ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​ថា អឺរ៉ុប​គួរ​គិត​ឡើង​វិញ​អំពី​គោល​នយោបាយ​របស់​ខ្លួន​ជាមួយ​ចិន


រូបឯកសារ៖ ផ្ទាំង​កញ្ចក់​ធំ​មួយ​បង្ហាញ​នូវ​ទង់ជាតិ​ចិន​និង​ទង់ជាតិ​សហភាព​អឺរ៉ុប​ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​តាម​អនឡាញ​មួយ​រវាង​អឺរ៉ុប​និង​ចិន​នៅ​ក្នុ​ងទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី ១ ខែមេសា ឆ្នាំ២០២២។
រូបឯកសារ៖ ផ្ទាំង​កញ្ចក់​ធំ​មួយ​បង្ហាញ​នូវ​ទង់ជាតិ​ចិន​និង​ទង់ជាតិ​សហភាព​អឺរ៉ុប​ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​តាម​អនឡាញ​មួយ​រវាង​អឺរ៉ុប​និង​ចិន​នៅ​ក្នុ​ងទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី ១ ខែមេសា ឆ្នាំ២០២២។

អ្នក​វិភាគ​ម្នាក់​បាន​និយាយ​ថា ប្រទេស​ចិន​បាន​លេច​ឡើង​ជា​អ្នក​ដើរ​តួ​កាន់តែ​លេចធ្លោ​ខ្លាំង​ជាង​មុន​នៅ​ក្នុង​កិច្ចការ​ពិភពលោក បន្ទាប់ពី​ប្រទេស​រុស្ស៊ី​បាន​ធ្វើ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​និង​ការ​ចុះ​ខ្សោយ​របស់​ប្រទេស​រុស្ស៊ី​មក ប៉ុន្តែ​ការ​លេច​ឡើង​នេះ​មិន​មែន​ដឹង​តែ​ផ្ដល់​ផល​ចំណេញ​ដល់​ប្រទេស​ចិន​នោះ​ទេ។

ព្រឹត្តិការណ៍​សំខាន់ៗ​ពីរ​ដែល​បាន «កំណត់​ឬ​ក៏​កំណត់​ឡើង​វិញ​នូវ​ឥរិយាបថ​របស់​ទ្វីប​អឺរ៉ុប​ចំពោះ​ប្រទេស​ចិន» គឺ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​និង​របៀប​ដែល​ចិន​មាន​ប្រតិកម្ម​ចំពោះ​សង្គ្រាម​នេះ និង​សមាជ​គណបក្ស​កុម្មុយនីស្ត​ចិន​លើក​ទី ២០ ហើយ​នឹង​លទ្ធផល​របស់​សមាជ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Ireneusz Bil ដែល​ជា​ប្រធាន​អង្គការ Amicus Europae Foundation នៅ​ក្នុង​ទីក្រុង​វ៉ាសូវី​នៃ​ប្រទេស​ប៉ូឡូញ នៅ​ក្នុង​កិច្ច​សម្ភាសន៍​តាម​ទូរស័ព្ទ​មួយ​ជាមួយ​នឹង VOA។

លោក Bil បាន​និយាយ​ថា ប្រសិនបើ​ឥរិយាបថ​របស់​ទ្វីប​អឺរ៉ុប​ចំពោះ​រដ្ឋាភិបាល​ចិន​កាន់តែ​តឹងតែង​ឡើង​ដោយសារតែ​ជំហរ​របស់​ចិន​លើ​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន ការ​ប្រកាស​អំពី​គោល​នយោបាយ​កាលពី​ពេល​ថ្មីៗ​នេះ និង​ថ្នាក់​ដឹកនាំ​ថ្មី​ដែល​ត្រូវ​បាន​ជ្រើសរើស​នៅ​សមាជ​គណបក្ស​កុម្មុយនីស្ត​ចិន​កាលពី​ខែ​តុលា​កន្លង​ទៅ​នេះ​បាន​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប​មាន​ហេតុផល​មួយ​បន្ថែម​ទៀត​នៅ​ក្នុង​ការ​កែ​សម្រួល​ជា​ថ្មី​លើ​វិធានការ​កន្លង​មក​របស់​ខ្លួន​ដែល​ភាគ​ច្រើន​មាន​លក្ខណៈ​ស្វាគមន៍។

