ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិកម្ម​របស់​ជនជាតិ​ចាម​នៅ​កម្ពុជា ចំពោះ​អំពើ​សាហាវ​យង់ឃ្នង​របស់​ក្រុម​រដ្ឋអ៊ីស្លាម​ជ្រុល​និយម ISIS


គ្រូបង្រៀន​សាសនា​អ៊ីស្លាម​នាំ​យក​តង្វាយ​ទៅ​ព្រះវិហារ​មួយ​នៅ​ប្រទេស​កម្ពុជា​ ​ក្នុង​អំឡុង​ពេល​បុណ្យ​ម៉ាឡត​ដែល​ជា​បុណ្យ​ប្រចាំ​ឆ្នាំ​មួយ។ (រូបថត៖អេង កុកថាយ នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)
គ្រូបង្រៀន​សាសនា​អ៊ីស្លាម​នាំ​យក​តង្វាយ​ទៅ​ព្រះវិហារ​មួយ​នៅ​ប្រទេស​កម្ពុជា​ ​ក្នុង​អំឡុង​ពេល​បុណ្យ​ម៉ាឡត​ដែល​ជា​បុណ្យ​ប្រចាំ​ឆ្នាំ​មួយ។ (រូបថត៖អេង កុកថាយ នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

កំណត់និពន្ធ៖ ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី ហៅ​កាត់​ថា​ក្រុម ISIS បាន​កន្ត្រាក់​អារម្មណ៍​មនុស្ស​នៅ​ទូទាំង​ពិភពលោក​និង​កម្ពុជា ដោយសារតែ​អំពើ​ដ៏​សាហាវ​យង់ឃ្នង​របស់​ពួកគេ​ទៅ​លើ​ចំណាប់​ខ្មាំង ក្នុងនោះ​រួមទាំង​ការដុត​ចំណាប់​ខ្មាំង​ទាំងរស់ ដែលជា​អ្នកបើក​យន្តហោះ​ម្នាក់​នៃ​កង​ទ័ព​អាកាស​ហ្ស៊កដានី​ផងដែរ។ ទាក់ទង​នឹង​អំពើ​ភេរវកម្ម​នេះ ជនជាតិ​ចាម​នៅ​កម្ពុជា​ធ្លាប់​រង​ផល​ប៉ះពាល់ ដោយ​ជួប​នឹង​បញ្ហា​រើសអើង​ខ្លះៗ ក្រោយពី​ក្រុម​អាល់ខៃដា​បាន​ធ្វើ​សកម្មភាព​កាលពី​ជាង​១០​ឆ្នាំ​មុន។ ដើម្បី​ឲ្យ​ដឹង​ថា តើ​ជនជាតិ​ចាម​នៅ​កម្ពុជា​មាន​ទស្សនៈ​យ៉ាងណា​ចំពោះ​ទង្វើ​របស់​ក្រុម ISIS នេះ នៅ​ថ្ងៃអង្គារ​ទី ១០ ខែកុម្ភៈ ឆ្នាំ២០១៥​នេះ អ្នកស្រី លី ម៉ូរីវ៉ាន់ នៃ​វីអូអេ បានសម្ភាស​តាម​ទូរស័ព្ទ​ជាមួយ​លោក​បណ្ឌិត អេង កុកថាយ ដែល​ស្ថិត​នៅ​ទីក្រុង​ភ្នំពេញ។ លោក កុកថាយ ជា​អ្នកនិពន្ធ​សៀវភៅ​មាន​ចំណងជើង​ថា «ចាប់ពី​របប​ខ្មែរ​ក្រហម​ដល់​ឧប្បត្តិហេតុ​ហាំបាលី: អត្តសញ្ញាណ​ជន​ជាតិ​ចាម​នៅ​ក្នុង​យុគ​សម័យ​សកល​ភាវូបនីយកម្ម» និង​ជា​នាយក​ផ្នែក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

វីអូអេ៖ លោក កុក ថាយ ជា​ដំបូង​នេះ ខ្ញុំ​ចង់​ឲ្យ​លោក​ប្រាប់​លោក​អ្នក​ស្តាប់​យើង​ថា​តើ​មនោគមន៍វិជ្ជា​របស់​ក្រុម ISIS ហ្នឹង​ជា​អ្វី​ទៅ?

