ក្រោយពីជួបសំណេះសំណាលជាមួយក្រុមអ្នកគាំទ្រព្រះអង្គ នៅក្នុងខេត្ត កំពង់ចាមកាលពីថ្ងៃអាទិត្យ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធានគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិច និងជានាយករដ្ឋមន្ត្រីទី១ ចង់ឃើញ កូរ៉េខាងជើងនិងប្រទេសមហាអំណាចនានា មានភាពស្មើគ្នាចំពោះសិទ្ធិដែលត្រូវមាន ឬគ្មានអាវុធនុយក្លេអ៊ែរ។
ព្រះអង្គមានបន្ទូលដូច្នេះក្នុងពេលអង្គការសហប្រជាជាតិ និងមហាអំណាច ហើយសហរដ្ឋអាមេរិក បន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងការបាញ់សាកល្បងអាវុធប្រល័យលោករបស់ក្រុងព្យុងយ៉ាងក្ដី។
«ថ្វីត្បិតតែគាត់បាញ់ អារឿងបាញ់នេះ ខ្ញុំសូមជម្រាបថាហេតុអ្វីបានជា អាមេរិកាំង កូរ៉េខាងត្បូង ហើយនិងជប៉ុនមាន ហើយគាត់កូរ៉េខាងជើង អត់មាន វាមិនត្រូវ។ បើមាន មានទាំងអស់គ្នា បើអត់ ត្រូវអត់ទាំងអស់គ្នា»។
ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរប្រល័យលោករបស់ខ្លួនជារឿយៗ ហើយគំរាមធ្វើសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តក្នុងតំបន់មួយចំនួន ដែលធ្វើឲ្យអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិថ្កោលទោសចំពោះអាវុធប្រល័យលោកដ៏ខ្លាំងក្លានេះ។
ឆ្លើយតបនឹងសកម្មភាពគឃ្លើនរបស់កូរ៉េខាងជើងភ្លាមៗ សហរដ្ឋអាមេរិកបានបញ្ជូនកងនាវាចម្បាំងរបស់ខ្លួន ចូលមកក្នុងដែនទឹកឧបទ្វីបកូរ៉េ។
ថ្មីៗនេះ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិមានបន្ទូលប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថាបើប្រទេសចិនដោះស្រាយបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើងមិនបាន ព្រះអង្គនឹងនិយាយជាមួយកូរ៉េខាងជើង ដើម្បីធ្វើយ៉ាងណាមិនឲ្យមានការផ្ទុះសង្គ្រាមនុយក្លេអ៊ែរ ។
ក្នុងពេលកូរ៉េខាងជើងបង្កើនការសាកល្បងអាវុធនុយក្លេអ៊ែរ ហើយប្រទេសចិនជាមហាអំណាចពិភពលោកមួយ មិនទាន់អាចដោះស្រាយចេញនោះ ព្រះអង្គហាក់ដូចជាបង្ហាញពីសុទិដ្ឋិនិយម មិនច្បាស់លាស់មួយ ទោះបីជាព្រះអង្គ បានបង្ហាញព្រះទ័យព្យាយាមពិភាក្សាជាមួយ មេដឹកនាំកូរ៉េខាងជើងនៅពេលព្រះអង្គយាងទៅបំពេញទស្សនកិច្ច ក្នុងប្រទេសកូរ៉េខាងជើងនៅខែកក្កដាខាងមុខក្តី។
«បញ្ហានេះប្រសិនបើប្រទេសធំមួយគឺ ប្រទេសចិនដែលជាមិត្តជិតស្និទ្ធរបស់កូរ៉េខាងជើង ដោះស្រាយបញ្ហានេះមិនរួចទេ យើងជាខ្មែរដូចជាពិបាក»។
ព្រះអង្គបានដាក់គម្រោងការយាងទៅបំពេញទស្សនកិច្ចក្នុងប្រទេសកូរ៉េខាងជើងនៅខែកក្កដាខាងមុខ ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ថ្ងៃទី៤ ខែមិថុនា ដែលព្រះអង្គ កំពុងមមាញឹកក្នុងការចុះមូលដ្ឋានដើម្បីឃោសនារកសំឡេងឆ្នោត។
ព្រះអង្គបានជួបជាមួយប្រេសិតពិសេសរបស់កូរ៉េខាងជើងគឺលោក ម៉ា ជុលស៊ូ (Mar Chol Su) ដែលបានបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា កាលពីខែមុន ដើម្បីរៀបចំ ដំណើរទស្សនកិច្ចព្រះអង្គក្នុងនាមគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិច។
គោលបំណងនេះ ត្រូវគេរាយការណ៍ថា គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគណបក្សពលករកូរ៉េខាងជើង និងមួយផ្នែកទៀត ព្រះអង្គក៏មានព្រះទ័យចូលរួមជួយបញ្ចៀសសង្គ្រាមនុយក្លេអ៊ែរក្នុងតំបន់ផងដែរ។
