ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលជាមហាសេដ្ឋីអចលន្យទ្រព្យម្នាក់ គេឃើញមានភាពស្រពិចស្រពិលច្រើនចំពោះគោលនយោបាយការបរទេសរបស់លោក ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ជាពិសេសក្រោយពេលដែលលោកបានប្រកាសពីគោលនយោបាយ “America First” ដែលផ្តល់អាទិភាពខ្ពស់លើបញ្ហាប្រឈមក្នុងសហរដ្ឋអាមេរិក និងការលុបចោលកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ហៅកាត់ថា (TPP) ដែលត្រូវបានផ្តួចផ្តើមដោយអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា។
គោលនយោបាយនេះ បានបង្កឲ្យមានការព្រួយបារម្ភមួយចំនួន ដែលថា សហរដ្ឋអាមេរិកនឹងផ្តាច់ខ្លួនកាន់តែឆ្ងាយពីសហគមន៍អាស៊ីអាគ្នេយ៍។ ក៏ប៉ុន្តែ លោកស្រី Patricia Mahoney ឧបការីរងស្តីទីនៃក្រសួងការបរទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ បានបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ ទទួលស្គាល់យ៉ាងមោះមុតថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) ពិតជាមានសារៈសំខាន់ដល់សហរដ្ឋអាមេរិក ទាំងផ្នែកសេដ្ឋកិច្ច និងសន្តិសុខ។
«វាសំខាន់ណាស់ ដែលពិភពលោកទាំងមូល ត្រូវដឹង [អំពីអាស៊ាន] ហើយនៅក្រសួងការបរទេស និងក្រោមរដ្ឋបាល [លោក ត្រាំ] អាស៊ានពិតជាមានសារៈសំខាន់។ អាស៊ានមានសារៈសំខាន់ក្នុងដោះស្រាយបញ្ហាសន្តិសុខ កសាងសន្តិភាព និងមានសារៈសំខាន់លើភាពរីកចម្រើននៅក្នុងតំបន់»។
លោកស្រី Mahoney បានលើកឡើងដូច្នេះ នៅក្នុងកិច្ចពិភាក្សាជាសាធារណៈមួយស្តីពី«ភាពជាដៃគូ៤០ឆ្នាំរវាងអាមេរិក និងអាស៊ាន» និង«ខួប៥០ឆ្នាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍» ដែលបានធ្វើឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ទី១៦កន្លងទៅនេះ។ កិច្ចពិភាក្សានេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវ East West Center ក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-អាស៊ាន (US-ASEAN Bussiness Council) និងវិទ្យាស្ថានស្រាវជ្រាវ ISEAS YUSOF ISHAK Institute ដែលស្ថាប័នទាំងបីនេះបានចេញរបាយការណ៍ថ្មីមួយស្តីអំពី «អាស៊ានមានសារៈសំខាន់ដល់អាមេរិក ហើយអាមេរិកមានសារៈសំខាន់ដល់អាស៊ាន» (ASEAN Matters for America/America Matters for ASEAN)។
លោក Alex Feldman ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-អាស៊ាន បានប្រាប់ VOA ថា គោលនយោបាយនេះមិនទាន់អាចយកទៅអនុវត្តជាផ្លូវការបាននៅឡើយទេ ពីព្រោះវាមិនទាន់ក្លាយជាច្បាប់នៅឡើយ។
លោក Feldman បានបញ្ជាក់ថា៖ «មានវោហាសាស្ត្រច្រើន ទាំងខាងអាមេរិក [ទាក់ទងនឹងគោលនយោបាយនេះ] ក៏ប៉ុន្តែ គោលនយោបាយនេះមិនមែនជាច្បាប់នោះទេ។ ហើយដរាបណាវាមិនទាន់ប្រែក្លាយជាច្បាប់ យើងមិនគួរព្រួយបារម្ភខ្លាំងពេកនោះទេ»។
រីឯ លោក Budi Bowoleksono ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំសហរដ្ឋអាមេរិក ដែលបានចូលរួមជាភ្ញៀវកិត្តិយសនៃកិច្ចពិភាក្សានេះ ក៏បានប្រាប់ VOA ថា គោលនយោបាយ America First របស់លោក ត្រាំ មិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ។
លោកបានលើកឡើងថា៖ «ខ្ញុំជឿថា គោលនយោបាយ America First នេះគឺជាអ្វី ដែលប្រទេសផ្សេងទៀតនឹងនិយាយដូចគ្នា។ ប៉ុន្តែ ជាថ្មីម្តងទៀត យើងមិនផ្តាច់ខ្លួនពីពិភពលោកនោះទេ។ យើងត្រូវការប្រទេសផ្សេងៗទៀត ដើម្បីធ្វើការជាមួយយើង។ ហើយខ្ញុំនៅតែជឿថា សហរដ្ឋអាមេរិកគឺជាអ្នកដើរតួសំខាន់មួយក្នុងពិភពលោក»។