អេង កុកថាយ៖ បាទ ក្រុមISIS គឺ​ជា​ក្រុម​មួយ​ដែល​កំពុង​តែ​កាន់កាប់​ទឹកដី​មួយ​ភាគ​ធំ​នៅ​ប្រទេស​អ៊ីរ៉ាក់​ខាងជើង និង​ប្រទេស​ស៊ីរី​ខាងជើង​ក្នុង​ពេល​បច្ចុប្បន្ន ហើយ​មនោគមន៍វិជ្ជា​សំខាន់​របស់​ក្រុម​នេះ គឺ​អ៊ីស្លាម​និយម បាន​ន័យ​ថា​ក្រុម​នេះ​ទាមទារ​ឲ្យ​មាន​ការប្រើប្រាស់​ច្បាប់​នៅ​ក្នុង​គម្ពីរ​សាសនា​អ៊ីស្លាម​ដើម្បី​ដឹកនាំ​ប្រទេស ដែល​ខ្លួន​កាន់​កាប់ និង​ដើម្បី​បង្កើត​ជា​គោលនយោបាយ​កំណត់​គោលដៅ​ជីវិត​របស់​ប្រជាជន​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​តំបន់​ដែល​ខ្លួន​កាន់កាប់​នោះ ហើយ​នៅ​ថ្ងៃ​អនាគត ក្រុមISIS នេះ​មាន​បំណង​បង្កើត​ជា​អាណាចក្រ​មួយ​ដែល​មាន​ផ្ទៃ​ដី​គ្រប​ដណ្តប់​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ទាំងមូល។

វីអូអេ៖ តើ​ក្រុម​នេះ ចាប់ផ្តើម​ពី​ដំបូង​ឡើយ​យ៉ាង​ដូច​ម្តេច ហើយ​អ្នកណា​ជា​មេដឹកនាំ​ក្រុម​នេះ?

