ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​អ៊ីស្លាម​មិន​ចង់​ឃើញ​ការ​សងសឹក​គ្នា​រវាង​ហ្ស៊កដានី​និង​ក្រុម ​ISIS


បុរស​ម្នាក់​ដែល​ត្រូវ​បាន​គេ​ពិពណ៌នា​ថា​ជា​​អាកាសយានិក​ជាតិ​ហ្ស៊កដានី​ឈ្មោះ Muath al-Kasaesbeh ដែល​ជា​ចំណាប់​ខ្មាំង​របស់​ក្រុម​«រដ្ឋ​អ៊ីស្លាម‍» (ISIS) ត្រូវ​បាន​គេ​បង្ហាញ​នៅ​ក្នុង​រូបថត​ពី​វីដេអូ​នេះ​​កំពុង​ស្ថិត​នៅ​ក្នុង​ទ្រង់​នៅ​កន្លែង​ដែល​គេ​មិន​ស្គាល់។ រូបថត​នេះ​ត្រូវ​បាន​គេ​ផ្សាយ​ក្នុង​បណ្តាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
បុរស​ម្នាក់​ដែល​ត្រូវ​បាន​គេ​ពិពណ៌នា​ថា​ជា​​អាកាសយានិក​ជាតិ​ហ្ស៊កដានី​ឈ្មោះ Muath al-Kasaesbeh ដែល​ជា​ចំណាប់​ខ្មាំង​របស់​ក្រុម​«រដ្ឋ​អ៊ីស្លាម‍» (ISIS) ត្រូវ​បាន​គេ​បង្ហាញ​នៅ​ក្នុង​រូបថត​ពី​វីដេអូ​នេះ​​កំពុង​ស្ថិត​នៅ​ក្នុង​ទ្រង់​នៅ​កន្លែង​ដែល​គេ​មិន​ស្គាល់។ រូបថត​នេះ​ត្រូវ​បាន​គេ​ផ្សាយ​ក្នុង​បណ្តាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

ពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​ទាំងនិស្សិត​ រហូត​ដល់​មន្ត្រី​ជាន់​ខ្ពស់​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ក្រុម​អ៊ីស្លាម​ជ្រុល​និយម​ ISIS ​ និង​ ការ​បើក​ប្រតិបត្តិ​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​របស់​ប្រទេស​ហ្ស៊កដានី​ទៅ​លើក​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​បន្ទាប់​ពី​បាន​សម្លាប់​អ្នក​បើក​បរយន្ត​ហោះ​ប្រទេស ​ហ្ស៊កដានី​ម្នាក់។​

ពល​រដ្ឋ​ខ្មែរ​អ៊ីស្លាម​បាន​ទស្សន៍​ទាយ​ថា​សង្គ្រាម​អាច​នឹង​ផ្ទុះ​ឡើង​កាន់​តែ​ធំឡើង​ថែម​ទៀត​នៅ​ក្នុង​តំបន់​មជ្ឃិម​បូព៌ា​ដែល​ទាមទារ​ឱ្យ​មាន​ការ​សម្រប​ស្រួល​មួយ​ចៀស​វាង​អំពើ​ហិង្សា​កាប់​សម្លាប់​គ្នា​ដោយ​សារតែ​ការ​ប្រកាន់​តឹង​រៀងៗ​ខ្លួន។​

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​ទូទាំង​ពិភព​លោក​បាន​និយាយ​អំពី​សកម្មភាព​ដុត​សម្លាប់​ទាំង​រស់​ អ្នក​បើក​បរ​យន្ត​ហោះ​ប្រទេស​ហ្ស៊កដានី​ម្នាក់​ ឈ្មោះ​ Moaz Al Kasasbeh ​ដោយក្រុម​ISIS ​នៅ​ក្នុង​ទ្រុងដែក​យ៉ាង​ព្រៃផ្សៃ​បំផុត។​

ជា​ការ​ឆ្លើយ​តប​មក​វិញ​ប្រទេស​ហ្សក ដានី​ បាន​កាត់​ទោស​ប្រហារជីវិត​អ្នក​ទោស​សកម្មប្រយុទ្ធ​ជន​ជាតិ​អ៊ីស្លាម​ពីរ​នាក់​ក្នុង​នោះ​មាន​ស្រ្តី​ម្នាក់​ដោយ​ព្យួរ​ក​កាល​ពី​ម្ស៉ិល​មិញ​នេះ​ដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​ពួក​សកម្ម​ប្រយុទ្ធ​ដែល​បាន​ដុត​សម្លាប់​អ្នក​បើក​បរ​យន្ត​ហោះ​របស់​ខ្លួន។​

