មន្ត្រីការទូតកំពូលរបស់អាមេរិកកាលពីថ្ងៃពុធ បានជួបជាមួយដៃគូចិនរបស់ខ្លួនសម្រាប់កិច្ចប្រជុំដែលនឹងផ្តោតយ៉ាងខ្លាំងទៅលើប្រទេសកូរ៉េខាងជើង បន្ទាប់ពីនិស្សិតអាមេរិកម្នាក់ដែលត្រូវបានចាប់ឃុំខ្លួននៅកូរ៉េខាងជើង បានស្លាប់កាលពីដើមសប្តាហ៍នេះ។
លោក Rex Tillerson រដ្ឋមន្ត្រីការបរទេសអាមេរិកនិងលោក Jim Mattis រដ្ឋមន្ត្រីក្រសួងការពារប្រទេសរបស់អាមេរិកបានបើកកិច្ចប្រជុំជាមួយនឹងទីប្រឹក្សារដ្ឋរបស់ចិនលោកYang Jiechi និងលោក Fang Fenghui ឧត្តមសេនីយ៍ចិនដែលកូរ៉េខាងជើងគោរព។ នេះបើយោងតាមលោកស្រី Susan Thornton មន្ត្រីការទូតជាន់ខ្ពស់របស់អាមេរិកទទួលបន្ទុកអាស៊ីខាងកើត។
លោកស្រីបានថ្លែងថា «យើងបន្តជំរុញឲ្យចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កូរ៉េខាងជើង ដោយរួមទាំងការអនុវត្តឲ្យបានពេញលេញនូវទណ្ឌកម្មទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ»។
ជាមួយនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង លោកស្រី Thornton បាននិយាយថា មន្ត្រីការទូតទាំងអស់ក៏នឹងពិភាក្សាអំពីការសាងសង់កោះសិប្បនិម្មិតរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូង ដែលបានបង្កឲ្យមានបញ្ហាជាមួយនឹងអាមេរិកនិងប្រទេសជិតខាងរបស់ចិន សហប្រតិបត្តិការយោធារវាងអាមេរិកនិងចិន និងការប្រយុទ្ធនឹងក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរីផងដែរ៕