អេង កុកថាយ៖ បាទ ក្រុម​នេះ​ដំបូង​ឡើយ​គឺ​ផ្នែក​មួយ​នៃ​ក្រុម​ភេរវករ​អាល់ខៃដា។ បាទ​គឺ​នៅ​ក្នុង​ខ្ទង់​ឆ្នាំ ២០០២ ២០០៣ ២០០៤។ ប៉ុន្តែ​ក្រោយមក នៅ​ពេល​ដែល​ក្រុម​អាល់​ខៃដា​នេះ​មាន​ប្រជាប្រិយ​ភាព​ធ្លាក់​ចុះ ហើយ​ពិសេស​ក្រោយពី​ការ​មាន​ការបាញ់​សម្លាប់​ថ្នាក់​ដឹកនាំ​របស់​ក្រុម​នេះ គឺ​ អូសាម៉ា ប៊ីន​ឡាដិន ក្រុម ISIS បាន​ផ្តាច់​ខ្លួន​ចេញ​ពី​ក្រុម​អាល់ខៃដា ហើយ​ដំបូង​ក្រុម​ ISIS ​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ មេដឹកនាំ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា Abu Musab al-Zarqawi ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០០៦។ ប៉ុន្តែ​ក្រោយ​ពី​ Zarqawi ​ស្លាប់​ក៏​មាន​មេដឹកនាំ​ថ្មី​មួយ​ដែល​បច្ចុប្បន្ន​មាន​ឈ្មោះ​ថា Abu Bakr al-Baghdadi ដែល​ជា​មេដឹកនាំ​ ក្រុមISIS ​បច្ចុប្បន្ន។ ហើយ​ដំបូង​ឡើយ​ ក្រុម​ISIS ពុំ​មាន​ប្រជាប្រិយភាព​ប៉ុន្មាន​ទេ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ក្តី ឬ​មួយ​នៅ​ក្នុង​ប្រទេស​អាហ្គានីស្ថាន ឬ​ប្រទេស​ស៊ីរី។ ប៉ុន្តែ​នៅ​ពេល​ដែល​មាន​ផ្ទុះ​សង្រ្គាម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​ស៊ីរី ក្រោយ​ពី​មាន​ចលនា​អារ៉ាប់​ស្រ្ពីងក្នុង​តំបន់​មជ្ឈិមបូព៌ា​មក ក្រុម ISIS ​មាន​វាសនា​ផ្លាស់ប្តូរ បាន​ឆ្លៀត​ឱកាស​នេះ​ចូលរួម​សង្គ្រាម​ជាមួយ​នឹង​ក្រុម​ឧទ្ទាមផ្សេងៗនៅ​ក្នុង​ប្រទេស​ស៊ីរីដើម្បី​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​អាសាដ ហើយ​ឆ្លៀត​ឱកាស​នេះ ក្រុម​នេះ​បាន​ពង្រីក​អំណាច​របស់​ខ្លួន​មក​ក្នុងប្រទេស​អ៊ីរ៉ាក់​ថែម​ទៀត។ ឆ្លៀត​ក្នុង​ពេល​នោះ​ដែរ រដ្ឋាភិបាលនិងក្រុម​យោធា​របស់រដ្ឋាភិបាលអ៊ីរ៉ាក់​ពុំ​មាន​ការ​តទល់​ប្រឆាំង​ខ្លាំង​ជាមួយ ក្រុម​ ISIS ​នោះ​ទេ ហើយ​ទាហាន​ជាច្រើន​បាន​បាក់ទ័ព​ ហើយ​ទម្លាក់​អាវុធ ហើយ​ភៀស​ខ្លួន​ចេញ​ពី​កន្លែង​ដែល​ខ្លួន​ការពារ បណ្តាល​ឲ្យ ក្រុម ISIS ​នេះ​មាន​ឱកាស​គ្រប់​គ្រងប្រទេស​អ៊ីរ៉ាក់​បាន​យ៉ាង​ឆាប់​រហ័ស នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៤ និង​ទឹក​ដី​មួយ​ផ្នែក​ធំ​នៅ​ប្រទេស​ស៊ីរី​ក្នុង​ពេល​ជាមួយ​គ្នា។​

លោក​បណ្ឌិត អេង កុកថាយ ដែល​ជា​នាយករង និង​ជា​នាយក​ផ្នែក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។ (រូបថត៖ អេង កុកថាយ)
លោក​បណ្ឌិត អេង កុកថាយ ដែល​ជា​នាយករង និង​ជា​នាយក​ផ្នែក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។ (រូបថត៖ អេង កុកថាយ)

វីអូអេ៖ ចាស លោក​កុក ថាយ លោក​បាន​សិក្សា​ស្រាវជ្រាវ​ជាច្រើន ហើយ​បើ​តាម​ការ​ស្រាវ​ជ្រាវ​របស់​លោក តើ​នៅ​ក្នុង​ចំណោម​ក្រុម​សកម្ម​ប្រយុទ្ធ​របស់​ក្រុម​ ISIS ​នេះ​ មាន​ជន​ជាតិ​ខ្មែរ​ដែរ​ឬ​ទេ​ចាស?