លោក​ អះម៉ាត់​ យ៉ះយ៉ា​ ប្រធាន​សមាគម​អភិវឌ្ឍន៍​ខ្មែរ​អ៊ីស្លាម​កម្ពុជា​មាន​ប្រសាសន៍​ថា​អ៊ីស្លាម​កម្ពុជា​មិន​គាំទ្រ​ទៅ​នឹង​សកម្មភាព​សម្លាប់​យ៉ាង​ព្រៃ​ផ្សៃ​ទាំង​នោះ​ទេ។​

លោក​បាន​បញ្ជាក់​ថា​ប្រសិន​ណា​បើ​ប្រទេស​ហ្ស៊កដានី​ នៅ​តែ​ចិញ្ចឹម​ចិត្ត​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​ISIS ​នោះ​សង្គ្រាម​អាច​នឹង​រីករាល​ដាល​នៅ​ក្នុង​តំបន់​មជ្ឈឹម​បូព៌ាហើយ​ប្រទេស​ជិត​ខាង​ហ្ស៊កដានី​ មួយ​ចំនួន​នឹង​មិន​មាន​សន្តិភាព​និង​សុវត្ថិភាព។​

លោក​និយាយថា៖ ​«ខ្ញុំ​ខ្លាច​តែ​រឿង​ហ្នឹង​វារិត​តែ​ធំទៅ​ហើយ​សង្គ្រាម​ពេញ​មជ្ឈឹម​បូព៌ា ​អត់​មាន​ពីណា​នៅ​បាន​សុខ​មួយ​ទេ។​វាយ​គ្នា​ឯង​ទាំង​អស់​ពេញ​តែ​ម្តងមិន​ដឹង​អ្នក​ណា​ ខ្លះ​ច្របូក​ ច្របល់​ពេញ​តែ​ហ្នឹង​ ហើយ​អ្នក​ណា​លូក​ដៃ​ចូល​ទៅ​អ្នក​ហ្នឹង​ស្លាប់»។​

លោក​ Moaz Al Kasasbeh​ អ្នក​បើក​បរ​យន្ត​ហោះ​ចំបាំង​របស់​ប្រទេស​ហ្ស៊កដានី​ ត្រូវ​បាន​ក្រុម​ឧទ្ទាម​អ៊ីស្លាម​ក្នុង​ប្រទេស​ ស៊ីរី​ ចាប់​ខ្លួន​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​ ២០១៤​ក្នុង​ខណៈពេល​ដែល​លោក​ហោះ​ប្រតិបត្តិការ​បំពេញ​បេសកកម្ម​ជាមួយ​ក្រុម​សម្ព័ន្ធ​មិត្ត​ដែល​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក​បើក​ការ​វាយ​ប្រហារ​តាម​អាកាស​ទៅ​លើ​ក្រុម​«ISIS »។​

លោក​ អ៊ីសា ឧស្មាន​ ប្រជាពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​ម្នាក់​ក្នុង​ទី​ក្រុង​ភ្នំពេញ​ដែល​បាន​តាម​ដាន​ព័ត៌មាន​តាម​បណ្តាញ​ប្រព័ន្ធផ្សព្វ​ផ្សាយ។ ​លោក​និយាយ​ថា​លោក​មាន​ការ​រន្ធត់​និង​តក់​ស្លុត​នៅ​ពេល​ដែល​ឃើញ​ក្រុម​ឧទ្ទាម​បាន​សម្លាប់​ទៅ​លើ​អ្នក​បើក​យន្ត​ហោះ​របស់​ប្រទេស​ហ្ស៊កដានី។​

លោក​មាន​ប្រសាសន៍​ថា​ពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​ប្រឆាំង​ជំទាស់​ទៅ​នឹង​ទង្វើ​ទាំង​នេះ​ទេ​ក៏ប៉ុន្តែ​លោក​ទាម​ទារ​ឱ្យ​មាន​ដំណោះ​ស្រាយ​មួយ​ដើម្បី​ចៀស​វាង​សង្គ្រាម​បង្ហូរ​ឈាម។​

លោក​និយាយ​ថា៖​«ខ្ញុំ​គិត​ថា​ប្រសិន​ណា​បើ​រឿង​ហ្នឹង​ដោះ​ស្រាយ​មិន​បាន​ទេ​ធម្មតា​ទេ​ការ​គុំ​គួន​គ្នា​ ចង​កំហឹង​គ្នា​ចេះ​តែ​កើត​ឡើង​ធំ​ឡើងៗ។​ ខាង​នេះ​សម្លាប់​មួយ ​ខាង​នោះ​សម្លាប់​ពីរ​ ចេះ​តែ​ចាប់​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក​តែ​អញ្ចឹង ​យើង​មាន​អ្វី​ចំណេញ​ទៅ»។​

