រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់ជាថ្មីកាលពីថ្ងៃពុធម្សិលមិញអំពីការតាំងចិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងការគោរពសន្តិភាពនិងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងនៅក្នុងការធានាថាការខ្វែងគំនិតគ្នារវាងរដ្ឋាភិបាលចិននិងរដ្ឋាភិបាលតៃវ៉ាន់គឺត្រូវដោះស្រាយដោយសន្តិវិធី។
លោក Blinken បានថ្លែងនៅក្នុងពិធីមួយដែលរៀបចំឡើងដោយបណ្ដាញព័ត៌មាន Bloomberg News ថា៖ «ទាក់ទិននឹងរឿងតៃវ៉ាន់ សហរដ្ឋអាមេរិកគាំទ្រនូវអំណះអំណាងរាប់ទសវត្សរ៍កន្លងមកដែលថាការខ្វែងគំនិតគ្នាទាំងនេះចាំបាច់ត្រូវចាត់ចែងនិងដោះស្រាយដោយសន្តិវិធី ស្ថានការណ៍បច្ចុប្បន្ន [នៅច្រកសមុទ្រតៃវ៉ាន់] មិនអាចនិងមិនគួរត្រូវបានផ្លាស់ប្ដូរដោយឯកតោភាគី ជាពិសេសតាមរយៈការប្រើកម្លាំង ហើយសហរដ្ឋអាមេរិកមានចំណាប់អារម្មណ៍ជាយូរមកហើយលើសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់»។
លោកបានបន្ថែមថា៖ «សហរដ្ឋអាមេរិកមានចំណាប់អារម្មណ៍ខ្លាំងក្លាជាមូលដ្ឋាន ដែលនេះជាចំណាប់អារម្មណ៍ដែលសហរដ្ឋអាមេរិកបានតាំងចិត្តនៅក្នុងការគោរព»។
ការលើកឡើងរបស់លោក Blinken នេះបានធ្វើឡើងក្នុងពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីប្រធានាធិបតីចិនលោក Xi Jinping ត្រូវបានសមាជគណបក្សកុម្មុយនីស្តចិនជ្រើសរើសឱ្យធ្វើជាមេដឹកនាំនៅអាណត្តិទី ៣ ជាបន្តទៀត។
នៅក្នុងសុន្ទរកថារបស់លោកកាលពីចុងសប្ដាហ៍កន្លងទៅនេះ លោក Xi បានប្រាប់គណៈប្រតិភូនៃគណបក្សកុម្មុយនីស្តចិនថា វាគឺជា «បេសកកម្មជាប្រវត្តិសាស្ត្រនិងជាការតាំងចិត្តមិនងាករេ» របស់ប្រទេសចិននៅក្នុងការសម្រេចឱ្យបាននូវការបង្រួបបង្រួមទាំងស្រុងជាមួយតៃវ៉ាន់និងយកតៃវ៉ាន់ឱ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិន។
កន្លងមក មន្ត្រីយោធាសហរដ្ឋអាមេរិកបានបញ្ជាក់ថា លោក Xi ប្រហែលជាប៉ុនប៉ងដណ្ដើមគ្រប់គ្រងតៃវ៉ាន់ឱ្យបាននៅត្រឹមឆ្នាំ ២០២៧ ខាងមុខ គឺនៅចំខួបទី ១០០ ឆ្នាំរបស់យោធារំដោះប្រជាជនចិន (People's Liberation Army (PLA))។ ប៉ុន្តែ កាលពីពេលថ្មីៗនេះ មន្ត្រីអាមេរិកបានព្រមានថា ចិនកំពុងបង្កើនល្បឿននៃការដណ្ដើមគ្រប់គ្រងតៃវ៉ាន់នេះឱ្យបានលឿនជាងនេះទៅទៀត៕
អាមេរិកបញ្ជាក់ជាថ្មីអំពីការតាំងចិត្តនៅក្នុងការរក្សាសន្តិភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់
ក្រសួងការបរទេសសហរដ្ឋអាមេរិក —