អេង កុកថាយ៖ បាទ​ នេះ​គឺ​ជា​សំនួរ​មួយ​ដែល​យើង​ពុំទាន់​មាន​ភស្តុតាង​ណា​មួយ​ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​លាស់​នៅ​ឡើយ​ទេ នៅខែ​មិថុនា ឆ្នាំ​២០១៤ ​ឆ្នាំ​មុន​ ក្រុម ISIS ​បាន​បង្ហោះនូវ​វីដេអូ​មួយ​ដែលមាន​រយៈ​ពេល​១៣​នាទី​ ដែល​ក្នុង​វីដេអូ​នេះ ក្រុម ISIS ​បាន​ឲ្យ​យុទ្ធជន ឬ ក៏​សមាជិក​របស់​ខ្លួន​ដែល​មក​ពីប្រទេស​អភិវឌ្ឍ​ផ្សេងៗ ដើម្បី​ធ្វើ​បទ​បង្ហាញ​ឃោសនា​ឲ្យ​មាន​ការចូលរួម​កាន់​តែ​ច្រើន ហើយ​នៅ​ក្នុង​វីដេអូ​នេះ ក្រុម ISIS ​បាន​បង្ហាញ​ថា គេ​មាន​កម្លាំង​មក​ពី​ប្រទេស​បង់ក្លាដេស អ៊ីរ៉ាក់​ អូស្រ្តាលី​ ចក្រភព​អង់គ្លេស​ ព្រមទាំង​ប្រទេស​កម្ពុជា​ផង​ដែរ។ អញ្ចឹង​នៅ​ក្នុង​រយៈ​ពេល​នោះ កាសែត​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ក៏​បាន​ស៊ើបសួរថ្នាក់​ដឹកនាំសាសនា​អ៊ីស្លាម​ និង​ថ្នាក់​ដឹក​នាំ​ចាម សហគមន៍​ចាមដែរ ​អំពី​សំណួរ​នេះ ហើយ​ពួក​គាត់​ពុំ​បាន​ទទួល​ដំណឹង​ណា​មួយ​ថា​ មាន​បង​ប្អូន​ជន​ជាតិ​ចាម​ណា​ម្នាក់​បាន​ចូលរួម​នៅ​ក្នុង ក្រុម ISIS ​នេះ​ទេ ហើយ​បច្ចុប្បន្នក៏​យើង​ពុំ​ទាន់​មាន​ភស្តុតាង​ច្បាស់លាស់ដើម្បី​បង្ហាញ​ដែរ។​ ហើយខ្ញុំ​គិត​ថា​នេះ ​គឺ​ជា​ការ​ឃោស​នា​មួយ​របស់​ ក្រុម ISIS ​ ដើម្បីប​ង្ហាញ​ថា ​ចលនា​នយោបាយ​ធ្វើ​សង្គ្រាមរបស់​ខ្លួន​មាន​ការ​គាំ​ទ្រ​ខ្លាំង​ពី​ប្រជាជន​នៅ​ទូទាំងពិភពលោក។ វាហាក់បី​ដូច​ជា​ការ​ចោទ​ប្រកាន់​ជន​ជាតិ​ចាម​នៅ​ក្នុង​ខ្ទង់​ដើម​ឆ្នាំ​ ២០០៣ និង ២០០៤ និង​ក្រោយ​មក​នៅ​ក្នុង​ឆ្នាំ ​២០០៧​ ថា​គាត់​បាន​ចូល​ដៃ​ជាមួយនឹង​ក្រុម​ភេរវករនៅ​ក្នុង​ពិភព​លោក ហើយថែម​ទាំង​បាន​ចោទ​ប្រកាន់​ជន​ជាតិ​ចាម​ថា​ គាត់​បាន​រួម​ចំណែក​នៅ​ក្នុងការ​ធ្វើ​ចលនា​ផ្តាច់​ខ្លួន​នៅ​ថៃ​ភាគ​ខាង​ត្បូង​ផង​ដែរ។ ប៉ុន្តែ​រាល់​ការ​ចោទ​ប្រកាន់​ទាំង​អស់​នេះ ពុំ​មាន​ភស្តុតាង​ណាមួយបញ្ជាក់​ឲ្យបានច្បាស់​ថា ​គាត់​ពិត​ជា​បាន​ចូល​នោះ​ទេ។

