ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​នឹង​ជំរុញ​ចិន​ឱ្យ​ចាត់​«វិធានការ​មាន​ប្រយោជន៍​ជាង​មុន» ចំ​ពេល​មាន​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ហាម៉ាស់


រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នឹងធ្វើជា​ម្ចាស់ផ្ទះទទួលលោក Wang នៅរដ្ឋធានីវ៉ាស៊ីនតោនសម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃដែល​ចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍។
រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នឹងធ្វើជា​ម្ចាស់ផ្ទះទទួលលោក Wang នៅរដ្ឋធានីវ៉ាស៊ីនតោនសម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃដែល​ចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍។

រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi នឹង​ធ្វើ​ទស្សនកិច្ច​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ។ នេះ​គឺ​ជា​ដំណើរ​ទស្សនកិច្ច​មួយ​ដែល​គេ​យល់​ឃើញ​ថា​ជា​ការ​បើក​ផ្លូវ​សម្រាប់​កិច្ច​ប្រជុំ​កម្រិត​ខ្ពស់​បន្ថែម​ទៀត​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន។

ទស្សនកិច្ច​របស់​លោក Wang នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​មន្ត្រី​សហរដ្ឋ​អាមេរិក​ចង់«ជំរុញ​ចិន​ឱ្យ​ចាត់​វិធានការ​មាន​ប្រយោជន៍​ជាង​មុន» នៅ​ចំ​ពេល​ដែល​មាន​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ (Hamas) ហើយ​រុស្ស៊ី​នៅ​បន្ត​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​អ៊ុយក្រែន។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken នឹង​ទទួល​ស្វាគមន៍​លោក Wang ពី​ថ្ងៃ​ទី ២៦ ដល់​ទី ២៨ ខែ​តុលា​នេះ។ ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន​លោក Jake Sullivan ក៏​នឹង​ពិភាក្សា​ជាមួយ​នឹង​លោក Wang ផង​ដែរ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​អាមេរិក​ពីរ​រូប។

លោក Sullivan បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក Wang នៅ​ក្នុង​ប្រទេស​ម៉ាល់ត៍​ពី​ថ្ងៃ​ទី ១៦ ដល់​ទី ១៧ ខែ​កញ្ញា បន្ទាប់ពី​លោក​ទាំង​ពីរ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស​ពី​ថ្ងៃ​ទី ១០ ដល់​ទី ១១ ខែ​ឧសភា។

សេតវិមាន​បាន​បញ្ជាក់​ថា លោក​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​បញ្ហា​ផ្សេងៗ​ដែល​រួម​មាន​ទាំង​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​ផង​ដែរ និង​បាន​កត់​សម្គាល់​អំពី​សារៈសំខាន់​នៃ​សន្តិភាព​និង​ស្ថិរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ទំនងជា​នឹង​ជួប​ស្វាគមន៍​លោក Wang ផង​ដែរ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​ដែល​ដឹង​អំពី​រឿង​នេះ។

កន្លង​មក លោក Biden ធ្លាប់​បាន​និយាយ​ថា​ លោក​ទំនង​ជា​នឹង​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​ខែ​ក្រោយ​នៅ​ក្រៅ​កិច្ច​ប្រជុំ​នៃ​វេទិកា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) នៅ​ក្នុង​ទីក្រុង San Francisco សហរដ្ឋ​អាមេរិក។ ជំនួប​ដែល​អាច​ធ្វើ​ឡើង​និង​មាន​ការ​តាមដាន​ជា​ច្រើន​នេះ​នឹង​ក្លាយជា​ជំនួប​ដំបូង​បង្អស់​របស់​លោក Xi នៅ​សហរដ្ឋ​អាមេរិក​តាំង​ពី​ខែ​មេសា ឆ្នាំ ២០១៧ មក។

ទស្សនកិច្ច​របស់​លោក Wang ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​នេះ​នឹង​ធ្វើ​ឡើង ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​ជំរុញ​ចិន​ឱ្យ​ប្រើ​ខ្សែ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​នឹង​ប្រទេស​នានា​នៅ​តំបន់​មជ្ឈិម​បូព៌ា​ដើម្បី​បង្ការ​កុំ​ឱ្យ​តួអង្គ​រដ្ឋាភិបាល​ឬ​មិន​មែន​រដ្ឋាភិបាល​ផ្សេងៗ​ដូចជា​អ៊ីរ៉ង់​ជាដើម​វាយ​ប្រហារ​លើ​អ៊ីស្រាអែល​និង​ធ្វើ​ឱ្យ​សង្គ្រាម​ជាមួយ​នឹង​ក្រុម​ហាម៉ាស់​នេះ​កាន់តែ​រីក​ធំ​ឡើង៕

XS
SM
MD
LG