លោក Bil បាន​លើកឡើង​ទៀត​ថា នៅ​ក្រោម​ស្ថានការណ៍​ទាំង​នេះ តួនាទី​ធំ​ជាង​មុន​របស់​ចិន​នៅ​ក្នុង​កិច្ចការ​អន្តរជាតិ​និង​អាច​ធំ​ជាង​មុន​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ដែល​ក្នុង​នោះ​រួម​មាន​ទាំង​នៅ​ក្នុង​តំបន់​អឺរ៉ុប​កណ្ដាល​និង​អឺរ៉ុប​ខាង​កើត​ផង​ដែរ នឹង​ត្រូវ​បាន​គេ​បង្កើន​ការ​តាមដាន​និង «ប្រយ័ត្នប្រយែង» ខ្លាំង​ជាង​មុន។

លោក Bil បាន​បញ្ជាក់​បន្ត​ថា ទ្វីប​អឺរុប​នឹង​កាន់តែ​យល់​ដឹង​ជាង​មុន​អំពី​ផល​វិបាក​នៃ​ការ​ផ្ដោះប្ដូរ​បច្ចេកវិទ្យា​ជាមួយ​នឹង​ប្រទេស​ចិន​និង​ការ​វិនិយោគ​ពី​ប្រទេស​ចិន និង​កាន់តែ​ប្រយ័ត្នប្រយែង​ជាង​មុន​នៅ​ក្នុង​ដំណើរការ​ត្រួតពិនិត្យ បើ​ប្រៀប​ជាមួយ​នឹង​បទ​ពិសោធន៍​កាលពី​លើក​មុនៗ​ដែល «មិន​មាន​ការ​គិត​ឱ្យ​បាន​ហ្មត់ចត់​ម្ដង​ទៀត​អំពី​ការ​វិនិយោគ​របស់​ចិន​នៅ​ក្នុង​ទ្វីប​អឺរ៉ុប»។

លោក​បាន​បន្ថែម​ថា ឥឡូវ​នេះ ប្រជាពលរដ្ឋ​នឹង​សម្លឹង​មើល​លើ «នរណា​ដែល​ស្ថិត​នៅ​ពី​ក្រោយ [ការ​វិនិយោគ​របស់​ចិន​ទាំង​នេះ] បច្ចេកវិទ្យា​អ្វី​ដែល​ចិន​នឹង​មាន​លទ្ធភាព​ទទួល​បាន ហេដ្ឋារចនាសម្ព័ន្ធ​អ្វី​ដែល​ចិន​នឹង​មាន​លទ្ធភាព​ប្រើប្រាស់​បាន និង​ហានិភ័យ​អ្វី​ខ្លះ​ផ្នែក​សន្តិសុខ​ដែល​កើត​ចេញ​ពី​ការ​វិនិយោគ​របស់​ចិន​ទាំង​នេះ»។

លោក Bil បាន​ប្រាប់ VOA ថា ផ្អែក​លើ​ចំណុច​ទាំង​អស់​នេះ ការ​សម្រេច​កាលពី​ពេល​ថ្មីៗ​នេះ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​នៅ​ក្នុង​ការ​បញ្ជូន​គណៈប្រតិភូ​ដែល​ដឹកនាំ​ដោយ​លោក​អធិការបតី​អាល្លឺម៉ង់​ទៅ​កាន់​ប្រទេស​ចិន និង​នៅ​ក្នុង​ការ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​មួយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន​មាន​ភាគហ៊ុន​នៅ​ក្នុង​កំពង់ផែ​នៃ​ទីក្រុង Hamburg ត្រូវ​បាន​ប្រទេស​ប៉ូឡូញ​និង​បណ្ដា​ប្រទេស​ភាគ​ច្រើន​នៅ​តំបន់​អឺរ៉ុប​កណ្ដាល​និង​តំបន់​អឺរ៉ុប​ខាង​កើត​មាន​មន្ទិល​សង្ស័យ​ខ្លាំង។

លោក Bil បាន​ហៅ​ការ​សម្រេច​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​នេះ​ថា​ជា «ការ​សម្រេច​ដោយ​ឯកតោ​ភាគី​ដែល​បាន​ធ្វើ​យ៉ាង​លឿន បន្ទាប់ពី​សមាជ​គណបក្ស​កុម្មុយនីស្ត​ចិន​លើក​ទី ២០ បាន​បញ្ចប់​ទៅ» ដែល «អាច​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​ផ្ដល់​ការ​គាំទ្រ​ដល់​របប​អាជ្ញាធិបតេយ្យ​ដែល​កំពុង​កើនឡើង​នៅ​ក្នុង​ប្រទេស​ចិន»។

