យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ដែលមានការគាំទ្រពីនាវាចម្បាំងនិងនាវាមុជទឹក បានវាយប្រហារជាច្រើនលើតំបន់ដែលត្រួតត្រាដោយក្រុមហ៊ូធី (Houthi) នៅក្នុងប្រទេសយេម៉ែនកាលពីយប់ថ្ងៃចន្ទ ក្នុងបំណងបង្អាក់ដល់សមត្ថភាពរបស់ក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់នេះ។ ក្រុមហ៊ូធីនេះមានបំណងវាយប្រហារបន្ថែមទៀតលើផ្លូវដឹកជញ្ជូនសំខាន់ៗនៅក្នុងតំបន់មជ្ឈិមបូព៌ា។
មន្ត្រីផ្នែកការពារជាតិសហរដ្ឋអាមេរិកបាននិយាយថា ការវាយប្រហារនេះបានចំលើគោលដៅជាច្រើននៅទូទាំងទីតាំងចំនួន ៨ ដែលក្នុងនោះរួមមានទាំងកន្លែងស្តុកទុកអាវុធក្រោមដីមួយកន្លែង ក៏ដូចជាកន្លែងបាញ់មីស៊ីលនិងទីតាំងផ្សេងទៀតដែលពាក់ព័ន្ធនឹងសមត្ថភាពឈ្លបតាមដានរបស់ក្រុមហ៊ូធីផងដែរ។
ទីតាំងនៃការវាយប្រហារទាំងនេះត្រូវបានជ្រើសរើសដោយឆន្ទៈដើម្បីដៅគោលដៅវាយប្រហារលើប្រព័ន្ធអាវុធមិនឱ្យមានការស្លាប់និងរងរបួសច្រើន។ នេះបើតាមការបញ្ជាក់របស់មន្ត្រីយោធាជាន់ខ្ពស់មួយរូប។
មន្ត្រីរូបនេះបានវាយតម្លៃថា កន្លែងស្ដុកទុកអាវុធក្រោមដីនោះមាន «សព្វាវុធធម្មតាដែលមានលក្ខណៈទំនើប» ជាងសព្វាវុធនៅក្នុងទីតាំងដែលត្រូវបានវាយប្រហារចំនៅក្នុងការវាយប្រហារជុំដំបូងកាលពីថ្ងៃទី ១១ ខែមករា។
នេះគឺជាលើកទី ៨ ហើយដែលយោធាសហរដ្ឋអាមេរិកបានវាយប្រហារលើគោលដៅក្រុមហ៊ូធីនៅក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនេះ ប៉ុន្តែគឺជាលើកទីពីរប៉ុណ្ណោះដែលសហរដ្ឋអាមេរិកទទួលបានជំនួយតាំងពីពេលដែលចក្រភពអង់គ្លេសបានចូលរួមនៅក្នុងការវាយប្រហារជុំដំបូងកាលពីដើមខែនេះមក។
មន្ត្រីយោធាជាន់ខ្ពស់មួយរូបបានប្រាប់អ្នកកាសែតថា ការវាយប្រហារកាលពីថ្ងៃចន្ទបានធ្វើឱ្យក្រុមហ៊ូធី «បាត់បង់សមត្ថភាពគួរសម» នៅក្នុងការវាយប្រហារជាថ្មី៕
វេទិកាបញ្ចេញមតិ