ផលចំណេញខាងសេដ្ឋកិច្ចរវាងអាមេរិក និងអាស៊ាន
ភាពជាដៃគូខាងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងអាស៊ានក្នុងអំឡុងពេល៤០ឆ្នាំនេះ មានភាពរឹងមាំខ្លាំង និងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញនៅក្នុងកិច្ចពិភាក្សាអំពីភាពជាដៃគូ៤០ឆ្នាំរវាងអាស៊ាន និងអាមេរិកនេះ។ យោងតាមរបាយការណ៍ ASEAN Matters for America/America Matters for ASEAN តំបន់អាស៊ីអាគ្នេយ៍បានក្លាយជាសហគមន៍សេដ្ឋកិច្ចធំបង្អស់ទី៥នៅក្នុងពិភពលោក ដែលសកម្មភាពពាណិជ្ជកម្មនៅក្នុងតំបន់នេះក្នុងមួយឆ្នាំៗ មានតម្លៃលើសពី៥លានលានដុល្លារអាមេរិក។
ការនាំចេញផលិតផលអាមេរិកទៅកាន់បណ្តាប្រទេសអាស៊ានទាំង១០ក្នុងមួយឆ្នាំៗមានតម្លៃជាង១០០ពាន់លានដុល្លារដល់សេដ្ឋកិច្ចអាមេរិក ហើយបានបង្កើតការងារជាង២៥០.០០០ នៅក្នុងរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក។
លោក Joaquin Castro តំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋតិចសាស់ (Texas) បានថ្លែងនៅក្នុងកិច្ចសំណេះសំណាលក្រោយការពិភាក្សាភាពជាដៃគូរវាងអាមេរិក និងអាស៊ាននេះ ថា៖
«ទំនាក់ទំនងខាងសេដ្ឋកិច្ចរបស់យើងជាមួយអាស៊ាន គឺមានសារៈសំខាន់។ ហើយការនាំចេញរបស់អាមេរិកទៅកាន់អាស៊ាន បង្កើតការងារជាង៥៦០.០០០នៅក្នុងសហរដ្ឋអាមេរិក ដោយរួមទាំងការងារ៧៧.០០០ នៅក្នុងរដ្ឋតិចសាស់ ដែលជារដ្ឋកំណើតរបស់ខ្ញុំ»។
លោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី Bowoleksono ក៏បានសង្កត់ធ្ងន់ផងដែរថា៖ «ទីផ្សារអាស៊ានមានប្រជាជនដល់ទៅជាង៦០០លាននាក់ ដែលតួលេខនេះ ជាតួលេខមួយដែលអាមេរិកមិនអាចអើពើបានទេ។ ហើយឥឡូវ ក្រុមហ៊ុនពីបណ្តាប្រទេសអាស៊ានកាន់តែច្រើនឡើង កំពុងតែចូលមកកាន់សហរដ្ឋអាមេរិក ហើយបានបង្កើតការងារជាច្រើនបន្ថែមទៀត»។
ភារធារីនៃស្ថានទូតហ្វីលីពីនប្រចាំសហរដ្ឋអាមេរិក លោក Partick A. Chausoto ដែលបានចូលរួមជាភ្ញៀវកិត្តិយសក្នុងកិច្ចពិភាក្សានេះដែរ បានលើកឡើងថា ភាពដៃគូយុទ្ធសាស្ត្ររបស់អាមេរិក និងអាស៊ាន បានបង្កើតមាគ៌ាមួយដែលផ្សារភ្ជាប់ទំនាក់ទំនងអាមេរិក និងអាស៊ានលើគ្រប់វិស័យទាំងអស់។
លោក Chausoto បានថ្លែងប្រាប់ VOA ថា៖ «អាស៊ានមានសារៈសំខាន់សម្រាប់អាមេរិក ហើយអាមេរិកក៏មានសារៈសំខាន់សម្រាប់អាស៊ានដែរ ដោយសារតែចំណងទាក់ទងផ្នែកសេដ្ឋកិច្ច នយោបាយ និងសង្គម។ ហើយដោយសារតែយើងមានភាពជាដៃគូយុទ្ធសាស្ត្ររួចទៅហើយ នេះមានន័យថា យើងកំពុងតែរីកចម្រើនក្នុងកម្រិតប្រសើរឡើង»។
ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា សហរដ្ឋអាមេរិកបានធ្វើវិនិយោគទុនក្នុងតម្លៃជាទឹកប្រាក់២៥០លានដុល្លារ ហើយកម្ពុជាក៏បាននាំចេញផលិតផលសម្លៀកបំពាក់ទៅកាន់អាមេរិកក្នុងតម្លៃ៣០០០លានដុល្លារ។ នេះបើតាមការលើកឡើងរបស់លោកឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក លោក ជុំ ប៊ុនរ៉ុង ដែលបានចូលរួមក្នុងកិច្ចពិភាក្សានេះដែរ។
សន្តិសុខយោធាក្នុងតំបន់
មន្ត្រីរដ្ឋាភិបាលអាមេរិកនៅក្នុងកិច្ចពិភាក្សានេះ ក៏ទទួលស្គាល់ថា សហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោក ត្រាំ កាន់តែត្រូវការភាពជាដៃគូ និងសម្ព័ន្ធមិត្តកាន់តែស្អិតល្មួតជាមួយនឹងអាស៊ាន ស្របពេលដែលមានភាពតានតឹងនៅឧបទ្វីបកូរ៉េ ដោយសារតែការសាកល្បងគ្រាប់មីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើង និងបញ្ហាជម្លោះអធិបតេយ្យភាពនៅតំបន់សមុទ្រចិនខាងត្បូង។