លោក​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ការ​សម្រេច​នេះ​មិន​ត្រូវ​បាន​ស្វាគមន៍​នោះ​ទេ​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ ហើយ​ខ្ញុំ​គិត​ថា នៅ​ក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​ទ្វីប​អឺរ៉ុប ប្រទេស​អាល្លឺម៉ង់​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ចាត់​វិធានការ​មិន​សូវ​បាន​ល្អ​នោះ​ទេ​នៅ​ពេល​តទល់​នឹង​ប្រទេស​រុស្ស៊ី ដូច្នេះ​ហើយ​ឥឡូវ​នេះ កិច្ច​ប្រឹងប្រែង​របស់​អាល្លឺម៉ង់​នៅ​ក្នុង​ការ​កសាង​ទំនាក់ទំនង​ថ្មី​ជាមួយ​នឹង​ប្រទេស​ចិន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មិន​មែន​ជា​ផល​ប្រយោជន៍​សម្រាប់​សហភាព​អឺរ៉ុប​ទាំង​មូល​នោះ​ឡើយ»។

លោក Bil បាន​លើកឡើង​ទៀត​ថា ការ​សម្រេច​របស់​អាល្លឺម៉ង់​ដូចនេះ​ក៏​មិន​ប្រាកដ​ថា​នឹង​ផ្ដល់​ផល​ប្រយោជន៍​ដល់​ប្រទេស​អាល្លឺម៉ង់​ខ្លួន​ឯង​ផ្ទាល់​នោះ​ឡើយ បើ​ផ្អែក​លើ​ការ​ប្រឆាំង​ដែល​ធ្វើ​ឡើង​ដោយ​ទីភ្នាក់ងារ​សន្តិសុខ​នានា​របស់​អាល្លឺម៉ង់​ក្នុង​ចំណោម​ក្រុម​ផ្សេងៗ​ទៀត។

លោក​បាន​បន្ថែម​ថា ប្រទេស​អាល្លឺម៉ង់​និង​ប្រទេស​បារាំង ដែល​ជា​ប្រទេស​ធំ​ជាង​គេ​នៅ​ទ្វីប​អឺរ៉ុប «បាន​មើល​រំលង​ផល​ប្រយោជន៍​របស់ [បណ្ដា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​កណ្ដាល​និង​នៅ​តំបន់​អឺរ៉ុប​ខាង​កើត] និង​មើល​រំលង​ទស្សនៈ​របស់​យើង​ត​ទល់​នឹង​ប្រទេស​រុស្ស៊ី។ ឥឡូវ​នេះ យើង​ឃើញ​មាន «ផល​ប៉ះពាល់​បន្តិចបន្តួច» រួច​ហើយ​នៅ​ក្នុង​ទំនាក់ទំនង​របស់​សហភាព​អឺរ៉ុប​ជាមួយ​នឹង​ប្រទេស​ចិន។ ករណី​នេះ​បាន​បណ្ដាល​ឱ្យ​មាន​វិបត្តិ​នៃ​ការ​មាន​ទំនុកចិត្ត​លើ​ប្រទេស​អាល្លឺម៉ង់ និង​ការ​យល់​ឃើញ​របស់​ពួកគេ​ចំពោះ​ការ​ប្រែប្រួល​នៃ​ផែនទី​ភូមិសាស្ត្រ​យុទ្ធសាស្ត្រ»។

ចំណុច​ស្នូល​នៃ​ទំនាក់ទំនង​របស់​ប្រទេស​អាល្លឺម៉ង់​និង​សហភាព​អឺរ៉ុប​ជាមួយ​នឹង​ប្រទេស​ចិន​គឺ​ថា​តើ​ប្រទេស​នីមួយៗ​និង​សហភាព​អឺរ៉ុប​ទាំង​មូល​ពឹងផ្អែក​លើ​ប្រទេស​ចិន​កម្រិត​ណា​សម្រាប់​សេដ្ឋកិច្ច​របស់​ខ្លួន។

នៅ​ក្នុង​ការ​ពិភាក្សា​អំពី​គោល​នយោបាយ​កាលពី​ពេល​ថ្មីៗ​នេះ​ដែល​រៀបចំ​ឡើង​ដោយ​ផ្នែក​ស្រាវជ្រាវ​នៃ​សភា​អឺរ៉ុប​នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​ប៊ែលហ្ស៊ិក អ្នក​វិភាគ​ពីរ​នាក់​បាន​និយាយ​ថា ការ​ពឹងផ្អែក​នេះ​ត្រូវ​បាន​គេ «ផ្ដល់​តម្លៃ​ខ្លាំង»។

លោក Jacobz Kirkegaard ដែល​ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​អង្គការ German Marshall Fund (GMF) នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​ប៊ែលហ្ស៊ិក និង​ជា​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន Peterson សម្រាប់​សេដ្ឋកិច្ច​អន្តរជាតិ (Peterson Institute for International Economics (PIIE)) នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក បាន​កត់​សម្គាល់​នៅ​ក្នុង​ពិធី​មួយ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា សង្គ្រាម​នៅ​អ៊ុយក្រែន​បាន​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប​ពិចារណា​ឱ្យ​បាន​ហ្មត់ចត់​លើ​ផល​វិបាក​ដែល​អាច​កើត​មាន​នៃ​លទ្ធផល​ផ្ទុយ​ពី​ការ​រំពឹង​ទុក​ជាមួយ​នឹង​ប្រទេស​ចិន ក្នុង​ករណី​ដែល​រដ្ឋាភិបាល​ចិន​ចាត់​វិធានការ​ស្រដៀង​គ្នា​នេះ​ប្រឆាំង​នឹង​កោះ​តៃវ៉ាន់ ដូច​ដែល​រុស្ស៊ី​បាន​ធ្វើ​លើ​អ៊ុយក្រែន​ដូច្នេះ​ដែរ។

លោក Kirkegaard បាន​និយាយ​ថា៖ «ប្រទេស​ចិន​គឺ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង [ប្រទេស​រុស្ស៊ី] ដូច្នេះ​ការ​ដាក់​ទណ្ឌកម្ម​ណា​មួយ​លើ​ប្រទេស​ចិន​ក្នុង​ករណី​ដែល​ចិន​ឈ្លានពាន​តៃវ៉ាន់ គឺ​ពិបាក​ខ្លាំង​ជាង​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី។ នេះ​គឺ​ជា​ការពិត»។

លោក​បាន​បញ្ជាក់​ថា បើ​ទោះបីជា​ក្រុម​ភាគ​ច្រើន​ដែល​មាន​ចំណាប់​អារម្មណ៍​ផ្នែក​ឧស្សាហកម្ម​នៅ​ទ្វីប​អឺរ៉ុប​អះអាង​ថា «នេះ​នឹង​ក្លាយជា​មហន្តរាយ​ក៏ដោយ» ក៏​ការពិត​គឺ​ថា «ដូច​ដែល​យើង​បាន​ឃើញ​ក្នុង​អំឡុង​ពេល​វិបត្តិ​ជំងឺ​កូវីដ១៩ និង​ដូច​ដែល​យើង​បាន​ឃើញ​ការ​ពឹងផ្អែក​លើ​ឧស្ម័ន​របស់​រុស្ស៊ី​នៅ​ពេល​ឥឡូវ​នេះ​ដូច្នេះ​ដែរ» ខ្សែ​សង្វាក់​ផ្គត់ផ្គង់​នៅ​លើ​សាកលលោក​មាន​ភាព​បត់បែន​ច្រើន «ហើយ​ការ​ពឹងផ្អែក​ពិត​ប្រាកដ​រយៈពេល​វែង​លើ​ប្រទេស​ចិន​គឺ​មាន​តិចតួច​ប៉ុណ្ណោះ​គឺ​តិច​ខ្លាំង​ជាង​អ្វី​ដែល​យើង​បាន​គិត​ទៅ​ទៀត»។

លោក Ulrich Jochheim ដែល​ជា​អ្នក​វិភាគ​នៃ​ផ្នែក​គោល​នយោបាយ​ការបរទេស​នៃ​ទីភ្នាក់ងារ​ស្រាវជ្រាវ​របស់​សភា​អឺរ៉ុប (EPRS) ដែល​ធ្លាប់​ធ្វើ​ជា​មន្ត្រី​ផ្នែក​សេដ្ឋកិច្ច​ទទួល​បន្ទុក​កិច្ចការ​ប្រទេស​អាល្លឺម៉ង់​និង​ប្រទេស​ចិន​នៃ​គណៈកម្មការ​អឺរ៉ុប បាន​យល់ស្រប​ចំពោះ​ការ​លើកឡើង​របស់​លោក Kirkegaard។

