ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​សុំ​ជំនួយ​​អត់​​ការងារ​នៅ​អាមេរិក​​នៅ​មាន​ចំនួន​ច្រើន ខណៈ​ក្រុមហ៊ុន​ធំៗ​​ខ្លះ​​ប្រកាស​​បញ្ឈប់​​បុគ្គលិក


រូបឯកសារ៖ ពលរដ្ឋអាមេរិកាំងរាប់រយនាក់ឈរតម្រង់ជួរខាងក្រៅមណ្ឌលការងារ Kentucky ដើម្បីស្នើសុំប្រាក់ជំនួយពេលអត់ការងារធ្វើ ក្នុងអំឡុងវិបត្តិជំងឺកូវិដ១៩ នៅទីក្រុង Frankfort រដ្ឋ Kentucky សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ ពលរដ្ឋអាមេរិកាំងរាប់រយនាក់ឈរតម្រង់ជួរខាងក្រៅមណ្ឌលការងារ Kentucky ដើម្បីស្នើសុំប្រាក់ជំនួយពេលអត់ការងារធ្វើ ក្នុងអំឡុងវិបត្តិជំងឺកូវិដ១៩ នៅទីក្រុង Frankfort រដ្ឋ Kentucky សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។

ក្រសួង​ការងារ​សហរដ្ឋ​អាមេរិក បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ពលរដ្ឋ​អាមេរិកាំងចំនួន​ ៨៣៧.០០០​ នាក់ បាន​ដាក់ពាក្យ​សុំ​ប្រាក់​ជំនួយ​ពេល​អត់​ការងារ​ធ្វើ កាល​ពី​សប្តាហ៍​មុន។ នេះ​ជា​តួលេខ​ប្រចាំ​សប្តាហ៍​មួយ ដែលហាក់​នៅ​នឹងនរតិច​ជាង ​៩០០.០០០ នាក់ ​ក៏​ប៉ុន្តែ​នៅ​តែ​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា​ ការ​រាតត្បាត​នៃជំងឺ​កូវីដ​១៩ បន្ត​ធ្វើ​ឲ្យ​ទីផ្សារ​ការងារ​អាមេរិក​ជួប​ប្រទះ​នឹង​បញ្ហា។

មនុស្ស​ជា​ច្រើន​លាន​នាក់​នៅ​តែ​គ្មាន​ការងារ​ធ្វើ។ អាត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​នៅសហរដ្ឋ​អាមេរិក មាន​ចំនួន ៨,១% នៅ​ពាក់​កណ្តាល​ខែ​កញ្ញា ហើយ​សេដ្ឋវិទូ​និយាយ​ថា ​តួលេខ​នេះ​អាច​នៅ​ខ្ពស់​ក្នុង​រយៈពេល​ជា​ច្រើន​ខែ​ទៀត។ ក្នុង​ចំណោម​ការងារ​ ២២ ​លាន ដែល​ត្រូវបាត់បង់​នៅសហរដ្ឋអាមេរិក​ដោយសារ​វិបត្តិជំងឺ​កូវីដ​១៩ ការងារ​ដែលត្រូវ​បង្កើត​ឡើង​វិញ​នោះ មាន​ចំនួន​ប្រហែល​ពាក់​កណ្តាល​តែ​ប៉ុណ្ណោះ ។

ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ធំ​ជាង​គេ​បង្អស់​ចំនួន ​២ គឺ​ក្រុមហ៊ុន​អាកាសចរណ៍ American Airlines និង United Airlines បាន​ប្រកាស​ថា ​ខ្លួន​នឹង​កាត់​បន្ថយ​បុគ្គលិក​សរុបប្រមាណ ៣២.០០០ នាក់ នៅ​ថ្ងៃ​ព្រហស្បតិ៍ លើកលែងតែ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក យល់ព្រម​ផ្តល់​ថវិកា​ជំនួយ​ថែមទៀត។ វិស័យ​អាកាសចរណ៍អាមេរិក បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​បុគ្គលិក​ចំនួន ២៥​ ពាន់​លាន​ដុល្លារ កាល​ពី​ខែ​មីនា នៅ​ពេល​ចាប់ផ្តើម​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ ដែល​នៅ​ពេល​នោះ​ មាន​ការ​ហាម​មិន​ឲ្យ​យន្តហោះ​ហោះហើរ ទាំង​ក្នុងស្រុក និង​ទាំង​ក្រៅប្រទេស។

ដោយ​នៅ​សល់​តែ ​៥ ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ មុននឹង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​និង​ជ្រើសរើស​អ្នកតាក់តែង​ច្បាប់​ថ្មីមកដល់ ទាំង​លោក​ប្រធានាធីបតី Donald Trump និង​អ្នក​តាក់តែង​ច្បាប់​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ ​មាន​ការ​ខ្វែង​គំនិត​គ្នា​ខាង​នយោបាយត​យ៉ាង​ខ្លាំង​ និង​មិនអាចឈានដល់​ការ​ឯកភាព​ណា​មួយ​ អំពី​ប្រាក់​ជំនួយ​ថ្មី​សម្រាប់​អ្នក​បាត់បង់​ការងារ​ទេ។​

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​លោក Steven Mnuchin និង​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ លោកស្រី Nancy Pelosi បាន​ចរចា​គ្នា​ក្នុង​សប្តាហ៍​នេះ ​និង​មាន​គម្រោង​ជួប​គ្នា​ម្តង​ទៀត​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ព្យាយាម​ចរចា​អំពី​ជំនួយ​ជុំ​ថ្មី​ សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩ ដែល​បាន​ជាប់​គាំង​ជា​យូរ​មក​ហើយ​នេះ។

ប៉ុន្តែ​គេ​មិន​ប្រាកដ​ថា ​តើ​ភាគី​ទាំង​សង​ខាង​អាច​ឈាន​ដល់​ការ​ឯកភាព​គ្នា​អំពី​ជំនួយ​ថ្មី​នេះឬ​ទេ​ នៅមុន​ពេល​សម័យ​ប្រជុំ​សភា​ត្រូវ​ផ្អាក​ ដើម្បី​ឲ្យ​អ្នក​តាក់តែង​ច្បាប់​អាច​ចុះ​ឃោសនា​បោះឆ្នោត​បាន៕

XS
SM
MD
LG