សិស្ស​ជនជាតិ​ចាម​កំពុង​រៀន​នៅ​ក្នុង​ថ្នាក់​រៀន​សាសនា​ជា​លក្ខណៈ​ឯកជន​មួយ​នៅ​ក្រោម​ផ្ទះ​មួយ​ខ្នង​ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​នៃ​ប្រទេស​កម្ពុជា។ (រូបថត៖អេង កុកថាយ ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)
សិស្ស​ជនជាតិ​ចាម​កំពុង​រៀន​នៅ​ក្នុង​ថ្នាក់​រៀន​សាសនា​ជា​លក្ខណៈ​ឯកជន​មួយ​នៅ​ក្រោម​ផ្ទះ​មួយ​ខ្នង​ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​នៃ​ប្រទេស​កម្ពុជា។ (រូបថត៖អេង កុកថាយ ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

វីអូអេ៖ ច៎ា​ ហើយ​ចុះ​តើ​ប្រជាពល​រដ្ឋ​ខ្មែរ​ឥស្លាម​នៅ​ក្នុង​ប្រទេស​កម្ពុជាហ្នឹង មាន​ប្រតិកម្ម​យ៉ាង​ណា​ខ្លះ ចំពោះ​អំពើ​ដ៏សាហាវ​យង់ឃ្នង​របស់​ក្រុម​អ៊ីស្លាម​ជ្រុល​និយម ISIS នេះ​?

​អេង កុក​ថាយ៖ បាទ​ ប្រជាជន​ចាម​ និង​អ្នក​កាន់​សាសនា​អ៊ីស្លាមជាច្រើន​ដែល​ខ្ញុំ​បាន​ជួប​និង​សាកសួរអំពី​អំពើ​ឃោរឃៅ​ព្រៃ​ផ្សៃ​ដែល ក្រុម ISIS បាន​បង្ហោះនៅ​តាម​ប្រព័ន្ធ​អ៊ីធើណិត ជា​ពិសេស​ គឺការធ្វើ​ការ​ប្រហារ​ជីវិត​តាម​រយៈ​ការ​កាត់​ក​របស់​អ្នក​សារព័ត៌មាន បុគ្គលិក​ផ្តល់​ជំនួយមនុស្ស​ធម៌​និងចំណាប់​ខ្មាំង​ដែល​ក្រុម​នេះ​បាន​ចាប់​នោះ​ ប្រជាជន​ចាម​គឺ​មាន​ការ​ថ្កោល​ទោស​ចំពោះ​ទង្វើ​ដ៏​ឃោរឃៅ​ទាំង​អស់​នេះ ហើយ​គាត់​គិត​ថា​សាសនាអ៊ីស្លាមដែល​ពួក​គាត់​បាន​យល់ គឺ​ជា​សាសនា​ដែលពោរពេញ​ទៅ​ដោយ​សុខ​សន្តិភាព​និង​ការរួបរួម​រស់នៅ​ជាមួយ​គ្នា​ ដោយពុំ​មាន​ជម្លោះ​ ឬ​មួយ​ក៏​ការ​ប្រកាន់​ពូជ​សាសន៍​រវាង​គ្នា​ ហើយ​ជាក់​ស្តែង​គាត់​បាន​លើកថា​នៅ​ក្នុង​ប្រទេស​អាស៊ី និង​ប្រទេស​ឥណ្ឌូនេស៊ី​គឺ​ជាប្រទេស​កាន់​សាសនា​អ៊ីស្លាម ហើយប្រទេស​ឥណ្ឌូនេស៊ី​គឺ​ជាប្រទេស​កាន់​សាសនា​ឥស្លាម​ធំ​ជាង​គេ​នៅក្នុង​ពិភព​លោក ហើយ​ប្រទេស​នេះ​គឺ​ជា​ប្រទេស​ជិត​ខាង​របស់​កម្ពុជា ហើយ​ប្រទេស​ទាំង​ពីរ​នេះ​ពុំ​ដែល​មាន​ជម្លោះ​រវាងគ្នា​នោះ​ទេ​បាទ។​

