រាល់អ្នកធ្វើដំណើរទៅប្រទេសវៀតណាម សុទ្ធតែធ្លាប់ឆ្លងកាត់បទពិសោធន៍មួយដែលថា៖ ការធ្វើដំណើរក្នុងប្រទេសវៀតណាមមិនពេញលេញទេ រហូតដល់អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវខ្វាត់ខ្វែងទៅមកដ៏មមាញឹកដើម្បីហៅម៉ូតូជិះ ហើយអ្នកបើកបរក៏ឆ្វែលឆាបដឹកអ្នកដំណើរ។ ការណ៍នេះមើលទៅដូចជារឿងគ្មានសណ្ដាប់ធ្នាប់តាមដងផ្លូវទាល់តែសោះ។
ប្រទេសវៀតណាមគឺជាអាណាចក្រម៉ូតូ។ ផែនទីរបស់ក្រុមហ៊ុន Google ថែមទាំងបានណែនាំលក្ខណៈពិសេសមួយ សម្រាប់អ្នកធ្វើដំណើរដោយម៉ូតូកាលពីឆ្នាំមុន ដោយផ្ដល់ឲ្យពួកគេនូវរយៈពេលធ្វើដំណើរ និងព័ត៌មានទាក់ទងនឹងផ្លូវបង់ប្រាក់ជាដើម។ ដូច្នេះតើអាចទេដែលថាទីក្រុងធំបំផុតពីររបស់វៀតណាម អាចហាមឃាត់ការធ្វើដំណើរតាមទោចក្រយានយន្ត ដែលប្រជាជនជាង ១០០ លាននាក់កំពុងតែពឹងផ្អែកលើសេវាកម្មបែបសព្វថ្ងៃនេះ?
មន្ត្រីសាលាក្រុងបានស្នើឲ្យមានការហាមឃាត់ការធ្វើដំណើរដោយម៉ូតូនៅតាមផ្នែកខ្លះនៃទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ សំណើនេះត្រូវបានគេស្នើឡើងជារឿយៗ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយឥឡូវនេះវាក៏បានគេស្នើឡើងម្ដងទៀត។
គំនិតនេះបានបញ្ឆេះឲ្យមានការតស៊ូមតិអំពីការបំពុលបរិស្ថាន ការស្ទះចរាចរណ៍ ផែនការអភិវឌ្ឍន៍ទីក្រុង និងការផ្ដល់មធ្យោបាយល្អបំផុតសម្រាប់ប្រជាជនវៀតណាមក្នុងការធ្វើដំណើរទៅកាន់កន្លែងដែលពួកគេចង់ទៅ ខណៈពេលដែលសេដ្ឋកិច្ចវៀតណាមកំពុងលូតលាស់ និងកំពុងធ្វើ ឧស្សាហូបនីយកម្ម ក៏ដូចជាការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័ស។
អ្នកគាំទ្រសម្រាប់ការបង្កើតឲ្យតំបន់ហាមឃាត់សម្រាប់ម៉ូតូ បាននិយាយថា ការហាមឃាត់ចាំបាច់ត្រូវតែមាន ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងបញ្ហាស្ទះចរាចរណ៍។ ប៉ុន្តែអ្នកមិនគាំទ្រវិញ បាននិយាយថាប្រជាជនជាច្រើនមិនមានជម្រើសផ្សេងទេ ដោយសារតែរថយន្តមានតម្លៃថ្លៃ ហើយការធ្វើដំណើរតាមសេវាដឹកជញ្ជូនសាធារណៈមានកំណត់។
សារព័ត៌មានក្នុងស្រុករបស់វៀតណាមមួយបានដកស្រង់សម្ដីលោក Nguyen Ngoc Dong រដ្ឋមន្ត្រីក្រសួងសាធារណការរបស់វៀតណាម ដែលបានឲ្យដឹងក្នុងពេលថ្មីៗនេះថា៖
«ទីក្រុងហាណូយឥឡូវនេះកំពុងអភិវឌ្ឍគំនិតនេះ។ ហើយថា មានបញ្ហាជាច្រើនទៀតដែលតម្រូវធ្វើការស្រាវជ្រាវ វាយតម្លៃ និងវិភាគមុនសម្រេចចេញផែនការចុងក្រោយ»។
ការស្ទះចរាចរណ៍ និងការបំពុលបរិស្ថាន
គំនិតនេះ គឺចង់ហាមឃាត់អ្នកធ្វើដំណើរតាមម៉ូតូក្នុងអំឡុងពេលកកស្ទះចរាចរណ៍ខ្លាំងបំផុតប្រចាំថ្ងៃ ឬនៅក្នុងតំបន់ដែលអ៊ូអរ ជាពិសេសនៅកណ្ដាលទីក្រុង។ វាជាការពិតមួយមិនអាចប្រកែកបាន ដែលថាចរាចរណ៍នៅតាមវិថីនានា កាន់តែណែនណាន់តាន់តាប់។
