មានសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិកនឹងបញ្ជូនភ្នាក់ងារសន្តិសុខរបស់ក្រសួងការពារសន្តិសុខមាតុភូមិសហរដ្ឋអាមេរិករាប់សិបនាក់ទៅកាន់ប្រទេសក្វាតេម៉ាឡា ដើម្បីជួយទប់លំហូរជនចំណាកស្រុកខុសច្បាប់ពីប្រទេសនៅតំបន់អាមេរិកកណ្តាលនោះមកកាន់សហរដ្ឋអាមេរិក។
កាសែត Washington Post ដែលបានដកស្រង់សម្តីមន្រ្តីសហរដ្ឋអាមេរិកមិនប្រាប់ឈ្មោះ ដែលបានដឹងអំពីស្ថានភាពនេះមករាយការណ៍ថា បុគ្គលិកក្រសួងការពារសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកនឹងផ្តល់ការណែនាំប៉ូលិស និងអាជ្ញាធរហ្ក្វាតេម៉ាឡាអំពីរបៀបទល់ស្កាត់ការជួញដូរមនុស្ស។
កាសែត Washington Post រាយការណ៍ថា គោលបំណងនៃការខំប្រឹងប្រែងនេះ គឺបិទផ្លូវដែលជនចំណាកស្រុកយ៉ាងច្រើនធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ហើយបង្អាក់ជនចំណាកស្រុកកុំឲ្យធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដោយកាត់តាមប្រទេសម៉ិកស៊ិក។
ផែនការដែលបានរាយការណ៍នោះ មិនត្រូវបានគេផ្សព្វផ្សាយជាសាធារណៈទេ ក៏ប៉ុន្តែ ក្រសួងសន្តិសុខមាតុភូមិអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រថា លោក Kevin McAleenan រដ្ឋមន្រ្តីស្តីទីបានធ្វើកិច្ចព្រមព្រៀងផ្តាច់ព្រាត់ក្នុងអំឡុងជំនួបកាលពីពេលថ្មីៗនេះជាមួយពួកមន្រ្តីក្វាតេម៉ាឡា ដែលរួមមានបទបញ្ញតិស្តីពីច្បាប់ដើម្បីហ្វឹកហាត់ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការស៊ើបអង្កេតខាងឧក្រិដ្ឋកម្ម ដែលបង្អាក់ការជួញដូរមនុស្ស។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមកំហែងយកពន្ធគយយ៉ាងខ្លាំងលើប្រទេសម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍ ប្រសិនបើប្រទេសនោះ មិនបញ្ឈប់ជនចំណាកស្រុកខុសច្បាប់ ភាគច្រើនមកពីប្រទេសនៅតំបន់អាមេរិកកណ្តាលកុំឲ្យឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិកនិងម៉ិកស៊ិក។ លោកប្រធានាធិបតីត្រាំ ក៏បានគំរាមកំហែងកាត់ផ្តាច់ជំនួយដល់ប្រទេសនានានៅតំបន់អាមេរិកកណ្តាលផងដែរ៕