ប្រធានាធិបតីបារាំងលោក Emmanuel Macron បានទៅបំពេញទស្សនកិច្ចប្រទេសអ៊ីស្រាអែលនៅថ្ងៃអង្គារនេះ ដោយលោកបានក្លាយជាមេដឹកនាំពិភពលោកថ្មីបំផុតដែលនាំទាំងសារសាមគ្គីភាពជាមួយអ៊ីស្រាអែលបន្ទាប់ពីការវាយប្រហារដ៏ប្រល័យរបស់ក្រុមហាម៉ាស់ និងជំរុញការការពារជនស៊ីវិលនៅក្នុងតំបន់ Gaza Strip។
លោក Macron បានប្រាប់ប្រធានាធិបតីអ៊ីស្រាអែលលោក Isaac Herzog ថា អ្វីដែលបានកើតមានឡើងនឹង«មិនត្រូវបំភ្លេចនោះទេ»ហើយថា អាទិភាពកំពូលនោះ គឺការដោះលែងចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានចាប់ដោយក្រុមហាម៉ាស់។
យោធាអ៊ីស្រាអែលបាននិយាយនៅថ្ងៃអង្គារនេះថាខ្លួនបានបន្តវាយប្រហារតាមអា កាសនៅក្នុងតំបន់ហ្កាហ្សា រួមទាំងការវាយប្រហារលើទីបញ្ជាការប្រតិបត្តិការរបស់ក្រុមហាម៉ាស់ហើយបានសម្លាប់បញ្ជាការរងហាម៉ាស់ជាច្រើននាក់ផងដែរ។
ការវាយប្រហាររបស់អ៊ីស្រាអែលនៅសប្តាហ៍នេះ ក៏បានត្រូវចំក្រុមជនសកម្មប្រយុទ្ធ Hezbollah ដែលមានទីតាំងនៅប្រទេសលីបង់ដែរ ហើយលោក Herzog បានព្រមាននៅថ្ងៃអង្គារនេះថាប្រសិនបើ ក្រុម Hezbollah ពង្រីកសង្គ្រាមនេះ បន្ទាប់មក«លីបង់នឹងទទួលផលវិបាកនេះ»។
សេតវិមានបាននិយាយថាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃចន្ទម្សិលមិញថា«ការខំប្រឹងប្រែងបន្តធ្វើឡើងដើម្បីទប់ស្កាត់ការរាលដាលក្នុងតំបន់ ដែលរួមមានការដាក់ពង្រាយយោធាថ្មីរបស់សហរដ្ឋអាមេរិក»។
ពួកមន្ត្រីសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះបានសម្តែងការព្រួយកង្វល់ថាសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់អាចធ្វើឱ្យជម្លោះកាន់តែរីកធំឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក John Kirby បានប្រាប់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃម្សិលមិញថាមានការបង្កើនការវាយប្រហារគ្រាប់រ៉ុក្កែតនិងដ្រូនដោយពួកកងជីវពលដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ទៅលើកងទ័ពសហរដ្ឋអាមេ រិកនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី។ លោកបានមានប្រសាសន៍ទៀតថាសហរដ្ឋអាមេរិកមាន«ការព្រួយកង្វល់យ៉ាងខ្លាំងអំពីលទ្ធភាពនៃរាលដាលកាន់តែខ្លាំងឡើងនៅក្នុងការវាយប្រហារក្នុងប៉ុន្មានថ្ងៃខាងមុខទៀត»។
សេតវិមានបាននិយាយថាលោកប្រធានាធិបតី Biden នៅក្នុងការនិយាយទូរស័ព្ទជាមួយលោក Netanyahu បានស្វាគមន៍ការដោះលែងចំណាប់ខ្មាំង២នាក់បន្ថែមទៀតដោយក្រុមហាម៉ាស់ «និងបានបញ្ជាក់ឡើងវិញនូវការតាំងចិត្តរបស់លោកដើម្បីបន្តការខំប្រឹងប្រែងជួយដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់ដែលត្រូវបានចាប់ដោយក្រុមហាម៉ាស់ រួមទាំងជនជាតិអាមេរិកាំង ហើយនឹងផ្តល់ការឆ្លងកាត់ប្រកបដោយសុវត្ថិភាពសម្រាប់ពលរដ្ឋសហរដ្ឋអាមេរិកនិងជនស៊ីវិលផ្សេងទៀតនៅក្នុងតំបន់ហ្កាហ្សា៕
អ្នកស្រី Margaret Besheer អ្នកយកព័ត៌មានរបស់វីអូអេប្រចាំនៅអង្គការសហប្រជាជាតិបានផ្តល់សេចក្តីរាយការណ៍នេះ។ ព័ត៌មានខ្លះទៀតនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។