ចំនួនប្រជាជននៅក្នុងទីក្រុងហូជីមិញ បានកើនឡើងរហូតដល់ជាង ១៣ លាននាក់។ ហើយគុណភាពខ្យល់ ក៏កំពុងតែអាក្រក់ទៅៗ។ កម្រិតនៃការបំពុលបរិយាកាសដែលបណ្ដាលមកពីបញ្ហានេះ ម្ដងម្កាលអាក្រក់ជាងតំបន់ទីប្រជុំជនមួយចំនួននៅក្នុងប្រទេសចិន និងឥណ្ឌាទៅទៀត។
ដូច្នេះអ្នកគាំទ្រនៃការហាមប្រាមនេះ បានលើកឡើងថា បើសិនទីក្រុងមួយចំនួននៅប្រទេសចិនអាចធ្វើរឿងនេះបាន វៀតណាមក៏អាចធ្វើបានដែរ។ តំបន់អ៊ូអរមួយចំនួនចាប់ទីក្រុងប៉េកាំង ទៅទីក្រុង Mexico City ក៏បានដាក់កំហិតលើបើកបររថយន្តលើផ្លូវមួយចំនួន។
ទីតាំងទាំងនោះអនុញ្ញាតឲ្យតែរថយន្តដែលមានស្លាកលេខមានលេខសេសធ្វើដំណើរឆ្លងកាត់បាននៅថ្ងៃណាមួយ ហើយថ្ងៃបន្ទាប់អនុញ្ញាតឲ្យរថយន្តដែលមានស្លាកលេខគូ។ ទីក្រុងផ្សេងទៀតដូចជាទីក្រុង Stockholm ទទួលបានជោគជ័យក្នុងហាមឃាត់រថយន្តមិនឲ្យបើកបរឆ្លងកាត់ផ្លូវអ្នកថ្មើរជើង។
ប៉ុន្តែអ្វីដែលខុសគ្នាពីទីក្រុងទាំងនោះគឺថា ទីក្រុងទាំងឡាយនៅក្នុងប្រទេសវៀតណាម មិនមានសេវាដឹកជញ្ជូនសាធារណៈគ្រប់គ្រាន់ ដើម្បីជំនួសការដំណើរដំណើរដោយម៉ូតូទេ។ គម្រោងសាងសង់រថភ្លើងក្រោមដី ត្រូវបានពន្យារពេលជាបន្តបន្ទាប់ ហើយអ្នកធ្វើដំណើរមិនចង់ធ្វើដំណើរតាមឡានក្រុងទេ ដោយសារតែការធ្វើដំណើរតាមម៉ូតូ លឿនជាង ងាយស្រួលជាងការដូរពីឡានក្រុងមួយទៅមួយ និងមានតម្លៃថោក។
ក្រុមហ៊ុន Piaggio វៀតណាម ដែលជាក្រុមហ៊ុនផលិតម៉ូតូម៉ាក Vespa បានឲ្យដឹងថា ការហាមឃាត់ការធ្វើដំណើរដោយម៉ូតូ អាចជំរុញឲ្យប្រជាជនប្ដូរទៅធ្វើដំណើរតាមរថយន្ត ដែលការណ៍នេះនឹងមិនជួយដោះស្រាយបញ្ហាបំពុលបរិស្ថាន និងស្ទះចរាចរណ៍ឡើយ។
នៅក្នុងសន្និសីទពាណិជ្ជកម្មមួយកាលពីខែកុម្ភៈ លោក Enrico Bruni ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Piaggio ប្រចាំតំបន់អាស៊ីបានឲ្យដឹងក្នុងសម្ដីដើមថា៖ «យើងជឿជាក់ថា ដើម្បីឆ្លើយតបទៅនឹងគោលបំណងទាំងនោះ ការហាមឃាត់ការធ្វើដំណើរដោយម៉ូតូជាដំណោះស្រាយបែបជ្រុលនិយម និងមិនមានប្រសិទ្ធភាព»។
ឧបករណ៍វ័យឆ្លាតក្នុងការត្រួតពិនិត្យចរាចរណ៍
លោកបន្ថែមថា ដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរវៀតណាមគួរតែផ្ដោតលើការអប់រំសាធារណជន អំពីបញ្ហាទាំងនោះ និងគ្រប់គ្រងចំនួនយានយន្តតាមរយៈការធ្វើនិយតកម្មការបញ្ចេញឧស្ម័ន ទើបជាការណ៍ល្អ។ ការណែនាំផ្សេងៗទៀត ដែលអាជ្ញាធរវៀតណាមគួរតែដកពិសោធន៍ គឺការគ្រប់គ្រងលំហូរចរាចរណ៍ ដូចជាការផ្លាស់ប្ដូរម៉ោងចូលធ្វើការ ឬតាមរយៈការប្រើឧបករណ៍វៃឆ្លាតក្នុងការផ្ដល់សញ្ញា នៅពេលផ្លូវកកស្ទះ ហើយនឹងបញ្ចៀសអ្នកធ្វើដំណើរឲ្យធ្វើដំណើរតាមផ្លូវផ្សេង។
