រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ចន ឃែរី ដែលទើបតែបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកនឹងបញ្ជូនក្រុមការងារមួយមកកាន់ប្រទេសកម្ពុជា ដើម្បីឲ្យធ្វើការជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងគោលបំណងជួយប្រទេសនានារួមទាំងកម្ពុជាផង ចូលរួមចំណែក នៅក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្មអាយស៊ីស (ISIS) ឬរដ្ឋឥស្លាម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងការបរទេសអាមេរិក ដែលបានដកស្រង់ប្រសាសន៍របស់លោក ឃែរី នៅពេលដែលលោក បានថ្លែងទៅកាន់បុគ្គលិកនៃស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ។
លោក ឃែរី លើកឡើងបែបនេះ ជាការឆ្លើយតបទៅនឹងសំណួររបស់លោក ហ៊ុន សែន អំពីយុទ្ធសាស្ត្ររបស់អាមេរិក ក្នុងការដោះស្រាយបញ្ហារដ្ឋឥស្លាមឬ ដែលតាមសំនៀងជាភាសាអារ៉ាប់ថា ក្រុម Daesh នោះ នៅពេលដែលលោកទាំងពីរ បានជួបគ្នាក្នុងរាជធានីភ្នំពេញ នៅថ្ងៃនេះ (កាលពីថ្ងៃអង្គារ)។
«យើងនឹងបញ្ជូនក្រុមការងារមួយ មកកាន់ទីនេះ [កម្ពុជា] ដើម្បីធ្វើការជាមួយគាត់ [លោក ហ៊ុន សែន] ដើម្បីជួយធ្វើឲ្យប្រាកដថា រាល់ប្រទេសទាំងអស់ នឹងរួមចំណែកនៅក្នុងការប្រយុទ្ធប្រឆាំង [ក្រុមDaesh ] នេះ»។
ប៉ុន្តែ លោក ឃែរី មិនបានផ្តល់សេចក្តីលំអិតអំពីផែនការនៃការបញ្ជូនក្រុមការងារអាមេរិក មកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើការលើបញ្ហាភេរវកម្មនេះទេ។
ក្រុមរដ្ឋឥស្លាម ឬ ISIS ឬ ISIL ឬ Daesh នេះ គឺជាក្រុមដែលត្រូវបានពិភពលោកចាត់ទុកថាក្រុមសកម្មប្រយុទ្ធឥស្លាមជ្រុលនិយម ដែលបានវាយប្រហារដ៏ប្រល័យនៅតាមទីក្រុងនិងទីកន្លែងជាច្រើន តាមរូបភាពផ្សេងៗ រួមទាំងការបំផ្ទុះគ្រាប់បែកអត្តឃាត និងការអាករនិងដុតមនុស្សទាំងរស់ផងដែរ។
ក្រុមនេះ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្មជាច្រើន ដោយរួមទាំងការវាយប្រហារនៅក្នុងទីក្រុងប៉ារីសកាលពីឆ្នាំមុន ដែលបានសម្លាប់មនុស្ស១៣០នាក់ផង។
ដោយមានការវាយប្រហារកាលពីពេលថ្មីៗនេះ នៅក្នុងតំបន់អាស៊ី រួមទាំងនៅក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីកាលពីពីរសប្តាហ៍មុននេះផងនោះ មានការព្រួយបារម្ភថា ក្រុមនេះ អាចនឹងជ្រៀតខ្លួនចូលទៅក្នុងប្រទេសផ្សេងទៀតនៅក្នុងតំបន់ ជាពិសេសប្រទេសដែលមានប្រព័ន្ធការពារសន្តិសុខទន់ខ្សោយ។
សហរដ្ឋអាមេរិក បានដឹកនាំក្រុមយោធាចម្រុះ ដើម្បីប្រឆាំងនឹងក្រុមនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយក៏មានផែនការពង្រីកកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងក្រុមនេះបន្ថែមទៀត តាមរយៈការអូសទាញប្រទេសផ្សេងៗ ឲ្យចូលរួមនៅក្នុងយុទ្ធនាការកម្ទេចក្រុមឥស្លាមជ្រុលនិយម ដែលបង្កភាពភ័យខ្លាចដល់ពិភពលោក៕