លោក​ ស្លេះ ណាស៊ី​ ប្រធាន​មជ្ឈមណ្ឌល​ព័ត៌មាន​មូស្លីម​កម្ពុជា​មាន​ប្រសាសន៍​ថា​បញ្ហា​នេះ​គឺ​ជា​រឿង​ធំ​មួយ​សម្រាប់​ពិភព​លោក​មិន​មែន​ត្រឹម​តែ​ប្រទេស​ហ្ស៊កដានី​ម្នាក់​ឯង​នោះទេ​ ដោយ​សារ​តែ​មាន​ប្រទេស​ជា​ច្រើន​បាន​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ ISIS។​

លោក​បញ្ជាក់ថា​ដើម្បី​បញ្ចប់​ជម្លោះ​នេះ​បាន​ទាល់​តែ​គ្រប់​ភាគី​ទាំង​អស់​បើក​ការ​ចរចា​គ្នា​ដើម្បី​បញ្ចប់​សង្គ្រាម។​

លោក​និយាយថា«​ខ្ញុំ​គិត​ថា​វិធី​ដែល​ផ្សះ​ផ្សារ​បំផុត​ចង់​ឱ្យ​ក្រុម​ដែល​អះអាង​ថា​ជា​តំណាង​នៃ​ក្រុម​នីមួយៗ​ហ្នឹង​ចរចា​គ្នា​ហើយ​រក​ចំណុច​រួម​មួយ​ដោយ​សន្តិវិធី ​ដើម្បី​ចៀស​វៀង​ការ​ធ្វើ​ឱ្យ​ស្ថាន​ភាព​ប្រឆាំង​គ្នា​ទៅ​វិញ​ទៅ​មក​កាន់​តែ​ធ្ងន់​ធ្ងរ»។​

កញ្ញា ហ៊ុន ហេង ​និស្សិត​ឆ្នាំ​ទី​៣​ នៃ​សាកល​វិទ្យាល័យ​ពុទ្ធិសាស្ត្រ​ ផ្នែក​គិលានុបដ្ឋាយិកា​ក៏​គាំទ្រ​ឱ្យ​មាន​ការ​ផ្សះផ្សារ​ដែរ។​

កញ្ញា​និយាយ​ថា៖ ​«យោបល់​ខ្ញុំ​មិន​ចង់​ឱ្យ​មាន​អំពើ​អញ្ចឹង​កើត​ឡើង​ទៀត​ពី​ព្រោះ​អំពើ​ដែល​ថា​ការ​សង​សឹក​គ្នា​ សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​គឺមិន​មែន​ជា​ការ​ដោះ​ស្រាយ​បញ្ហា​ដ៏ល្អ»។​

ក្រុម​ភេវករ​អ៊ីស្លាម​ដែល​ធ្លាប់​មាន​ទំនាក់​ទំនង​ជា​មួយ​ក្រុម​អាល់កៃដា​ ​ធ្លាប់​បាន​មក​សំងំ​លាក់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​រយៈពេល​៦​ខែ។

កាល​ពី​ម្សិលមិញនេះ​តុលាការ​កំពូល​របស់​ប្រទេស​កម្ពុជា​បាន​តម្កល់​សាល​ដីការ​របស់​តុលាការ​ជាន់​ទាប​ដែល​បាន​កាត់​ទោស​កាល​ពី​ឆ្នាំ​២០១០​ប្រឆាំង​នឹង​សមាជិក​អាល់​កៃ​ដា​ចំនួន​៣​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់​ៗ​ចំនួន​៨​ឆ្នាំ។ ​ក្នុង​នោះ​មាន​២នាក់​ជាជន​ជាតិ​បង់​ក្លាដេស​ និង​ ម្នាក់​ទៀត​ជា​ជន​ជាតិ​នេប៉ាល់​ពី​បទ​ប៉ុន​ប៉ង​វាយ​ប្រហារ​តាម​បែប​ភេវកម្ម​ទៅ​លើ​ស្ថានទូត​បស្ចឹមប្រទេស​សំខាន់ៗ​ដែល​រួម​ស្ថានទូត​អាមេរិក​ អូស្រ្តាលី​ និង​ ប្រទេស​អង់គ្លេស៕

XS
SM
MD
LG