អ្នកផលិតកម្មវិធីទូរស័ព្ទទាក់ទងនឹងការធ្វើដំណើរមួយបាននិយាយថា កម្មវិធីទូរស័ព្ទរបស់របស់គាត់ អាចផ្ដល់ទិន្នន័យស្ដីពីចរាចរណ៍ ដើម្បីជួយដល់អ្នករៀបចំផែនការអភិវឌ្ឍន៍ទីក្រុង។
វាមិនងាយស្រួលទេក្នុងការកាត់បន្ថយទោចក្រយានយន្ត នៅក្នុងកន្លែងមួយដែលរូបភាពភាគច្រើន បង្ហាញពីអត្តសញ្ញាណជាតិមានជាប់រួបម៉ូតូមួយ ឬពីរគ្រឿង។ វាមិនមែនជារឿងចម្លែកទេ នៅពេលឃើញគ្រួសារមួយ ដែលមានសមាជិកប្រាំនាក់ធ្វើដំណើរនៅលើម៉ូតូតែមួយ។
អ្នកដឹកទំនិញប្រើប្រាស់ម៉ូតូដើម្បីដឹកតាំងពីសត្វជ្រូក រហូតដល់តុបាយក៏មាន។ អ្នកទេសចរណ៍ធ្វើដំណើរតាមម៉ូតូ ដើម្បីរីករាយជាមួយដំណើរកម្សាន្តហូបអាហារ។ ហើយអតីតយោធិន ដែលរកការងារធ្វើមិនបាន ក៏ងាកមកប្រកបរបររត់ម៉ូតូឌុប។
យានជំនិះគឺជាឧទាហរណ៍បង្ហាញថាតើ ប្រទេសកាន់របបកុម្មុយនិស្តដូចជាប្រទេសវៀតណាមមានការប្រែប្រួលខ្លាំងប៉ុណ្ណា។ ប្រជាជនក្នុងស្រុកជាច្រើន នៅអាចចាំបានពីពេលមួយ ដែលថាពួកគេសំណាងហើយ បើសិនជាមានកង់មួយជិះនោះ។ ប៉ុន្តែសព្វថ្ងៃនេះពលរដ្ឋស្ទើរតែគ្រប់គ្នាទាំងអស់មានលទ្ធភាពទិញម៉ូតូ ដែលមានតម្លៃចន្លោះពីបួនទៅប្រាំរយដុល្លារ។ ប្រទេសវៀតណាមគឺជាទីផ្សារម៉ូតូធំបំផុតទីបួន ក្នុងពិភពលោកបន្ទាប់ពីប្រទេសចិន ឥណ្ឌា និងឥណ្ឌូណេស៊ី ដែលប្រទេសទាំងអស់នោះយ៉ាងហោចណាស់មានចំនួនប្រជាជនទ្វេដងនៃចំនួនប្រជាជនក្នុងប្រទេសវៀតណាម។
តម្លៃសមរម្យគឺជាមូលហេតុមួយ ដែលអ្នករិះគន់លើកមកនិយាយថា ការហាមឃាត់ការធ្វើដំណើរដោយម៉ូតូនឹងដាក់បន្ទុកដ៏ធ្ងន់ដល់ពលរដ្ឋក្រីក្រ ដែលពឹងផ្អែកលើម៉ូតូ ប៉ុន្តែការណ៍នេះនឹងជួយដល់អ្នកមានទ្រព្យសម្បត្តិដែលមានរថយន្ត។ នេះជាប្រទេសដែលប្រជាជនធ្វើដំណើរតាមម៉ូតូ ទោះបីជាការធ្វើដំណើរក្នុងចម្ងាយជិតៗក៏ដោយ។
មិនមានកន្លែងសម្រាប់អ្នកថ្មើរជើងគ្រប់គ្រាន់ និងអាកាសធាតុក្ដៅ ៤០ អង្សាសេ ជាមូលហេតុមួយដែលធ្វើឲ្យការធ្វើដំណើរដោយថ្មើរជើងមិនសូវពេញនិយម។
នេះមិនមែនមានន័យថាការហាមឃាត់ការធ្វើដំណើរតាមម៉ូតូនៅទីតាំងមួយចំនួនមិនមានប្រសិទ្ធភាពនោះទេ។ ទីក្រុងហូជីមិញ បានចាប់ផ្ដើមហាមឃាត់ការធ្វើដំណើរដោយម៉ូតូនៅក្នុងតំបន់ទីប្រជុំជនលើផ្លូវ Nguyen Hue អស់ជាច្រើនឆ្នាំមកហើយ។
ទោះបីជាមិនសូវមានភាពងាយស្រួលក៏ដោយ ពលរដ្ឋងាកមករីករាយជាមួយនឹងផ្លូវដែលអនុញ្ញាតសម្រាប់អ្នកថ្មើរជើងនេះ ដែលបច្ចុប្បន្នបានក្លាយជាតំបន់ប្រជុំដោយបារដ៏មានប្រជាប្រិយភាព៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា