍សេដ្ឋកិច្ច និងវប្បធម៌នៃប្រជាពលរដ្ឋជនជាតិដើមភាគតិច ដែលបង្កដោយការអនុវត្តគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនប៊ិញហ្វឿកក្រចេះរ៉ាប់ប៊ើ១ ខមភើនី លីមីធីត (Benh Hoeurk Kratie Rubber 1 Company Limited) នៅក្នុងខេត្តមណ្ឌលគិរី។
អ្នកស្រីជាតំណាងសហគមន៍ជនជាតិដើមភាគតិចព្នង នៅភូមិចក់ចារ នៃឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ សហគមន៍អ្នកស្រី កំពុងមានវិវាទលើដីទំនាស់ទំហំ១៥០០ហិកតា ជាមួយក្រុមហ៊ុនវៀតណាមនេះ។
បន្ទាប់ពីស្ដាប់ការបង្ហាញរបាយការណ៍ដែលបានធ្វើឡើងនៅឯការិយាល័យកណ្ដាលនៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជាកាលពីថ្ងៃសុក្រនោះមក អ្នកស្រីបានរៀបរាប់ប្រាប់ VOA ពីផលប៉ះពាល់ដែលបានកើតឡើងនៅក្នុងភូមិចក់ចារយ៉ាងដូច្នេះថា៖
«ពិបាកវេទនាដូចថា គេកាប់ ដើមជ័រពួកខ្ញុំអស់ហ្នឹង។ ឥឡូវគ្មានមុខរបរអីរកស៊ីទេ កាប់ដើមជ័រហើយឈូសដីទៀត។ ឥឡូវសព្វថ្ងៃនេះ ពួកខ្ញុំលំបាកមែនទែន រកស្អី។ ទោះបីអំបិល ប្រហុក ប៊ីចេង ក៏ពិបាកដែរឥឡូវ។ ឥឡូវដូចថា ឃើញគ្មានមុខរបរអីរកស៊ីហ្នឹង ឃើញចុងៗឈើគេហ្នឹងកាប់ចោល ដែលសេសសល់ទុកក្រុមហ៊ុនហ្នឹង រើសកាប់កំណាត់យកទៅលក់ហ្នឹងគេចាប់ទៀត»។
ប្រជាពលរដ្ឋចំនួន១៨០គ្រួសារ បានចាប់ផ្ដើមមានទំនាស់ដីធ្លីទំហំ ១៥០០ហិកតាមួយ ក្រុមហ៊ុន ប៊ិញហ្វឿក ក្រចេះរ៉ាប់ប៊ឺ ១ ខមភើនី លីមីធីត តាំងពីខែធ្នូ ឆ្នាំ២០១២។ នេះបើយោងទៅតាមរបាយការណ៍ស៊ើបអង្កេតផលប៉ះពាល់គម្រោងអភិវឌ្ឍន៍ក្រុមហ៊ុន ប៊ិញហ្វឿក ក្រចេះ រ៉ាប់ប៊ឺ ១ ខមភើនី លីមីធីត។
ក្នុងអំឡុងពេលនោះ ក្រុមហ៊ុនបានយកគ្រឿងចក្រជាច្រើនគ្រឿង ទៅធ្វើផ្លូវ និងសង់ស្ពាន ដើម្បីកាប់ឈើនាំចេញ ដោយមានកម្មករប្រមាណ២០ ទៅ៣០នាក់។ ក្រុមហ៊ុន បានបន្តឈូសឆាយដីចម្ការវិលជុំ និងកាប់ដើមជ័រទឹក គឺដើមច្បោះរបស់សហគមន៍ជនជាតិដើមភាគតិចធ្វើជាកម្មសិទ្ធិរបស់ខ្លួន។
ប្រជាពលរដ្ឋបានប្រមូលគ្នាទៅតវ៉ានៅនឹងកន្លែងដីទំនាស់ ដើម្បីបញ្ឈប់សកម្មភាព គ្រឿងចក្ររបស់ក្រុមហ៊ុន និងដាក់បណ្តឹងទៅអាជ្ញាធរស្រុក ខេត្ត និងក្រសួងពាក់ព័ន្ធ ដើម្បីដោះស្រាយជូនពួកគាត់។
ក៏ប៉ុន្តែ មកទល់នឹងពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋជនជាតិដើមភាគតិច មិនទាន់ទទួលបានដំណោះស្រាយឡើយ បើទោះបីជាអាជ្ញាធរមានសមត្ថកិច្ចសម្រេចកាត់ដីទំហំ៣៧៥ហិកតា ចេញពីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនក៏ដោយ។
ការសម្រេចរបស់អាជ្ញាធរមានសមត្ថកិច្ចត្រូវបានធ្វើឡើងដោយមិនមានការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនោះទេ។
លោក ឯម សុភ័ក្រ្ត មន្ត្រីកម្មវិធីសិទ្ធិទទួលបានយុត្តិធម៌នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ហៅកាត់ថា CLEC ដែលបានចូលរួមការអង្កេតនៅក្នុងជម្លោះនេះថ្លែងថា អាជ្ញាធរមានសមត្ថកិច្ចពុំមានចេតនា នៅក្នុងការដោះស្រាយវិវាទនេះទេ ពីព្រោះសូម្បីតែទំហំដី៣៧៥ហិកតា ដែលបានកាត់ចេញមកនោះ ក៏អាជ្ញាធរមានសមត្ថកិច្ចមិនបង្ហាញឲ្យបានច្បាស់ទៅដល់ប្រជាពលរដ្ឋជនជាតិដើមភាគតិច ដែលរងផលប៉ះពាល់នោះបានដែរ។
«យើងឃើញថា ការដោះស្រាយទំនាស់របស់អាជ្ញាធរហ្នឹង មិនមានប្រសិទ្ធភាពទាល់តែសោះ តាំងពីដីរបស់ពួកគាត់មានរហូតដល់២០០០ ឬ១៥០០ហិកតា រហូតដល់ឥឡូវនៅសល់៣៧៥ហិកតា នៅសល់តែតួលេខទេ»។
របាយការណ៍ស៊ើបអង្កេតផលប៉ះពាល់គម្រោងអភិវឌ្ឍន៍ក្រុមហ៊ុន ប៊ិញហ្វឿក ក្រចេះ រ៉ាប់ប៊ឺ ១ ខមភើនី លីមីធីត បានឲ្យដឹងបន្ថែមថា ក្រុមហ៊ុន ប៊ិញហ្វឿក ក្រចេះរ៉ាប់ប៊ឺ ១ ខមភើនី លីមីធីត បានទទួលដីសម្បទានសេដ្ឋកិច្ចទំហំ ៥១០០ហិកតា តែក្រុមហ៊ុនពុំទាន់បានពាក្យសុំចុះបញ្ជីដីរដ្ឋ និងមិនទាន់ចុះបញ្ជីសិទ្ធិសម្បទានដីសេដ្ឋកិច្ចនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅឡើយទេ រហូតមកដល់ខែឧសភា ឆ្នាំ ២០១៥។
នៅពេលទំនាស់មិនទាន់បានដោះស្រាយជាមួយប្រជាពលរដ្ឋជនជាតិដើមភាគតិច ក្រុមហ៊ុននេះ បានអនុវត្តគម្រោងរបស់ខ្លួនដាំកៅស៊ូសម្រេចបានស្ទើរតែ ១០០% នៃផ្ទៃដី៥១០០ហិកតានេះ។
ក្រុមហ៊ុននេះកាលពីដើមឡើយ ទទួលបានដីសម្បទានសេដ្ឋកិច្ចទំហំ ១០០០០ ហិកតានៅក្នុងឆ្នាំ២០១២ តែត្រូវរដ្ឋាភិបាលកាត់បន្ថយបន្តបន្ទាប់មកនៅត្រឹមទំហំ ៥១០០ហិកតាវិញ។
ដីទំនាស់ទំហំ១៥០០ ហិកតា ដែលប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង កំពុងមានវិវាទជាមួយក្រុមហ៊ុននេះ គឺស្ថិតក្នុងដីទំហំ ៥.១០០ហិកតានេះ។ ទំនាស់នេះក៏បានឈានដល់ការឃាត់ខ្លួននៃអ្នកតំណាងប្រជាពលរដ្ឋចំនួនបីនាក់ផងដែរ តាមអំណាចរបស់តុលាការ។ តែពួកគេត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ។
VOA មិនទាន់អាចទាក់ទងលោក អ៊ាង សុផល្លែត អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទេ តាំងពីថ្ងៃសុក្រ រហូតមកដល់ថ្ងៃសៅរ៍ក្នុងសប្ដាហ៍នេះ ដើម្បីសុំការបញ្ជាក់ពីភាពស្របច្បាប់របស់ក្រុមហ៊ុន ប៊ិញហ្វឿក ក្រចេះរ៉ាប់ប៊ឺ ១ ខមភើនី លីមីធីត នៅក្នុងការប្រើប្រាស់ដីសម្បទានសេដ្ឋកិច្ចរបស់ខ្លួន។
VOA ក៏ពុំទាន់អាចទាក់ទងលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងតំណាងក្រុមហ៊ុនបានដែរ។
ជម្លោះដីធ្លីនៅក្នុងភូមិចក់ចារ នៃខេត្តមណ្ឌលគីរីនេះ គឺស្ថិតនៅក្នុងជម្លោះដីធ្លីចំនួន១២ ករណី ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងទៅតាមការបញ្ជាក់ពីមន្ត្រីនៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា។
លោក តឹក វណ្ណរ៉ា នាយកប្រតិបត្តិនៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ថ្លែងថា ក្រុមសង្គមស៊ីវិលមានគម្រោងនឹងស្នើទៅរដ្ឋាភិបាល ដើម្បីរកដំណោះស្រាយដល់ជម្លោះដីធ្លីខាងលើនេះ។
«អញ្ចឹងយើងមាន គម្រោងសរសេរសំបុត្រ ហើយរៀបចំឯកសារទាំងអស់ហ្នឹងជូនដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីសុំជួបដាច់ដោយឡែក ក្នុងការពិភាក្សា ហើយនិងជូនទៅសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីសម្ដេចគាត់ដឹង គាត់អាចចាត់ទាក់ទងក្រុមការងារក្នុងការចុះស៊ើបអង្កេតបន្ថែម ហើយជួយអន្តរាគមន៍នៅក្នុងការដោះស្រាយទៅលើករណីមួយៗ»។
យ៉ាងណាក៏ដោយ ប្រមុខរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងកាលពីចុងខែកុម្ភៈថា ជម្លោះដីធ្លីនៅក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ច បានបញ្ចប់ទៅស្ទើរតែទាំងអស់ ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកយកមកវិញផ្ទៃដីជិត១លានហិកតា ពីដីសម្បទានសេដ្ឋកិច្ចទំហំសរុបជាង២លានហិកតា ដែលបានជួលទៅឲ្យក្រុមហ៊ុនឯកជន។
អ្នកស្រី ម៉ែន សុគន្ធា និយាយថា ប្រជាពលរដ្ឋជនជាតិដើមភាគតិច នៅក្នុងភូមិចក់ចារ ចង់ឃើញរដ្ឋាភិបាលចុះបញ្ជីដីទំហំ ១៥០០ហិកតា ជាដីសមូហភាពជនជាតិដើមភាគតិចឲ្យបានឆាប់ ដើម្បីបានប័ណ្ណកម្មសិទ្ធិ។
អ្នកស្រីបន្តថា ប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅក្នុងភូមិចក់ចារ នៅពេលនេះពុំមានក្ដីសង្ឃឹមក្នុងការប្រកបរបរទទួលទាននោះទេ ពីព្រោះដើមជ័រនៅក្នុងភូមិត្រូវក្រុមហ៊ុនកាប់ចោលអស់ទៅហើយ។
របាយការណ៍ស៊ើបអង្កេតផលប៉ះពាល់គម្រោងអភិវឌ្ឍន៍ក្រុមហ៊ុន ប៊ិញហ្វឿក ក្រចេះ រ៉ាប់ប៊ឺ ១ ខមភើនី លីមីធីត បានបញ្ជាក់ថា ការបាត់បង់ដើមជ័រទឹក ឬច្បោះនេះ បានធ្វើឲ្យប្រជាពលរដ្ឋជនជាតិដើមភាគតិច បាត់បង់ចំណូលក្នុងមួយគ្រួសារប្រមាណ ៣០០ដុល្លារអាមេរិកក្នុងមួយខែ៕