អនុរដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រី Wendy Sherman បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលជាបន្ទាន់នូវបទចោទប្រកាន់«ដែលមានលក្ខណៈនយោបាយ» ប្រឆាំងនឹងសមាជិកគណបក្សប្រឆាំង អ្នកសារព័ត៌មាននិងសកម្មជននានា។ មន្ត្រីលំដាប់ទីពីរនៃក្រសួងការបរទេសអាមេរិកក៏ចង់ឃើញការបើកលំហសេរីភាពក្នុងប្រទេសកម្ពុជា ដើម្បីធានាការបោះឆ្នោតមួយដែលមានភាពសេរីនៅឆ្នាំក្រោយ។
ការអំពាវនាវនិងជំរុញនេះ ធ្វើឡើងអំឡុងពេលអ្នកស្រីមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃអង្គារ ដោយអ្នកស្រីបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រីការបរទេសកម្ពុជា មេដឹកនាំបក្សប្រឆាំងលោក កឹម សុខា និងមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន។
អនុរដ្ឋមន្ត្រីការទេសបរទេសក្រោមរដ្ឋបាលលោកប្រធានាធិបតី លោក Joe Bidenក៏បានទទូចឲ្យរដ្ឋាភិបាលបើកឡើងវិញនូវលំហនយោបាយ និងលម្អសេរីភាពសម្រាប់ប្រជាពលរដ្ឋធ្វើសកម្មភាព នៅមុនការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ ២០២២និងការបោះឆ្នោតជាតិឆ្នាំ២០២៣ផងដែរ។
អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលចូលរួមក្នុងជំនួបជាមួយអ្នកស្រី Sherman បានថ្លែងថាការលើកឡើងរបស់អនុរដ្ឋមន្ត្រីការបរទេសរូបនោះ ឆ្លុះបញ្ចាំងពីការវិលត្រឡប់នូវតួនាទីរបស់សហរដ្ឋអាមេរិកចំពោះការផ្តោតឡើងវិញទៅលើសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ នៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាការចង់ឃើញការស្តារឡើងវិញនូវស្ថានភាពសិទ្ធិមនុស្សនិងនយោបាយនៅកម្ពុជា។
ជុំវិញការអំពាវនាវឲ្យទម្លាក់បទចោទប្រកាន់ប្រឆាំងនឹងអតីតសមាជិកគណបក្សប្រឆាំង អ្នកសារព័ត៌មាន និងសកម្មជននយោបាយ និងការពង្រីកលំហសេរីភាពនិងនយោបាយ អ្នកស្រី ចក់ សុភាព បានលើកឡើងថារដ្ឋាភិបាលកម្ពុជាមានទំនួលខុសត្រូវក្នុងការធានាថាប្រព័ន្ធដឹកនាំក្នុងសង្គមមានលក្ខណៈលទ្ធិប្រជាធិបតេយ្យ និងគោរពតាមប្រព័ន្ធពហុគណបក្សនយោបាយ ឬគណបក្សចម្រុះ ក៏ដូចជាច្បាប់អន្តរជាតិ។
អ្នកស្រីបញ្ជាក់ថា៖ «អ្វីដែលចាំបាច់នោះគឺស្ថិតនៅលើឆន្ទៈរបស់រដ្ឋាភិបាល ដែលត្រូវធ្វើយ៉ាងម៉េចបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួនដូចដែលមានចែងនៅក្នុងច្បាប់ជាតិ តួយ៉ាងដូចជារដ្ឋធម្មនុញ្ញយើង ហើយនិងការទទួលស្គាល់នូវលិខិតូបករណ៍អន្តរជាតិជាច្រើនដែលប្រទេសកម្ពុជាយើងធានានូវលំហសង្គមស៊ីវិលហ្នឹង»។
អ្នកស្រីបន្ថែមថា៖ «យើងត្រូវតែធ្វើយ៉ាងម៉េចឲ្យកម្ពុជាយើងពិតជាដើរនៅតាមមាគ៌ាហ្នឹងពិតប្រាកដ មិនមែនគ្រាន់តែយើងនិយាយ ឬក៏យើងចារនៅលើក្រដាស។ ប៉ុន្តែទិដ្ឋភាពជាក់ស្តែងពលរដ្ឋមិនអាចមានសិទ្ធិសេរីភាពពេញលេញនៅក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនហើយត្រូវប្រឈមនូវការយាយី ឬការគំរាមកំហែងផ្សេងៗ។ នោះយើងមិនអាចសម្រេចបាននោះទេ»។
កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា បានបង្ហោះសារនៅលើគណនីTwitterផ្លូវការរបស់កញ្ញាកាលពីថ្ងៃអង្គារជាភាសាអង់គ្លេសដែលត្រូវបានប្រែសម្រួលក្នុងន័យដើមថា៖ «យើងសង្ឃឹមថាទស្សនកិច្ចនេះនឹងជាការក្រើនរំឭកទៅកាន់របបដឹកនាំនៅកម្ពុជាថាសហរដ្ឋអាមេរិកបន្តតាមដានយ៉ាងមុតមាំពីសិទ្ធិនិងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក៏ដូចជាតួនាទីរបស់កម្ពុជាជាអ្នកទទួលខុសត្រូវមួយនៅក្នុងតំបន់»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់VOAនៅថ្ងៃពុធនេះថាការអំពាវនាវឲ្យមានការទម្លាក់បទចោទប្រកាន់លើអ្នកនយោបាយបក្សប្រឆាំងមិនអាចមានឥទ្ធិពលលើសិទ្ធិសម្រេចរបស់តុលាការកម្ពុជានោះទេ។
លោកបញ្ជាក់ថា៖ «ការអំពាវនាវគ្រាន់តែជាការអំពាវនាវ អាហ្នឹងជាមតិសម្តែង។ ប៉ុន្តែវាអត់មានប៉ះពាល់ដល់សេចក្តីសម្រេចឬសំណើនីតិវិធីរបស់តុលាការនោះទេ។ អ្វីដែលរដ្ឋាភិបាលនិងរដ្ឋាភិបាលទាំងពីរយកចិត្តទុកដាក់នោះគឺកិច្ចសហការគ្នាទៅវិញទៅមក។ មិនមែនសហរដ្ឋអាមេរិកយល់ឃើញពីអ្នកជាប់ពន្ធនាគារអាហ្នឹងជាអាទិភាពទេ។ មិនមែនអញ្ចឹងទេ»។
លោក ផៃ ស៊ីផានបន្តថាជំនួបកាលពីថ្ងៃអង្គាររវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកស្រី Wendy Sherman គឺប្រកបដោយភាពវិជ្ជមានដែលផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសហរដ្ឋអាមេរិក។
នៅថ្ងៃពុធនេះ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយអំពីលទ្ធផលនៃកិច្ចប្រជុំនេះ ប៉ុន្តែមិនបានលើកឡើងអំពីការព្រួយបារម្ភអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានោះទេ។ ក្រសួងការបរទេសបានឲ្យដឹងថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ច្បាស់អំពីស្ថានភាពនៅមូលដ្ឋានកងទ័ពជើងទឹករាម និងបានរំឭកពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់រដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សានិងការពារឯករាជ អព្យាក្រឹត និងអធិបតេយ្យភាពរបស់ខ្លួន ទាំងនយោបាយផ្ទៃក្នុងប្រទេសនិងកិច្ចការបរទេស។
លោក មាស នី អ្នកវិភាគនយោបាយនិងសង្គម មិនមានជំនឿថានឹងមានការទម្លាក់បទចោទប្រកាន់ណាមួយមកលើអ្នកនយោបាយឬសកម្មជននិងការបើកលំហនយោបាយឡើងវិញតាមការអំពាវនាវរបស់អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនោះទេ ក្រៅពីការបង្ហាញគោលជំហរពីសំណាក់រដ្ឋាភិបាលរៀងខ្លួន។
លោកបន្ថែមថាគួរតែមានកិច្ចពិភាក្សាដោយឡែកមួយទៀតស្តីពីប្រព័ន្ធអនុគ្រោះពន្ធ ដែលអាមេរិកផ្តល់ឲ្យកម្ពុជា ដែលនេះអាចជំរុញឲ្យមានការបើកលំហប្រជាធិបតេយ្យនិងសេរីភាពនៅកម្ពុជា។
លោក មាស នី បញ្ជាក់ថា៖ «បើសិនជាមានការផ្លាស់ប្តូរជាវិជ្ជមានណាមួយពីជំហររបស់រដ្ឋាភិបាលកម្ពុជានោះវាលុះត្រាតែការចរចាគ្នាផ្សេងមួយទៀត អាចនឹងបន្ថែមដូចជាការជជែកទៅលើទំនោរនៃការឈានទៅរកការពិភាក្សាទៅលើអនាគតនៃប្រព័ន្ធអនុគ្រោះពន្ធGSPរបស់សហរដ្ឋអាមេរិកទាក់ទិនទៅនឹងការនាំចេញផលិតផលនៃកម្ពុជាអីអាហ្នឹងជារឿងមួយស្ថិតនៅលើតុដែលនឹងអាចជជែកគ្នាទៅពេលខាងមុខ»។
លោកមាស នីបន្តថាអាចមានលទ្ធភាពនៅក្នុងការមិនទទួលស្គាល់ការបោះឆ្នោតនៅខាងមុខ ប្រសិនបើសហរដ្ឋអាមេរិកយល់ឃើញថាលំហនយោបាយនិងលទ្ធិប្រជាធិបតេយ្យមិនមានភាពប្រសើរឡើងនោះទេ ស្របពេលកម្ពុជាបន្តស្ថិតនៅក្រោមឥទ្ធិពលរបស់ចិន ដែលអនុរដ្ឋមន្ត្រីការបរទេសអាមេរិកបានជំរុញឲ្យការដឹកនាំនៅកម្ពុជារក្សាជំហរតុល្យភាពនិងឯករាជ្យភាព៕