ឧត្តមសេនីយ៍ឯក លោក Wallace C. Gregson Jr. និងជាអតីតឧបការីរដ្ឋមន្ត្រីការពារជាតិទទួលបន្ទុកផ្នែកសន្តិសុខតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រសួងការពារជាតិអាមេរិក បានមានប្រសាសន៍នៅក្នុងកិច្ចពិភាក្សានេះថា រដ្ឋបាលលោក ត្រាំ ត្រូវការយុទ្ធសាស្ត្រក្នុងតំបន់អាស៊ីមួយ ដើម្បីធានាថា សម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន អាចទុកចិត្តនឹងសមត្ថភាពរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
ឆ្លើយតបនឹងសំណួរថា តើអាស៊ានអាចជួយបានអ្វីខ្លះដល់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយភាពតានតឹងនៃអាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើង លោកឧត្តមសេនីយ៍ឯក Gregson បានលើកឡើងថា៖
«យើងត្រូវប្រឹក្សាយោបល់យ៉ាងប្រុងប្រយ័ត្នជាមួយនឹងសម្ព័ន្ធមិត្តរបស់យើង ដើម្បីកំណត់ថា តើវិធានការណាដែលចាំបាច់ក្នុងការធានាថា យើងមានឥទ្ធិពលដែលធ្វើឲ្យគេញញើត ឥទ្ធិពលដែលសំខាន់បំផុតនៅក្នុងស្មារតីរដ្ឋាភិបាល និងស្មារតីរបស់ប្រជាពលរដ្ឋនៃសម្ព័ន្ធមិត្តរបស់យើង ជាពិសេសបណ្តាប្រទេសអាស៊ានដែលមានទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយនឹងកូរ៉េខាងត្បូង និងជប៉ុន។ ដូច្នេះ[កូរ៉េខាងជើង] នឹងមិនអាចព្យាយាមប្រើប្រាស់សមត្ថភាព[នុយក្លេអ៊ែរ] របស់ខ្លួនបានទេ»។
លោកឧត្តមសេនីយ៍ឯក Gregson ក៏បានលើកឡើងអំពីវិធានការរបស់អាមេរិកជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួនជុំវិញភាពតានតឹងនៅសមុទ្រចិនខាងត្បូង ដែលប្រទេសចិនបានទាមទារស្ទើរតែទាំងអស់ ហើយបានកសាងកោះសិប្បនិម្មិត មូលដ្ឋានយោធា និងហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់នោះ។
លោកបានថ្លែងថា៖ «សម្ព័ន្ធមិត្តនិងដៃគូរបស់យើងចាំបាច់ត្រូវតែតទល់នឹងសកម្មភាពខុសច្បាប់នានានៅក្នុងសមុទ្ររបស់ពួកគេ ហើយនេះអាចជាកិច្ចខិតខំប្រឹងប្រែងខាងការទូតដ៏ខ្លាំងក្លា ក្នុងការបង្កើតប្រព័ន្ធមួយដើម្បីគ្រប់គ្រងធនធានក្នុងសមុទ្រ ដូចជាត្រីនិងធនធានរ៉ែដ៏មានតម្លៃជាច្រើន»។
មន្ត្រីរដ្ឋាភិបាលអាមេរិក ដែលបានចូលរួមក្នុងកិច្ចពិភាក្សានេះ ដូចជាលោក Denny Heck តំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ រំពឹងថា សហរដ្ឋអាមេរិកនៅក្រោមរដ្ឋបាលលោក ត្រាំ «នឹងបន្តពង្រឹងសម្ព័ន្ធភាពដ៏រឹងមាំជាមួយអាស៊ាន»។
មន្ត្រីអាមេរិក និងអ្នកជំនាញ ក៏បានយល់ឃើញថា ដំណើរទស្សនកិច្ចរបស់លោកអនុប្រធានាធិបតី Mike Pence ទៅកាន់ប្រទេសឥណ្ឌូនេស៊ីកាលពីខែមេសាកន្លងទៅ និងកិច្ចប្រជុំកំពូលរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson និងរដ្ឋមន្ត្រីការបរទេសអាស៊ានទាំង ១០ ជាសញ្ញាណវិជ្ជមាននៃសម្ព័ន្ធភាពរវាងអាស៊ាន និងអាមេរិក ក្រោមរដ្ឋបាលលោក ត្រាំ។
នៅខែវិច្ឆិកាខាងមុខនេះ លោកប្រធានាធិបតី ត្រាំ ត្រូវគេរំពឹងថា នឹងធ្វើដំណើរទៅកាន់តំបន់អាស៊ីអាគ្នេយ៍ជាលើកដំបូងបង្អស់របស់លោក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ឬ East Asia Summit នៅប្រទេសហ្វីលីពីន និងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC នៅប្រទេសវៀតណាមផងដែរ៕