វីអូអេ៖ ចាស ហើយ​នៅ​ក្នុង​សៀវ​ភៅ​របស់​លោក​ ដែល​មាន​ចំណង​ជើង​ថា​ «ចាប់ពី​របប​ខ្មែរ​ក្រហម​ដល់​ឧប្បត្តិហេតុហាំបាលី:​ អត្តសញ្ញាណ​ជន​ជាតិចាម​នៅ​ក្នុង​យុគសម័យ​សកល​ភាវូបនីយកម្ម» ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មករា​កន្លងទៅ​នេះ​ លោក​បាន​សរសេរ​អំពី​ការ​ដែល​ជន​ជាតិចាម​ត្រូវ​ប្រឈម​ទៅ​នឹង​បញ្ហារើសអើង​មួយ​ចំនួន ក្រោយ​ពី​ក្រុម​អាល់​កៃ​ដា​បាន​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​កាល​ពី​ជាង​ដប់​ឆ្នាំ​មុន អញ្ចឹងខ្ញុំ​ចង់​ដឹង​ថា​ តើឥឡូវនេះ ដោយ​សារ​តែ​អំពើ​របស់​ក្រុម ISIS ​ហ្នឹង ជន​ជាតិ​ចាមនៅ​កម្ពុជា​អាច​នឹង​ប្រឈមគ្រោះ​ថ្នាក់​អ្វី​ផ្សេង​ទៀត​ដែរ ឬ​ទេ​ច៎ា?

​អេង កុក​ថាយ៖ ខ្ញុំ​គិត​ថា​ពុំ​មាន​គ្រោះថ្នាក់​អ្វី​ដល់​ជន​ជាតិ​ចាម​នៅ​កម្ពុជា​នោះ​ទេ ជាពិសេស​គឺការ​រើស​អើង​ចំពោះ​គាត់​នៅ​ពេល​ដែល​មាន​ព័ត៌មាន​ថា​មាន​ជន​ជាតិ​ចាមចំនួន​តូច ម្នាក់​ឬ​ពីរនាក់ ឬ​មួយ​ក៏​ដប់​នាក់​ក៏​យើង​មិន​ដឹង ដែល​ក្រុម​ ISIS ​បានអះ​អាង​ថា​ បាន​ចូល​រួម​នៅ​ក្នុងចលនា​តស៊ូ​របស់​ខ្លួន​ ប៉ុន្តែ​យើង​ពុំ​មាន​ភស្តុតាងណា​ច្បាស់​លាស់ ហើយជន​ជាតិ​ចាម ​នេះ​មិន​មែន​ជាលើក​ទី​មួយ​ ដែល​ជន​ជាតិ​ចាម​ត្រូវ​បាន​ចោទ​ប្រកាន់​ថា មាន​រួម​ចំណែក​នៅ​ក្នុង​ចលនា​ភេរវកម្ម ឬ​មួយ​នៅ​ក្នុង​ចលនា​សង្គ្រាមនៅ​ក្នុង​ប្រទេស​ដទៃ​នោះ​ទេ អញ្ចឹងជាទូទៅគោលនយោបាយរបស់​រដ្ឋាភិបាល​កម្ពុជាគឺ​ការពារ​ជនជាតិ​ចាម និង​ប្រឆាំង​ជានិច្ច​ចំពោះ​នូវ​អំពើ​ភេរវកម្ម​ដែល​អាច​នឹង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ជាក់​ស្តែងយើង​ពុំ​មាន​ភស្តុតាងណា​មួយ​ដែល​បញ្ជាក់​ថា ជនជាតិ​ចាម​នៅ​ប្រទេស​កម្ពុជាបាន​ចូល​រួម​ចលនា​សង្គ្រាម​របស់ក្រុម ISIS ​នោះ​ទេ។

វីអូអេ៖ ច៎ា​ លោក​កុក ថាយ​ សូម​អរគុណ​លោក​ច្រើន​ដែល​បានផ្តល់​ការ​សន្ទនា​ជាមួយ​វីអូអេ​នៅ​ពេល​នេះ។​

អេង កុក​ថាយ៖ បាទ​ សូម​អរគុណ៕

XS
SM
MD
LG