ទោះបីជាមានការបង្កើនការសាកល្បងនុយក្លេអ៊ែរ និងលទ្ធភាពនៃសង្គ្រាមជាមួយសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង មិនទាន់ថមថយក្តី ពលករខ្មែរជាច្រើនដែលកំពុងធ្វើការនៅជិតព្រំដែនកូរ៉េខាងជើងបានថ្លែងប្រាប់ VOAថា ពួកគេហាក់ដូចជាគ្មានក្តីបារម្ភខ្លាំងក្លាពេកទេ ដោយសារតែការគំរាមបែបនោះបានកើតឡើងជារឿយៗ ក្រៅពីបញ្ជាក់ពីទំនុកចិត្តដល់រដ្ឋាភិបាលកូរ៉េខាងត្បូង។
លោក ហែម សំបូរ អាយុ៤៧ឆ្នាំ ដែលកំពុងធ្វើការជាពលករខ្មែរផ្នែកគ្រឿងអេឡិចត្រូនិកនៅចម្ងាយ៥០គីឡូម៉ែត្រពីព្រំដែនកូរ៉េខាងជើង បានថ្លែងថា លោកមិនសូវបារម្ភទេ ដោយសារលោកសម្ដែងការទុកចិត្តលើប្រព័ន្ធការពាររបស់កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក។
«នៅកូរ៉េនេះខ្ញុំគិតថា ជម្លោះគ្នាប្រទេសនឹងប្រទេសដូចជាមិនសូវបារម្ភដូចនៅស្រុកខ្មែរពីព្រោះថា យើងអ្នកធ្វើការគិតតែធ្វើការទៅ អ្នកការពារ គេការពារផ្សេង។ អញ្ចឹងអត់ព្រួយទេ វាខុសពីស្រុកខ្មែរ បើថាបាញ់គ្នាអញ្ចឹង ប្រជាជនពិបាករកស៊ី។ តែនៅកូរ៉េ(ខាងត្បូង) នេះជារឿងធម្មតា»។
លោកបន្ថែមថា ក្រុមហ៊ុនហាក់ដូចជាមិនបានប្រាប់ពីរឿងគំរាមកំហែងរបស់កូរ៉េខាងជើងទេ តែលោកថាបើច្បាប់គេឲ្យទៅផ្ទះវិញ លោកនឹងទៅវិញដែរ។
លោក ហែម សំបូរ មានស្រុកកំណើតនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ ហើយនៅធ្វើការនៅកូរ៉េ១១ឆ្នាំមកហើយ ដើម្បីចិញ្ចឹមកូន៥នាក់ និងទ្រទ្រង់ជីវភាពគ្រួសារ។
ចំណែកលោក ឃីម គឿន អាយុ៣៦ឆ្នាំ រស់នៅស្រុក ពោធិ៍រៀង ខេត្តព្រៃវែង ក៏កំពុងធ្វើការនៅក្នុងរោងចក្រអេឡិចត្រូនិកមួយក្នុងប្រទេសកូរ៉េខាងត្បូង ជិតនឹងទល់ដែនកូរ៉េខាងជើង បានថ្លែងថា លោកមិនសូវបារម្ភប៉ុន្មានទេ ដោយសារ ជនជាតិកូរ៉េដូចជាអ្នកគ្រប់គ្រងរបស់លោកក៏មិនសូវបារម្ភដែរ នៅពេលលោកសួរនាំពីការចង់វាយប្រហារអាវុធនុយក្លេអ៊ែរនោះ។
«ជនជាតិកូរ៉េ គាត់ថា មិនបាច់គិតទេរឿងហ្នឹង។ គាត់ថាកូនគាត់ និងឪពុកម្ដាយគាត់ក៏នៅទីនេះទាំងអស់គ្នាដែរ ខំតែធ្វើការទៅបានហើយ ព្រោះអីនៅទីនេះ (ប្រទេសកូរ៉េខាងត្បូង) គាត់ថាថ្នាក់ដឹកនាំប្រទេសខាងលើគេចេះដោះស្រាយហើយគ្នាគេៗចេះនិយាយគ្នាហើយ មិនបាច់បារម្ភទេ។ យើងខំតែធ្វើការទៅ»។
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលបានយាងចូលមកដឹកនាំគណបក្សហ៊្វុនស៊ីនប៉ិចវិញកាលពីចុងឆ្នាំ២០១៥ គឺជាបុត្រារបស់សម្ដេចឪ ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ ដែលគេស្គាល់ថា ជាមិត្តដ៏ជិតស្និទ្ធរបស់ មេដឹកនាំកូរ៉េខាងជើងជាច្រើនជំនាន់ ជាពិសេសលោក សេនាប្រមុខ គីម អ៊ីលស៊ុង តាំងពីទសវត្សរ៍១៩៧០។
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មានបន្ទូលទៀតថាប្រទេសកូរ៉េខាងជើង និង សហរដ្ឋអាមេរិក ទំនងជាអាចបន្ធូរបន្ថយភាពតានតឹងបានដោយសារលោកប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងមានទំនោរ ខិតទៅរកការជួបចរចាគ្នា។
កាលពីខែមុន ប្រទេសកូរ៉េខាងជើងតាមរយៈស្ថានទូតរបស់ខ្លួនក្នុងប្រទេសកម្ពុជា ក៏បានអំពាវនាវឲ្យប្រទេសកម្ពុជានិងអាស៊ានជួយដោះស្រាយបញ្ហាភាពតានតឹងរឿងអាវុធនុយក្លេអ៊ែរនេះផងដែរ៕