ក្រសួងការងារសហរដ្ឋអាមេរិក បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មានពលរដ្ឋអាមេរិកាំង១,២លាននាក់បន្ថែមទៀត បានដាក់ពាក់សុំជំនួយរដ្ឋពេលអត់ការងារធ្វើ កាលពីសប្តាហ៍មុន ខណៈដែលជំងឺរាតត្បាតកូវីដ១៩ បន្តបំផ្លិចបំផ្លាញសេដ្ឋកិច្ចសហរដ្ឋអាមេរិក។
តួលេខនេះ ជាតួលេខសប្តាហ៍ទី២០ជាប់ៗគ្នា ដែលមានចំនួនអ្នកសុំជំនួយរដ្ឋពេលអត់ការងារថ្មី មានលើសពីមួយលាននាក់។ ប៉ុន្តែចំនួនកាលពីសប្តាហ៍មុន ជាការថយចុះ មួយផ្នែកអាចដោយសារកម្មវិធីផ្តល់ជំនួយបន្ថែម៦០០ ដុល្លារក្នុងមួយសប្តាហ៍របស់រដ្ឋាភិបាលសហព័ន្ធអស់៤ខែមកនេះ បានបញ្ចប់ជាបណ្តោះអាសន្នកាលពីថ្ងៃសុក្រសប្តាហ៍មុន។
មកទល់នឹងពេលនេះ រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ និងគណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំងនៅក្នុងសភា មិនអាចឈានដល់ការឯកភាពគ្នាអំពីថា តើគួរបន្តជំនួយថវិកានេះដល់ពេលណា និងក្នុងចំនួនប៉ុន្មាន បន្ទាប់ពីខែកក្កដា។
អ្នកតាក់តែងច្បាប់គណបក្សប្រជាធិបតេយ្យ ចង់ឲ្យមានការបន្តប្រាក់ជំនួយសហព័ន្ធ៦០០ ដុល្លារក្នុងមួយសប្តាហ៍រហូតដល់ចុងឆ្នាំ២០២០ ប៉ុន្តែអ្នកតាក់តែងច្បាប់គណបក្សសាធារណរដ្ឋចង់ឲ្យបន្ថយចំនួនប្រាក់ជំនួយនេះ មកត្រឹម២០០ដុល្លារក្នុងមួយសប្តាហ៍វិញ ហើយថា នៅទីបំផុត ពួកគេចង់កំណត់ចំនួនប្រាក់ជំនួយនេះឲ្យស្មើនឹង៧០% នៃប្រាក់ខែចុងក្រោយរបស់អ្នកដែលបានបាត់បង់ការងារនោះ។
ភាគីទាំងពីរគ្រោងសម្រេចឲ្យបានកិច្ចព្រមព្រៀងត្រឹមថ្ងៃសុក្រសប្តាហ៍ ប៉ុន្តែនៅមានការខ្វែងគំនិតខ្លាំងនៅឡើយ។ លោកត្រាំបានថ្លែងក្នុងសប្តាហ៍នេះថា លោកនឹងធ្វើការកំណត់ខ្លះលើប្រាក់ជំនួយនេះ តាមរយៈការប្រើបទបញ្ជា ប្រសិនបើគណបក្សទាំងពីរ មិនអាចឈានដល់ការព្រមព្រៀងណាមួយនោះ៕