សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនឹងជួយប្រទេសអូស្ត្រាលីផលិតនាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែរ។ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅពេលមេដឹកនាំទាំង៣បានប្រកាសភាពជាដៃគូសន្តិសុខត្រីភាគីថ្មី ដែលផ្តោតលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
លោក Biden បានមានប្រសាសន៍ថា «យើងចាំបាច់អាចឆ្លើយតបទាំងបរិយាកាសយុទ្ធសាស្ត្របច្ចុប្បន្ននៅក្នុងតំបន់ហើយថា តើវាអាចវិវត្តយ៉ាងដូចម្តេច ព្រោះអនាគតនៃប្រទេសយើងនីមួយៗ ហើយនឹងអនាគតពិភពលោកអាស្រ័យលើសេរីភាព និងការបើកចំហតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលរឹងមាំ និងរីកលូតលាស់ច្រើនទសវត្សរ៍ទៅមុខ»។
លោក Biden នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison និងនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បានបញ្ជាក់ថា នាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែរទាំងនោះនឹងមិនមានបំពាក់អាវុធនុយក្លេអ៊ែរទេ។
រួមជាមួយសមភាគីអាមេរិក និងអង់គ្លេស លោក Morrison បានថ្លែងតាមអនឡាញមកកាន់សេតវិមានថា «ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ថា ប្រទេសអូស្ត្រាលីមិនចង់បានអាវុធនុយក្លេអ៊ែរ ឬបង្កើតសមត្ថភាពធ្វើអាវុធនុយក្លេអ៊ែរទេ។ ហើយយើងនឹងបន្តអនុវត្តតាមកាតព្វកិច្ចរបស់យើង មិនផ្សព្វផ្សាយអាវុធនុយក្លេអ៊ែរ»។
មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលលោក Biden ដែលបានប្រាប់ពួកអ្នកយកព័ត៌មានមុនការប្រកាសនោះ បានកំណត់ពេលវេលា១៨ខែសម្រាប់ប្រទេសទាំង៣ធ្វើការជាមួយគ្នាដើម្បីបង្កើតជម្រើសផលិតនាវាមុជទឹក។
លោក Johnson បាននិយាយថា ប្រទេសរបស់លោកនឹងដើរតួនាទីដ៏សំខាន់នៅក្នុងការចែករំលែកចំណេះដឹងដល់ប្រទេសអូស្ត្រាលី ដែលជាអតីតអាណានិគមក្រោមប្រទេសអង់គ្លេស ហើយស្ថិតនៅក្នុងសម្ព័ន្ធប្រទេស Commonwealth ដែលដឹកនាំដោយព្រះមហាក្សត្រីយានីElizabeth ទី២។
ភាពជាដៃគូថ្មីនេះនឹងអនុញ្ញាតឲ្យប្រទេសទាំង៣ចែករំលែកព័ត៌មាន និងជំនាញកាន់តែងាយស្រួលនៅក្នុងវិស័យបច្ចេកវិទ្យាសំខាន់ៗ ដូចជាបញ្ញានិមិ្មត បច្ចេកវិទ្យាអ៊ីនធឺណិត បច្ចេកវិទ្យា Quantum ឬសមាសភាពវិទ្យុសកម្ម ប្រព័ន្ធក្នុងទឹកនិងសមត្ថភាពវាយប្រហារវង់ប្រតិបត្តិឆ្ងាយ។
លោក Biden បានមានប្រសាសន៍ថា «គំនិតផ្តួចផ្តើមនេះគឺដើម្បីធ្វើឱ្យប្រាកដថា យើងម្នាក់ៗមានសមត្ថភាពទំនើបគឺសមត្ថភាពទំនើបបំផុត ដែលយើងត្រូវការដើម្បីគ្រប់គ្រងនិងការពារប្រឆាំងការគំរាមកំហែងដែលវិវត្តយ៉ាងឆាប់រហ័ស»៕