លោក Jochheim បាន​បញ្ជាក់​នៅ​ក្នុង​ការ​ពិភាក្សា​អំពី​គោល​នយោបាយ​ដែល​រៀបចំ​ឡើង​ដោយ​ផ្នែក​ស្រាវជ្រាវ​នៃ​សភា​អឺរ៉ុប​នេះ​ថា៖ «ការ​នាំចេញ​របស់​ប្រទេស [អាល្លឺម៉ង់] ទៅ​កាន់​ប្រទេស​ចិន​មាន​ចំនួន​តិច​ជាង ១០%» ដែល​ជា​ចំនួន​មួយ​តិចតួច​បើ​ប្រៀប​ជាមួយ​នឹង «ចំនួន​ប្រហែល ៣០% នៃ​ការ​នាំចេញ​របស់​អូស្ត្រាលី​ទៅ​កាន់​ប្រទេស​ចិន និង ៤២% នៃ​ការ​នាំចេញ​របស់​តៃវ៉ាន់​ទៅ​កាន់​ប្រទេស​ចិន»។

កាលពី​ដើម​ខែ​តុលា សហភាព​អឺរ៉ុប​បាន​កំណត់​នៅ​ឯ​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​កិច្ចការ​បរទេស (FAC) ដែល​ជា​កិច្ច​ប្រជុំ​របស់​បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​របស់​ខ្លួន​ថា ប្រទេស​ចិន​គឺ​ជា «គូ​ប្រជែង​ដ៏​ស្វិតស្វាញ [របស់​សហភាព​អឺរ៉ុប]»។

រដ្ឋមន្ត្រី​ការបរទេស​ឆែក​លោក Jan Lipavsky បាន​បញ្ជាក់​ថា កិច្ច​ប្រជុំ​នេះ​បាន​ផ្ដល់​នូវ​វេទិកា «សម្រាប់​ការ​ពិភាក្សា​ផ្ទៃ​ក្នុង​ដែល​មាន​ការ​ឯកភាព​គ្នា​យ៉ាង​ល្អ​ក្នុង​ចំណោម​រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប» អំពី​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប​និង​ប្រទេស​ចិន។

លោក Lipavsky បាន​សរសេរ​តប​ទៅ​នឹង​សំណើ​របស់ VOA ដែល​សុំ​ឱ្យ​លោក​បញ្ចេញ​មតិ​ថា៖ «មិន​មាន​លទ្ធផល​ជា​សាធារណៈ​ផ្លូវការ​ឬ​លទ្ធផល​ជា​សាធារណៈ​ដែល​មាន​ការ​យល់ព្រម​ឱ្យ​ប្រកាស​ណា​មួយ​អំពី​ការ​ពិភាក្សា​គ្នា​នេះ​ទេ ហើយ​យើង​មិន​បញ្ចេញ​មតិ​លើ​សេចក្ដី​លំអិត​នៃ​ការ​ពិភាក្សា​ផ្ទៃ​ក្នុង​នោះ​ឡើយ។ ដូច​ទម្លាប់​កន្លង​មក លោក Josep Borrell ដែល​ជា​ប្រធាន​នៃ​ការ​ពិភាក្សា​នេះ បាន​ថ្លែង​ជា​សាធារណៈ​នៅ​ក្រោយ​ការ​ពិភាក្សា​នេះ ហើយ​លោក​ពិតជា​បាន​និយាយ​ថា «[ប្រទេស​ចិន​គឺ​ជា] គូ​ប្រជែង​ដ៏​ស្វិតស្វាញ [របស់​សហភាព​អឺរ៉ុប]»។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​មាន​តែ​ចំណុច​មួយ​ទេ​ដែល​ចង់​បន្ថែម ដែល​នោះ​គឺ​ថា មាន​ការ​វាយ​តម្លៃ​យ៉ាង​ជាក់​ច្បាស់​អំពី​ប្រទេស​ចិន​និង​ការ​ទទួល​ស្គាល់​ថា​សហភាព​អឺរ៉ុប​នឹង​មាន​ឥទ្ធិពល​មាន​ប្រៀប​ធំ​បំផុត​នៅ​ពេល​ធ្វើ​ការ​រួម​គ្នា​ជាមួយ​នឹង​ដៃគូ​ដែល​មាន​គោល​គំនិត​ដូច​គ្នា​សម្រាប់​កិច្ចការ​ទាំង​ខាង​ក្នុង​និង​ខាង​ក្រៅ។ សម្រាប់​ប្រទេស​ឆែក យើង​សម្ដែង​ការ​ដឹង​គុណ​ចំពោះ​កិច្ច​ពិភាក្សា​នេះ ហើយ​យើង​គាំទ្រ​ឱ្យ​កិច្ច​ពិភាក្សា​នេះ​មាន​ជា​បន្ត​ទៅ​មុខ​ទៀត»។

បច្ចុប្បន្ន ប្រទេស​ឆែក​គឺ​ជា​ប្រធាន​របស់​សហភាព​អឺរ៉ុប៕


ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG