អ្នកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនឹងក្លាយជាមន្ត្រីដំបូងបង្អស់នៃរដ្ឋបាលប្រធានាធិបតី Joe Biden ដែលនឹងមកបំពេញទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍និងកម្ពុជា។
បើតាមកំណត់ផ្សាយរបស់ក្រសួងការបរទេសអាមេរិកាំង អ្នកស្រី Sherman ដែលមានអំណាចធំលំដាប់លេខពីរនៅក្រសួងនេះបន្ទាប់ពីលោករដ្ឋមន្ត្រីការបរទេសAnthony Blinkenនោះគ្រោងនឹងធ្វើទស្សនកិច្ចការងារនៅទីក្រុងព្រុចសែលអង់ការ៉ា ចាការតា ភ្នំពេញបាងកក និងកោះហាវ៉ៃពីថ្ងៃ២៥ខែឧសភាដល់ថ្ងៃទី៤ខែមិថុនា។
«នៅភ្នំពេញអ្នកស្រីអនុរដ្ឋមន្ត្រីនឹងចូលរួមកិច្ចប្រជុំបន្តគ្នាមួយចំនួន»។នេះជាការឱ្យដឹងយ៉ាងខ្លីពីក្រសួងការបរទេសអាមេរិកដោយមិនបានបញ្ជាក់ឡើយថាអ្នកស្រីShermanនឹងមកដល់ភ្នំពេញពេលណាស្នាក់នៅប៉ុន្មានថ្ងៃជួបនរណាខ្លះនិងជជែករឿងអ្វីខ្លះនោះទេ។
ខណៈស្ថានទូតអាមេរិកប្រចាំនៅកម្ពុជារក្សាភាពស្ងៀមស្ងាត់មិនស្រដីទុកជាមុននោះ ក្រុមអ្នកតាមដានទំនាក់ទំនងប្រទេសទាំងពីរលើកឡើងថា ក្នុងរាជធានីភ្នំពេញទីដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនទើបនឹងប្រកាសថា«បើមិនពឹងចិនទៅពឹងនរណា?»នោះមន្ត្រីអាមេរិករូបនេះមុខជាជួបនឹងសំណុំរឿងស្មុគ្រស្មាញនៅត្រៀបត្រារង់ចាំដំណើរអ្នកស្រីរួចជាស្រេច រាប់ពីសំណុំរឿងប្រជាធិបតេយ្យដល់ឥទ្ធិពលចិន។
នៅភ្នំពេញ អ្នកស្រី Sherman នឹងត្រូវជួបផ្ទាល់នឹងមន្ត្រីរដ្ឋាភិបាលលោកហ៊ុន សែនដែលបានរំលាយបក្សជំទាស់ធំផុតនៅឆ្នាំ២០១៧បញ្ជូនមេបក្សជំទាស់និងសកម្មជនជាងមួយរយនាក់ទៅកាត់ទោសនៅតុលាការពីបទក្បត់ជាតិនិងរដ្ឋប្រហារនិងហាមអ្នកនយោបាយជំទាស់លេចធ្លោ១១៨នាក់មិនឱ្យធ្វើនយោបាយនិងជាទីដែលសង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរអ៊ូថារងការរឹតត្បិត។
កញ្ញាកឹម មនោវិទ្យា កូនស្រីលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលនោះបានសរសេរលើបណ្ដាញសង្គម Twitter របស់ខ្លួនក្នុងន័យដើមថា៖ «សង្ឃឹមថាអនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនឹងលើកនិយាយជាមួយនឹងរបបដឹកនាំកម្ពុជាអំពីភាពចាំបាច់ក្នុងការគោរពសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជាអំពីការបោះឆ្នោតជូនបក្សនិងមេដឹកនាំតាមចិត្តខ្លួនចង់ដែលសិទ្ធិនេះត្រូវបានដកហូតពីម្ចាស់ឆ្នោតប្រមាណពាក់កណ្ដាលប្រទេសក្នុងឆ្នាំ២០១៧ពេលដែលគណបក្សជំទាស់នេះត្រូវបានរំលាយ មេដឹកនាំគឺលោក កឹម សុខាត្រូវបានចាប់ខ្លួននិងហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ»។
យ៉ាងណាក៏ដោយអ្នកនយោបាយដែលកំពុងស្ថិតនៅក្រៅប្រទេសរូបនេះមិនបានឆ្លើយតបនឹងសំណួរវីអូអេនោះទេថាពេលស្ថិតនៅភ្នំពេញអ្នកស្រី Shermanគ្រោងនឹងជួបលោកកឹម សុខា ឬយ៉ាងណា។
លោកកឹម សុខាត្រូវបានឃុំឃាំងនៅពន្ធនាគារត្រពាំងផ្លុងមួយឆ្នាំនិងឃុំខ្លួនក្នុងផ្ទះមួយឆ្នាំទៀតមុននឹងសវនាការលើការចោទពីបទក្បត់ជាតិប្រឆាំងរូបលោកត្រូវបានលើកមកជំនុំជម្រះមួយរយៈខ្លីកាលពីដើមឆ្នាំ២០២០ហើយរងការពន្យារពេលរហូតដល់សព្វថ្ងៃ។
កញ្ញាកឹម មនោវិទ្យា បានបន្ថែមក្នុងTwitter ថា៖ «មាននិន្នាការមួយក្នុងចំណោមសហគមន៍ម្ចាស់ជំនួយនិងក្រុមអ្នកការទូតនាពេលថ្មីៗនេះក្នុងការដើរដោយប្រយ័ត្នប្រយែងជុំវិញបញ្ហាសិទ្ធិ/ប្រជាធិបតេយ្យនៅកម្ពុជាខណៈដែលពួកគេបន្ធូរដៃហាក់ធ្វើហាក់ដូចជាគ្មានរឿងអ្វីកើតឡើងជាមួយរបបហ៊ុនសែន។ ប្រជាធិបតេយ្យរបស់យើងបានទទួលមរណភាពបីឆ្នាំមកហើយ ។ អស់លោកប្រហែលជាបានបំភ្លេចហេតុការណ៍នោះ តែយើងជាពលរដ្ឋកម្ពុជាមិនភ្លេចនោះទេ»។
បណ្ឌិតJohn D. Ciorciari សាស្ត្រាចារ្យរងជំនាញការទូតនៅសាកលវិទ្យាល័យMichiganបានលើកឡើងថារដ្ឋបាលលោក Joe Bidenប្រុងប្រើដំណើរទស្សនកិច្ចនេះដើម្បីជួសជុលទំនាក់ទំនងជាមួយកម្ពុជានិងពង្រឹងការឈរជើងរបស់ខ្លួននៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។
អ្នកជំនាញរូបនេះបានសរសេរប្រាប់វីអូអេតាមសារអេឡិចត្រូនិកថា៖«នយោបាយការបរទេសអាមេរិកចំពោះកម្ពុជាឆ្លុះចេញនូវចរន្តជីពចរចំនួនពីរគឺទីមួយដាក់សម្ពាធដើម្បីប្រជាធិបតេយ្យនិងទីពីរសម្របតាមលោកហ៊ុន សែន ដើម្បីទប់ស្កាត់ឥទ្ធិពលចិន។ទស្សនកិច្ចរបស់អ្នកស្រីShermanហាក់បង្ហាញថាចរន្តទីពីរដែលខ្ញុំលើកឡើងនោះកំពុងដឹកមុខ»។
អាមេរិកធ្លាប់សម្ដែងការស្រងាកចិត្តរឿងកម្ពុជាវាយកម្ទេចអគារជំនួយរបស់ខ្លួននៅមូលដ្ឋានសមុទ្ររាមរបស់កងទ័ពជើងទឹកកម្ពុជាក្នុងខេត្តព្រះសីហនុដែលនាំឱ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនហ៊ានដល់ពោលពាក្យសង្ស័យថាកម្ពុជាមានគម្រោងទទួលវត្តមានយោធាចិននៅទីនោះនិងនៅខេត្តកោះកុងផងដែរ។ការលើកឡើងនេះធ្លាប់ត្រូវបានច្រានចោលជាច្រើនលើកច្រើនសារដោយកម្ពុជានិងចិន។
លោក Gregory Poling អ្នកស្រាវជ្រាវជាន់ខ្ពស់លើកិច្ចការអាស៊ីអាគ្នេយ៍នៅមជ្ឈមណ្ឌលដើម្បីការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិCSISប្រចាំការនៅរដ្ឋធានីវ៉ាស៊ីនតោនវិភាគថាប្រធានបទ«រាម»នឹងស្ថិតក្នុងរបៀបវារៈដែលអ្នកស្រីShermanនឹងលើកជាមួយមន្ត្រីខ្មែរនៅភ្នំពេញ។
អ្នកជំនាញរូបនេះបានប្រាប់វីអូអេតាមសារអេឡិចត្រូនិកថា៖«វាទំនងដែលថាការណ៍ដែលភ្នំពេញត្រូវបានបញ្ចូលក្នុងបញ្ជីដំណើរទស្សនកិច្ចនេះព្រោះក្ដីបារម្ភធ្ងន់ធ្ងររបស់សហរដ្ឋអាមេរិកអំពីវត្តមានយោធាចិននៅមូលដ្ឋានសមុទ្ររាមហើយខ្ញុំក៏ច្បាស់ដែរថា អ្នកស្រីអនុរដ្ឋមន្ត្រីShermanនឹងលើកបញ្ហាដទៃទៀតដូចជាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។
