ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋអាមេរិក១,៤ លាន​នាក់​ទៀត​សុំ​ជំនួយ​អត់ការងារ ខណៈ​រដ្ឋាភិបាល​មិន​ទាន់​ឯកភាព​អំពី​ជំនួយ​បន្ថែម​ក្រោយ​ខែកក្កដា


រូបឯកសារ៖ អ្នកធ្វើការ ដែល​​ត្រូវបានគេបង្ខំឱ្យឈប់ធ្វើការដោយសារតែជំងឺរាតត្បាត​កូវីដ១៩ បានហែក្បួននៅទីក្រុង Salt Lake City ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកធ្វើការ ដែល​​ត្រូវបានគេបង្ខំឱ្យឈប់ធ្វើការដោយសារតែជំងឺរាតត្បាត​កូវីដ១៩ បានហែក្បួននៅទីក្រុង Salt Lake City ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។

ជា​រួម​រដ្ឋាភិបាល​អាមេរិក​ថា​ មាន​ពលរដ្ឋ​១៦,២​លាន​នាក់​ កំពុង​អត់ការងារ​ទោះ​បី​មាន​អ្នក​ធ្វើ​ការ​រាប់​លាន​នាក់ ​បាន​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ក្តី។

ក្រសួង​ការងារ​សហរដ្ឋ​អាមេរិក​ បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពលរដ្ឋ​អាមេរិក​១,៤ ​លានទៀត​ បាន​ដាក់​ពាក្យ​សុំ​ជំនួយ​រដ្ឋពេល​អត់​ការងារ​ធ្វើ​កាល​ពី​សប្តាហ៍​មុន ដែលនេះ​ជា​លើក​ទីមួយចាប់​តាំង​ពី​ខែ​មីនា​មក ​ដែល​ចំនួន​អ្នក​អត់ការងារ​ថ្មី​ប្រចាំ​សប្តាហ៍​បាន​កើន​ឡើង​វិញ។

តួលេខ​ចុង​ក្រោយ​នេះជា​សញ្ញា​ថា សហរដ្ឋ​អាមេរិក​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ពិភពលោក​ នៅ​មាន​ការ​លំបាក​ក្នុង​ការ​រក្សា​លំនឹង​សេដ្ឋកិច្ច​ខ្លួន​ខណៈ​មាន​ការ​កើន​ឡើង​ជា​ថ្មី​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ ដែល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ទទួល​ស្គាល់​ក្នុង​សប្តាហ៍​នេះ​ថា ​ស្ថានភាព​នេះ​នឹង​កាន់​តែ​ធ្ងន់ធ្ងរ​សិន មុន​នឹង​វា​អាច​ធូរ​ស្រាល​វិញ។

ជា​រួម​រដ្ឋាភិបាល​អាមេរិក​ថា​ មាន​ពលរដ្ឋ​១៦,២​លាន​នាក់​ កំពុង​អត់ការងារ​ទោះ​បី​មាន​អ្នក​ធ្វើ​ការ​រាប់​លាន​នាក់ ​បាន​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ក្តី។ មាន​ពលរដ្ឋអាមេរិក​សរុប​៥២,៤​លាន​នាក់​ បាន​សុំ​ជំនួយ​រដ្ឋ​ក្នុង​ពេល​ណា​មួយ​ក្នុង​រយៈ​ពេល​៤​ខែ​ចុង​ក្រោយ​នេះ។

តួលេខកាល​ពី​សប្តាហ៍​មុន​នៅ​តែ​ខ្ពស់​ខ្លាំង​ជា​ប្រវត្តិសាស្ត្រ បើ​ទោះ​បី​តួលេខ​នេះ​មិន​ខ្លាំង​ដូច​ចំនួន​អ្នក​អត់ការងារ​ថ្មី​កាល​ពី​ខែ​មីនា ដែល​ក្នុង​មួយ​សប្តាហ៍​ពេល​នោះ​មាន​រហូត​ដល់​ជិត​៧​ លាន​នាក់។

អ្នក​ធ្វើ​ការ​រាប់​លាន​នាក់​ បាន​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ ប៉ុន្តែ​ពលរដ្ឋ​ខ្លះ​មិន​មាន​កន្លែង​ធ្វើ​ការ​ដើម្បី​ត្រឡប់​ទៅ​វិញ​ទេ។ នៅ​ពេល​នេះ​ពលរដ្ឋ​អាមេរិក ​ដែលអត់ការងារ​ធ្វើ​អាចទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋ​ចំនួន​៦០០ ​ដុល្លារ​ក្នុង​មួយ​សប្តាហ៍ ប៉ុន្តែ​ប្រាក់​នេះ​ នឹង​ផុត​នៅ​ក្នុង​មួយ​សប្តាហ៍​ទៀត។

ទាំង​សេតវិមាន​និង​សភា​ជាតិ​ កំពុង​ពិចារណា​អំពី​ជំនួយ​បន្ថែម​ក្រោយ​ខែ​កក្កដា​ទៀត ប៉ុន្តែ​នៅ​មិន​ទាន់​ឯកភាព​គ្នា។ ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​ចង់​ឲ្យ​មាន​កញ្ចប់​ថវិកា​ជំនួយ​តម្លៃ​ប្រមាណ​៣ លាន លាន​ដុល្លារ ដើម្បី​ជួយ​ពលរដ្ ឋ​និង​សេដ្ឋកិច្ច ប៉ុន្តែ​ ក្រុម​គណបក្ស​សាធារណរដ្ឋ​ ចង់កម្រិត​ចំនួន​នេះ​ឲ្យ​នៅ​ត្រឹម​តម្លៃ​១​លានលាន​ដុល្លារ៕

XS
SM
MD
LG