ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក៖ យើង​នឹង​រក្សា​ការ​ដាក់​ទណ្ឌកម្ម​ជា​អតិបរមា​រហូត​ទាល់​តែ​គ្មាន​អាវុធ​នុយ​ក្លេអ៊ែរទាំង​ស្រុង


លោក ​Mike Pence អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​វិមាន​ Istana ក្នុង​ប្រទេស​សិង្ហបុរី កាល​ពិ​ថ្ងៃទី​១៦ វិច្ឆិកា ២០១៨។
លោក ​Mike Pence អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​វិមាន​ Istana ក្នុង​ប្រទេស​សិង្ហបុរី កាល​ពិ​ថ្ងៃទី​១៦ វិច្ឆិកា ២០១៨។

អនុ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក ​Mike Pence ​និយាយ​ថា​ រដ្ឋា​ភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​មិន​បន្ធូរ​បន្ថយ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង ​ដោយ​បាន​ជំរុញ​ឲ្យ​ប្រទេស​នានា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​បន្ត​យុទ្ធនា​ការ​ដាក់​គំនាប​ជា​អតិបរមា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​រហូត​ទាល់​តែ​កូរ៉េ​ខាង​ជើង​ឈាន​ទៅ​ដល់​គោល​ដៅ​មួយ​ដែលមិន​មាន​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង។

លោក ​Pence​ និយាយ​កាល​ពី​ថ្ងៃ​សុក្រ​បន្ទាប់​ពី​ជំនួប​ទ្វេភាគី​របស់​លោក​ជាមួយ​នាយក​រដ្ឋ​មន្រ្តី​សិង្ហបិរី​លោក ​Lee Hsien Loong​ ថា៖ «យើង​ត្រូវ​តែ​បន្ត​រក្សា​យុទ្ធនាការ​ដាក់​គំនាប​ហើយ​និង​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ទាំង​អស់​រហូត​ទាល់​តែ​យើង​បាន​សម្រេច​នៅ​ទីបញ្ចប់ ​ដោយ​ធ្វើឲ្យ​កូរ៉េ​ខាង​ជើង​មិនមាន​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង​ដោយ​មាន​ការ​ត្រួតពិ​និត្យ​មើល»។

សុន្ទរកថា​របស់​លោក​អនុប្រធានា​ធិបតី​ Pence ​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​មាន​សេចក្តី​រាយការណ៍​ថា ​មេដឹកនាំ​កូរ៉េ​ខាង​ជើង គីម ​ជុងអ៊ុន ​បាន​ពិនិត្យ​មើល​ការ​សាក​ល្បង​អាវុធ​កលយុទ្ធ​ដែលទើប​អភិវឌ្ឍ​ថ្មី​នៅ​ព្រឹក​ថ្ងៃ​សុក្រ ​ជា​ការលើក​មក​និយាយ​នៃ​ការ​ផលិត​អាវុធ​ថ្មី​នៅ​ក្នុង​កម្មវិធី​អាវុធ​របស់​កូរ៉េ​ខាង​ជើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​នេះ។

លោក គីម ជុង​អ៊ុន​ បាន​និយាយ​ថា៖ «លទ្ធ​ផល​នៅ​ថ្ងៃ​នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​គោល​នយោបាយ​របស់​គណបក្ស​ដែល​ត្រូវ​បាន​ផ្តោត​លើ​វិទ្យា​សាស្រ្តនិង​បច្ចេកវិទ្យា​ការ​ពារ​ប្រទេស​ ​ជា​ការ​បង្ហាញមួយ​ទៀត​ដល់​តំបន់​ទាំង​មូល​ពី​សមត្ថភាព​ការពារ​ប្រទេស​ដែល​មាន​ការ​រីក​ចម្រើន​ដ៏​ឆាប់​រហ័ស​របស់​យើង ​ហើយ​និង​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ប្រយុទ្ធ​របស់​កងទ័ព​យើង»។

សហរដ្ឋ​អាមេរិក​បាន​ដាក់​គំនាប​លើ​កូរ៉េ​ខាង​ជើង​ឲ្យ​ផ្តល់​បញ្ជី​លម្អិត​ពី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ចាប់​តាំង​ពី​កិច្ច​ព្រម​ព្រៀងធ្វើ​មិន​ឲ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​ពី​ដំបូង​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខែ​មិថុនា​ នៅពេល​ដែល​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​លោក ដូណាល់ ​ត្រាំ​ និង​មេដឹកនាំ​កូរ៉េខាង​ជើង គីម ​ជុង​អ៊ុន​ បាន​ជួប​គ្នាក្នុង​ជំនួប​កំពូល​លើកទី១​នៅ​ក្នុង​ប្រ​ទេស​សិង្ហបុរី​មក៕

XS
SM
MD
LG