យ៉ាងណាក៏ដោយទាំងក្រសួងការបរទេសកម្ពុជានិងស្ថានទូតអាមេរិកនៅភ្នំពេញសុទ្ធតែបដិសេធមិនផ្ដល់ព័ត៌មានលម្អិតទេអំពីពេលវេលា របៀបវារៈនិងឥស្សរជនកម្ពុជាដែលអ្នកស្រី Shermanគ្រោងនឹងជួបនៅភ្នំពេញដែលជាទីក្រុងតែបីប៉ុណ្ណោះក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលអ្នកស្រីធ្វើទស្សនកិច្ច។
លោកបណ្ឌិតCiorciariនៃសាកលវិទ្យាល័យMichiganក៏បានលើកឡើងដែរថា៖ «អ្នកស្រីShermanនឹងបង្ហាញជាកាយវិការសុឆន្ទៈមួយចំនួនដូចជាជំនួយសម្រាប់ប្រឆាំងនឹងកូវីដជាដើម ហើយអ្នកស្រីក៏ទំនងជានឹងរិះគន់ការបង្ក្រាបនយោបាយនៅក្នុងប្រទេសកម្ពុជាផងដែរ។ ដំណើរទស្សនកិច្ចនេះនឹងមិនផ្លាស់ប្ដូរទំនាក់ទំនងខ្លាំងនោះទេតែតាមរយៈការបង្ហាញនូវឆន្ទៈរបស់អាមេរិកក្នុងការផ្សារភ្ជាប់ឡើងវិញ។ការណ៍នេះអាចនឹងលើកទឹកចិត្តរដ្ឋាភិបាលលោក ហ៊ុន សែនឱ្យពិចារណានូវជម្រើសសមស្របក្នុងការបន្ថយការពឹងពាក់ចិន»។
លោកW. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាបានសរសេរអត្ថបទមួយចុះផ្សាយលើគេហទំព័រមជ្ឈមណ្ឌល Stimson ក្នុងខែឧសភានេះថា អាមេរិកប្រុងប្រៀបជួយកម្ពុជារឿងដឹកនាំធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខនេះ។
ក្នុងសំណេរដដែលនោះ បេសកទូតរបស់អាមេរិកប្រចាំនៅកម្ពុជានេះមិនភ្លេចរំឭកនោះទេអំពីការខកខានមិនបានចេញសេចក្ដីថ្លែងការណ៍រួមរបស់អាស៊ានក្រោមការដឹកនាំរបស់កម្ពុជានាគ្រាមុនក្នុងឆ្នាំ២០១២។
លោក Murphy បានសរសេរក្នុងន័យដើមថា៖ «ចំណុចក្ដៅនាពេលនេះខ្ពស់ជាងពេលណាៗទាំងអស់ក្នុងទសវត្សរ៍នៃការធ្វើអន្តរាគមន៍ដែលសាធារណរដ្ឋប្រជាមានិតចិនបានបង្កើនការវាតទី ការសាងសង់និងការធ្វើយោធូបនីយកម្មនៃផ្នែកផ្សេងៗនៅក្នុងតំបន់»។
លោក Gregory Poling នៃមជ្ឈមណ្ឌលCSISបានលើកឡើងថាវ៉ាក់សាំងការទូតរបស់អាមេរិកនិងសម្ព័ន្ធមិត្តមានភាពយឺតយ៉ាវមិនទាន់ប្រទេសចិនដែលដឹកជញ្ជូនឱ្យកម្ពុជាជាបន្តបន្ទាប់ដែលការណ៍នេះលោកថានាំឱ្យចិនអាចមានប្រៀបផ្នែកការទូតនៅប្រទេសប្រធានអាស៊ាននៅឆ្នាំក្រោយនេះ។
រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់ សុខុនបានទទួលជួបលោកW. Patrick Murphyកាលពីថ្ងៃ១៧ខែឧសភាដែលក្នុងនោះអាមេរិកបានបង្ហាញជំហរចង់ជួយកម្ពុជាសម្រេច«ជោគជ័យ»ក្នុងការដឹកនាំអាស៊ាននៅឆ្នាំក្រោយ។
នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ដែលមានខ្លឹមសារដើមថា៖«ទោះបីជាមានការខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួនក្ដីភាគីទាំងពីរនៅតែបញ្ជាក់ពីការប្ដេជ្ញាចិត្តខិតខំដោះស្រាយរួមគ្នានិងមិនធ្វើឱ្យបញ្ហាទាំងនោះក្លាយជាឧបសគ្គនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរនោះទេ»។
ក្រសួងការបរទេសកម្ពុជានិងស្ថានទូតអាមេរិកមិនបញ្ជាក់លម្អិតទេថាភាគីទាំងពីរខ្វែងគំនិតគ្នាលើចំណុចណាខ្លះ។
លោកកុយ គួងរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានព្យាយាមបង្ហាញថាទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិកមិនមានបញ្ហាអ្វីនោះទេ។លោកបានប្រាប់វីអូអេកាលពីថ្ងៃពុធថា៖«កន្លងមកទំនាក់ទំនងយើងជាមួយនឹងសហរដ្ឋអាមេរិកមិនមានអីប្រែប្រួលទេ ។តាមរយៈស្ថានទូតអាមេរិកនៅភ្នំពេញ យើងតែងតែមានទំនាក់ទំនងល្អណា៎កិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក»។
ដំណើរទស្សនកិច្ចរបស់អ្នកស្រីShermanក៏អាចជាការព្យាយាមជួសជុលការខូចខាតនូវអវត្តមាននៅនាទីចុងក្រោយរបស់លោកAnthony Blinkenក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិកដែលគ្រោងធ្វើនៅថ្ងៃទី២៥ខែឧសភា កន្លងទៅផងដែរ។
ព្រឹតិ្តប័ត្រព័ត៌មាន Foreign Policy បានចុះផ្សាយថាលោក Blinken មិនអាចភ្ជាប់បណ្ដាញដើម្បីប្រជុំបានទេ ខណៈលោកកំពុងធ្វើដំណើរពីប្រទេសអៀរឡង់ទៅប្រទេសអ៊ីស្រាអែលដើម្បីសង្គ្រោះបទឈប់បាញ់ដ៏ផុយស្រួយរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនដែលនាំឱ្យសមភាគីអាស៊ានដទៃអង្គុយចាំអស់៤៥នាទីមុននឹងអ្នកស្រី Shermanបានចូលមកអានសេចក្ដីថ្លែងការណ៍ជំនួស។
ការណ៍នេះគាប់ជួនពេលលោកកុយ គួងសម្ដែងការប្រយ័ត្នប្រយែងដោយមិនបរិយាយអ្វីទាំងអស់អំពីដំណើរទស្សនកិច្ចរបស់អ្នកស្រីSherman ដោយថា៖«ហើយទំនាក់ទំនងដំណើរទស្សនកិច្ចនេះខ្ញុំមិនទាន់អាចបរិយាយឱ្យលម្អិតជាងនេះបានទេដរាបណាទស្សនកិច្ចមិនទាន់កើតមានឡើង»។
អ្នកវិភាគលើកឡើងថា កម្ពុជាមុខជានឹងលើកឡើងផងដែរអំពីបញ្ហាបំណុលរាប់រយលានដុល្លារដែលអតីតរបបសាធារណរដ្ឋខ្មែរជំពាក់សហរដ្ឋអាមេរិកដែលជារឿយៗកម្ពុជាតែងបានស្នើឲ្យលុបចោល។
បណ្ឌិតJohn D. Ciorciari នៃសាកលវិទ្យាល័យMichiganបានថ្លែងថាការវិវត្តទៅរក«ការដឹកនាំឯកបក្សរបស់គណបក្សប្រជាជនកម្ពុជា»នោះនាំឱ្យអង្គនីតិបញ្ញត្តិរបស់សហរដ្ឋអាមេរិកដែលមានអំណាចក្នុងការលុបបំណុលនោះ«មុខជាបដិសេធ»ជាក់ជាមិនខាន។
នៅពេលត្រូវបានសួរថាកម្ពុជានឹងឆ្លើយតបបែបណាបើសិនជាអាមេរិកនឹងលើករឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យមកពិភាក្សាលោក កុយ គួង បាននិយាយថា៖ «អ្វីដែលជាប្រជាធិបតេយ្យនៅកម្ពុជាទាំងសិទ្ធិមនុស្សទាំងប្រជាធិបតេយ្យគឺយើងតែងតែប្ដេជ្ញាចិត្តធ្វើឱ្យរីកចម្រើនជាលំដាប់»៕