ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សិទ្ធិមនុស្ស​អាមេរិកជំរុញ​មន្ត្រី​ការទូត​ជាន់ខ្ពស់​អាមេរិក​ដែល​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ឲ្យ​ស្តារ​សិទ្ធិ​នយោបាយ​និង​ពលរដ្ឋ​ឡើងវិញ


រូបឯកសារ៖ អ្នកស្រី Wendy Sherman ដែល​បច្ចុប្បន្ន​ជា​អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ថ្លែង​ទៅ​កាន់​អ្នក​កាសែត បន្ទាប់​ពី​អ្នកស្រី​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង លោកYun Byung-se នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី២៩ ខែ​មករា ឆ្នាំ២០១៥។
រូបឯកសារ៖ អ្នកស្រី Wendy Sherman ដែល​បច្ចុប្បន្ន​ជា​អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ថ្លែង​ទៅ​កាន់​អ្នក​កាសែត បន្ទាប់​ពី​អ្នកស្រី​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង លោកYun Byung-se នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី២៩ ខែ​មករា ឆ្នាំ២០១៥។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស Human Rights Watch នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​ជំរុញ​ឲ្យ​មន្ត្រី​ការទូត​ជាន់ខ្ពស់​អាមេរិក​គឺ​អ្នក​ស្រី Wendy Sherman ដែល​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជានៅ​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ឲ្យ​ស្តារ​សិទ្ធិ​នយោបាយ​និង​សិទ្ធិ​ពលរដ្ឋ​នៅ​កម្ពុជា​ឡើងវិញ។

​លោក Phil Robertson នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​សិទ្ធិមនុស្ស ​Human Rights Watch ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក​ សហរដ្ឋ​អាមេរិក បាននិយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​៣១​ខែ​ឧសភា​ថា៖

«អ្នក​ស្រី Sherman គួរ​តែទាមទារ​ឲ្យ​កម្ពុជា​បញ្ចប់​ដំណើរការ​ជំនុំជម្រះ​ក្លែងក្លាយ​ប្រឆាំង​នឹង​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ដោះលែង​អ្នកទោស​នយោបាយ​រាប់​សិប​នាក់ និង​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ដ៏​គួរ​ឲ្យ​អស់​សំណើច​ទៅ​លើមេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា»។

នៅ​មុន​ដំណើរ​ទស្សនកិច្ច​នេះ តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ពីរ​រូប​ គឺ​លោក Alan Lowenthal​ និង​លោក Steve Chabot ក៏​បាន​ស្នើ​ក្នុង​លិខិត​មួយ​ច្បាប់​ ចុះ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឲ្យ​មន្រ្តី​ការបរទេស​អាមេរិក​រូប​នេះ ​ជំរុញឲ្យ​កម្ពុជា​ដាក់​ដំណើរការគណបក្ស​សង្រ្គោះ​ជាតិ​ឡើង​វិញ ដើម្បី​អាច​ចូលរួម​ការបោះឆ្នោតក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​ឆ្នាំ​២០​២២។

អ្នកស្រី Wendy Sherman​ អនុ​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក គ្រោង​នឹង​ជួប​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​ លោក ប្រាក់ សុខុន ​និង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ផង​ដែរ ក្នុង​អំឡុង​ពេល​លោកស្រី​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ ​សប្តាហ៍​នេះ។

ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​១០​ថ្ងៃ​របស់​អ្នកស្រី​ទៅ​កាន់​ទ្វីប​អឺរ៉ុប​និង​មក​កាន់តំបន់​អាស៊ីអាគ្នេយ៍​មួយ​ចំនួន​រួម​ទាំង​កម្ពុជា​ផង​ដែរ ការបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​របស់​លោក​ស្រី​ កើត​ឡើង​ចំ​ពេល​ដែល​ស្ថានភាព​នយោបាយ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ត្រូវ​បាន​ក្រុម​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ចាត់​ទុក​ថា​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

តាំងពី​ចុង​ឆ្នាំ​២០១៧ រដ្ឋាភិបាល​កម្ពុជា បាន​ចាប់ផ្តើម​បង្ក្រាប​ក្រុម​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល​និង​សារព័ត៌មាន​ឯករាជ្យ​ដែល​នៅ​សេសសល់​តែ​បន្តិចបន្តួច​ក្នុង​ប្រទេស មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

ប៉ុន្តែ អ្នកនាំពាក្យរដ្ឋាភិបាល​លោក ផៃ ស៊ីផាន ថ្លែង​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា​ជំនួប​រវាង​មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​នេះ​នឹង​មិន​មាន​ការដាក់​សម្ពាធ​អ្វី​មកលើ​កម្ពុជា​នោះ​ទេ៕

XS
SM
MD
LG