យុវជនកម្ពុជារំពឹងថា រាជរដ្ឋាភិបាលរបស់ផងខ្លួនបានរៀបចំផែនការជាក់លាក់ក្នុងការទប់ស្កាត់សកម្មភាពវាយប្រហារភេរវកម្ម បន្ទាប់ពីការវាយប្រហារដ៏ឃោរឃៅនៅក្នុងទីក្រុង San Bernardino រដ្ឋ Califonia សហរដ្ឋអាមេរិក ជាទីកន្លែងដែលមានប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងរស់នៅ។ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាអះអាងថា រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការយ៉ាងសកម្មក្នុងទប់ស្កាត់ តាមដាន និងចែករំលែកព័ត៌មានទាក់ទងនឹងចលនានៃបណ្តាញភេរវជន ដែលអាចបង្កការវាយប្រហារបានគ្រប់ពេលវេលា។
នាព្រឹកថ្ងៃច័ន្ទនេះ យុវជនកម្ពុជាសម្តែងក្តីបារម្ភចំពោះលទ្ធភាពនៃការកើតមានសកម្មភាពវាយប្រហារភេរវកម្ម ក្រោយពេលដែលសហរដ្ឋអាមេរិកទទួលរងការវាយប្រហារសារជាថ្មីកាលពីថ្ងៃពុធសប្តាហ៍មុន ដែលបង្កឲ្យមនុស្ស១៤នាក់ស្លាប់បាត់បង់ជីវិត និង២១នាក់ផ្សេងទៀតរងរបួស។
ព្រឹត្តិការណ៍វាយប្រហារដែលបានកើតឡើងនៅទីក្រុង San Bernardino រដ្ឋ Califonia សហរដ្ឋអាមេរិកបង្កឡើងដោយអ្នកបាញ់ប្រហារពីរនាក់ដែលជាប្តីប្រពន្ធនឹងគ្នា។ អាជ្ញាធរស៊ើបការណ៍សម្ងាត់របស់អាមេរិក បញ្ជាក់ថា ពួកគេមានឈ្មោះ Tashfeen Malik និង Syed Farook។ ព្រឹត្តិការណ៍វាយប្រហារភេរវកម្មនេះគឺជាព្រឹត្តការណ៍ដែលពុំធ្លាប់កើតមាននៅលើទឹកដីសហរដ្ឋអាមេរិកគិតចាប់តាំងពីប្រទេសប្រជាធិបតេយ្យមួយនេះរងការវាយប្រហារពីក្រុមភេរវករ Al-Qaeda នាថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០០១។
នាងធន់លី សុខាលក្ខណ៍ វ័យ១៨ឆ្នាំជានិស្សិតផ្នែកបរិស្ថាននៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងប្រាប់ VOA នៅក្នុងបរិវេណសាលកវិទ្យាល័យនេះថា នាងមានការភ័យតក់ស្លុតនៅពេលទទួលដំណឹងអំពីការប្រហារនៅក្នុងរដ្ឋ California។ នាងសើ្នឲ្យរដ្ឋាភិបាលកម្ពុជាគិតគូរ និងរៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីបង្កា និងឆ្លើយតបភ្លាមៗនឹងសកម្មភាពភារវកម្ម។
«ខ្ញុំគិតថា យើងគួរតែមានផែនការជាមួយដៃគូក្នុងពិភពលោក បង្កើតផែនការមួយដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងពួកភេរវករទាំងអស់ហ្នឹង។ និយាយទៅ កុំឲ្យហេតុការណ៍ទាំងអស់កើតនៅលើប្រទេសផ្សេងៗទៀត ក៏ដូចជាប្រទេសយើង កុំឲ្យមានហេតុការណ៍ហ្នឹងកើតឡើង»។
នាងបញ្ជាក់បន្ថែមថា នាងមានការបារម្ភខ្លាំង ក្រោយពេលនាងទទួលបានដំណឹងមិនទាន់ច្បាស់ការណ៍ថា ក្រុមសកម្មជនរដ្ឋឥស្លាម ឬភាសាអង់គ្លេសហៅថា Islamic State of Iraq and Syria ហៅកាត់ថា ISIS បានឆ្លងចូលទៅដល់ប្រទេសថៃ។ ដំណឹងនេះក៏ត្រូវបានចែករំលែកនៅតាមបណ្តាញសង្គមហ្វេសប៊ុកផងដែរ។
រីឯនាងប៉ែន ទៀងលីនដា វ័យ១៩ឆ្នាំជានិសិ្សតផ្នែកគណិតវិជ្ជានៃសាកលវិទ្យាល័យដដែលនេះ និយាយថា៖
«ការណ៍ពិត ខ្ញុំក៏ព្រួយបារម្ភដែរ។ ខ្ញុំខ្លាចវាកើតឡើងចំពោះប្រទេសខ្មែររបស់យើង។ អញ្ចឹងខ្ញុំមិនចង់ឲ្យមានហេតុការណ៍នេះកើតឡើង»។
បន្ទាប់ពីការវាយប្រហារដែលបានកើតឡើងកាលពីថ្ងៃពុធ នៅរដ្ឋ California នោះ លោក ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្តេជ្ញាតាមចាប់ និងកម្ទេចភេរវជននៅគ្រប់ទីកន្លែងនៅទូទាំងពិភពលោក។
នៅក្នុងសេចក្តីថ្លែងការណ៍ដ៏កម្រពីការិយាល័យរបស់លោកនៅឯសេតវិមាន លោកអូបាម៉ាបានថ្លែងនៅយប់ថ្ងៃអាទិត្យថា ក្រុម FBI នៅកំពុងប្រមូលភស្តុតាងទាក់ទិននឹងព្រឹត្តិការណ៍ដែលបានកើតឡើងកាលពីសប្តាហ៍មុននៅឯទីក្រុង San Bernardino រដ្ឋ California។ ប៉ុន្តែលោកបានថ្លែងថា នៅមិនទាន់មានភស្តុតាងដែលអាចបញ្ជាក់ថា អ្នកបាញ់ប្រហារពីរនាក់នោះមានជាប់ទាក់ទងនឹងបណ្តាញភេរវកម្មក្រៅប្រទេសទេ។
លោកផាត់ រដ្ឋា វ័យ២៩ឆ្នាំ ជានិស្សិតផ្នែកទីផ្សារនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប មើលឃើញទិដ្ឋភាពហិង្សានយោបាយ ដែលនៅបន្តកើតមានឡើងនៅក្នុងប្រទេសកម្ពុជា អាចជាហានីភ័យមួយ នាំទៅរកការវាយប្រហារភារវកម្ម។
«ជារួម ស្រុកខ្មែរយើង បើតាមខ្ញុំគិតទៅ វាអាចមានអញ្ចឹងដែរ ព្រោះអី ឥឡូវវាមានកូដកម្មច្រើន ហើយភារវកម្ម យើងមើលមិនឃើញ មានគំនុំមានអីពីណាមក យើងមើលអត់ដឹងទេ»។
កាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅនេះមានហេតុការណ៍វាយប្រហារលើអ្នកតំណាងរាស្ត្រពីររូបមកពីគណបក្សជំទាស់។ អ្នកតំណាងរាស្ត្រទាំងពីររូបនោះគឺលោកញ៉យ ចំរើន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកគង់ សភា តំណាងរាស្ត្រខេត្តស្វាយរៀង។ សកម្មភាពវាយតប់យ៉ាងហិង្សានេះបានកើតឡើងក្នុងពេលជាងមួយម៉ោងក្រោយពីមានបាតុកម្មដែលរៀបចំឡើងដោយក្រុមអ្នកគាំទ្រគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលនៅពេលនោះទាមទារឱ្យលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិចុះចេញពីតំណែងជាអនុប្រធានទីមួយនៃសភាជាតិ។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីនៃរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ប្រាប់ VOA ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែបានត្រៀមរួចរាល់ក្នុងការទប់ស្កាត់ និងឆ្លើយតបទៅនឹងការប្រហារណាមួយ ទោះបីជាប្រទេសដ៏ក្រីក្រនេះមិនមែនជាគោលដៅរបស់ក្រុមភេរវជនក៏ដោយ។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងបញ្ជាក់ពីការខិតខំរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងការទប់ស្កាត់មិនឲ្យមានការវាយប្រហារភេរវកម្មនេះ យ៉ាងដូច្នេះថា៖
«អ្វីដែលយើងបានធ្វើផ្ទាល់គឺការប្រុងប្រយ័ត្នរបស់យើង ព្រោះថា អ្វីក៏ដោយ ភេរវកម្មអាចកើតមាននៅគ្រប់ពេលវេលា ហើយនិងគ្រប់ទីកន្លែង មិនចំពោះថា ប្រទេសណាជាប្រទេសណាទេ មិនថា ជាប្រទេសប្រជាធិបតេយ្យ ឬក៏ប្រទេសដែលមានគណបក្សមួយដឹកនាំទេ។ ភារវកម្មអាចកើតមានទាំងអស់ គ្រប់ពេលវេលា គ្រប់ទីកន្លែង។ នេះគឺជាទស្សនវិជ្ជា ឬក៏ហៅថា philosophy of terrorism។ ប៉ុន្តែអ្វីដែលយើងអាចចៀសវាងបាននោះគឺការបង្ការ និងការបង្ក្រាប។ ការបង្ការជាករណីល្អបំផុត។ ការបង្ការមានទាំងការ share of information។ ការត្រួតពិនិត្យចរន្តចេញចូល។ ចង់និយាយអញ្ចឹងណា៎។ ដូចពាក្យខ្មែរយើងថា ប្រហែសបាត់ ប្រយ័ត្នគង់»។
លោកបានសម្តែងការដឹងគុណចំពោះសហគមន៍ខ្មែរឥស្លាមនៅក្នុងប្រទេសកម្ពុជា ដែលបានផ្តល់ក្តីស្រឡាញ់ដល់ប្រទេសនេះ ដោយពួកគេពុំដែលបានបង្ហាញចេតនាក្នុងការបង្កឲ្យមានអំពើហិង្សា ឬការវាយប្រហារណាមួយ ដែលភាគច្រើនបង្កឡើងដោយក្រុមឥស្លាមជ្រុលនិយមផ្សេងទៀតនោះទេ។
«យើងក៏ឆ្លៀតយកឱកាសនេះសម្តែងការគោរព និងកោតសរសើរជាទីបំផុតចំពោះបងប្អូនខ្មែរឥស្លាមយើងទាំងអស់ ដែលគាត់ប្រកាន់នូវនិន្នាការយ៉ាងល្អប្រសើរគឺបងប្អូនខ្មែរឥស្លាមដែលប្រកាន់យកនៅការស្រឡាញ់សន្តិភាព ការមិនជ្រុលនិយម ហើយការដែលតែងតែប្រឆាំងដាច់ខាតពួកជ្រុលនិយមហ្នឹង បានន័យថា បងប្អូនខ្មែរឥស្លាមយើងនៅកម្ពុជា គឺល្អបំផុត ហើយគាត់ស្រឡាញ់ទឹកដីកម្ពុជាយើងដូចជាទឹកដីកំណើតរបស់គាត់»។
ការវាយប្រហារភេរវកម្មបានកើតឡើងជាបន្តបន្ទាប់នៅក្នុងបស្ចឹមប្រទេសដោយសារមេដឹកនាំប្រទេសទាំងនោះបានប្រកាសវាយប្រហារជាញឹកញាប់តាមផ្លូវអាកាសដើម្បីកំចាត់ក្រុម ISIS ដែលបានលុកលុយប្រទេសមួយចំនួននៅក្នុងមជ្ឈឹមបូព៌ាប្រទេស ជាពិសេសគឺប្រទេសស៊ីរី។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងថា ការវាយប្រហារដែលបានធ្វើឡើងនៅក្នុងរដ្ឋ California នោះគឺបណ្តាលមកពីអាជ្ញាធរអាមេរិកខ្សោយក្នុងការរឹតបន្តឹងសិទ្ធិសេរីភាពនៃការប្រើប្រាស់អាវុធ ដែលកំពុងស្ថិតក្នុងភាពខ្វែងគំនិតគ្នារវាងអ្នកនយោបាយនៃគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ។ លោកថា ស្ថានភាពវាយប្រហារនេះអាចនឹងពិបាកកើតមាននៅក្នុងប្រទេសកម្ពុជា ដោយសារកម្ពុជាមិនបានអនុញ្ញាតឲ្យពលរដ្ឋខ្លួនមានសិទ្ធិប្រើប្រាស់អាវុធដោយសេរីនោះទេ។
«ទីមួយកម្ពុជា និងសហរដ្ឋអាមេរិកខុសគ្នា។ ប្រជាពលរដ្ឋអត់អាចយកអំណះអំណាងសេរីភាពក្នុងការកាន់កាប់កាំភ្លើង ឬកម្មសិទ្ធិកាំភ្លើងជាទិសដៅទេ អត់មានទេ គឺយើងហាមអ្នកកាន់កាំភ្លើងទាំងអស់ គឺអនុញ្ញាតឲ្យតែពេលដែលមន្ត្រីរាជការចុះបេសកកម្ម។ អាហ្នឹងខុសគ្នាពីសហរដ្ឋអាមេរិក។ ហើយចំពោះកម្ពុជា យើងមើលឃើញ ដោយសារវិធានដែលមិនអនុញ្ញាតឲ្យមនុស្សធម្មតាកាន់កាប់កាំភ្លើងហ្នឹង វាធ្វើមិនឲ្យមានការបាញ់ប្រហារជាហ្វូង ឬជាក្រុមនោះទេ។ ក៏ប៉ុន្តែមានអំពើចោរប្លន់។ ដូច្នេះករណីកាន់កាំភ្លើងជារឿងដាច់ដោយឡែកដោយសារសកម្មភាពចោរប្លន់ ហើយរឿងដែលពាក់ព័ន្ធរឿងភារវកម្មយើងអត់ទាន់មានទេ។ អាជ្ញាធរយើងកំពុងពង្រឹងសមត្ថកិច្ចក្នុងកិច្ចការគ្រប់គ្រងការប្រើប្រាស់កាំភ្លើងនេះខ្លាំងណាស់ដែរ»។
នៅក្នុងការថ្លែងរបស់លោកនៅរាត្រីថ្ងៃអាទិត្យ លោកអូបាម៉ាបានសន្យាផងដែរថា យោធាអាមេរិកនឹងចាប់ខ្លួនមេដឹកនាំភេរវករនៅប្រទេសណាក៏ដោយដែលពួកគេកំពុងលាក់ខ្លួន៕