ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក​ថា បើ​សភា​មិន​អនុម័ត​ជំនួយ​កូវីដ១៩ សេដ្ឋកិច្ច​អាមេរិក​ត្រូវការ​ពេល​រាប់​ឆ្នាំ​ទើប​អាច​ងើប​ឡើង​វិញ


រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ស.រ.អ​អ្នកស្រី Janet Yellen ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​តុមូល​តាម​អនឡាញ​ជាមួយ​អ្នកចូលរួម​មក​ពី​សភា​ពាណិជ្ជកម្ម​អាមេរិក​មាន​ដើម​កំណើត​អាហ្វ្រិក​នៅ​ទូទាំង​ប្រទេស ដើម្បី​ពិភាក្សា​អំពី​ផែនការ​ជួយសង្គ្រោះ​អាមេរិក​នៅ​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ស.រ.អ​អ្នកស្រី Janet Yellen ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​តុមូល​តាម​អនឡាញ​ជាមួយ​អ្នកចូលរួម​មក​ពី​សភា​ពាណិជ្ជកម្ម​អាមេរិក​មាន​ដើម​កំណើត​អាហ្វ្រិក​នៅ​ទូទាំង​ប្រទេស ដើម្បី​ពិភាក្សា​អំពី​ផែនការ​ជួយសង្គ្រោះ​អាមេរិក​នៅ​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​អ្នកស្រី Janet Yellen បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា វា «នឹង​ត្រូវការ​ពេល​រាប់​ឆ្នាំ» ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ដែល​បាន​បំផ្លិចបំផ្លាញ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ វិល​ទៅ​រក​សភាព​ដើម​វិញ ប្រសិនបើ​សភា​មិន​អនុម័ត​លើ​សំណើ​កញ្ចប់​ថវិកា​ជំនួយ​ដែល​មាន​ទឹក​ប្រាក់ ១,៩ លាន​លាន​ដុល្លារ​របស់​លោក​ប្រធានាធិបតី Joe Biden។

អ្នកស្រី Yellen បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ CNN ថា ប្រសិនបើ​សំណើ​កញ្ចប់​ថវិកា​ជំនួយ​នោះ​ត្រូវ​បាន​អនុម័ត នោះ​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​អាច​វិល​ទៅ​រក​អ្វី​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​អាច​ផ្ដល់​ការងារ​បាន​ពេញលេញ​នៅ​ត្រឹម​ឆ្នាំ ២០២២ ខាង​មុខ ដោយ​មាន​អត្រា​គ្មាន​ការងារ​ធ្វើ​ចំនួន ៤% បើ​ប្រៀបធៀប​ទៅ​នឹង​អត្រា​គ្មាន​ការងារ​ធ្វើ​ចំនួន ៦,៣% កាល​ពី​ខែ​មករា។

អ្នកស្រី​បាន​បញ្ជាក់​ថា «មាន​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក» ដោយ​ការងារ​ជិត ១០ លាន​បាន​បាត់បង់​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ ហើយ​មាន​សេចក្តី​រាយការណ៍​ថា អ្នក​ធ្វើ​ការ​ចំនួន ៤ លាន​នាក់​បាន​លះបង់​ចោល​ការ​ស្វែងរក​ការងារ​ថ្មី។ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា សហរដ្ឋ​អាមេរិក​បាន​បន្ថែម​ការងារ​តែ ៤៩.០០០ ការងារ​ប៉ុណ្ណោះ​នៅ​ក្នុង​ខែ​មករា។

សភា​ទាំង​ពីរ​ថ្នាក់ ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ប្រធានាធិបតី Joe Biden បាន​បោះឆ្នោត​កាលពី​សប្តាហ៍​មុន​សម្រាប់​ច្បាប់​ថវិកា ដែល​ប្រសិនបើ​ចាំបាច់ នឹង​អនុញ្ញាត​ឲ្យ​សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ​បោះឆ្នោត​លើ​សំណើ​កញ្ចប់​ថវិកា​ជំនួយ​កូវីដ១៩ ស្រប​តាម​គោល​ជំហរ​គណបក្ស​របស់​ខ្លួន ទាំង​នៅ​ក្នុង​ព្រឹទ្ធសភា​និង​រដ្ឋសភា ដោយ​មិន​ចាំបាច់​មាន​ការ​គាំទ្រ​ពី​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ៕

XS
SM
MD
LG