ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានគម្រោងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃអង្គារនេះ ដើម្បីឆ្លើយតបទៅនឹងការសាកល្បងការបាញ់គ្រាប់មីស៊ីលចុងក្រោយបង្អស់របស់កូរ៉េខាងជើង។
បេសកកម្មរបស់អ៊ុយរ៉ាហ្គាយប្រចាំនៅអង្គការសហប្រជាជាតិបានឲ្យដឹងថា កិច្ចប្រជុំនេះត្រូវបានស្នើសុំដោយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។
យោធារដ្ឋាភិបាលក្រុងសេអ៊ូលបានឲ្យដឹងថា មីស៊ីលនោះត្រូវបានបាញ់កាលពីរសៀលថ្ងៃអាទិត្យ ពីខេត្ត Pyeongan និងហោះបានចម្ងាយប្រមាណ៥០០គីឡូម៉ែត្រ មុនពេលវាធ្លាក់ចុះទៅក្នុងសមុទ្រជប៉ុន។ វាគឺជាការសាកល្បងគ្រាប់មីស៊ីលលើកទី២ហើយរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ក្នុងរយៈពេល១សប្តាហ៍នេះ ហើយគឺជាការធ្វើតេស្តលើកទី១០នៅក្នុងឆ្នាំនេះ។
សេចក្តីថ្លែងការណ៍មេយោធារួមគ្នាថ្មីមួយបានឲ្យដឹងថា «យោធារបស់យើងតាមដានយ៉ាងជិតស្និទ្ធទៅលើសញ្ញាណដែលបង្ករឿងបន្ថែមទៀត របស់យោធាកូរ៉េខាងជើង ហើយយើងត្រៀមយោធាពេញលេញរួចជាស្រេច»។
នៅក្នុងការឆ្លើយតបទៅនឹងការធ្វើតេស្តរបស់កូរ៉េខាងជើងកាលពីលើកមុនៗ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជូននាវាប្រយុទ្ធមួយគ្រឿងទៅកាន់ឧបទ្វីបកូរ៉េ ដើម្បីជាការព្រមានដល់របបកុម្មុយនិស្តមួយនេះ ឲ្យបញ្ចប់កម្មវិធីផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ប៉ុន្តែលោក Rex Tillerson រដ្ឋមន្ត្រីការបរទេសអាមេរិក បានបដិសេធលើគំនិតដែលថា សំពាធរបស់សហរដ្ឋអាមេរិកទៅលើកូរ៉េខាងជើងមិនមានប្រសិទ្ធភាព៕